ដោយ៖ បណ្ឌិត យង់ ពៅ
ចលនាជាតិនិយម ឬយើងអាចនិយាយដោយខ្លីបានថា «ខ្មែរនិយម» គឺជាពាក្យដែលងាយស្រួលនិយាយ និងងាយចងចាំ ដើម្បីបំផុសបន្ថែមនូវចរន្តគាំទ្រផលិតផលខ្មែរ និយមប្រើប្រាស់ផលិតផល និងជ្រោមជ្រែងខ្មែរ។ បច្ចុប្បន្ន ដោយសារថៃតែងតែបន្តសកម្មភាពរំលោភបំពាន ឈ្លានពានអធិបតេយ្យកម្ពុជាយ៉ាងសាហាវឃោរឃៅឥតឈប់ឈរ ដូច្នេះ ចលនាខ្មែរនិយម បានផុសផុលឡើង ដោយងាកមកគាំទ្រផលិតផលខ្មែរ ដោយស្មារតីជាតិនិយមខ្មែរ។ នេះគឺជាសញ្ញាណវិជ្ជមានដ៏ប្រសើរសម្រាប់សង្គមខ្មែរទៅលើការគាំទ្រផលិតផលក្នុងស្រុករបស់ខ្លួន។
ខណៈដែលពលរដ្ឋកំពុងផ្ទុះការគាំទ្រនូវផលិតផលខ្មែរនេះ លោកបណ្ឌិត យង់ ពៅ បានសំណូមពរដល់ពាណិជ្ជករ អ្នកផលិត និងកសិករដែលដាំដុះនិងចិញ្ចឹម ត្រូវតែពិនិត្យលើគុណភាពជាចាំបាច់ ទាំងគីមីដែលផលិតចំណីអាហារ និងការដាំដុះ ត្រូវពង្រឹងគុណភាពឱ្យបានល្អប្រសើរ មិនត្រូវបង្ខូចតម្លៃ (តម្លើងថ្លៃ) ឬបន្ទាបគុណភាព ដើម្បីកេងចំណេញពីស្មារតីគាំទ្រផលិតផលក្នុងស្រុករបស់ប្រជាពលរដ្ឋខ្លួននោះទេ។ បើតាមលោកបណ្ឌិត ទង្វើអវិជ្ជមានទាំងអស់នេះ អាចនឹងរាំងស្ទះដល់ចរន្តស្មារតីជាតិនិយម និងការនិយមគាំទ្រផលិតផលនៅក្នុងស្រុករបស់កម្ពុជា ដែលជារឿងគួរត្រូវបានយកចិត្តទុកដាក់ខ្ពស់ និងចាត់វិធានការឱ្យមានប្រសិទ្ធភាពបំផុត។
សម្រាប់លោកបណ្ឌិត នៅពេលនេះ កម្ពុជាត្រូវតែបង្កើននូវបរិមាណផលិតឱ្យស្របទៅនឹងតម្រូវការទីផ្សារ ដែលកំពុងតែមានកំណើនខ្ពស់ ជាមួយនឹងការពង្រឹងគុណភាពឱ្យកាន់តែប្រសើរបំផុតជាងពេលណាៗទាំងអស់ ព្រោះនាពេលនេះ គឺជាឱកាសសម្រាប់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសនៅក្នុងស្រុក ដើម្បីពង្រឹងជំនឿទុកចិត្តបន្ថែមទៀត ឆ្ពោះទៅកាន់ការពង្រីកទំហំអាជីវកម្ម និងមុខរបររបស់ខ្លួនជានិរន្តរភាព តាមរយៈចំណែកទីផ្សារដ៏ធំដែលមាននៅក្នុងស្រុកស្រាប់។
លោកបណ្ឌិត យង់ ពៅ បានបន្តថា «ចលនាខ្មែរនិយម» ត្រូវតែមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋខ្មែរគ្រប់រូប គ្រប់និន្នាការ និងគ្រប់មជ្ឈដ្ឋានទាំងអស់ព្រមៗគ្នា និងជាមួយគ្នា ដោយត្រូវខិតខំប្រឹងប្រែងតាមតួនាទីការងាររបស់ខ្លួនរៀងៗខ្លួន ពោលគឺពុំមែនជាការខិតខំប្រឹងប្រែងតែមួយឆាវ នៅពេលដែលជួបប្រទះបញ្ហាជាមួយនឹងប្រទេសជិតខាងនោះឡើយ។ «ចលនាខ្មែរនិយម» មិនពឹងផ្អែកទាំងស្រុងតែទៅលើ ការពហិកាការប្រើប្រាស់ផលិតផលថៃ ឬផលិតផលបរទេសណាមួយនោះទេ គឺយើងជាពលរដ្ឋខ្មែរទាំងអស់ត្រូវតែជំរុញការប្រើប្រាស់ផលិតផលខ្មែរ ដែលខ្មែរយើងអាចធ្វើបាន។ នៅពេលដែលប្រជាជនខ្មែរនិយមគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ នោះអ្នកផលិតនឹងមានកម្លាំងទឹកចិត្តពង្រឹងគុណភាព និងបង្កើនបរិមាណផលិតផលបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងឆ្ពោះទៅកាន់ការពង្រីកទីផ្សារទៅកាន់បរទេស ដើម្បីប្រកួតប្រជែងជាមួយបណ្ដាប្រទេសក្នុងតំបន់និងពិភព ឈានទៅសម្រេចបានកំណើនសេដ្ឋកិច្ចកាន់តែប្រសើរឡើងបន្ថែមទៀត។
ទស្សនៈខ្មែរនិយម នឹងអាចជំរុញឱ្យកម្ពុជាមានភាពរឹងមាំខាងសេដ្ឋកិច្ច មានឯករាជ្យម្ចាស់ការ និងអាចប្រឈមនឹងសម្ពាធសេដ្ឋកិច្ចឬពាណិជ្ជកម្មពីប្រទេសជិតខាងបាន ដូចជាករណីបិទការនាំចេញពីប្រទេសថៃនាពេលថ្មីៗកន្លងមកនេះជាដើម។ នេះគឺជាទិសដៅអនាគតដែលកម្ពុជាត្រូវតែផ្ដោតគោលដៅសម្រេចឱ្យបាន ហើយ «ចលនាខ្មែរនិយម» នឹងក្លាយជាចំណែកមួយជំរុញសង្វាក់ផលិតកម្មក្នុងស្រុកឱ្យកាន់តែរីកចម្រើន រឹងមាំ និងសម្រេចបាននូវចរន្តសេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការជំរុញ «ការទិញដូរហូបចុកផ្ទៃក្នុង» ដែលខ្មែរផលិតទំនិញនិងសេវាកម្មបាន សម្រាប់បំពេញតម្រូវការនៅក្នុងស្រុកដែលមានជាប្រចាំ និងបន្តបន្ទាប់ឥតដាច់។
លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ទៀតថា ដើម្បីសម្រេចបាននូវគោលដៅទាំងអស់ខាងលើនេះ ប្រជាជនកម្ពុជាគ្រប់រូបត្រូវតែប្រកាន់យកនូវទស្សនៈជាតិនិយមជាប់ជាប្រចាំ ពុំមែនត្រឹមតែមួយរយៈពេលដែលខ្មែរខឹងស្អប់ ឬប្រតិកម្មនឹងការឈ្លានពាន ប្រមាថនិងមាក់ងាយពីសំណាក់ប្រទេសថៃជារដ្ឋជិតខាងកម្ពុជានោះទេ៕
RAC Media | លឹម សុវណ្ណរិទ្ធ