ព័ត៌មាន

ហេតុអ្វីខ្មែរត្រូវរួមគ្នាក្នុងជំហរជាតិតែមួយនៅចំពោះមុខបរទេសឈ្លានពាន?

2025-07-03 10:05:15 ថ្ងៃព្រហស្បតិ៍, 03 កក្កដា 2025 ម៉ោង 05:05 PM
អ្នកមើល 959
post_detail1

ដោយ៖ លឹម សុវណ្ណរិទ្ធ

ព្រឹត្តិការណ៍​ឈ្លាន​ពានរបស់កងទ័ពថៃ ដែលបង្កប់នូវសេនារីយ៉ូបង្វែរស្ថានការណ៍​នយោបាយផ្ទៃក្នុងរបស់ខ្លួនមកព្រំដែនកម្ពុជា-ថៃ តាមរយៈការលួចវាយប្រហារលើកង​ទ័ព​កម្ពុជា ដែលកំពុងឈរជើងនៅក្នុង​ដែន​អធិបតេយ្យភាពរបស់ខ្លួន ​កាលពីចុងខែឧសភា ឆ្នាំ​២០២៥ និង​បណ្ដាលឱ្យទាហានកម្ពុជាមួយរូបបានបាត់បង់ជីវិតនោះ បានរុញច្រានស្ថាន​ការណ៍​តំបន់ព្រំដែននៃប្រទេសទាំងពីរឱ្យកើនឡើងកម្ដៅជាថ្មីម្ដងទៀត និងចុងក្រោយ​នេះ​បានឈានដល់ការប្រឈម​មុខគ្នា​យ៉ាងក្ដៅ​គគុក​រវាង​កង​ទ័ពប្រទេសទាំងពីរ។ នេះជាការ​បង្ក​ហេតុដែលនាំឱ្យវិវាទព្រំដែនកម្ពុជា-ថៃ ដែលធ្លាប់មានភាពតានតឹងកាលពី​ឆ្នាំ២០០៨ និង​ឈាន​ដល់ការ​ប៉ះ​ទង្គិច​គ្នា​ជាបន្តបន្ទាប់នៅតាមព្រំដែននៃប្រទេស​ទាំង​ពីរ ពិសេស​នៅ​ឆ្នាំ២០១០-២០១១នោះ ក្លាយជាប្រធានបទចម្រូងចម្រាស់ថ្មីនៅក្នុងទំនាក់ទំនងកម្ពុជា-ថៃ។

មិនខុសពីករណីជម្លោះប្រាសាទព្រះវិហារក្នុងសម័យតេជោនោះទេ ប្រឈមមុខនឹង​ទង្វើ​ឈ្លាន​ពានពីសំណាក់ភាគីថៃ រាជ​រដ្ឋាភិបាល​កម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានវាយ​តម្លៃ​ការវិវត្តនិងគ្រប់គ្រងស្ថានការណ៍ ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាខាង​កងទ័ព រក្សា​សន្តិភាពនិងស្ថិរភាពនៅតាមតំបន់ព្រំដែន ប្រើប្រាស់យន្តការសម្របសម្រួលគ្រប់កម្រិត វាយតម្លៃសភាពការណ៍និងត្រៀមលក្ខណៈបង្ការទុកជាមុន ប្រើប្រាស់យន្តការការទូត ប្រកាន់​ជំហរម៉ឺងម៉ាត់និងឆ្លើយ​តបយ៉ាងជាក់លាក់ដើម្បីការពារមុខមាត់ប្រជាជាតិ ក៏ដូច​ជា​ប្រកាន់យកជំហរដោះស្រាយ​បញ្ហាដោយ​សន្តិវិធី តាមរយៈការប្រើប្រាស់យន្តការតុលាការ​អន្តរ​ជាតិជាដើម។

នៅចំពោះមុខការឈ្លានពានពីបរទេស ចរន្តជាតិនិយមនិងសាមគ្គីភាពរបស់ខ្មែរ​បានលេចចេញជារូប​រាងកាន់តែច្បាស់និងកាន់តែរឹងមាំ តាមរយៈការចូលរួមពី​សំណាក់​ប្រជា​ពលរដ្ឋ មន្ត្រី​រាជ​ការ និង​វិស័យ​ឯកជន​ទាំងអស់​នៅ​កម្ពុជានៅក្នុងចលនា​ឧបត្ថម្ភគាំទ្រ​ដល់កងទ័ព​​កម្ពុជាដែលឈរជើងនៅតាម​ព្រំដែន​កម្ពុជា-ថៃ ការអញ្ជើញ​ទៅ​សាក​សួរ​សុខ​ទុក្ខ​ពល​ទាហាន​និងនាយទាហានចំណុះអង្គភាពនានានៅសមរភូមិមុខ ការដោះស្រាយ​បញ្ហាកសិផលដែលជោរជន់ដោយសារតែការបិទច្រកជាឯកតោភាគីពីភាគីថៃ ការ​ចូល​រួម​ប្រមូល​ផ្ដុំ​គ្នា​ពី​សំណាក់យុវជន និងប្រជាពលរដ្ឋរាប់សែន​នាក់មកពី​គ្រប់​ស្រទាប់​វណ្ណៈ ដើម្បី​បង្ហាញ​ការ​​គាំទ្រនិងលើកទឹកចិត្តកងទ័ពកម្ពុជា និងការអញ្ជើញទៅពិនិត្យស្ថាន​ការណ៍​ដោយ​ផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំកម្ពុជាជាដើម។ ទាំងអស់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញនូវ ស្មារតីជាតិនិយម និងឆន្ទៈសាមគ្គីជាតិ​យ៉ាង​​​មុត​មាំ​ និងបានបង្ហាញពីមនសិកាជាតិ​និង​ឯកភាព​ជាតិរួមគ្នាតែមួយរបស់ជនជាតិខ្មែរពីគ្រប់មជ្ឈដ្ឋាន ដោយមិនប្រកាន់និន្នាការ ជាតិពន្ធុ សាសនា ​ពណ៌សម្បុរ និងសាវតា​សង្គមនោះឡើយ។ មិនតែប៉ុណ្ណោះ ការរួបរួមគ្នា​ក្នុង​ជំហរជាតិតែមួយ ក៏បានបង្ហាញអំពីជំនឿជាក់របស់ប្រជាពលរដ្ឋខ្មែរទៅលើមេដឹកនាំ​របស់​ខ្លួនផងដែរ។

ការរួបរួមគ្នាក្នុងជំហរជាតិតែមួយ នៅពេលដែលមានបរទេសឈ្លានពាន ​ពិតជាមាន​សារៈសំខាន់និងចាំបាច់បំផុត ព្រោះប្រជាជាតិមួយដែលខ្លាំងនិងអាចប្រឈមតទល់​ជាមួយ​នឹង​​សត្រូវខាងក្រៅបាន លុះត្រាតែមេដឹកនាំនៃប្រជាជាតិនោះមានភាពម្ចាស់ការ​លើការ​កិច្ចការងារធំៗ ​ដើម្បីដោះស្រាយ និងឆ្លើយតបទៅកាន់គូបដិបក្ខខាងក្រៅ​បានពេញ​លេញ​និង​ដោយជំហរ​ម៉ឺង​ម៉ាត់ និងប្រាកដនិយម។ ជាការពិតណាស់ ទោះជានៅក្នុងការតតាំង​លើសមរភូមិយោធា ឬការទូតក្ដី ប្រជាជាតិមួយដែលមេដឹកនាំនិងប្រជាពល​រដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​មានសាមគ្គីភាព ឯកភាពជាតិ និងមាន​ឆន្ទៈរួមគ្នាតែមួយ ពិតជានឹង​ងាយស្រួលទទួល​បាន​ជោគ​ជ័យជាងប្រជាជាតិដែលបែកបាក់ ព្រោះគេអាច​ផ្ដោតការយកចិត្តទុក​ដាក់ទាំង​កម្លាំង​ប្រាជ្ញា​និងស្មារតីទៅ​លើ​បញ្ហា​តែមួយរួមគ្នា ហើយ​ប្រមូលគ្រប់ធនធាននិង​មធ្យោបាយ​ទាំង​ឡាយក៏ដូចជាប្រើប្រាស់ថាមពលទាំង​ស្រុង​របស់ជាតិ ហើយ​សម្រេចបាននូវ​គោល​ដៅ​ដែល​ប្រជាជាតិ​ទាំង​មូល​​ប្រាថ្នា​រួមគ្នា ដូច​សុភាសិតខ្មែរមួយឃ្លាចារឹកមកថា “ចង្កឹះមួយបាច់ កាច់មិនបាក់”។

បទពិសោធន៍នយោបាយទាំងក្នុងប្រវត្តិសាស្ត្រខ្មែរ និងក្នុងប្រវត្តិសាស្ត្រពិភពលោក បានឱ្យយើងដឹងថា នៅពេលដែលត្រូវប្រឈមនឹងកម្លាំងឬគូសត្រូវខាងក្រៅ មានតែការរួប​រួមគ្នាតែមួយប៉ុណ្ណោះ ដែលអាចសង្គ្រោះប្រជាជាតិមួយឱ្យផុតចាកពីមហន្តរាយ ពិសេស​ការ​​ឈ្លានពាន។ យើងត្រូវចងចាំថា ការបែកបាក់នៃប្រជាជាតិមួយ គឺជាឱកាស​សម្រាប់​គូ​បដិបក្ខឬសត្រូវខាងក្រៅ នៅក្នុងការលូកដៃជ្រៀតជ្រែកនិងកកូរកកាយ​កិច្ច​ការ​ផ្ទៃ​ក្នុងនៃ​ជាតិ​សាសន៍នីមួយៗ ដូចជាមេរៀននៅចុងសម័យចុងអង្គរ សម័យលង្វែក និង​សម័យ​ចតុ​មុខ​ជាដើម។ មេរៀនសម័យកាលទាំងនេះបានបង្ហាញថា នៅពេលដែល​ខ្មែរ​បែក​បាក់​សាមគ្គី​ភាព ហើយយកគ្នាជាសត្រូវ​ដើម្បីតែអំណាច បំភ្លេចអស់មោទកភាពជាតិ​និង​កាតព្វ​កិច្ចថែរក្សាទឹកដីដែលជាមរតក​បន្សល់ដោយដូនតា ហុចឱកាសឱ្យបរទេសជិតខាង​អាច​លូក​ដៃ​ធ្វើអន្តរាគមន៍យោធា វាត​ទី​យក​ទឹកដីខ្មែរ និងរុញ​ច្រាននិងចូលរួម​ក្នុង​ជម្លោះ​រវាងខ្មែរ​នឹង​ខ្មែរ ដើម្បីខ្លួនមានឥទ្ធិពលនិងកេង​ប្រវ័ញ្ចផលប្រយោជន៍លើប្រជាជាតិខ្មែរ។  ឧទាហរណ៍​ពី​ប្រវត្តិ​សាស្ត្រពិភពលោកមួយទៀតគឺ នៅក្នុងសង្គ្រាមជប៉ុន-ចិន (១៩៣៧-១៩៤៥) ដោយ​មើល​ឃើញពីគ្រោះថ្នាក់របស់ជាតិនៅចំពោះមុខការវាយប្រហារពីកងទ័ព​ជប៉ុន កម្លាំង​នយោបាយទាំងពីររបស់ចិនគឺ កងទ័ពជាតិនិយម និងកងទ័ពកុម្មុយនីស្ត បាន​សម្រេចចិត្ត​តម្កល់​ប្រយោជន៍ជាតិជាចម្បង ហើយរួមគ្នាដើម្បីប្រយុទ្ធតតាំងនឹងកងទ័ពជប៉ុន​ដែល​មាន​បំណង​វាយយកប្រទេសចិនដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួន ហើយជាលទ្ធផល​កងទ័ព​ចិន​ដែលបានរួបរួមគ្នា បានទទួលជ័យជម្នះទៅលើកងទ័ពជប៉ុន។ មេរៀនទាំងនេះ​បានធ្វើឱ្យ​យើង​នឹកឃើញដល់សុភាសិតខ្មែរមួយឃ្លាដែលលើកឡើងថា “សាមគ្គីរស់ បែក​បាក់​សាមគ្គី​ស្លាប់”។

ជាមួយគ្នានេះ ការរួបរួមគ្នារវាងខ្មែរនិងខ្មែរក្នុងជំហរជាតិតែមួយ ក៏ជាការណ៍មួយ​ដែល​​បង្ហាញអំពីភាពថ្លៃថ្នូរ ការរក្សាបាននូវកិត្តិយសនិងមុខមាត់នៃ ប្រទេសជាតិ​និង​ជាតិ​សាសន៍ខ្មែរទាំងមូលផងដែរ។ នៅក្នុងសភាពការណ៍បច្ចុប្បន្នដែលប្រឈមនឹងការ​រំលោភ​បំពានជាថ្មីម្ដងហើយម្ដងទៀតពីសំណាក់ភាគីថៃ អ្នកនយោបាយ​និង​ប្រជាពលរដ្ឋ​ខ្មែរ គប្បី​ត្រូវ​បង្ហាញជំហររួមគ្នាតែមួយ បង្ហាញទៅបរទេសឈ្លានពានថា ខ្មែរមិនមែនជាប្រជាជាតិ​ដែលបែកបាក់ និងមិនអាចបង្រួបបង្រួមបានដូចជាថៃនោះឡើយ។ គេត្រូវចងចាំថា សេនារីយ៉ូនយោបាយរបស់ថៃនៅក្នុងករណីព្រំដែនជាមួយកម្ពុជា ធ្វើឡើងគឺដើម្បីបញ្ឆេះ​កំហឹងជាតិនិយម និងប្រមូលការគាំទ្រពីប្រជាជនខ្លួនក្នុងជំហរតែមួយ ទោះបីជាក្នុង​ចេតនា​សម្រេចមហិច្ឆតានយោបាយខ្លួនក្ដី ដូច្នេះខ្មែរដែលជាប្រជាជាតិថ្លៃថ្នូរ មានកិត្តិយសនិង​មុខ​មាត់លើឆាកអន្តរជាតិ (ជាប្រជាជាតិមានវប្បធម៌រុងរឿង ស្គាល់ប្រវត្តិសាស្ត្រ និងគោរព​ច្បាប់​អន្តរជាតិ) ត្រូវតែបង្ហាញ​និងផ្ដល់មេរៀនទៅភាគីថៃ អំពីសាមគ្គីភាពនិងឯកភាពជាតិនៃ​ប្រជាជាតិខ្មែរ ដែល​មិន​អាស្រ័យលើការបង្កហេតុជាមួយប្រទេសជិតខាងឡើយ។ ការ​បង្ហាញ​អំពី​សាមគ្គី​ភាពនិងឯកភាពជាតិខ្លួន ទៅកាន់ប្រជាជាតិដែលបែកបាក់ មិន​ត្រឹម​តែ​ជា​មេរៀនដ៏​ល្អមួយ ដែលផ្ដល់ដោយនៃប្រជាជាតិដ៏ថ្លៃថ្នូរប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញអំពីគុណ​ធម៌ធម្មជាតិនៃមនុស្សជាតិផងដែរ ព្រោះចរិតលក្ខណៈរបស់មនុស្សជាតិគឺមាន​សេចក្ដី​ករុណា ចិត្តសប្បុរស និងការចេះជួយគ្នាទៅវិញទៅមកជាដើម។  បន្ថែមពីនេះ គេក៏គួរតែ​ពិចារណានូវហេតុផលសំខាន់មួយទៀតផងដែរគឺ សូម្បីតែហ្វូងស្រមោច នៅពេលបាន​ជួប​នឹង​​គ្រោះ​ថ្នាក់ ឬការយាយីពីខាងក្រៅណាមួយ ក៏ស្រមោចចេះរួបរួមសាមគ្គីគ្នាជាកម្លាំង​តែ​មួយដើម្បីការពារសម្បុកនិងហ្វូងខ្លួនផងដែរ។

លើសពីនេះ ការសម្រេចបាននូវជំហរជាតិរួមគ្នាតែមួយនៅចំពោះមុខការឈ្លានពាន​របស់​បរទេស ក៏នឹងក្លាយទៅជាអត្តសញ្ញាណនិងនិមិត្តរូប​នៃការកសាងសុខដុមនីយ​កម្ម​និង​បន្តថែរក្សាសន្តិភាពរបស់មនុស្សខ្មែរជំនាន់ថ្មីផងដែរ ព្រោះនៅក្រោយការជម្នះបាននូវការ​ប្រឈមនិងផលប៉ះពាល់បណ្ដាលមកពីការឈ្លានពានរបស់បរទេសជិតខាង គេអាចនឹង​ទាញចេញនូវទស្សនទានសុខដុមនីយកម្មនិងសន្តិភាពមួយ សម្រាប់សង្គមខ្មែរនាសម័យ​ទំនើប។ ទស្សនទានថ្មីនោះគឺ នៅពេលដែលខ្មែរបានរួបរួមគ្នាក្នុងជំហរជាតិតែមួយ ខ្មែរ​ពិត​ជា​រឹងមាំ ខ្មែរពិតជាអាចឈរនៅមាំមួនដោយខ្លួនឯងតទល់​នឹងការគម្រាមឬ​ដាក់​សម្ពាធ​ពី​រដ្ឋ​បរទេសឬប្រទេសជិតខាងណាមួយ ហើយ​ខ្មែរពិតជា​អាច​ដោះស្រាយនូវបញ្ហាចំពោះមុខ ដោយរួមគ្នាតម្កល់ផលប្រយោជន៍ជាតិ ថែរក្សាស្ថិរភាពនយោបាយ  និងផ្ដោតការ​យក​ចិត្ត​ទុក​ដាក់​ទៅលើការកសាងសេដ្ឋកិច្ចនិងសង្គមប្រកបដោយវឌ្ឍនភាព។ មិនត្រឹមតែប៉ុណ្ណោះ ការណ៍នេះ ក៏នឹងក្លាយជាមោទកភាពថ្មីមួយបន្ថែមទៀត សម្រាប់មនុស្សជំនាន់ក្រោយដែល​សម្លឹងមកមើលប្រជាជាតិខ្មែរនាសម័យបច្ចុប្បន្នផងដែរ៕

អត្ថបទទាក់ទង

លទ្ធិពុទ្ធរាជ(ទស្សនវិជ្ជានយោបាយខ្មែរ) ដោយ៖ បណ្ឌិត ក្តាន់ ធុល មន្ត្រីនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា វិទ្យាស្ថាន​មនុសាស្ត្រនិងវិទ្យាសង្គម រាជបណ្ឌិត្យសភាកម្ពុជា

ផ្ទុយទៅនឹងលទ្ធិទេវរាជនៃព្រហ្មញ្ញ សាសនាដែលព្រះបាទជ័យវរ្ម័នទី២គោរពព្រះ ឥសូរបានប្រារព្ធធ្វើ ឡើងនៅលើភ្នំគូលែន គឺ ជាសញ្ញាណមួយ នៃការប្រកាសឯករាជ្យរបស់ ខ្មែរ ហើយក៏ជាសញ្ញណមួយទៀតនៃការចាប់ ផ្តើមនិងការរីកចម្រើននៅ...

2024-03-01 14:47:54   ថ្ងៃសុក្រ, 01 មីនា 2024 ម៉ោង 09:47 PM
ច្រកចូលប្រាសាទព្រះវិហារដែលចូលពីខាងប្រទេសថៃគួរបិទជារៀងរហូត ដោយ៖ បណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាមានទីតាំងនៅនៅលើកំពូលភ្នំដងរែក ស្ថិតក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានព្រំដែនជាប់នឹងខេត្តស៊ីសាកេតនៃប្រទេសថៃ។ សំណង់ប្រាសាទព្រះ...

2024-03-01 14:20:02   ថ្ងៃសុក្រ, 01 មីនា 2024 ម៉ោង 09:20 PM
«គម្រោងជីកប្រឡាយទឹកជាព្រំប្រទល់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប»

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតនិងទទួលស្គាល់ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ មានទំហំ ផ្ទៃដី១១ ៤៣៥ហិកតា មានទីតាំងស្ថិតក្នុងឃុំឆែបមួយ និង ឃ...

2024-02-29 03:52:02   ថ្ងៃព្រហស្បតិ៍, 29 កុម្ភៈ 2024 ម៉ោង 10:52 AM
«ការអប់រំពីតម្លៃនៃមនុស្ស»

អត្ថបទដោយ៖ បណ្ឌិត ទុយ យូឃីម និង បណ្ឌិត ជា វណ្ណី, វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម, រាជបណ្ឌិត្យសភាកម្ពុជាការអប់រំពីតម្លៃនៃមនុស្ស មានឥទ្ធិពល លើគ្រប់ទិដ្ឋភាពនៃជីវិត វាប៉ះពាល់យ៉ាងខ្លាំង...

2024-02-29 03:20:58   ថ្ងៃព្រហស្បតិ៍, 29 កុម្ភៈ 2024 ម៉ោង 10:20 AM
ឆ្នាំទី៣នៃសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ៖ តើសង្គ្រាមនេះនឹងចប់ពេលណា?

ដោយ ៖ លោក ធន ឆាយពិសិដ្ឋ អនុប្រធានពិសិដ្ឋអនុប្រធាននាយកដ្ឋាននយោបាយនិងច្បាប់អន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជាគិតមកដល់មកដល់ពេលនេះ សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានចូលឆ្នាំទីបីដោយគ្មានតម...

2024-02-29 02:07:56   ថ្ងៃព្រហស្បតិ៍, 29 កុម្ភៈ 2024 ម៉ោង 09:07 AM
Diplomatic Strategies for Strengthening ASEAN Unity

Mr. Peou Sedara, Official of the Department of International Law and Diplomacy, International Relations Institute of Cambodia (IRIC)The Association of Southeast Asian Nations (ASEAN) has been a corner...

2024-02-29 01:53:10   ថ្ងៃព្រហស្បតិ៍, 29 កុម្ភៈ 2024 ម៉ោង 08:53 AM

សេចក្តីប្រកាស