ព័ត៌មាន

ស្វែងយល់ពីស្ថានភាពនយោបាយផ្ទៃក្នុងថៃ និងសេនារីយោនានាជុំវិញការផ្ទុះអាវុធ នៅតំបន់មុំ៣ កាលពីចុងខែឧសភា ឆ្នាំ២០២៥

2025-06-13 03:16:53 ថ្ងៃសុក្រ, 13 មិថុនា 2025 ម៉ោង 10:16 AM
អ្នកមើល 554
post_detail1

ឆ្នាំ២០២៥ ជាខួបទី៧៥ឆ្នាំនៃចំណងការទូតផ្លូវការរវាងកម្ពុជា-ថៃ ក៏ប៉ុន្តែប្រទេសទាំងពីរនេះ មានប្រវត្តិទាក់ទងគ្នារាប់រយឆ្នាំមកហើយទាំងលើទិដ្ឋភាពប្រវត្តិសាស្ត្រ, វប្បធម៌ទំនៀមទំលាប់ប្រពៃណីនិងចំណងធម្មជាតិជាដើម។  ចំណងធម្មជាតិ គឺប្រទេសទាំងពីរចងភ្ជាប់ដោយទន្លេមេគង្គ និងជួរភ្នំដងរ៉ែក និងឈូងសមុទ្រដ៏ស្រស់បំព្រង។  ក្នុងនាមជាអ្នកជិតខាងនឹងគ្នា ក្នុងវរយៈពេលជាច្រើនឆ្នាំមកនេះ ប្រទេសទាំងពីរមានទាំងប្រវត្តិផ្អែមល្ហែមផងនិងប្រវត្តិជូរចត់ផង។ ភស្តុតាងដែលយើងមិនអាចប្រកែកបាន គឺក្រោយមានព្រឹត្តិការណ៍វិវាទកាលពីឆ្នាំ២០០៨ដល់២០១៣ នៅតំបន់ប្រាសាទព្រះវិហារបានធូរស្រាលមក ទំនាក់ទំនងកម្ពុជា-ថៃ ហាក់មានភាពល្អប្រសើរឡើងវិញច្រើនលើគ្រប់វិស័យ។

ក៏ប៉ុន្តែ កំដៅជាតិនិយមរវាងអ្នកនយោបាយនិងប្រជាជានវាងកម្ពុជានិងថៃ ហាក់បានកើតឡើងសាជាថ្មី ជាក់ស្តែងកាលពីព្រឹកព្រហាមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មានការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅភូមិសាស្ត្រតំបន់មុំ៣  ដែលស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ បើយោងតាមសេចក្តីថ្លែងការរបស់ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា កងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយនោះ បានបណ្តាលឱ្យយោធាកម្ពុជាម្នាក់បាត់បង់ជីវិត។ [1]  ក្រោយផ្ទុះព្រឹត្តិការណ៍នេះ ថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសពីរបានចេញបញ្ជាក់ជំហររៀងៗខ្លួន បន្ថែមពីលើនេះ ការបញ្ជូនកងទ័ព និងសម្ភារៈយោធាទៅកាន់តំបន់ព្រំដែននៃប្រទេសពីរក៏កើតមានឡើងជាបន្តបន្ទាប់។ លើសពីនេះទៅទៀត អ្នកស្រាវជ្រាវ និងអ្នកតាមដានព្រឹត្តការណ៍ ព្រមទាំងបណ្តាញសារព័ត៌មានជាច្រើនបានជជែកគ្នានិងធ្វើការផ្សព្វផ្សាយយ៉ាងផុលផុស អំពីស្ថានការណ៍នៅប្រទេសថៃ ដោយរំលេចឱ្យឃើញថានេះ ជាចេតនារបស់ថៃសុទ្ធសាធក្នុងការប្រើតាក់ទិច បង្វែរស្ថានការណ៍ពីនយោបាយផ្ទៃក្នុងរបស់ខ្លួនដែលកំពុងមានបញ្ហាឱ្យដើរឆ្ងាយចេញពីរាជធានីបាងកកមកព្រំដែនកម្ពុជា គឺស្រដៀងគ្នាកាលពីឆ្នាំ២០០៨ ដែលកាលនោះ សង្គមនយោបាយថៃបានជាប់គាំងនយោបាយ ហើយអូសកម្ពុជាចូលក្នុងវិបត្តិរបស់ខ្លួនយ៉ាងដូច្នោះដែរ។

ក្នុងន័យនេះ ដើម្បីស្វែងយល់អំពីស្ថានការណ៍នយោបាយនៅប្រទេសថៃ ដែលកំពុងកើតមានឡើងក្នុងពាក់កណ្តាលឆ្នាំ២០២៥ ថាតើអ្វីខ្លះជាប្រភពនៃបញ្ហាក្នុងសង្គមនយោបាយថៃបច្ចុប្បន្ននេះ,  យើងពិនិត្យមើលលើទិដ្ឋភាព៣រួមមាន ទិដ្ឋភាពប្រវត្តិនៃវិបត្តិនយោបាយថៃ, ទិដ្ឋភាពនយោបាយអំឡុងពេលមុននិងក្រោយពេលបោះឆ្នោតឆ្នាំ២០២៣ និងទិដ្ឋភាពសង្គមនយោបាយក្នុងពេលបច្ចុប្បន្ន (២០២៥) ពោលគឺ ក្រោយគ្រួសារលោកថាក់ស៊ីន ឈានជើងចូលសង្វៀននយោបាយសារជាថ្មី។

១. ទិដ្ឋភាពប្រវត្តិវិបត្តិនយោបាយថៃ

 ព្រះរាជាណាចក្រថៃ បានស្គាល់នូវរដ្ឋប្រហារដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងឆ្នាំ១៩៣២ ដែលកាលនោះជាបដិវត្តន៍ដែលដឹកនាំដោយ ខៈណា រ៉ាត់សាដន (Khana Ratsadon) [2]  ក្នុងគោលបំណង ដើម្បីផ្តួលរំលំរបបគ្រប់គ្រងពីរាជានិយមផ្តាច់ការ មកជារបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្ម-នុញ្ញ។ បើយើងរាប់ពីឆ្នាំ១៩៣២ ដល់ឆ្នាំ២០១៤ ប្រទេសថៃមានរដ្ឋប្រហារសរុបជាង២០លើករួចមកហើយ ក្នុងនោះរដ្ឋប្រហារដែលទទួលបានជោគជ័យមានចំនួន១៣លើក ហើយការប៉ុនប៉ងធ្វើរដ្ឋប្រហារតែមិនបានសម្រេចមានចំនួន៧លើក។ 

ឆ្នាំ

ប្រភេទ

បរិយាយ

១៩៣២

ោគជ័យ

បដិវត្តន៍សៀមដឹកនាំដោយលោក ខៈណា រ៉ាត់ សាដន ដើម្បីផ្តួលរំលំរបបគ្រប់គ្រងពីរាជានិយមផ្តាច់ការ មកជារបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ

១៩៣៣

ប៉ុនប៉ង

ចលនា ​បះបោរ​រាជានិយម តែបរាជ័យ​ក្នុង​ការ​ស្ដារ​រាជាធិបតេយ្យ​ឡើង​វិញ​។

១៩៣៨

ោគជ័យ

លោក Plaek Phibunsongkh ram បានទទួជ័យជំនះ និងក្លាយជាមេដឹកនាំដោយការរៀបចំតាក់ទិចនយោបាយ។

១៩៤៧

ោគជ័យ

យោធា​បាន​បណ្តេញ​រដ្ឋាភិបាល​ស៊ីវិល ហើយអំណាចបានមកលើ​រាជានិយម​និង​យោធា​។

១៩៤៨

ោគជ័យ

លោក Phibun បានប្រើឥទ្ធិពលយោធាដើម្បីកាន់កាប់អំណាច។

១៩៥១

ោគជ័យ

រដ្ឋប្រហារស្ងាត់ (ការបះបោរនៅម៉ាន់ហាតាន់) ធ្វើឱ្យអំណាចគ្រប់គ្រងរបស់ប៉ូលីស និងយោធាមានឥទ្ធិពលឡើងវិញ។

១៩៥៧ (កញ្ញា)

ោគជ័យ

រដ្ឋប្រហាររៀបចំដោយដោយលោក សារិត ថាណារ៉ាត់ ដើម្បីទម្លាក់ លោកភីប៊ុន។

១៩៥៨(តុលា)

ោគជ័យ

លោក សារិតបានធ្វើរដ្ឋប្រហារលើកទីពីរ ដើម្បីរារាំងការបោះឆ្នោតនិងប្រកាសច្បាប់អាជ្ញាសឹក។

១៩៧១

ោគជ័យ

លោក Thanom Kittikachorn បានរំលាយសភា ហើយបានដឹកនាំទៅជារបបផ្តាច់ការវិញ។

១៩៧៦

ោគជ័យ

បន្ទាប់​ពី​ការ​សម្លាប់​រង្គាល​និស្សិត​នៅ​សកលវិទ្យាល័យ Thammasat យោធា​បាន​ដណ្តើម​អំណាចយកមកគ្រប់គ្រង។

១៩៧៧

ោគជ័យ

ឧត្តមសេនីយ៍ Kriangsak Chomanan បានធ្វើរដ្ឋប្រហារបង្ហូរឈាមប្រឆាំងនឹងរដ្ឋាភិបាលយោធា។

១៩៨១

ប៉ុនប៉ង

រដ្ឋប្រហាររបស់ក្រុមយុវជនបរាជ័យ ដោយលោក ព្រេម ទិនសុណនដា នៅតែកាន់អំណាច។

១៩៨៥

ប៉ុនប៉ង

ការ​ធ្វើ​រដ្ឋប្រហារ​មួយ​ទៀត​ដោយ​ក្រុម​យុវជន ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​ព្រេម តែត្រូវ​បរាជ័យ។

១៩៩១

ោគជ័យ

យោធាបានបណ្តេញនាយករដ្ឋមន្ត្រី Chatichai Choonhavan ហើយបានបង្កើតក្រុមប្រឹក្សារក្សាសន្តិភាពជាតិ។

១៩៩២

ប៉ុនប៉ង

ចលនាបះបោរ បង្ខំឱ្យឧត្តមសេនីយ ស៊ូ ចិន្តា លាលែងពីតំណែង តែត្រូវបរាជ័យ។

២០០៦

ោគជ័យ

យោធា​បាន​បណ្តេញ​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​ចេញទំតំណែង នៅ​ពេល​ដែលលោកតាក់ស៊ីន ជាប់​បេសកកម្មនៅ​បរទេស។

២០១៤

ោគជ័យ

រដ្ឋប្រហារយោធាដឹកនាំដោយឧត្តមសេនីយ៍ Prayuth Chan-ocha បានទម្លាក់នាយករដ្ឋមន្ត្រី Yingluck Shinawatraចេញពីតំណែង ។

រដ្ឋប្រហារនៅប្រទេសថៃ គឺផ្តើមចេញវិបត្តជាប់គាំងខាងនយោបាយ ដែលពិបាកនឹងរកច្រកចេញឬមិនអាចសម្របសម្រួលផ្ទៃក្នុងគ្នាបាន។  ការណ៍នេះ បង្ហាញឱ្យឃើញពីភាពផុយស្រួយនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងសង្គមថៃ ម្យ៉ាងវិញទៀតវាក៏បានបង្ហាញឱ្យឃើញ ពីឥទ្ធិពលចាក់ស្រែះនៃអំណាចយោធានិងអំណាចរាជវាំងនៅក្នុងនយោបាយផ្ទៃក្នុងរបស់ថៃ។ គេមើលឃើញថា យោធាហាក់បាន​ចាត់​ទុក​ខ្លួន​ឯង​ជា​អ្នក​ការពារ​រាជាធិបតេយ្យនិង​ស្ថិរភាព​ជាតិ។ ម្យ៉ាងវិញទៀត រដ្ឋប្រហារម្តងហើយម្តងទៀតរបស់យោធាចាប់តាំងពីឆ្នាំ១៩៣២មក ហាក់បានឆ្លុះបញ្ចាំងពីចេតនារបស់យោធា ក្នុងការរក្សាការត្រួតត្រាលើស្ថាប័នប្រជាធិបតេយ្យ ហើយពួកគេតែងចាត់ទុកអ្នកប្រជាធិបតេយ្យជាការគម្រោមកំហែងនៃឥទ្ធិពលយោធានិងរាជានិយមដែលជារចនាសម្ព័ន្ធអំណាចប្រពៃណីរបស់ថៃ។ ក្នុងសង្គមថៃរបបរាជានិយមត្រូវបានគោរពយ៉ាងជ្រាលជ្រៅ ហើយក៏ទទួលបានឥទ្ធិពលនយោបាយយ៉ាងសំខាន់នៅពីក្រោយឆាក។

ទន្ទឹមនឹងនេះ ទំនោរនៃប្រជាជនថៃហាក់មានការបែងចែករវាងទីក្រុង ជនបទ និងទំនោរយុវជនជាដើម។ ជាក់ស្តែងគណបក្សនយោបាយដូចជាគណៈបក្សភឿថៃ និងគណបក្សឆ្ពោះទៅមុខ (Move forward) ទទួលបានការគាំទ្រយ៉ាងច្រើនពីតំបន់ជនបទ និងក្រុមយុវជន ដោយសារគោលនយោបាយផ្តោតលើការជំរុញនិងស្តារសេដ្ឋកិច្ចឡើងវិញ កំណែទម្រង់និងវិមជ្ឈការជាដើម។ រីឯអ្នកអភិរក្សានិយម និងឥស្សរជននៅទីក្រុង អ្នកវណ្ណៈថ្នាក់កណ្តាលជាពិសេសនៅទីក្រុងបាងកក  ពួកគេគាំទ្រគណបក្សដែលគាំទ្រដោយយោធាឬរាជានិយម។ ទំនោរបែងចែកនេះហើយ ក៏ជាចលករមួយ ដែលបានរួមចំណែកក្នុងការ​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​បាតុកម្ម ជា​ទ្រង់ទ្រាយ​ធំ ជាការ​តវ៉ា​ប្រឆាំង និង​ការ​ជាប់គាំង​នយោបាយ​ជា​បន្តបន្ទាប់។

សរុបមករដ្ឋប្រហារនៃសង្គមថៃ ពេលកន្លងមក គេតែងភ្ជាប់ហេតុផលអំពើពុករលួយ, ការគំរាមកំហែងដល់សន្តិសុខជាតិ, ការពាររាជវង្ស, និងភាពជាប់គាំងនយោបាយ ឬភាពចលាចលសង្គមជាដើម។

២.ទិដ្ឋភាពនយោបាយថៃអំឡុងពេលបោះឆ្នោតជាតិឆ្នាំ២០២៣

ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជាតិរបស់ថៃ ដែលមានគណបក្សសរុបជាង៧០ បានចូលរួមប្រកួតប្រជែងក្នុការបោះឆ្នោត។ ជាលទ្ធផលមានគណបក្សចំនួនចន្លោះពី៦ទៅ៨ប៉ុណ្ណោះ ដែលបានទទួលអាសនៈច្រើននៅក្នុងរដ្ឋសភា។ គណៈបក្សដែលទទួលបានអាសនៈក្នុងរដ្ឋសភាថៃរួមមានដូចខាងក្រោម ៖  [3]  

ឈ្មោះគណបក្ស

ទំនោរបក្ស

គោលនយោបាយគន្លឹះ

អាសនៈ

ទទួលបាន

គណបក្សឆ្ពោះទៅមុខ (Move Forward Party (MFP)

រីកចំរើននិយម, អ្នកកំណែទម្រង់

យុវជន ប្រឆាំង​យោធា កំណែទម្រង់​ច្បាប់​រាជានិយម

១៥១

គណបក្សភឿថៃ (Pheu Thai Party)

ប្រជានិយម, កណ្តាលឆ្វេង

ពាក់ព័ន្ធ​នឹង​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គោលនយោបាយ​គាំទ្រ​អ្នក​ក្រីក្រ

១៤១

Bhumjaithai Party

អភិរក្សនិយម តំបន់និយម

ត្រូវបានគេស្គាល់សម្រាប់ការធ្វើឱ្យស្របច្បាប់នូវកញ្ឆា

៧១

Palang Pracharath Party

គាំទ្រយោធា, អភិរក្សនិយម

គាំទ្ររដ្ឋប្រហារឆ្នាំ ២០១៤; សម្ព័ន្ធមិត្តជាមួយយោធា

៤០

United Thai Nation Party

ជ្រុលនិយម, រាជានិយម

ដឹកនាំដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា

៣៦

Democrat Party

កណ្តាលស្តាំ គណបក្សចាស់វស្សា

គណបក្សចំណាស់​ជាង​គេ​របស់​ប្រទេស​ថៃ​បាន​បន្ត​ធ្លាក់​ចុះការគាំទ្រ

២៥

Chart Thai Pattana Party

កណ្តាលនិយម, តំបន់និយម

ខ្លាំងនៅខេត្ត Suphan Buri

១០

 

២.១. និតិវិធីនៃការបង្កើតរាជរដ្ឋាភិបាលថៃ

នៅក្រោមរដ្ឋធម្មនុញ្ញនៃប្រទេសថៃឆ្នាំ២០១៧ ដែលត្រូវបានវិសោធនកម្មដោយរដ្ឋាភិបាលយោធានោះបានបញ្ជាក់ថា  ការបង្កើតរដ្ឋាភិបាលធ្វើឡើងតាមទម្រង់សភាកូនកាត់ និងពាក់កណ្តាលទៀតដោយការតែងតាំង ជាមួយនឹងលក្ខណៈសំខាន់ៗដែលហាក់បើកភ្លើងខៀវនិងជាផលអនុគ្រោះដល់ពួកយោធា និងពួកអភិរក្សនិយមច្រើន ហើយមានតំណាក់កាលដូចខាងក្រោម៖ 

២.១.១. អំពីសមាភាពសាមជិកសភា

-  សមាជិកសភាសរុបមានចំនួន ៥០០រូប [4]  

-  ៤០០រូប ជ្រើសរើសចេញពី​មណ្ឌល​បោះឆ្នោត ហើយ

-  ១០០រូបផ្សេងទៀតជ្រើសរើសចេញពីតំណាងសមាមាត្រនៃបញ្ជីគណបក្ស។

២.១.២. ការតែងតាំងនាយករដ្ឋមន្ត្រី

-  មុនពេលបោះឆ្នោត គណបក្ស​នីមួយៗជ្រើសរើស​បេក្ខភាព​នាយករដ្ឋមន្ត្រីតំណាងបក្សរបស់ខ្លួនមានចំនួន​៣​រូប។

-  ក្រោយការបោះឆ្នោត បេក្ខជននាយករដ្ឋមន្ត្រីត្រូវតែទទួលបានសំឡេងច្រើនជាងពាក់កណ្តាល នៃអង្គបោះឆ្នោតសរុបដែលមានចំនួន៧៥០សំឡេងដែលក្នុងនោះ៖

. សមាជិកសភាជាប់ឆ្នោត៥០០រូប (សភាតំណាងរាស្រ្ត)

. សមាជិកព្រឹទ្ធសភា២៥០រូប (ព្រឹទ្ធសភាជ្រើសរើសដោយរបបយោធា)

-  សមាជិកសរុប = ៧៥០ រូប ត្រូវការសំឡេងយ៉ាងតិច៣៧៦ ដើម្បីក្លាយជានាយករដ្ឋមន្ត្រី[5]  

២.១.៣. ដំណើរការនៃការជ្រើសរើសនាយករដ្ឋមន្ត្រី

-  ពេលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី គឺបោះរួមគ្នា រវាងសមាជីករដ្ឋសភា និងសមាជិកព្រឹទ្ធសភា ។

-  ទោះបីជាគណបក្សមួយទទួលបានអាសនៈច្រើនជាងគេ (ដូចដែលគពក្សឆ្ពោះទៅមុខក្នុងឆ្នាំ២០២៣) វានៅតែអាចបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលដដែល ប្រសិនបើព្រឹទ្ធសភារារាំងបេក្ខជនរបស់ខ្លួននោះ។

២.១.៤. ការបង្កើតគណៈរដ្ឋមន្ត្រី

-  នៅពេលដែលនាយករដ្ឋមន្ត្រីត្រូវបានជ្រើសរើសតាំងរួច បន្ទាប់មកបង្កើតគណៈរដ្ឋមន្ត្រី ។

-  ចំពោះលក្ខខណ្ឌនៃសមាជិកគណៈរដ្ឋមន្ត្រីត្រូវបានកំណត់ថា ជាពលរដ្ឋថៃពីកំណើត,ហើយមិនអាចរើសចេញពី ជាសមាជិកព្រឹទ្ធសភា, ឬនៅក្នុងជួរកងកម្លាំង យោធា/ប៉ូលីឡើយ តែក៏មានករណីលើកលែងខ្លះដែរ។ 

ដោយផ្អែកតាមលក្ខខណ្ឌខាងលើត្រូវបានគេមើលឃើញថា ជាលក្ខខណ្ឌដែលរដ្ឋាភិបាលដឹកនាំដោយលោកអតីតនាយករដ្ឋមន្ត្រីយោធា ប្រាយុទ្ធ ចាន់អូចា ដែលបានតាក់តែងនិងបានវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបើកច្រកឱ្យយោធាមានឥទ្ធិពលខ្លាំងក្នុងឆាកនយោបាយថៃ ពិសេសលើដំណើរការនៃការជ្រើសរើសនាយករដ្ឋ   មន្ត្រីតែម្តង។ ទាំងនេះ ត្រូវបានគេមើលឃើញថា ជារបត់នយោបាយថ្មីមួយទៀតនៃនយោបាយថៃ ហើយក៏វាជាចំណុចយុទ្ធសាស្ត្រមួយផង ដែរសម្រាប់ដាក់សម្ពាធលើគណបក្សនយោបាយណាមួយ ដែលមានទំនោរមិនស្របនិងក្រុមរបស់ខ្លួន ដែលបណ្តុំវិញ្ញាសាទាំងនេះ ពិតជាមិនងាយស្រួលប៉ុណន្មានទេដល់រដ្ឋាភិបាលចម្រុះ ហើយក៏ជាចំណុចដែលងាយនឹងធ្វើឱ្យនយោបាយជាប់គាំងផងដែរ។

២.២ ស្ថានភាពនយោបាយថៃក្រោយពេលបោះពេលឆ្នោតឆ្នាំ២០២៣

គណបក្សគណបក្សឆ្ពោះទៅមុខ (Move Forward Party (MFP) ទទួលបានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភាថៃដោយទទួលបានសំលេងសរុបចំនួន១៥១អាសនៈ នៃចំនួនអាសនៈ ប៉ុន្តែបើយោងតាមរដ្ឋធម្មនុញ្ញថ្មីរបស់ថៃ ទោះបីជាគណបក្ស MFP ទទួលបានអាសនៈច្រើនជាងគេយ៉ាងនេះក្តី ក៏បក្សនេះនៅមិនអាចបង្កើតរដ្ឋាភិបាលបាននោះដែរ ព្រោះច្បាប់តម្រូវឱ្យមានអាសនៈច្រើនជាងគេដាច់ខាត គឺត្រូវការរហូតដល់ទៅ៣៧៥ អាសនៈទើបអាចជ្រើសតាំងជានាយករដ្ឋមន្ត្រីនិងអាចបង្កើតគណរដ្ឋមន្ត្រីបាន នៅចំពោះមុខស្ថានភាពនេះ រដ្ឋាភិបាល

ចម្រុះ ដែលហាក់មិនមែនជារឿងងាយស្រួលប៉ុន្មានទេសម្រាប់គណបក្សនយោបាយថៃ។ មានហេតុផលមួយចំនួន ដែលហាក់បង្កជាឧបសគ្គនាំឱ្យនយោបាយថៃហាក់មានការរំជើបរំជួល និងមានភាពស្មុគ្រស្មាញក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ។

ដូចដែលយើងបានដឹងហើយថា បន្ទាប់ពីការបោះឆ្នោតសកលខែឧសភា ឆ្នាំ ២០២៣  គណបក្ស MFP ទទួលបានអាសនៈច្រើនជាងគេ ក៏ប៉ុនតែគណបក្សនេះបែជាបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលចម្រុះទៅវិញ។ រីឯគណបក្សភឿថៃ ដែលឈរនៅលំដាប់លេខ២ បានទទួលជោគជ័យក្នុងការបង្កើតក្រុមចម្រុះ វិញ ហេតុផលនោះគឺថា ដោយសារគណៈបក្សភឿថៃបានចង    សម្ព័ន្ធជាមួយអតីតគណបក្សគាំទ្រដោយយោធាចំនួន៥ គណបក្ស ដើម្បីមានសំឡេងគ្រាប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាលថ្មី។ កាយវិការរបស់គណបក្សភឿថៃ បានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនហាក់មានការអាក់អន់ចិត្តខ្លះ ត្បិតសាធារណជណខ្លះគិតថា បក្សភឿថៃអាចចាប់ដៃជាមួយគណបក្ស MFP ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ព្រោះមានទំនោរប្រហាក់ប្រហែលគ្នា គឺមានចេតនាបន្ថយឥទ្ធិពលក្រុមយោធាដូចគ្នា។ តែដឹងអី អ្នកយោបាយភឿថៃមានការប្តូរតាក់ទិចលឿន  ដើម្បីកេងចំណេញលើទិដ្ឋភាពនយោបាយដោយបានទាត់ គណបក្ស MFP ចេញ (គណៈបក្សឆ្ពោះទៅមុខជាប់ក្តីក្តាំងរឿងប្រមាថព្រះមហាក្សត្រ) ហើយងាកទៅចាប់គណបក្សនានាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះដូចជា៖

1- គណបក្ស Bhumjaithai Party មាន ៧១ អាសនៈបក្សនេះ មាននិន្នាបែប អភិរក្សនិយម, គណបក្សតំបន់; និងគោលនោយបាយ កញ្ឆាស្របច្បាប់។

2- គណបក្ស Palang Pracharath Party (PPRP)  មាន៤០ អាសនៈ, បក្សនេះក៏មាននិន្នាការ គាំទ្រដោយយោធា ដឹកនាំរដ្ឋាភិបាលឆ្នាំ២០១៩។

3- គណបក្ស United Thai Nation Party មាន៣៦ អាសនៈ បក្សនេះមាននិ្ននាការស្និទ លោក​នាយក​រដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដែល​ជានាយករដ្ឋមន្ត្រីយោធា(២០១៤-២០២៣)។

4- គណបក្ស Chart Thai Pattana មាន១០ អាសនៈ គោលជំហរគណបក្សនេះគឺ កណ្តាលនិយម,ជាគណបក្សតំបន់។

5- គណបក្សតូចៗផ្សេងទៀត ដែលមានអាសនៈតិចជាង១០អាសនៈ។

តាមរយៈសម្ព័ន្ធភាពនេះ បើយើងបូកសរុបទាំងអស់ គឺទទួលបាន ៣០០ អាសនៈ ក្នុងចំណោម ៥០០ អាសនៈ នេះមានន័យថា បក្សភឿថៃទទួលបានចំនួនអាសនៈគ្រប់គ្រាន់ក្នុងការបង្កើត រដ្ឋាភិបាលចម្រុះ។

២.៣ ភាពវឹកវរនៃនយោបាយថៃក្រោយពេលបង្កើតរដ្ឋាភិបាលចម្រុះ

ហេតុផលនៅពីក្រោយការទាត់គណបក្ស MFP ចេញពីរដ្ឋាភិបាលចម្រុះ គឺដោយកត្តា២យ៉ាងគឺ ទី១. ព្រឹទ្ធសភា​ប្រឆាំង​នឹង​គោលនយោបាយបក្សនេះ ដែលចង់​កំណែទម្រង់​របស់ខ្លួន (ជាពិសេស​មាត្រា ១១២ ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ)។ ចំពោះកត្តាទី២វិញ គឺ សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញថៃ ដែលបានរារាំងមេដឹកនាំ MFP គឺលោក Pita Limjaroenrat មិនឱ្យចូលរដ្ឋាភិបាលចម្រុះបាន។ ដើម្បចមទាំងនេះ នាំឱ្យបង្កើតជាបញ្ហាប្រឈមនានា ដែលអាចនឹងក្លាយជាវិញ្ញាសារសម្រប់រដ្ឋាភិបាលចម្រុះថៃដឹកនាំដោយលោកស្រីនាយករ្ដឋមន្ត្រី ផៃថងថានមានដូចខាងក្រោម៖

បញ្ហាប្រឈមទី១. រដ្ឋាភិបាលចម្រុះនេះ គឺផ្ទុយពីអ្វីដែលសាធារណជនធ្លាប់រំពឹងនាពេលកន្លងមកដែលគេរំពឹងថា គណបក្សកំណែទម្រង់ (MFP + Pheu Thai) នឹងបង្កើតរដ្ឋាភិបាលចម្រុះរួមគ្នា។ សម្ព័ន្ធភាពរបស់ភឿថៃជាមួយគណបក្ស ដែលចូលបក្សសម្ព័ន្ធយោធាត្រូវបានគេចាត់ទុកថា ជាការក្បត់ទំនុកចិត្តលើអ្នកគាំទ្ររបស់ខ្លួន។ ឈាន​ដល់​ការ​តវ៉ា​តាម​ដង​ផ្លូវ ជា​ពិសេស​ដោយ​ក្រុម​យុវជន និង​សង្គម​ស៊ីវិល។

បញ្ហាប្រឈមទី២. ការខ្វែងទស្សនៈ, សម្ព័ន្ធភាពរវាងបក្សភឿថៃ ដែលមានទំនោរបែបប្រជាធិបតេយ្យ និងគណបក្សដែលគាំទ្រដោយយោធា ដែលមានទម្រង់ ផ្តាច់ការ និងអភិរក្សនិយមនោះ គឺជាសម្ព័ន្ធភាពមិនយូអង្វែងនឹងគ្នាឡើយដែលហាក់មានការប្រឈមទស្សនគ្នាក្នុងកិច្ចគោលនយោបាយជាតិ។

បញ្ហាប្រឈមទី៣. ក្នុងនាមជាគណបក្សប្រឆាំងដ៏ធំបំផុត MFP អាចនឹងបន្តជំរុញឱ្យមានកំណែទម្រង់លើច្បាប់ដែលរឹតបន្តឹងចំពោះរាជាធិបតេយ្យ, កំណែទម្រង់លើឥទ្ធិពលយោធា, ពង្រឹងនូវស្ថាប័នប្រជាធិបតេយ្យ, ដែលបញ្ហាទាំងអស់ អាចនឹងក្លាយទៅជាទំងន់នយោបាយ ដើម្បីដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ចម្រុះ​ឲ្យ​ធ្វើ​កំណែទម្រង់ ឬចុះផ្លូវតវាក៏អាចថាបាន។

បញ្ហាប្រឈមទី៤. ករណីដែលកំពុងបន្តប្រឆាំងនឹងភាគី និងមេដឹកនាំ (រួមទាំង MFP) អាចបង្កឱ្យមានអស្ថិរភាពផ្នែកច្បាប់។ តុលាការធម្មនុញ្ញ និងគណៈកម្មាធិការរៀបចំការបោះឆ្នោតនៅតែអាចរំលាយ ឬហាមឃាត់គណបក្ស ដូចដែលបានធ្វើនាពេលកន្លងមក។ ស្ថានភាពនេះ ពេលដែលតុលាការធម្មនុញ្ញថៃរំលាយគណបក្ស MFP ហាក់បង្ហាញឱ្យឃើញពីការជ្រៀតជ្រែក របស់ប្រព័ន្ធតុលាការទៅក្នុងកិច្ចការនយោបាយ ហើយអ្នកគាំទ្រគណបក្ស ដែលទទួលបានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភាហើយភាគច្រើនជាយុវជន និងជាអ្នកនៅទីក្រុងបាងកកផងនោះ ច្បាស់ជានឹងមិនពេញចិត្តចំពោះសេចក្តីសម្រេច របស់តុលាកាឬធម្មនុញ្ញថៃឡើយ ដែលពួកគេអាចនឹងចុះផ្លូវតវាប្រឆាំងនឹងរដ្ឋាភិបាលចម្រុះ ដែលជាចំណុចឈឺក្បាលមួយទៀតដល់រដ្ឋាភិបាលចម្រុះថៃ។

បញ្ហាប្រឈមទី៥. ការបាត់ទំនុនកចិត្តពីមហាជនថៃ, ចំនួនអ្នកទៅបោះឆ្នោតមានចំនួនច្រើន ដែលអ្នកបោះឆ្នោតជាង ៣៩ លាននាក់ (៧៥.២២% អ្នកទៅបោះឆ្នោត) [6] ដែលបង្ហាញពីការសាទរតាមលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែ​ការ​រៀបចំ​ដោយ​ព្រឹទ្ធសភា​ដែល​បាន​តែងតាំង ​និង​ការ​បង្ខិតបង្ខំ​របស់​បក្ស​នាំ​ឱ្យ​មានការ​មិន​ពេញចិត្តពីសាធរណជន​។ ម្យ៉ាងវិញទៀតហានិភ័យនៃការកើនឡើងនៃការផ្លាស់ប្តូរយុវជន ការធ្វើចំណាកស្រុក ឬយុវជនកាន់តែច្រើនឡើងអាចនឹងងាកចូលរឿងនយោបាយ។

ជារួមមក រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃ ត្រូវតែធ្វើឱ្យមានតុល្យភាពគ្នា រវាងការគ្រប់គ្រងការអនុវត្តជាក់ស្តែង និងអ្វីដែលជាចមណាប់អារម្មណ៍រាបស់សាធារណៈជនចំពោះកំណែទម្រង់។ ការបរាជ័យក្នុងការដោះស្រាយវិសមភាពសេដ្ឋកិច្ច ការទាមទាររបស់យុវជន ឬឥទ្ធិពលយោធាអាចបង្កឱ្យមានភាពចលាចលនយោបាយជាថ្មីក្នុងសង្វៀននយោបាយថៃ។

ទន្ទឹមនឹងនេះ MFP នៅតែជានិមិត្តសញ្ញាដ៏មានអានុភាពនៃអ្នកស្រលាញ់ប្រជាធិបតេយ្យ ដែលទំនងទទួលបានប្រជាប្រិយភាពខ្លាំងក្នុងពេលបោះឆ្នោតនាពេលអនាគត បើសិនជាមិនមានការគៀបសង្កត់ផ្នែកនយោបាយណាមួយមកលើបក្សនេះសារជាថ្មីទេនោះ។

២.៣.១. ផ្ទៃក្នុងគណបក្សភឿថៃ

គណៈបក្សភឿថៃ ពីដំបូងឡើយក្នុងសម័យលោកថាក់ ស៊ីនស៊ីណាវ៉ាត្រា មានឈ្មោះថា ថៃរ៉ាក់ថៃ។ ក្រោយពេលបង្កើតរដ្ឋាភិបាលចម្រុះ គណបក្សភឿថៃ បានតែងតាំងលោក សេដ្ឋាថាវីស៊ីន ជានាយករដ្ឋមន្ត្រី ប៉ុន្តែលោកកាន់តំណែងបានតែជាង១ឆ្នាំ [7]   ប៉ុណ្ណោះលោកក៏ត្រូវបានគេដកតំណែងនាយករដ្ឋមន្ត្រី គឺភ្លាមៗបន្ទាប់ពីការរំលាយគណបក្ស MFP ។ លោកនាយករដ្ឋមន្ត្រី ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញបណ្តេញចេញពីតំណែង ដោយសារការតែងតាំងសមាជិកគណៈរដ្ឋមន្ត្រីដែលជាប់ទោសព្រហ្មទណ្ឌ។ ការ​សម្រេច​ចិត្ត​នេះ​ ពិតបាន​បញ្ជាក់​ពី​ឥទ្ធិពល​យ៉ាង​សំខាន់​របស់​តុលាការ​លើ​កិច្ចការ​នយោបាយ​របស់​ប្រទេស​ថៃ។

ក្រោយពីការដកតំណែងលោកថាវីស៊ីន កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺលោកស្រី Paetongtarn Shinawatra ត្រូវបានតែងតាំងដោយគណបក្សភឿថៃ និងបានអនុម័តដោយសភាតំណាងឱ្យធ្វើជានាយករដ្ឋមន្ត្រីប្រទេសថៃ ក្នុងខែសីហា ឆ្នាំ២០២៤ ។ គោលនយោបាយសំខាន់ៗរបស់នាយករដ្ឋមន្ត្រី Paetongtarn  មានជាអាទ៍ គំនិតផ្តួចផ្តើមគោលនយោបាយ ផ្តោតលើការស្តារសេដ្ឋកិច្ចឡើងវិញ រួមទាំងការស្នើសុំថវិកាចំនួន ៣.៧៨ពាន់ពាន់លានបាត (១១៥.៥ពាន់លានដុល្លារ) ក្នុងគោលបំណងជំរុញកំណើន ស្របពេលមានសម្ពាធពាណិជ្ជកម្មខាងក្រៅ ។ [8]  គេបានព្យាករណ៍កំណើនសេដ្ឋកិច្ចចន្លោះពី២.៣% ទៅ ៣.៣% សម្រាប់ឆ្នាំ ២០២៥ និងឆ្នាំ២០២៦។

សកម្មភាពនេះត្រូវបានគេមើលឃើញថា ផ្ទៃក្នងរបស់គណបក្សភឿថៃខ្លួនឯង ក៏ទំនងជាមានភាពមិនសូវស្រួលនឹងគ្នាប៉ុន្មានទេ ព្រោះការដកតំណែងនាយករដ្ឋមន្ត្រីថាវីស៊ីន ហើយតែងតាំងកូនស្រីលោកថាក់ស៊ីន អាចបង្ហាញថាក្បាលម៉ាស៊ីននៅផ្ទៃក្នុងរបស់គណបក្សភឿថៃហាក់មិនសូវមានភាពស៊ីសង្វាក់គ្នាប៉ុន្មានទេ។ ម្យ៉ាងវិញទៀត អ្នកគាំទ្របក្សភឿថៃមួយចំនួនក៏ហាក់មិនសូវសប្បាយចិត្តនឹងគណបក្សខ្លួនប៉ុន្មានដែរ ក្រោយពេលគណបក្សមួយនេះ បានទៅចាប់ដៃជាមួយគណបក្សដែលមានឥទ្ធិពលយោធានៅពីខាងក្រោយ ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះនោះ ព្រោះថា បក្សទាំងពីរនេះមានទំនោរផ្សេងគ្នា គឺទំនោរបែបប្រជាធីបតេយ្យនិងបែពផ្តាច់ការនិយម។ ការណ៍នេះជាការប្រឈមទស្សនគ្នាសម្បើមណាស់ក្នុងរង្វង់អ្នកគាំទ្ររបស់ខ្លួន។ 

៣. ករណីប៉ះទង្គិចរវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតំបន់មុំបីខេត្តព្រះវិហារ

         ទំនាក់ទំនងកម្ពុជា-ថៃហាក់បានដើរថយក្រោយវិលទៅរកសភាពការណ៍កាលពីឆ្នាំ២០០៨វិញ ក្រោយពេលមានការប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពប្រទេសទាំងពីរ នៅតំបន់ព្រំដែនកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥មក។ ក្នុងព្រឹត្តិការណ៍ បាញ់គ្នាពេលនោះ បានបណ្តាលឱ្យទាហានកម្ពុជាម្នាក់បាត់បង់ជីវិត។ ក្រោយមានហេតុការណ៍នេះ សំនួនវោហារជាតិនិយមជាច្រើនបានផ្ទុះឡើងពេញផ្ទៃរាជាណាចក្រទាំងពីរ ទាំងខាងភាគីកម្ពុជាក៏ដូចជានៅប្រទេសថៃ។

៣.១. សេនារីយោនៅពីខាងក្រោយការប៉ះទង្គិចនៅព្រំដែនតំបន់មុំបី

            ស្ថានការណ៍នយោបាយនៅបាងកក ហាក់ពើបប្រទះនឹងភាពជាប់គាំងសាជាថ្មី  ត្បិតបញ្ហាស្តែងឡើងដែលយើងអាចមើលឃើញដូចខាងក្រោម៖

1-ក្រោយការចូលកាន់ដំណែងរបស់លោកស្រី ផៃថងថាន លោកស្រីបានចាប់ដៃជាមួយគណបក្សដែលមាននិន្នាការស្និទ្ធនឹងយោធានិងរាជវាំង ដែលជាហេតុនាំឱ្យមានការមិនពេញចិត្តចំពោះលោកស្រីពីអ្នកគាំទ្រគណបក្សភឿថៃ។

2-រដ្ឋាភិបាលចម្រុះ ដែលមាននិន្នាការមិនសូវស្របគ្នាអាចបង្កឱ្យមានផលលំបាកក្នុងអនុវត្តគោលនយោបាយ អាចនាំឱ្យរដ្ឋាភិបាលងាយប្រឈមនឹងទស្សនគ្នាជុំវិញការដឹកនាំ និងការអភិវឌ្ឍប្រទេស។

3- ចុងឆ្នាំ២០២៤ កន្លងទៅតុលាការធម្មនុញ្ញថៃបានប្រកាសរំលាយគណបក្សដែលទទួលបានអសនៈច្រើនជាងគេ គឺគណបក្សឆ្ពោះទៅមុខ (Move Forward Party, MFP) និងបានដាក់បម្រាមមិនឱ្យលោកភីថា ដែលជាប្រធានគណបក្សមិនឱ្យចូលសង្វៀននយោបាយរយៈពេល១០ឆ្នាំ។ ទង្វើនេះ នាំឱ្យអ្នកគាំទ្រគណបក្សនេះ ដែលភាគច្រើនជាអ្នកប្រជាធិបតេយ្យនិយម,ជាយុវជន និងជាអ្នករស់នៅតាមទីប្រជុំជន មិនសប្បាយចិត្តងាយនឹងចុះផ្លូវធ្វើបាតុកម្មតវា នាំឱ្យសង្គមមួយនេះ ប្រឈមនឹងអស្ថិរភាពគ្រប់ពេល។

4-ស្ថានភាពសេដ្ឋកិច្ចនៅថៃហាក់មិនទាន់បានប្រសើរឡើង ដូចអ្វីដែលលោកស្រីនាយករដ្ឋមន្ត្រីផៃថងថាន បានសន្យារកាលពីចូលកាន់តំណែង ដែលជាហេតុបើកឱ្យក្រុមប្រឆាំងរដ្ឋាភិបាលលោកស្រី ផៃថងថាន ដាក់សម្ពាធ ក៏ដូចជាទម្លាក់ប្រជាប្រិយភាពរដ្ឋាភិបាល។

5-ក្រុមប្រឆាំងនឹងរដ្ឋាភិបាលថៃ បានដុតរោលបញ្ហាជាតិនិយម ដើម្បីដាក់បន្ទុកដល់រដ្ឋាភិបាលថៃលើបញ្ហាព្រំដែនជាមួយកម្ពុជាដោយគេបានផ្តើម ឆ្កឹះចេញពីបញ្ហា កោះគុដ, ក៏ប៉ុន្តែបញ្ហានេះត្រូវរដ្ឋាភិបាលទាំងពីរបានពន្លត់សភាពការណ៍ទាន់ពេល ម្យ៉ាងជាតំបន់កោះហាក់មិនសូវទាក់ទាញចំណាប់អារម្មណ៍ខ្លាំងប៉ុន្មានទេ,  គេបានប្តូរតាក់ទិច ដោយដុតរោលព្រំដែនគោកវិញម្តង គឺនៅតំបន់ប្រាសាទតាមាន់,តាក្របី បិតច្រកអានសេះដោយឯកតោភាគី និងទីបំផុតក៏មានហេតុការផ្ទុះអាវុធនៅតំបន់មុំបី តែម្តង។

6-ក្រុមប្រឆាំង ឬក្រុមនយោបាយថៃលេងសេនារីយោនេះ ជាតាក់ទិចបង្វែស្ថានការណ៍ (Distract Tactics) ចេញពីវិបត្តនយោបាយផ្ទៃក្នុងប្រទេសខ្លួនមកតំបន់ព្រំដែន ព្រោះគេដឹងថា ទំនាក់ទំនងនៃថ្នាក់ដឹកនាំកម្ពុជានឹងថៃស្និទ្ធមួតខ្លាំងទាំងលើទិដ្ឋភាពជាតិនិងគ្រួសារ។

ជារួមមក ក្រុមប្រឆាំងឬក្រុមអ្នកនៅពីក្រោយយុទ្ធសាស្ត្រនេះ គេមានភាពចំណេញច្រើនលើសេនារីយោមួយនេះ ក្នុងនោះ៖ 

ទី១. បង្វែរស្ថានការណ៍ដែលកំពុងតានតឹងខ្លាំងរវាងអ្នកនយោបាយផ្ទៃក្នុងឱ្យងាកមកចាប់អារម្មណ៍រឿងព្រំដែន ដើម្បីទុលពេលជជែកទ្វារក្រោយ ឬមានការសម្របសម្រួលខាងនយោបាយ។

ទី២.  បង្វែរចំណាប់អារម្មណ៍របស់សាធាណជនថៃ កុំផ្តោតលើរឿងនយោបាយខ្លាំងពេក កុំនាំគ្នាបាតុកម្មឬតវាប្រឆាំងរដ្ឋាភិបាល ដំណាក់កាលនេះ គឺដំណាក់កាលឯកភាពជាតិនិងការឯកភាពទឹកដី។

ទី៣. យុទ្ធសាស្រ្តនេះ ថៃហាក់ចំណេញច្រើនជាង បើឈ្នះបានដីបន្ថែម, ឈ្នះទឹកចិត្តប្រជាជានថៃ,  ហើយបើចរចារមិនព្រមជាមួយកម្ពុជា ទឹកដីនៅដដែល, កំហុសគឺ  រដ្ឋាភិបាលថៃធ្វើឱ្យថៃបាក់មុខលើឆាកតំបន់និងនយោបាយការទូត, ឯអាយុជីវិតទាហាននិងប្រជាជន គឺជាតួរចំណាយសម្រាប់យុទ្ធសាស្ត្រនេះ។ 

ទី៤.  ករណីបញ្ហាជម្លោះនេះ មិនបានដូចអ្វីគេចង់បាន នោះគេនឹងដាក់បន្ទុកឱ្យខ្លាំងលើរដ្ឋាភិបាលថៃ ដុតកំហឹងសាធារណជនឱ្យពុះកញ្ជ្រោលឡើង គឺបន្ថែមសាំងលើកំហឹងយុវជនដែលគាំទ្រគណបក្ស MFP ដែលខឹងនឹងការរំលាយគណបក្ស ខឹងនឹងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នមិនល្អប្រសើរ ពេលវេលាអំណោយផល គេនឹងចុះផ្លូវធ្វើបាតុកម្ម ដើម្បីទម្លាក់លោកស្រី ផៃថងថាន ពេលនោះ  រដ្ឋាភិបាលលោកស្រីនឹងប្រើប្រាស់កងកម្លាំង ដើម្បី        បង្ក្រាបភាពវឹកវរនិងស្ថេរភាពសង្គម  ហើយបើស្ថានការណ៍ទំជោរខ្លាំង កងទ័ពនឹងចេញមក ដើម្បីគ្រប់គ្រងសភាពការណ៍ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន នឹងអាចឈានបង្កើតរដ្ឋាភិបាលថ្មី ដែលទិដ្ឋភាពនេះ ធ្លាប់កើតមានច្រើនដងរួចមកហើយនៅក្នុងសង្គមថៃ គឺប្រជាធិបតេយ្យមិនអាចាក់ឫសបានល្អប៉ុន្មានទេ ព្រោះឥទ្វិពលយោធានិងរាជវាំងនៅតែមានតួរនាទីខ្លាំងក្នុងនយោបាយថៃ។

ជាការឆ្លើយតបទៅនឹងស្ថានការណ៍ព្រំដែន កម្ពុជាបានបញ្ជូនកងទ័ព និងបានបង្កើតឱ្យមានចលនាមូលនិធិគាំទ្រដល់កងទ័ពសមរភូមិជួរមុខថែមទៀត។ លើសពីនេះ រដ្ឋាភិបាលកម្ពុជា ថែមទាំងបង្ហាញជំហរប្តឹងបញ្ហាជម្លោះព្រំដែន ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផងដែរ [9]  គឺកម្ពុជារៀបសេនារីយោដូចគ្នាទៅនឹងព្រឹត្តិការណ៍ឆ្នាំ២០០៨ ជុំវិញវិវាទតំបន់ប្រាសាទព្រះវិហារ។

            ទន្ទឹមនឹងនេះ យើងក៏ត្រូវដឹងពីរដ្ឋាភិបាលថៃយ៉ាងដូច្នោះដែរ គឺថា ថៃបានទទួលស្គាល់ ICJ និង ICC តែរដ្ឋាភិបាលថៃមិនទាន់បានផ្តល់បច្ចាប័នលើករណីនោះទេ មានន័យថាថៃទទួលស្គាល់យោត្ថាធិការ ICJ ដោយអន្លើៗ ឬដោយករណីប៉ុណ្ណោះ ហើយក៏មិនមានស្ថាប័នណា អាចចាប់បង្ខំថៃឱ្យអនុវត្តបាននោះដែរ។ ត្រង់នេះយើងអាចមើលឃើញថា ថៃហាក់បានត្រៀមខ្លួនរួចហើយ គឺថាបញ្ហាព្រំដែនជាមួយប្រទេសជិតខាង និងផ្ទៃក្នុងរដ្ឋាភិបាលខ្លួនរដ្ឋប្រហារញឹកញាប់ ថៃក៏មិនដើរនយោបាយចូលជ្រោះដោយខ្លួនឯងនោះដែរ។

ជាការពិត ប្រទេសថៃជាសមាជិកនៃអង្គការសហប្រជាជាតិ ហើយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺជាស្ថាប័នតុលាការដ៏សំខាន់របស់អង្គការសហប្រជាជាតិ។ ថៃ​ទទួល​ស្គាល់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ជា​ស្ថាប័ន​ស្រប​ច្បាប់​សម្រាប់​ដោះស្រាយ​ជម្លោះ​រវាង​រដ្ឋ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសថៃមិនបានទទួលយកយុត្តាធិការជាកំហិតរបស់ ICJ ដែលមានន័យថា ខ្លួនជ្រើសរើសតាមករណីនីមួយៗប៉ុណ្ណោះ ហើយថាតើត្រូវចូលរួមដែរឬយ៉ាងណា។ [10]

ចំពោះ ករណី ICC  ប្រទេសថៃបានចុះហត្ថលេខាលើលក្ខន្តិកៈទីក្រុងរ៉ូម(សន្ធិសញ្ញាដែលបង្កើតICC) ក្នុងឆ្នាំ ២០០០។ ទោះបីជាយ៉ាងណាក៏ដោយ ថៃមិនដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះទេ មានន័យថា ប្រទេសថៃមិនមែនជាសមាជិកពេញសិទ្ធិរបស់ ICCឡើយ  និងមិនមានក្របខ័ណ្ឌស្របច្បាប់ដោយយុត្តាធិការរបស់ខ្លួននៅដែរ។[11]  ប្រទេសថៃមិនព្រមក្រោមហេតុផលនានាដូចជា ការ​ព្រួយ​បារម្ភ​អំពី​អធិបតេយ្យភាព​ជាតិ, ការលាតត្រដាងផ្នែកច្បាប់ និងនយោបាយដែលមានសក្តានុពលរបស់មេដឹកនាំថៃ ឬឥស្សរជនយោធាក្នុងអំឡុងពេលនៃចលាចលផ្ទៃក្នុង, បញ្ហានេះ ក៏បាននាំឱ្យមានការជជែកដេញដោលគ្នាក្នុងស្រុកអំពីថាតើ ICC នឹងជ្រៀតជ្រែកប្រព័ន្ធតុលាការរបស់ប្រទេសថៃ ឬបញ្ហាទាក់ទងនឹងការបះបោរនៅភាគខាងត្បូង និងការបង្ក្រាបនយោបាយនៅថៃដែរឬយ៉ាងណា។

សេចក្តីសន្និដ្ឋាន

         ដោយផ្អែកលើទិដ្ឋភាពប្រវត្តិសាស្ត្រ និងស្ថានភាពនយោបាយផ្ទៃក្នុងថៃបច្ចុប្បន្ន គឺស្ថិតនៅក្នុងភាពផុយស្រួយព្រោះថា អំណាចយោធា និងរាជវាំងនៅបន្តមានឥទ្ធិពលក្នុងនយោបាយថៃ សម្ព័ន្ធភាពរវាងយោធា និងបក្សប្រជាធិបតេយ្យហាក់នឹងមិនអាចនៅយូរឡើយ ដ្បិតមានទស្សននយោបាយប្រឈមគ្នា, ម្យ៉ាងវិញទៀត ការបន្តឱ្យអ្នកប្រជាធិបតេយ្យនិយមនៅកាន់អំណាចយូរ ជាការបង្កគ្រោះថ្នាក់ដល់ឥទ្វិពលយោធា នៅពេលអនាគត ដែលជាអំណាចប្រមូលផ្តុំ ក្នុងនយោបាយថៃជាច្រើនសតវត្សរ៍មកហើយនោះ។

ជាមួយគ្នានេះ ប្រទេសក្បែរខាងថៃ ពិសេសកម្ពុជាគួរគប្បីស្វែងយល់ឱ្យបានច្បាស់ពីស្ថានការណផ្ទៃក្នុងរបស់ថៃ តើត្រូវឆ្លើយតបបែបណា ចំពោះសភាពការវិវត្តថ្មីៗតាមបណ្តោយព្រំដែន បើមិនអញ្ជឹងទេ យើងនឹងក្លាយទៅជា កូនអុកនៃនយោបាយផ្ទៃក្នុងរបស់ថៃជាក់ជាមិនខានឡើយ។

សំនួរពិចារណា

1- តើលោកអ្នកយល់ថា រដ្ឋាភិបាលកម្ពុជានឹងមានភាពចំណេញ-ខាត អ្វីខ្លះលើទិដ្ឋភាពនយោបាយ? ទិដ្ឋភាពពាណិជ្ជកម្មនិងការទូត?

2- ក្នុងករណីវិវាទព្រំដែនកាន់តែធ្ងន់ធ្ងរ តើលោកអ្នកយល់ថា ចិននឹងរក្សាជំហរយ៉ាងណាគាំទ្រកម្ពុជា ? ផ្តល់ជំនួយយោធារ ? ឬជួយសេដ្ឋកិច្ច ? បើជញ្ជីងពាណិជ្ជកម្មវាងចិននិងថៃ ហាក់ធំជាងជញ្ជីងពាណិជ្ជកម្មចិននិងកម្ពុជា? តើចិននិងរើសមួយណា ?  តើចិនពិតជាចត្រូវការកម្ពុជា ខ្លាំងទេនៅក្នុងអាស៊ាន ? បើចិននៅមានសន្លឹកអាត់ច្រើន ដូចជាភូមា និងឡាវជាដើម ? ល្មមអាចមានទំងន់ក្នុងទិដ្ឋភាពអាស៊ានលើបញ្ហាកុងសង់ស៊ីសនៅអាស៊ានឬទេ?

3- ប្រសិនបើ កម្ពុជារអិលជ្រុលចូលដល់ចលនាពហិការទំនិញថៃ តើវាជាគ្រោះថ្នាក់ឬទេសម្រាប់កម្ពុជា ?  ព្រោះកម្ពុជា ជាប្រទេសអ្នកហូបមិនមែនប្រទេសអ្នផលិត តែពលរដ្ឋកម្ពុជាបានទៅធ្វើការនៅថៃក៏មានចំនួនច្រើនដែរ, ករណីនេះក៏ធ្លាប់មានហើយ កាលពីថ្ងៃទី៣០ កក្កដា ២០១៤ ដែលរដ្ឋាភិបាលលោក ប្រាយុទ្ធចាន់អូចា បញ្ជូនពលករកម្ពុជាខុសច្បាប់មកកម្ពុជាវិញ។ បើពិតជាមានចលនាពហិការមិនប្រើទំនិញថៃ តើកម្ពុជានឹងនាំចូលទំនិញពីខាងណាមកបំពេញតម្រូវការខ្លួន? វៀតណាម?ចិន? ...

4- នៅលើឆាកអន្តរជាតិ តើអំណាចទន់ឬ Soft power របស់ថៃនិងកម្ពុជាមួយណាមានទំងន់ជាង ? ហើយថាតើប្រទេសណាមានមិត្តភ័ក្រអន្តរជាតិច្រើនជាង ?

5- តើកម្ពុជាគួរកំដរថៃលេងសេនារីយោនេះ ដើម្បីហេតុផលនយោបាយ ឬទេ ? ហើយគួរធ្វើយ៉ាងណា ? ហេតុអ្វី? 

 

ឯកសារពិគ្រោះ

1-  Fresh News. (2025, May 28). ក្រសួងការពារជាតិកម្ពុជា ចេញសេចក្តីប្រកាសអំពីហេតុការណ៍ប៉ះទង្គិចខ្លីរវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី... Available at: https://shorturl.at/pSeFX. Accessed on June 1, 2025, at 11:00 a.m.

2-  Wongcha-Um, P., & Johnson, K. (2020, December 18). Timeline: Thailand's coups, kings and protests. Reuters. Available at: https://shorturl.at/gB1KI. Accessed on June 4, 2025, at 12:00 p.m.

3-  Chambers, P. (2024, January 2). Defective democracy defines Thailand’s political future. Naresuan University. Available at: https://shorturl.at/8eCtx. Accessed on June 4, 2025, at 12:00 p.m.

4-  Petty, M. (2023, July 13). Explainer: How will Thailand’s parliament choose the next PM? Reuters. Available at: https://short-link.me/-xm5. Accessed on June 4, 2025, at 1:00 p.m.

5-   ANFREL. (2025, August 15). 2023 Thai General Election: Democracy at a crossroads. Available at: https://anfrel.org/2023-thai-general-election-democracy-at-a-crossroads/. Accessed on June 3, 2025, at 3:00 p.m.

6-  CNA. (2024, August 15). Srettha Thavisin’s dramatic rise and fall in Thai politics. Available at: https://shorturl.at/OsXgK. Accessed on June 3, 2025, at 5:00 p.m.

7-  Reuters. (2025, May 28). Thai PM presents $115 billion budget to parliament to support lacklustre economy. Available at: https://shorturl.at/JsKhC. Accessed on June 3, 2025, at 5:30 p.m.

8-  ស្រីពេជ្រ, អ. (2025, June 3). ប្រមុខការទូតថៃ៖ ការប្តឹងរឿងជម្លោះព្រំដែនកម្ពុជា-ថៃទៅតុលាការ ICJ នឹងមិនរំខានដល់កិច្ចចរចាទ្វេភាគី. RFI. Available at: https://short-link.me/13BtZ. Accessed on June 4, 2025, at 1:30 p.m.

9-  The Nation. (2025, June 4). Thailand rejects ICJ jurisdiction, reaffirms national sovereignty: Phumtham. Available at: https://www.nationthailand.com/news/politics/40050805. Accessed on June 4, 2025, at 1:50 p.m.

 

10-  Kittichaisaree, K. (2023, July 26). Thailand and the International Criminal Court. Bangkok Post. Available at: https://short-link.me/-xpi. Accessed on June 4, 2025, at 1:50 p.m.


 

 

អត្ថបទទាក់ទង

ឯកឧត្ដមបណ្ឌិត យង់ ពៅ ពិភាក្សាការងារជាមួយក្រុមការងារបច្ចេកទេសទទួលបន្ទុកសុខភាពនិងបរិស្ថាននៃក្រសួងសុខាភិបាល

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារគម្រោងកសាងសាល...

2025-05-16 11:52:19   ថ្ងៃសុក្រ, 16 ឧសភា 2025 ម៉ោង 06:52 PM
៦៩ឆ្នាំនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី : ភាពធន់ ទំនុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជាក់ស្តែង

ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា           ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ គឺជាខួបលើកទី៦៩ឆ្នាំនៃទំនាក់ទំន...

2025-05-13 11:20:57   ថ្ងៃអង្គារ, 13 ឧសភា 2025 ម៉ោង 06:20 PM
បណ្ឌិត យង់ ពៅ៖ សមាជជាលើកដំបូងនៃស្ថាប័ននីតិប្បញ្ញត្តិ នឹងរំលេចពីការជជែកគ្នាជាពហុមតិ ដើម្បីប្រមូលទស្សនៈរួមរបស់ជាតិដើម្បីអភិវឌ្ឍប្រទេស

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីការប្រកាសរៀបចំសមាជិករវាងរដ្ឋសភានិងព្រឹទ្ធសភានៅដើមខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ លោកបណ្ឌិត យង់ ពៅ បានចែករំលែកទស្សនៈយល់ឃើញថា នេះគឺជាសមាជជាប្រវត្តិសាស្ត្រលើកទីមួយនៅក្...

2025-05-13 08:26:29   ថ្ងៃអង្គារ, 13 ឧសភា 2025 ម៉ោង 03:26 PM
69 Years of Cambodia-Russia Relations: Resilience, Mutual Trust and Pragmatic Cooperation

By Dr. Kin Phea, Director General of the International Relations Institute of Cambodia, Royal Academy of Cambodia May 13, 2025, marks the 69th anniversary of diplomatic relations between Cambodia and...

2025-05-13 06:06:59   ថ្ងៃអង្គារ, 13 ឧសភា 2025 ម៉ោង 01:06 PM
ជំនួបពិភាក្សាការងាររវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយប្រតិភូតំណាង២៥សាកលវិទ្យាល័យនៃខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការតំណាងឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្...

2025-05-12 07:44:20   ថ្ងៃចន្ទ, 12 ឧសភា 2025 ម៉ោង 02:44 PM
លោកបណ្ឌិត យង់ ពៅ អំពាវនាវឱ្យមានការដាំដើមឈើឱ្យបានច្រើន ដើម្បីកាត់បន្ថយបញ្ហាកើនឡើងកម្ដៅផែនដី

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានភាពសង្គម បានអំពាវនាវឱ្យសាធារណជន និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីកាត់បន្ថយបញ្ហាកើនឡើងកម្ដៅផែនដី ខណៈដែល...

2025-05-11 00:12:15   ថ្ងៃអាទិត្យ, 11 ឧសភា 2025 ម៉ោង 07:12 AM

សេចក្តីប្រកាស