ព័ត៌មាន

លោកបណ្ឌិត យង់ ពៅ អំពាវនាវឱ្យមានការដាំដើមឈើឱ្យបានច្រើន ដើម្បីកាត់បន្ថយបញ្ហាកើនឡើងកម្ដៅផែនដី

2025-05-11 00:12:15 ថ្ងៃអាទិត្យ, 11 ឧសភា 2025 ម៉ោង 07:12 AM
អ្នកមើល 1157
post_detail1

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានភាពសង្គម បានអំពាវនាវឱ្យសាធារណជន និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីកាត់បន្ថយបញ្ហាកើនឡើងកម្ដៅផែនដី ខណៈដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជា កំពុងប្រឈមនឹងបញ្ហាប្រែប្រួលអាកាសធាតុយ៉ាងខ្លាំង ពិសេសការកើនឡើងនូវកម្ដៅផែនដី ដោយសារមូលហេតុផ្សេងៗដូចជា ការបាត់បង់គម្របព្រៃឈើនៅតាមប្រទេសនិងតំបន់នានា និងការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់ជាដើម។ លោកបណ្ឌិត បានគូសបញ្ជាក់ថា គេត្រូវតែបង្កើនទំហំព្រៃឈើ និងការដាំដុះដើមឈើនៅតាមទីកន្លែងនានាឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ដើម្បីរក្សាសីតុណ្ហភាពនៅតាមទីតាំងទាំងឡាយ ពិសេសនៅតាមទីសាធារណៈ កាត់បន្ថយឧស្ម័នកាបូនិចនៅក្នុងបរិយាកាស និងជួយបង្កើនការផលិតអុកសែនពីធម្មជាតិ តាមរយៈដើមឈើដែលត្រូវបានដាំទាំងនោះ។ សម្រាប់លោកបណ្ឌិត កិច្ចការងារនេះ ទាមទារឱ្យមានការចូលរួមឱ្យបានច្រើនតាមដែលអាចធ្វើបាន ទាំងប្រជាពលរដ្ឋ រដ្ឋាភិបាល និងក្រសួងស្ថាប័នរដ្ឋនិងឯកជនទាំងអស់ ពិសេសនៅតាមក្រសួងស្ថាប័នរដ្ឋ គួរតែចាប់ផ្ដើមដាំដើមឈើជាប្រភេទឈើធំៗ ដើម្បីផ្ដល់ម្លប់ឱ្យបានកាន់តែច្រើនបន្ថែមទៀត។

លោកបណ្ឌិតបានកត់សម្គាល់ថា នៅតាមក្រសួងស្ថាប័នសាធារណៈមួយចំនួន គេសង្កេតឃើញថា ទីធ្លាមានការរៀបចំចាក់បេតុងនិងរៀបការ៉ូឡាជាដើម ស្ទើតែគ្រប់ក្រសួងស្ថាប័នទាំងអស់ ដែលនេះក៏ជាចំណែកនៃការបង្កើនកម្ដៅនៅតាមទីតាំងស្ថាប័នរដ្ឋ និងទីកន្លែងសាធារណៈ ដែលនៅពេលខ្លះ ក្ដៅសឹងតែមិនអាចធ្វើដំណើរបានផងដែរ។ លោកបណ្ឌិត យង់ ពៅ បានបន្ថែមទៀតថា ផ្លូវនៅទីប្រជុំជន ទាំងនៅក្នុងរាជធានីភ្នំពេញនិងតាមខេត្តនានាក្ដី គួរតែមានការដាំដើមឈើជាប្រភេទធំៗជាច្រើន សម្រាប់សាធារណជន និងអ្នកដំណើរអាចឆ្លងកាត់ ឈប់សម្រាក ឬធ្វើដំណើរជាមួយនឹងសីតុណ្ហភាពត្រជាក់សមល្មមផងដែរ ព្រោះបើតាមបទពិសោធន៍ដែលលោកបណ្ឌិត ធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសរីកចម្រើនមួយចំនួន ក៏ដូចជាប្រទេសក្នុងតំបន់ មានការដាំដើមឈើធំៗដែលផ្ដល់ជាម្លប់សម្រាប់ការធ្វើដំណើរ ឈប់សម្រាក ឬឆ្លងកាត់ផងដែរ។ នេះគឺជាការផ្ដល់ភាពសុខដុមនីយកម្មនៅក្នុងការធ្វើដំណើរតាមដងផ្លូវមួយសម្រាប់សាធារណជន ក៏ដូចជាភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសដែរ។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្តថា គេមិនគួរព្រួយបារម្ភចំពោះការថែទាំដើមឈើ អនាម័យ និងសោភ័ណភាពនៅតាមទីតាំងដែលដាំដើមឈើ ដែលតម្រូវឱ្យមានការអ្នកបោសសម្អាតនោះទេ ព្រោះការដាំដើមឈើធំៗនៅតាមផ្លូវឬទីតាំងសាធារណៈនានា គឺជាការផ្ដល់ផាសុកភាពទៅដល់ប្រជាពលរដ្ឋទូទៅ និងក៏ជាការលើកសម្រស់រាជធានីខេត្ត និងទីប្រជុំជននានាផងដែរ។ ជាមួយគ្នានេះ លោកបណ្ឌិតយល់ឃើញថា សាលារាជធានី-ខេត្ត ឬក្រសួងមន្ទីរដែលពាក់ព័ន្ធ គួរតែកំណត់នូវលក្ខខណ្ឌសម្រាប់បុរី ឬសំណង់អគារនានា ដើម្បីទទួលអាជ្ញាបណ្ណអនុញ្ញាតឱ្យសាងសង់ ត្រូវតែមានការរៀបចំប្លង់ដាំដើមឈើធំៗក្នុងកម្រិតណាមួយ ដើម្បីរួមចំណែកនៅក្នុងការកាត់បន្ថយកម្ដៅ ក៏ដូចជាបង្កើនសោភ័ណទីក្រុង ឬទីប្រជុំជនជាដើម។ លោកបណ្ឌិត បានលើកឡើងបន្ថែមថា រដ្ឋអំណាចត្រូវតែដាក់កំហិតឱ្យមានការចូលរួមតាមលទ្ធភាពជាក់ស្ដែង នៅក្នុងការកែប្រែបញ្ហាកើនឡើងកម្ដៅផែនដី តាមរយៈវិធានការគាំទ្រ និងលក្ខខណ្ឌកំណត់ផ្សេងៗ ដើម្បីឈានទៅកែសម្រួលបរិយាកាសផែនដី។ ប្រសិនបើគេមិនគិតគូរអំពីបញ្ហានេះទេ នោះពិភពលោកនឹងកាន់តែកើនឡើងកម្ដៅបន្ថែមទៀត ហើយគេក៏មិនអាចអង្គុយធ្វើការនៅក្នុងម៉ាស៊ីនត្រជាក់ ឬនៅក្នុងម្លប់រហូតនោះទេ។ ត្រង់ចំណុចនេះ លោកបណ្ឌិត ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋទូទៅ ចូលរួមជាមួយនឹងរាជរដ្ឋាភិបាលផងដែរ ដើម្បីសម្រេចបាននូវគោលដៅទីសាធារណៈប្រកបដោយផាសុកភាពសម្រាប់មនុស្សទាំងអស់គ្នា។

ទោះជាយ៉ាងណា លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា កិច្ចការងារនេះ ក្រសួងស្ថាប័នសាធារណៈត្រូវតែចាប់ផ្ដើមធ្វើជាគម្រូ ដើម្បីទាក់ទាញ និងជំរុញការចូលរួមពីសំណាក់មហាជន ព្រមទាំងត្រូវកំណត់ច្បាប់បញ្ញត្តិឱ្យបានជាក់លាក់ និងច្បាស់លាស់ ដើម្បីឈានទៅសម្រេចគោលដៅនេះក្នុងពេលខាងមុខ ពោលគឺត្រូវសម្រេចឱ្យបាននូវបរិស្ថានល្អប្រសើរ និងទីសាធារណៈប្រកបដោយផាសុកភាពសម្រាប់មនុស្សទាំងអស់គ្នា។

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អំពាវនាវឱ្យសប្បុរសជនដែលមានលទ្ធភាព ចូលរួមចំណែកនៅក្នុងការបោះពុម្ពសៀវភៅ ដែលជាស្នាដៃស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្...

2022-12-08 07:07:22   ថ្ងៃព្រហស្បតិ៍, 08 ធ្នូ 2022 ម៉ោង 02:07 PM
ការអប់រំ និងឧក្រិដ្ឋកម្ម (Education and Crime) ដោយ៖ បណ្ឌិត សូ សុធីរ មន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម, រាជបណ្ឌិត្យសភាកម្ពុជា

ឧក្រិដ្ឋកម្ម ឬបទល្មើសព្រហ្មទណ្ឌ ជាអំពើ ដែលបង្កគ្រោះថ្នាក់ មិនត្រឹមតែចំពោះបុគ្គលមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងដល់សហគមន៍ សង្គម ឬប្រទេសផងដែរ។គំនិតដែលធ្វើសកម្មភាព ដូចជា ឃាតកម្ម ការចាប់រំលោភ និងចោរកម្ម...

2022-12-07 02:37:39   ថ្ងៃពុធ, 07 ធ្នូ 2022 ម៉ោង 09:37 AM
ប្រភពនៃការអប់រំក្នុងពិភពលោកចាប់ពីមជ្ឈិមសម័យ ដោយ៖ បណ្ឌិត សូ សុធីរ មន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម, រាជបណ្ឌិត្យសភាកម្ពុជា

ប្រវត្ដិវិទូ បានកំណត់យកសហសវត្ស នៅចន្លោះឱនភាពនៃក្រុងរ៉ូម និងបុនសម័យ (៥០០-១៤០០គ.ស.) ថាជាមជ្ឈិមសម័យ (Middle Ages or midieval period)។ សករាជនៃវប្បធម៌ និងការអប់រំលោកខាងលិចនេះ បានលាតសន្ធឹងពីចុងបញ្ចប់នៃសករាជ...

2022-12-07 02:34:44   ថ្ងៃពុធ, 07 ធ្នូ 2022 ម៉ោង 09:34 AM
ចរាចរណ៍ក្នុងរាជធានីភ្នំពេញ និង ផលប៉ះពាល់ Phnom Penh Traffic Issue and Its Impact ដោយ៖ លោក ហៃ សុគន្ធា មន្ត្រីស្រាវជ្រាវនាយកដ្ឋានភូមិវិទ្យានិងនគរូបនីយកម្មនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

ភ្នំពេញ គឺជារាជាធានីប្រវត្តិសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានអាយុប្រមាណជាង៥០០ឆ្នាំ មានទីតាំងស្ថិតនៅចំចំណុចប្រសព្វនៃទន្លេបួនមុន រូមមានមេគង្គលើនិងក្រោម ទន្លេសាប និងទន្លេបាសាក់។ វាជាមជ្ឈមណ្ឌលពាណិជ្...

2022-12-05 08:48:00   ថ្ងៃចន្ទ, 05 ធ្នូ 2022 ម៉ោង 03:48 PM
ប្រភពនៃការអប់រំក្នុងពិភពលោកសម័យបុរាណ The World Roots of Ancient Education ដោយ៖ បណ្ឌិត សូ សុធីរ មន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា

និទានកថា នៅទីនេះ បានចាប់ផ្ដើមពីសម័យដែលមនុស្សមិនទាន់ចេះអាន និងសរសេរ មុនពេលមានការបង្កើតថ្មីនៃការអាន និងការសរសេរ នៅពេលដែលបុព្វបុរស ផ្ទេរវប្បធម៌ដោយផ្ទាល់មាត់របស់គេ ពីជំនាន់មួយទៅជំនាន់មួយទៀត។ គេអាចស្វែងរកឃ...

2022-12-05 08:23:26   ថ្ងៃចន្ទ, 05 ធ្នូ 2022 ម៉ោង 03:23 PM
សិក្ខាសាលាស្តីពី «ទេសចរណ៍កម្ពុជា ៖ ការបង្កើតវេប និងអេប ទេសចរណ៍»

រាជបណ្ឌិត្យសភាកម្ពុជា៖ កាលពីព្រឹកថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២នៅសាល «ទន្លេសាប» នៃអគារខេមរៈវិទូមានរៀបចំអង្គសិក្ខាសាលាស្តីពី «ទេសចរណ៍កម...

2022-12-05 07:59:21   ថ្ងៃចន្ទ, 05 ធ្នូ 2022 ម៉ោង 02:59 PM

សេចក្តីប្រកាស