Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាឱកាសថ្លែងសុន្ទរកថាស្វាគមន៍ ក្នុងកម្មវិធីបើកវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៤ ស្ដីពី«ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ: ទំព័រថ្មីនៃសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី» ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា វេទិកានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងទ្វេភាគីរបស់យើង។ ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៩ វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន បានដើរតួនាទីជាមជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្តិការផ្នែកបញ្ញាញាណ និងជំរុញកិច្ចសន្ទនារវាងបញ្ញវន្ត អ្នករៀបចំគោលនយោបាយ និងអ្នកដឹកនាំគំនិតនៃប្រទេសទាំងពីរ។
ឯកឧត្ដមបណ្ឌិត បានគូសបញ្ជាក់ថា ការរៀបចំវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលនេះ គឺជាការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ស្ថាប័នស្រាវជ្រាជាន់ខ្ពស់នៃប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងការប្រែក្លាយគំនិតដែលជាចក្ខុវិស័យទៅជាយុទ្ធសាស្ត្រជាក់ស្តែងដែលអាចអនុវត្តបាន ដែលផ្តល់អត្ថប្រយោជន៍ដល់សង្គមយើង និងរួមចំណែកដល់ស្ថិរភាពតំបន់និងពិភពលោក។ ឯកឧត្ដមបណ្ឌិតបន្តថា វេទិកានេះដើរតួនាទីលើសពី កិច្ចការគរុសភា តែវាគឺជាធាតុផ្សំដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងការទូតរបស់យើង។
កម្ពុជានិងចិនបានចងភ្ជាប់ដោយចំណងប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅប្រកបដោយការគោរពគ្នាទៅវិញទៅមកនិងសាមគ្គីភាព។ ការណ៍នេះអាចឆ្លុះបញ្ចាំងតាមរយៈការគាំទ្ររបស់ប្រទេសចិនក្នុងអំឡុងពេលនៃកិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា និងការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) របស់ចិន និងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងការពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការត្បូង-ត្បូងប្រកបដោយជោគជ័យ (South-South Cooperation)។
ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ ដែលបានបង្កើតឡើងក្នុងឆ្នាំ២០២៣ បានពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរបស់យើងលើវិស័យអាទិភាពចំនួនប្រាំមួយ រួមមាន កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ គំនិតទាំងនេះមិនមែនគ្រាន់តែជាបញ្ញត្តិអរូបីប៉ុណ្ណោះទេ ប៉ុន្តែជាគំនិតផ្តួចផ្តើមជាក់ស្តែង ដូចជា របៀងឧស្សាហកម្មនិងបច្ចេកវិទ្យាក្នុងខេត្តព្រះសីហនុ ដែលត្រូវបានគេដាក់ចក្ខុវិស័យថាជា «ទីក្រុងសិនចិន (Shenzhen) ទីពីរ» និងរបៀងមច្ឆានិងអង្ករនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ដែលនឹងលើកកម្ពស់ផលិតភាពកសិកម្ម និងនិរន្តរភាពអេកូឡូស៊ី។ បន្ថែមពីនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ការនាំចេញកសិផលដែលមានគុណភាពខ្ពស់ និងការវិនិយោគផ្ទាល់ពីបរទេសរបស់ចិននៅកម្ពុជា បង្ហាញពីឥទ្ធិពលជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។
ឯកឧត្ដមបណ្ឌិតបានបន្ថែមទៀតថា ក្នុងនាមជាស្ថាប័នគំនិត តួនាទីរបស់យើងលាតសន្ធឹងហួសពីការវិភាគធម្មតាៗ ដោយស្ថាប័នស្រាវជ្រាវជាន់ខ្ពស់នៃប្រទេសទាំងពីរ គឺជានិម្មាបនករ (Architect) នៃគំនិតនិងជាអ្នកសម្របសម្រួលនៃការសន្ទនា ហើយវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៤ បានរំលេចឱ្យឃើញតួនាទីជាក់ស្ដែងរបស់ស្ថាប័នទាំងពីរ ក្នុងការជំរុញ ការសន្ទនាតាមរយៈការធ្វើឱ្យមានការជួបជុំគ្នារវាងអ្នកជំនាញជាន់ខ្ពស់មកពីប្រទេសទាំងពីរ ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗ ដូចខាងក្រោម៖
- ប្រធានបទវគ្គទី១ នឹងពិនិត្យមើលកិច្ចសហប្រតិបត្តិការក្នុងតំបន់និងសកល និង ការគាំទ្រដ៏រឹងមាំនិងការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកលរបស់ប្រទេសចិន។
- ប្រធានបទវគ្គទី២ នឹងពិភាក្សាអំពី «របៀងមច្ឆានិងអង្ករ» និង «របៀងអភិវឌ្ឍន៍ឧស្សាហកម្ម» ៖ សន្ទុះថ្មីសម្រាប់កិច្ចសហប្រតិបត្តិការកសិកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្ម។
- ប្រធានបទវគ្គទី៣ នឹងផ្តោតទៅលើការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកម្ពុជា-ចិន ការអភិវឌ្ឍទេសចរណ៍ និងការយល់ដឹងអំពីអរិយធម៌។
RAC Media | លឹម សុវណ្ណរិទ្ធ
ជាស្មារតីទទួលខុសត្រូវក្នុងនាមជាពលរដ្ឋនៃប្រទេសជាតិមួយ មនុស្សទាំងអស់នៅក្នុងសង្គម ត្រូវតែគោរពនិងអនុវត្តទៅតាមច្បាប់ដែលមានជាធរមាននៅក្នុងសង្គមជាតិរបស់ខ្លួន។ នៅពេលដែលមានការប្រព្រឹត្តបទល្មើស ត្រូវតែមានការបង្ក...
នៅរសៀលថ្ងៃចន្ទ ៨ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២:៣០នាទីព្រឹក ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំ ស...
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពី ការអំពាវនាវរបស់ក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស ឱ្យពលរដ្ឋខ្មែរចូលរួមធ្វើបាតុកម្មនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យលើកោះគុជ លោកបណ្ឌិត...
ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជាត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកនៃគណៈកម្មាធិការរៀបចំនៃគណៈកម្មការកសាងសន្តិភាព (Organizational Committee of the Peacebuilding Commission-OCPBC) សម្...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម...