Royal Academy of Cambodia
នៅក្នុងខួបលើកទី៣ នៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន កម្ពុជាបានសម្រេចចិត្តសារជាថ្មី បោះឆ្នោតគាំទ្រសន្តិភាពអ៊ុយក្រែននៅអង្គការសហប្រជាជាតិ ដែលការបោះឆ្នោតនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ គូសបញ្ជាក់ថា គឺជាការសម្រេចចិត្តដោយផ្អែកទិដ្ឋភាពសំខាន់ៗចំនួន៥គឺ ១. អធិបតេយ្យនយោបាយការបរទេស ២. គោរពច្បាប់អន្តរជាតិ/ជាតិ ៣. គោលការណ៍មិនគាំទ្រនយោបាយឈ្លានពាន ៤. គោលការណ៍មិនគាំទ្រនយោបាយពុះច្រៀកដែនបំបែករដ្ឋ ៥. កម្ពុជា ធ្លាប់ត្រូវគេឈ្លានពានជាហូរហែរ។
១- កម្ពុជាមានអធិបតេយ្យភាពនយោបាយការបរទេសពេញលេញ
លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា កម្ពុជាបានសម្រេចចិត្តបន្តរក្សាជំហររបស់ខ្លួននៅក្នុងសំណុំរឿងអ៊ុយក្រែន ដែលធ្លាប់បានបង្ហាញជំហរការទូតប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនរួចម្ដងមកហើយ។ កម្ពុជាដែលមានអធិបតេយ្យនយោបាយការបរទេសពេញលេញរបស់ខ្លួន នៅក្នុងការសម្រេចចិត្តលើសំណុំរឿងអន្តរជាតិផ្សេងៗ ដោយឈរលើជំហរកម្ពុជាដោយផ្ទាល់ មិនចំណុះជំហរឬផ្អែកលើមហាអំណាចណាមួយឡើយ ជាមួយនឹងគោលនយោបាយការបរទេសឯករាជ្យ។
២- កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពច្បាប់ជាតិ/អន្តរជាតិ
កម្ពុជាបានបោះឆ្នោត ដោយយោងទៅលើការគោរពនូវច្បាប់អន្តរជាតិ តួយ៉ាង ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់ជាតិ ដែលមានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាគោលចម្បង នៅក្នុងការសម្រេចចិត្តនៅក្នុងជំហរនយោបាយការបរទេសរបស់ខ្លួន តួយ៉ាងស្របទៅនឹងមាត្រា ៥៣ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ខ្លួន។ កម្ពុជាដែលជានិច្ចកាល តែងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ឯករាជ្យដោយផ្អែកលើច្បាប់ ពិតជាមិនចង់ឃើញមានការអនុវត្តនៃបណ្ដាប្រទេសទាំងឡាយណា ដែលរំលោភបំពាន ឬមើលរំលងនូវបទដ្ឋានគតិយុត្តិទាំងក្នុងកម្រិតជាតិនិងអន្តរជាតិឡើយ។ ត្រង់ចំណុចនេះ មានន័យថា កម្ពុជាបោះឆ្នោតដោយឈរលើគោលការណ៍គោរពនិយាមជាតិនិងអន្តរជាតិ។
៣- កម្ពុជាគាំទ្រគោលការណ៍មិនគាំទ្រនយោបាយឈ្លានពាន
ប្រទេសកម្ពុជា ដែលជារៀងដរាបរហូតមក បានគាំទ្រនូវគោលការណ៍សន្តិសហវិជ្ជមាន គោរពផលប្រយោជន៍ផងគ្នា ពិសេសគោលការណ៍ប្រឆាំងនឹងការឈ្លានពានពីប្រទេសធំឬប្រទេសខ្លាំងទៅលើប្រទេសតូច ឬប្រទេសទន់ខ្សោយ ដែលជាគោលការណ៍ដឹកនាំដោយតាមលក្ខណៈធម្មជាតិ ជាជាងគោលការណ៍នៅក្នុងយុគសម័យទំនើបដែលរដ្ឋទាំងឡាយត្រូវគោរពនិងផ្ដល់តម្លៃគ្នាទៅវិញទៅមក។ បើតាមលោកបណ្ឌិត ការប្រើប្រាស់គោលការណ៍ប្រទេសធំឬខ្លាំងរំលោភបំពានទៅលើប្រទេសតូចឬខ្សោយ មិនអាចធានាបាននូវសន្តិភាព និងសន្តិសុខ ក៏ដូចជាភាពសុខដុមនៃពិភពលោកបាននោះឡើយ តែផ្ទុយមកវិញ ថែមទាំងបានបណ្ដុះនូវអស្ថិរភាព និងវប្បធម៌អន្តរាគមន៍ដោយយោធាចំពោះគ្រប់បញ្ហាក្នុងពិភពលោកទៅវិញទេ។
៤- គោលការណ៍មិនគាំទ្រនយោបាយពុះច្រៀកបំបែករដ្ឋ
ស្របគ្នាទៅនឹងគោលការណ៍មិនឈ្លានជ្រៀតជ្រែកកិច្ចការងារនៃរដ្ឋដទៃដែលកម្ពុជា ក៏ដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ានដែរ ការប្រើប្រាស់នយោបាយពុះច្រៀកបំបែករដ្ឋដទៃ គឺជារឿងដែលមេដឹកនាំកម្ពុជាយល់ឃើញថា មិនគួរកើតមាននៅក្នុងសហវត្សរ៍ថ្មីនោះឡើយ ពោលគឺប្រទេសនីមួយៗ មានសិទ្ធិ និងអធិបតេយ្យភាពពេញលេញ នៅក្នុងការសម្រេចជោគវាសនាប្រទេសជាតិខ្លួន ជាជាងរងការបំបែកបំបាក់ ឬប្រើប្រាស់យុទ្ធសាស្ត្របំបែកទឹកដី ដើម្បីបម្រើផលប្រយោជន៍នយោបាយឬភូមិសាស្ត្រនយោបាយរបស់មហាអំណាចនីមួយៗ។
៥- កម្ពុជាធ្លាប់រងគ្រោះដោយសារតែការឈ្លានពាន
កម្ពុជាដែលធ្លាប់រងគ្រោះដោយសារសង្គ្រាម ដែលមហាអំណាចបានរំលោភបំពាន និងឈ្លានពាន ដោយសារហេតុផលប្រកួតប្រជែងមនោគមវិជ្ជា និងបែងចែកភូមិសាស្ត្រនយោបាយគ្នាដើម្បីគ្រប់គ្រងនោះ ពិតជាស្អប់ខ្ពើម និងមិនចង់មើលឃើញរូបភាពនេះកើតឡើងជាថ្មីទៅលើប្រទេសណាមួយ ក្នុងតំបន់ និងក្នុងពិភពលោកនោះឡើយ ព្រោះប្រទេសនិងប្រជាជនកម្ពុជាផ្ទាល់ ធ្លាប់បានហែលឆ្លង រងទុក្ខវេទនាឆ្អែតឆ្អន់ហើយ និងមិនចង់ឱ្យប្រទេសឬប្រជាជននៃជាតិសាសន៍ណាមួយក្នុងពិភពលោកបានពើបប្រទះនឹងបទពិសោធន៍ដ៏ជូរចត់ដូចគ្នានេះឡើយ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងអាស៊ាននៅឆ្នាំ២០១៥ ដោយពឹងផ្អែកលើចំណុចសំខាន់ចំនួន ពីរ៖ ទីមួយ គឺគោលនយោបាយយុទ្ធសាស្ត្រប្រទាក់ក្រឡាគ្នារវាងសេដ្ឋកិច្ចនិងនយោបាយ និងទីពីរ គឺការខិតខំប្រឹងប្រែងរួមនិងជាសាធារណៈ...
កូវីដ-១៩ ជាឈ្មោះវីរុសកូរ៉ូណាប្រភេទថ្មី ដែលមកទល់ពេលនេះបានចម្លងរាលដាលស្ទើរតែពេញពិភពលោកទាំងមូល ដោយមានចំនួនអ្នកឆ្លងជាងប្រាំសែននាក់ និងស្លាប់ដល់ទៅជាងពីរម៉ឺននាក់ឯណោះ។ ដើមឡើយមេរោគនេះ គេថាចេញប្រភពមកពីប្រទេស...
បន្ទាប់ពីក្លាយជាប្រធានាធិបតីក្នុងឆ្នាំ២០០០ ដែលពេលនោះ លោក Vladimir Putin ទើបតែមានអាយុ៤៨ឆ្នាំ ប្រធានាធិបតិរូបនេះបានសញ្ជឹងគិតថា តើថ្ងៃណាមួយ តើគាត់នឹងចាកចេញពីមុខតំណែងដោយរបៀបណា? កំពុងជិះឡានប្រធានាធិបតីពេញទ...
អ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក បានចាប់ផ្តើមមានទំនាក់ទំនងនឹងគ្នានៅឆ្នាំ១៩៥៣ តែទំនាក់ទំនងនេះពុំសូវមានភាពល្អូកល្អើននឹងគ្នាប៉ុន្មានទេ។ ក្រោយពីបដិវត្តន៍អ៊ិស្លាម អ៊ីរ៉ង់ទទួលបានជោគជ័យលើរបបស្តេច មហាម៉េដ រីហ្សា ផាហ...
នៅថ្ងៃទី៨ ខែសីហា ឆ្ឆាំ១៩៦៧ រដ្ឋចំនួនប្រាំបានបង្កើតអង្គការតំបន់មួយឈ្មោះថា សមាគមប្រជាជាតិអាស៊ីអាគេ្នយ៍ហៅកាត់ ថា អាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ។ តាមរយៈការប្រកាសជាផ្លូវការនូវសេចក្តីថ្លែងការអាស៊ាន។ អង្គការ...