ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ កម្ពុជា បានឈរលើមូលដ្ឋាន៥ចំណុច បោះឆ្នោតគាំទ្រសន្តិភាព អ៊ុយក្រែន នៅ UN

2025-02-25 09:50:01 ថ្ងៃអង្គារ, 25 កុម្ភៈ 2025 ម៉ោង 04:50 PM
អ្នកមើល 904
post_detail1

          នៅក្នុងខួបលើកទី៣ នៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន កម្ពុជាបានសម្រេចចិត្តសារជាថ្មី បោះឆ្នោតគាំទ្រសន្តិភាពអ៊ុយក្រែននៅអង្គការសហប្រជាជាតិ ដែលការបោះឆ្នោតនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ គូសបញ្ជាក់ថា គឺជាការសម្រេចចិត្តដោយផ្អែកទិដ្ឋភាពសំខាន់ៗចំនួន៥គឺ ១. អធិបតេយ្យនយោបាយការបរទេស ២. គោរពច្បាប់អន្តរជាតិ/ជាតិ ៣. គោលការណ៍មិនគាំទ្រនយោបាយឈ្លានពាន ៤. គោលការណ៍មិនគាំទ្រនយោបាយពុះច្រៀកដែនបំបែករដ្ឋ ៥. កម្ពុជា ធ្លាប់ត្រូវគេឈ្លានពានជាហូរហែរ។

          ១- កម្ពុជាមានអធិបតេយ្យភាពនយោបាយការបរទេសពេញលេញ

          លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា កម្ពុជាបានសម្រេចចិត្តបន្តរក្សាជំហររបស់ខ្លួននៅក្នុងសំណុំរឿងអ៊ុយក្រែន ដែលធ្លាប់បានបង្ហាញជំហរការទូតប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនរួចម្ដងមកហើយ។ កម្ពុជាដែលមានអធិបតេយ្យនយោបាយការបរទេសពេញលេញរបស់ខ្លួន នៅក្នុងការសម្រេចចិត្តលើសំណុំរឿងអន្តរជាតិផ្សេងៗ ដោយឈរលើជំហរកម្ពុជាដោយផ្ទាល់ មិនចំណុះជំហរឬផ្អែកលើមហាអំណាចណាមួយឡើយ ជាមួយនឹងគោលនយោបាយការបរទេសឯករាជ្យ។

          ២- កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពច្បាប់ជាតិ/អន្តរជាតិ

          កម្ពុជាបានបោះឆ្នោត ដោយយោងទៅលើការគោរពនូវច្បាប់អន្តរជាតិ តួយ៉ាង ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់ជាតិ ដែលមានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា  ជាគោលចម្បង នៅក្នុងការសម្រេចចិត្តនៅក្នុងជំហរនយោបាយការបរទេសរបស់ខ្លួន តួយ៉ាងស្របទៅនឹងមាត្រា ៥៣ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ខ្លួន។ កម្ពុជាដែលជានិច្ចកាល តែងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ឯករាជ្យដោយផ្អែកលើច្បាប់ ពិតជាមិនចង់ឃើញមានការអនុវត្តនៃបណ្ដាប្រទេសទាំងឡាយណា ដែលរំលោភបំពាន ឬមើលរំលងនូវបទដ្ឋានគតិយុត្តិទាំងក្នុងកម្រិតជាតិនិងអន្តរជាតិឡើយ។ ត្រង់ចំណុចនេះ មានន័យថា កម្ពុជាបោះឆ្នោតដោយឈរលើគោលការណ៍គោរពនិយាមជាតិនិងអន្តរជាតិ។

          ៣- កម្ពុជាគាំទ្រគោលការណ៍មិនគាំទ្រនយោបាយឈ្លានពាន

          ប្រទេសកម្ពុជា ដែលជារៀងដរាបរហូតមក បានគាំទ្រនូវគោលការណ៍សន្តិសហវិជ្ជមាន គោរពផលប្រយោជន៍ផងគ្នា ពិសេសគោលការណ៍ប្រឆាំងនឹងការឈ្លានពានពីប្រទេសធំឬប្រទេសខ្លាំងទៅលើប្រទេសតូច ឬប្រទេសទន់ខ្សោយ ដែលជាគោលការណ៍ដឹកនាំដោយតាមលក្ខណៈធម្មជាតិ ជាជាងគោលការណ៍នៅក្នុងយុគសម័យទំនើបដែលរដ្ឋទាំងឡាយត្រូវគោរពនិងផ្ដល់តម្លៃគ្នាទៅវិញទៅមក។ បើតាមលោកបណ្ឌិត ការប្រើប្រាស់គោលការណ៍ប្រទេសធំឬខ្លាំងរំលោភបំពានទៅលើប្រទេសតូចឬខ្សោយ មិនអាចធានាបាននូវសន្តិភាព និងសន្តិសុខ ក៏ដូចជាភាពសុខដុមនៃពិភពលោកបាននោះឡើយ តែផ្ទុយមកវិញ ថែមទាំងបានបណ្ដុះនូវអស្ថិរភាព និងវប្បធម៌អន្តរាគមន៍ដោយយោធាចំពោះគ្រប់បញ្ហាក្នុងពិភពលោកទៅវិញទេ។

          ៤- គោលការណ៍មិនគាំទ្រនយោបាយពុះច្រៀកបំបែករដ្ឋ

          ស្របគ្នាទៅនឹងគោលការណ៍មិនឈ្លានជ្រៀតជ្រែកកិច្ចការងារនៃរដ្ឋដទៃដែលកម្ពុជា ក៏ដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ានដែរ ការប្រើប្រាស់នយោបាយពុះច្រៀកបំបែករដ្ឋដទៃ គឺជារឿងដែលមេដឹកនាំកម្ពុជាយល់ឃើញថា មិនគួរកើតមាននៅក្នុងសហវត្សរ៍ថ្មីនោះឡើយ ពោលគឺប្រទេសនីមួយៗ មានសិទ្ធិ និងអធិបតេយ្យភាពពេញលេញ នៅក្នុងការសម្រេចជោគវាសនាប្រទេសជាតិខ្លួន ជាជាងរងការបំបែកបំបាក់ ឬប្រើប្រាស់យុទ្ធសាស្ត្របំបែកទឹកដី ដើម្បីបម្រើផលប្រយោជន៍នយោបាយឬភូមិសាស្ត្រនយោបាយរបស់មហាអំណាចនីមួយៗ។

          ៥- កម្ពុជាធ្លាប់រងគ្រោះដោយសារតែការឈ្លានពាន

          កម្ពុជាដែលធ្លាប់រងគ្រោះដោយសារសង្គ្រាម ដែលមហាអំណាចបានរំលោភបំពាន និងឈ្លានពាន ដោយសារហេតុផលប្រកួតប្រជែងមនោគមវិជ្ជា និងបែងចែកភូមិសាស្ត្រនយោបាយគ្នាដើម្បីគ្រប់គ្រងនោះ ពិតជាស្អប់ខ្ពើម និងមិនចង់មើលឃើញរូបភាពនេះកើតឡើងជាថ្មីទៅលើប្រទេសណាមួយ ក្នុងតំបន់ និងក្នុងពិភពលោកនោះឡើយ ព្រោះប្រទេសនិងប្រជាជនកម្ពុជាផ្ទាល់ ធ្លាប់បានហែលឆ្លង រងទុក្ខវេទនាឆ្អែតឆ្អន់ហើយ និងមិនចង់ឱ្យប្រទេសឬប្រជាជននៃជាតិសាសន៍ណាមួយក្នុងពិភពលោកបានពើបប្រទះនឹងបទពិសោធន៍ដ៏ជូរចត់ដូចគ្នានេះឡើយ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«អង្គប្រជុំស្តីអំពី ការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រនៅរាជបណ្ឌិត្យសភាកម្ពុជា»

នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៩៖០០នាទីព្រឹក នៅសាលទន្លេសាប (អគារខេមរវិទូ)នៃរាជបណ្ឌិត្យសភាកម្ពុជា មជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃអគ្គលេខាធិការដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំអង្គប្រជុំម...

2023-01-13 10:50:41   ថ្ងៃសុក្រ, 13 មករា 2023 ម៉ោង 05:50 PM
រាជបណ្ឌិត្យសភាកម្ពុជា ទទួលលិខិតថ្លែងអំណរគុណពីឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងបំផុសចលនាយល់ដឹងពាក់ព័ន្ធនឹងប្រធានបទអាស៊ាន

នៅរសៀលថ្ងៃទី១២​ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា តំណាងឱ្យឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលយកលិខិតថ្លែងអំណរគុណរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករ...

2023-01-13 10:31:45   ថ្ងៃសុក្រ, 13 មករា 2023 ម៉ោង 05:31 PM
ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ បានដឹកនាំប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភា មកឈ្វេងយល់អំពីរាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ៥ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុម...

2023-01-11 07:01:42   ថ្ងៃពុធ, 11 មករា 2023 ម៉ោង 02:01 PM
រាជបណ្ឌិត្យសភាកម្ពុជា រៀបចំបាឋកថាស្តីពី៖ «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា៖ ពីអង្គរ ទៅអង្គការ (The History of Cambodia: From Angkor to Angkar)»

រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានា មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំបាឋកថាស្តីពី “ប្រវត្តិសាស្ត្រប្រទេសកម្ពុជា៖ ពីអង្គរ ទៅអង្គការ (The Histo...

2023-01-09 04:04:37   ថ្ងៃចន្ទ, 09 មករា 2023 ម៉ោង 11:04 AM
«ថ្ងៃ៧ មករា៖ សច្ចភាពប្រវត្តិសាស្ត្រនិងជាមេរៀនដែលត្រូវចងចាំ»

ថ្ងៃ៧ ខែមករា ឆ្នាំ២០២៣ ឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៤៤ឆ្នាំ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្នុងបរិបទដែលកម្ពុជាកំពុងធ្វើដំណើរលើគន្លងវិថីប្រជាធិបតេយ្យសេរីពហុបក្ស ពហុមតិទៅលើបញ្ហានានាក៏...

2023-01-06 10:20:11   ថ្ងៃសុក្រ, 06 មករា 2023 ម៉ោង 05:20 PM
៤៤ឆ្នាំនៃជ័យជំនះ ៧ មករា ១៩៧៩-២០២៣

អត្ថបទ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាក្នុងរយៈពេល ៤៤ឆ្នាំ ចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ...

2023-01-05 10:48:24   ថ្ងៃព្រហស្បតិ៍, 05 មករា 2023 ម៉ោង 05:48 PM

សេចក្តីប្រកាស