Royal Academy of Cambodia
លោកបណ្ឌិត យង់ ពៅ បានថ្លែងអះអាងថា ៤៦ឆ្នាំក្រោយជ័យជម្នះលើរបបកម្ពុជាប្រជាធិបតេយ្យ ព្រឹត្តិការណ៍ ៧មករា នៅតែមានតម្លៃជាសច្ចភាពប្រវត្តិសាស្ត្រមិនអាចប្រកែកបានសម្រាប់ប្រជាជាតិខ្មែរទាំងមូល។ ថ្ងៃទី៧ មករា គឺជាថ្ងៃដ៏សំខាន់ចារឹកនៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដែលកម្ពុជាបានរំដោះខ្លួនចេញពីរបបវាលពិឃាត កាលពីឆ្នាំ១៩៧៩។ គេពិតជាមិនអាចប្រកែកចំពោះសារៈសំខាន់នៃព្រឹត្តិការណ៍នេះបានទេ ព្រោះរបបប្រល័យមនុស្សជាតិនេះ ពិតជាបានកើតមាននៅក្នុងប្រទេសកម្ពុជាក្នុងសតវត្សរ៍ចុងក្រោយនាសម័យទំនើបពិតប្រាកដមែន និងដែលជាការចងចាំដ៏ខ្មៅងងឹតមួយសម្រាប់ប្រវត្តិសាស្ត្រមនុស្សជាតិ ដែលនៅលើពិភពលោកនិងក្នុងតំបន់នានា បើទោះបីជាមានសង្គ្រាមហែកហួរ ឬកើតកលយុគិយ៉ាងណាក្ដី ក៏មិនមានស្ថានភាពធ្ងន់ធ្ងរខ្លាំងដូចសង្គមខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះឡើយ។ មេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថាខ្មែរក្រហម បានកាប់សម្លាប់ជាតិសាសន៍ឯងយ៉ាងរង្គាល បង្អត់អាហារ និងបង្ខំមនុស្សឱ្យធ្វើការបាក់កម្លាំង រហូតដល់ត្រូវបានគេអះអាងថា អ្នករស់នៅក្នុងរបបនេះ ប្រៀបបានរស់នៅក្នុងគុកឥតជញ្ជាំងដូច្នោះដែរ។ ហេតុនេះហើយ ទើបឥស្សរជននយោបាយខ្មែរមួយចំនួន បានប្រកាសបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ឬហៅថារណសិរ្ស២ធ្នូ ដើម្បីរំដោះប្រទេសជាតិនិងប្រជាជនចេញពីការគ្រប់គ្រងដ៏ឃោរឃៅយង់ឃ្នង់របស់ក្រុមមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)។ រណសិរ្ស២ធ្នូ បានប្រមែប្រមូលកម្លាំងអ្នកតស៊ូ អ្នកស្នេហាជាតិ ព្រមទាំងបានពឹងពាក់លើជំនួយយោធាពីកងទ័ពវៀតណាមផងដែរ ដើម្បីឈានទៅផ្ដួលរំលំរបបខ្មែរក្រហម ដោយបានវាយចូលទីក្រុងភ្នំពេញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ជ័យជម្នះ ៧ មករា ១៩៧៩ ត្រូវបានកំណត់ថាជាការផ្ដួលរំលំនូវរបបកម្ពុជាប្រជាធិបតេយ្យ តាមរយៈការដណ្ដើមកាន់កាប់បានទីក្រុងភ្នំពេញ ដែលជារដ្ឋធានី និងជាទីតាំងបញ្ជាការរបស់ក្រុមមេដឹកនាំខ្មែរក្រហម។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាសច្ចភាពមួយដែលគេមិនអាចប្រកែកបាន ហើយការមិនទទួលស្គាល់សច្ចភាពនៃប្រវត្តិសាស្ត្រនេះទេ មានន័យថាយើងបានប្រមាថជនជាតិខ្មែរដែលបានស្លាប់ទៅរាប់លាននាក់ និងក៏ជាការប្រមាថអាយុជីវិតអ្នកដែលបានរស់រានមានជីវិត ក៏ដូចជាប្រមាថទៅដល់អ្នកជួយសង្គ្រោះជីវិតរបស់ប្រជាជនខ្មែរផងដែរ។ ហេតុនេះហើយ ប្រជាជនកម្ពុជា ត្រូវតែចាត់ទុកថ្ងៃ៧មករា គឺជាថ្ងៃដែលត្រូវតែចងចាំ ជាសច្ចភាពនៅក្នុងប្រវត្តិសាស្ត្រ ដែលមិនអាចបំភ្លេចបាន និងជាមេរៀនសម្រាប់ជាតិខ្មែរ ត្រូវធ្វើយ៉ាងណាបញ្ចៀសកុំឱ្យព្រឹត្តិការណ៍នេះកើតមានឡើងជាថ្មីម្ដងទៀតនៅក្នុងសង្គមកម្ពុជា។ បន្ថែមពីនេះ នេះក៏ជាមេរៀនឆ្លុះបញ្ចាំងអំពីការដឹកនាំប្រទេសជាតិ ដែលការដឹកនាំនយោបាយដែលខុសឆ្គង នឹងនាំទៅដល់ការសម្រេចចិត្តខុស នាំទៅដល់បដិវត្តន៍ដ៏មហន្តរាយ ដែលមិនត្រឹមតែនាំទៅដល់ការបែកបាក់ជាតិ និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធឱ្យខ្ទេចខ្ទាំប៉ុណ្ណោះទេ តែថែមទាំងនាំទៅដល់ការកាប់សម្លាប់យ៉ាងរង្គាលលើជាតិសាសន៍ឯងផងដែរ។ ជាមួយគ្នានេះ ជីវិតប្រជាជានខ្មែរនាពេលនោះ ស្ទើរតែបាត់បង់ទាំងស្រុង ហើយប្រសិនបើមិនមានការរំដោះ និងសង្គ្រោះទាន់ពេលវេលានោះទេ ខ្មែរអាចបាត់ពីផែនទីពិភពលោកតែម្ដង ដោយអាចត្រូវបានប្រទេសដទៃក្បែរខាង មកទន្ទ្រានកាន់កាប់ទឹកដីខ្មែរតែម្ដង ដោយសារតែជនជាតិខ្មែរបានថយចុះចំនួនយ៉ាងគំហុកដោយសារតែការសម្លាប់រង្គាល។
លោកបណ្ឌិត យង់ ពៅ ក៏បានអះអាងផងដែរថា លោកបណ្ឌិតផ្ទាល់គឺជាសាក្សីរស់មួយរូបនៅរួចរស់រានមានជីវិតពីក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយលោកបណ្ឌិតពិតជាបានឆ្លងកាត់ដោយផ្ទាល់ ហើយដែលប្រជាជនខ្មែរគ្រប់រូបតែដឹងនិងចងចាំ ព្រមទាំងបញ្ចៀសឱ្យបាននូវលទ្ធភាពទាំងឡាយណា ដែលនាំទំព័រប្រវត្តិសាស្ត្រដ៏អន្ធកាលនេះត្រឡប់មកវិញដោយសារតែបដិវត្តន៍។
លោកបណ្ឌិត យង់ ពៅ គូសបញ្ជាក់ផងដែរ អំពីការលើកឡើងរបស់អ្នកនយោបាយជំទាស់ខ្លះ ដែលតែងតែអះអាងមិនទទួលស្គាល់ គុណតម្លៃនៃថ្ងៃជ័យជម្នះ ៧មករា និងតែងតែបានរិះគន់ថា ថ្ងៃនោះគឺជាពេលវេលាដែលវៀតណាមបានឈ្លានពានប្រទេសកម្ពុជាជាដើម។ សម្រាប់លោកបណ្ឌិត នេះគឺជាសច្ចភាពប្រវត្តិសាស្ត្រដែលមិនអាចប្រកែកបាន ហើយប្រទេសកម្ពុជាក្រោមការដឹកនាំរបស់មេខ្មែរក្រហមនាពេលនោះ ពលរដ្ឋខ្មែរបានរងគ្រោះយ៉ាងធ្ងន់ធ្ងរ និងដង្ហើយហៅរកការជួយសង្គ្រោះដើម្បីរួចផុតពីនរកលើផែនដីនៃរបបដ៏យង់ឃ្នង។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៧ មេសា ១៩៧៥ ដែលជាថ្ងៃយកជ័យជម្នះទាំងស្រុងលើរបប លន់ នល់ ដែលពួកគេចោទថាជារបបអាយ៉ងចក្រព័ត្តិនិយមអាម៉េរិក ព្រមទាំងអះអាងថា គ្មានសម័យកាលណាក្នុងប្រវត្តិសាស្ត្រខ្មែរដែលរុងរឿង និងឯករាជ្យជាងរបបខ្លួននោះឡើយ។ ផ្ទុយស្រឡះពីការលើកឡើងនេះ ខ្មែរក្រហមបានជម្លៀសប្រជាជានចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជននានា ឱ្យទៅធ្វើការបាក់កម្លាំងរហូតដល់មានជំងឺ ស្លាប់ និងរងទុក្ខវេទនាយ៉ាងដំណំ ព្រមទាំងបានធ្វើវិសុទ្ធកម្មផ្ទៃក្នុង សម្លាប់បញ្ញវន្ត សម្លាប់អ្នករដ្ឋការសម័យមុនស្ទើរតែទាំងអស់។ ជាលទ្ធផល អ្នកនៅរស់រានមានជីវិតភាគច្រើន សុទ្ធសឹងតែជាអ្នកទន់ខ្សោយទាំងកម្លាំងពលកម្ម និងបញ្ញាស្មារតី ដែលការណ៍នេះ ត្រូវបានលោកបណ្ឌិតអះអាង ថាជាការដឹកនាំតាមបែបសង្គមទាសភាពអាណាធិបតេយ្យ សម្លាប់គ្មានរើសមុខទាល់តែសោះ។
បន្ទាប់ពីប្រឈមនឹងការរងគ្រោះពីការសម្លាប់និងវិសុទ្ធកម្មរបស់ខ្មែរក្រហម បើទោះបីជាឥស្សរជនខ្មែរមួយចំនួន បានកៀងគរកម្លាំងនិងការគាំទ្របង្កើតជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក៏កម្លាំងដែលចូលរួមជាមួយមិនមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការវាយរំលំរបបប្រល័យមនុស្សជាតិនេះបានឡើយ។ ហេតុនេះហើយ ត្រូវការពឹងពាក់កម្លាំងពីក្រៅប្រទេស ពោលគឺកម្លាំងតស៊ូរបស់កម្ពុជាបានសម្រេចចិត្តពឹងពាក់កងទ័ពវៀតណាម ព្រោះនៅពេលនោះ គ្មានកម្លាំងណាផ្សេង ដែលអាចមកជួយសង្គ្រោះប្រជាជនកម្ពុជាបានឡើយ រាប់ចាប់តាំងពីសហរដ្ឋអាម៉េរិក អង់គ្លេស អូស្ត្រាលី ឬក៏សហភាពសូវៀតក្ដី គឺមិនអាចអន្តរាគមន៍ទាន់ពេលវេលានោះទេ។ ដូច្នេះបើចង់ពឹងពាក់កម្លាំងពីក្រៅដែលនៅឆ្ងាយទាំងអស់នេះ គេត្រូវរង់ចាំផ្ទៀងផ្ទាត់ទិដ្ឋភាពនយោបាយ និងទិដ្ឋភាពផ្សេងៗទៀតជាច្រើន ហើយទម្រាំតែរង់ចាំដល់មានការអន្តរាគមន៍ពីប្រភពទាំងនោះ ប្រជាជនខ្មែរក៏ប្រហែលជាអាចនឹងត្រូវស្លាប់បាត់បង់ជីវិតអស់ហើយក៏ថាបាន។ នៅចំពោះមុខភាពបន្ទាន់និងចាំបាច់បំផុតនេះ មេដឹកនាំនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវតែពឹងពាក់វៀតណាមដែលនៅជិតខាង និងងាយចល័តកម្លាំងទ័ព ដើម្បីឱ្យជួយចូលរួមផ្ដួលរំលំរបបប្រល័យមនុស្សជាតិ ខ្មែរក្រហម ដោយមេដឹកនាំនៃរណសិរ្សនេះ ពិសេសសមមិត្ត ហ៊ុន សែន បានប្រថុយជីវិត និងបូជាសាច់ស្រស់ឈាមស្រស់របស់ខ្លួន ទៅពឹងពាក់ភាគីវៀតណាមឱ្យជួយអន្តរាគមន៍។ តាមរយៈការពឹងពាក់ស្នើសុំអន្តរាគមន៍យោធាពីសំណាក់ឥស្សរជនខ្មែរ កងទ័ពវៀតណាមពិតជាបានចូលមកជួយសង្គ្រោះអាយុជីវិតខ្មែរ ចេញពីកណ្ដាប់ដៃរបបវាលពិឃាតខ្មែរក្រហមពិតប្រាកដមែន ក៏ប៉ុន្តែនៅក្នុងដំណើរចាប់ផ្ដើមចរចា ដែលឈានទៅការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីបញ្ហាជម្លោះនៅកម្ពុជា ពិតជាមានកិច្ចព្រមព្រៀងដែលវៀតណាមត្រូវដកកងទ័ពចេញពីប្រទេសកម្ពុជាវិញ ដោយវៀតណាមពុំបានតាំងមូលដ្ឋាននៅកម្ពុជា ហើយគ្រប់គ្រងប្រទេសកម្ពុជាជាអចិន្ត្រៃយ៍នោះទេ។ ជាការពិតណាស់ នៅពេលដែលវៀតណាមចូលមកកម្ពុជានាដំណាក់កាលដំបូងៗ ពិតជាមានជំនាញការ ក្រុមអ្នកបច្ចេកទេស និងអ្នកដឹកនាំជាជនជាតិវៀតណាមជាហូរហែរនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែដោយសារតែពេលនោះ កម្ពុជាបានបាត់បង់កម្លាំង និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបាត់បង់អស់ផងដែរនូវរដ្ឋបាលដឹកនាំក្នុងប្រទេស ដែលវៀតណាមមានភាពចាំបាច់ត្រូវជួយទាំងការទំនុកបម្រុងលើការការពារស្ថិរភាពសង្គម និងការជួយបំពាក់បំប៉នលើការរៀបចំរដ្ឋបាលដឹកនាំមួយចំនួននៅកម្ពុជា ដើម្បីមេដឹកនាំកម្ពុជាមានលទ្ធភាពរៀបចំរចនាសម្ព័ន្ធដឹកនាំ និងរដ្ឋបាលដែនដីនៃប្រទេសកម្ពុជាឡើងវិញ ខណៈអ្នកចេះដឹងទាំងឡាយរបស់ខ្មែរ ត្រូវបានខ្មែរក្រហមសម្លាប់ស្ទើរតែទាំងអស់។ ដូច្នេះហើយ លោកបណ្ឌិត យង់ ពៅ បានទាញចំណាប់អារម្មណ៍ឱ្យមានការគិតគូរនិងពិចារណាអំពីចំណុចទាំងនេះ និងត្រូវទទួលស្គាល់នូវសច្ចភាពប្រវត្តិសាស្ត្រថា យើងពិតជាត្រូវការពឹងពាក់វៀតណាមឱ្យមកជួយអន្តរាគមន៍ និងជួយដល់ការរៀបចំរចនាសម្ព័ន្ធដឹកនាំ និងការឯកភាពរដ្ឋបាលដែនដីនៃប្រទេសកម្ពុជានាពេលនោះ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ក្រោយការប្រកាសលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤ បានបង្ហាញថា ចំនួនសិស្សថ្នាក់ទី១២ ដែលបានប្រឡងជាប់ជាស្ថាពរមានកំណើនឡើងជាងឆ្នាំមុនៗ ដែលមានរហូតដល់...
ពាក់ព័ន្ធនឹងបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមបកស្រាយពន្យល់គ្រប់ទិដ្ឋភាពទាំងអស់ និងចុងក្រោយនេះរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដកប្រទេសកម្ពុជា...
ដោយ៖ លឹម សុវណ្ណរិទ្ធ នៅក្រោយការបោះឆ្នោតជាសកល ខែឧសភា ឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញដែលត្រូវបានតាក់តែងដោយសភាធម្មនុញ្ញ ដែលសមាជិកសុទ្ធសឹងជាតំណាងរាស្ត្រទើបជាប់ឆ្នោត បានកំណត់ឱ្យប្រទេសកម្ពុជាប្រកាន់យកនូវរបបរាជានិ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើក សិក្ខាសាលាស្ដីពី វត្ថុសិល្បៈខ្មែរ ភាពអស្ចារ្យ និងហានិភ័យ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត យង់ ពៅ បានប្រសា...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១១ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយបណ្ឌិត...
មិនខុសពីឆ្នាំមុនៗទេ នៅឆ្នាំ២០២៤នេះ អតីតអ្នកនយោបាយប្រឆាំងនៅតែបន្តឆ្កឹះឆ្កៀល បញ្ហាអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីទទួលបានការគាំទ្រ និងជំរុញឱ្យមានការរិះគន់លើរាជរដ្ឋាភិបាល ក្នុងគោលបំណងបំផ...