(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ១៣ រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយនឹងប្រតិភូបណ្ឌិត្យសភាពូតុង ក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយកញ្ញា SONG Jin, សមាជិកគណៈកម្មាធិការប្រតិបត្តិ ដើម្បីពិភាក្សាការងារ ព្រមទាំងពិនិត្យលទ្ធភាបនៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងបណ្ឌិត្យសភាពូតុង ក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន និងរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងឱកាសទទួលជួបនិងពិភាក្សាការងារនាព្រឹកនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះជំនួបពិភាក្សាជាមួយនឹងប្រតិភូបណ្ឌិត្យសភាពូតុង ក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន និងបានជម្រាបជូនប្រតិភូបណ្ឌិត្យសភាពូតុង អំពីប្រវត្តិនៃការបបង្កើតរាជបណ្ឌិត្យសភាកម្ពុជាដំបូង និងការបង្កើតឡើងវិញនៅឆ្នាំ១៩៩៩ រចនាសម្ព័ន្ធ បេសកកម្ម និងសមិទ្ធផលសំខាន់ៗមួយចំនួនដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាននៅក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច។ ឯកឧត្ដមបណ្ឌិត ក៏បានគូសបញ្ជាក់អំពី ការបំពេញការងារប្រកបដោយភាពជិតស្និទ្ធរវាងរាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមចំណែកនៅក្នុងការជំរុញទំនាក់ទំនងកម្ពុជា-ចិនផងដែរ។
ជាការឆ្លើយតប កញ្ញា SONG Jin សមាជិកគណៈកម្មាធិការប្រតិបត្តិ និងជាប្រធានប្រតិភូបណ្ឌិត្យសភាពូតុង ក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងអំណរគុណឯកឧត្ដមបណ្ឌិតចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅនៅក្នុងជំនួបពិភាក្សានាឱកាសនេះ និងបានជម្រាបជូនឯកឧត្ដមបណ្ឌិតអំពីរចនាសម្ព័ន្ធ តួនាទី និងសមិទ្ធផលសំខាន់ៗដែលបណ្ឌិត្យសភាពូតុងសម្រេចបាននាពេលកន្លងមកនេះ។
បន្ទាប់ពីបានជជែកពិភាក្សា និងដោះដូរទស្សនៈយល់ឃើញទៅវិញទៅមក អំពីទំនាក់ទំនងកម្ពុជា-ចិន ភាគីទាំងពីរ រាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភាពូតុង ក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន បានឯកភាពគ្នាពិនិត្យលទ្ធភាពនៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើ៖
១. ការសិក្សាស្រាវជ្រាវរួមគ្នា
២. ការផ្លាស់ប្ដូរនិស្សិត និងគ្រូបង្រៀនទៅវិញទៅមក
៣. ការពិនិត្យចាត់តាំងអ្នកជំនាញឱ្យចូលរួមនៅក្នុងកម្មវិធី ឬវេទិកាកម្រិតខ្ពស់របស់ភាគីទាំងសងខាង
៤. ការពិនិត្យលទ្ធភាពដើម្បីឈានទៅរៀបចំសិក្ខាសាលារួមគ្នា នាពេលអនាគត៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ