Royal Academy of Cambodia
ជានិច្ចកាល ក្នុងជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជា ទាំងនៅកម្ពុជានិងនៅប្រទេសវៀតណាម មេដឹកនាំវៀតណាមគ្រប់លំដាប់ថ្នាក់ តែងតែបានសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យបន្តការយកចិត្តទុកដាក់ ក៏ដូចជាបង្កភាពងាយស្រួលដល់ជនជាតិវៀតណាម ដែលកំពុងរស់នៅនិងបំពេញការងារនៅក្នុងប្រទេសកម្ពុជា បើទោះបីជាអ្នកទាំងនោះបានចូលមករស់នៅក្នុងប្រទេសកម្ពុជាតាំងពីក្នុងសម័យប្រវត្តិសាស្ត្រ ឬនៅក្រោយប្រវត្តិសាស្ត្រក៏ដោយក្ដី។ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ដាំផ្ញើមេដឹកនាំវៀតណាម ដោយបានគូសបញ្ជាក់សារនយោបាយច្បាស់ៗ ស្នើឱ្យមេដឹកនាំវៀតណាមបន្តបង្កលក្ខណៈងាយស្រួលដល់បងប្អូនខ្មែរកម្ពុជាក្រោមអាចថែរក្សាប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួន ដែលនេះគឺជាការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការគោរពប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌របស់បងប្អូនខ្មែរកម្ពុជាក្រោម ពីលើការរៀបចំអង្គកឋិនទានជាលើកទីមួយរបស់ថ្នាក់ដឹកនាំកម្ពុជាទៅកាន់វត្តស្ថិតនៅក្នុងដែនដីកម្ពុជាក្រោមនាពេលកន្លងទៅនេះ។
ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងទៅកាន់ថ្នាក់ដឹកនាំវៀតណាមដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺជាសារនយោបាយដែលផ្ដល់នូវភាពកក់ក្ដៅចំពោះបងប្អូនខ្មែរកម្ពុជាក្រោម ដែលបច្ចុប្បន្នកំពុងរស់នៅភាគខាងត្បូងប្រទេសវៀតណាមថា មេដឹកនាំខ្មែរពិតជាមានសមានចិត្ត និងនឹករឭក ក៏ដូចជាមានទឹកចិត្តស្រលាញ់បងប្អូនជាជាតិសាសន៍ខ្មែរទាំងអស់នៅគ្រប់ទិសទីនៅលើពិភពលោក។ ការយកចិត្តទុកដាក់ចំពោះពលរដ្ឋរបស់ខ្លួននៅឯបរទេស គឺជាកាតព្វកិច្ចរបស់មេដឹកនាំនិងរដ្ឋាភិបាលនៃប្រទេសនីមួយៗ ហើយការជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូល្អជាមួយបណ្ដាប្រទេស ដែលពលរដ្ឋឬជាតិសាសន៍ខ្លួនរស់នៅ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងគាំពារនិងគាំទ្រពលរដ្ឋទាំងនោះ។
បន្ថែមពីនេះ ប្រសាសន៍ផ្ដាំផ្ញើរបស់សម្ដេចតេជោទៅកាន់មេដឹកនាំវៀតណាមនាពេលនេះ ក៏បានបង្ហាញផងដែរអំពី ស្មារតីស្រលាញ់ជាតិសាសន៍ខ្មែរដូចគ្នា បេះដូងដែលពោរពេញទៅដោយការគិតគូរអំពីសុខទុក្ខ និងការរស់នៅរបស់ជនជាតិខ្មែរគ្រប់រូប នៅតែបន្តមាននៅក្នុងសន្ដានចិត្តរបស់មេដឹកនាំខ្មែរនាសម័យទំនើប។ ហេតុនេះ គួរតែដល់ពេលហើយដែលខ្មែរត្រូវរួបរួមគ្នាជាធ្លុងតែមួយ មានស្មារតីនិងមនសិកាស្នេហាជាតិយ៉ាងពិតប្រាកដ ហ៊ានបូជានិងលះបង់ផលប្រយោជន៍សួនតួរបស់ខ្លួននិងក្រុមខ្លួន ដើម្បីឧត្ដមប្រយោជន៍ប្រជាជាតិខ្មែរ ជាជាងការបំផុសបំផុល ញុះញង់ និងបំភ្លៃរឿងហេតុឬបង្កើតព្រឹត្តិការណ៍ណាមួយ ដែលនាំទៅដល់ការបែកបាក់ជាតិ ឬបង្កទៅជាអសន្តិសុខនិងភាពគ្មានសណ្ដាប់ធ្នាប់ ដែលរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ។ ជាការពិតណាស់ គ្មាននរណាដែលស្រលាញ់ខ្មែរជាងប្រជាជននិងមេដឹកនាំ ដែលមានដើមកំណើតជាជនជាតិខ្មែរនោះទេ ហើយត្រង់ចំណុចនេះក៏បានគូសបញ្ជាក់ឱ្យយើងនឹកឃើញដល់សុភាសិតខ្មែរមួយឃ្លា ដែលបានលើកឡើងផងដែរថា «ឈ្លោះគ្នាក្នុងគ្រួសារ ដូចស្រាតកាយាបង្ហាញញាតិ ឈ្លោះគ្នាក្នុងសង្គមជាតិ ដូចលាតកំណប់បង្ហាញចោរ»។
គួរបញ្ជាក់ផងដែរថា ខុសប្លែកពីជនជាតិវៀតណាម ដែលមួយចំនួនធំគឺជាជនអន្តោប្រវេសន៍ ឬជាទេសន្តោប្រវេសន៍ទាំងស្របច្បាប់និងខុសច្បាប់ ដែលទើបធ្វើចំណាកស្រុកពីប្រទេសវៀតណាមមកកាន់ប្រទេសកម្ពុជា ជនជាតិខ្មែរនៅដែនដីកម្ពុជាក្រោម គឺជាជនជាតិដើមម្ចាស់ស្រុក ដែលបានរស់នៅនិងតាំងទីលំនៅតាំងពីយូរលង់ណាស់មកហើយនៅក្នុងប្រវត្តិសាស្ត្រ ហើយបងប្អូនខ្មែរកម្ពុជាក្រោម ដែលសព្វថ្ងៃកំពុងរស់នៅតំបន់ភាគខាងត្បូងប្រទេសវៀតណាម គឺជាលទ្ធផលនៃការពុះជ្រៀកទឹកដីខ្មែរដោយបារាំងដែលជាអតីតប្រទេសដាក់អាណានិគមមកលើតំបន់ឥណ្ឌូចិន-បារាំង។ មានន័យថា ពលរដ្ឋកម្ពុជាក្រោមដើមកំណើតខ្មែរ ជាជនជាតិដែលបានបន្តរស់នៅលើទីតាំងនិងដែនដីដើមរបស់ខ្លួនដដែល គ្រាន់តែមានការផ្លាស់ប្ដូរការគ្រប់គ្រងដែលបារាំងបានកាត់ដែនដីនេះ ឱ្យស្ថិតទៅក្រោមការគ្រប់គ្រងរបស់វៀតណាម ក្រោយពីមហាអំណាចអាណានិគមនេះចាកចេញពីឥណ្ដូចិន-បារាំង ហើយផ្ដល់ឯករាជ្យភាពដល់ប្រទេសទាំងបីគឺ កម្ពុជា ឡាវ និងវៀតណាម។ ហេតុនេះ បងប្អូនខ្មែរកម្ពុជាក្រោម គឺជាជនម្ចាស់ស្រុកដែលបានបន្តរស់នៅលើទឹកដីរបស់ខ្លួន គប្បីត្រូវបានគោរពនិងផ្ដល់សិទ្ធិសេរីភាពខាងជំនឿ សាសនា ប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ ដូចដែលមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងសេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្សជាដើម។ ត្រង់ចំណុចនេះ ថ្នាក់ដឹកនាំ និងអាជ្ញាធរវៀតណាម គប្បីគួរតែផ្ដល់សិទ្ធិសេរីភាព និងបង្កលក្ខណៈងាយស្រួលដល់បងប្អូនខ្មែរកម្ពុជាក្រោម អាចមានលទ្ធភាពអនុវត្តនូវប្រពៃណី ទំនៀមទម្លាប់ និងជំនឿសាសនា ដែលខ្មែរកម្ពុជាក្រោម បានប្រកាន់ខ្ជាប់តាំងពីដើមតរៀងមកដល់បច្ចុប្បន្ន៕
RAC Media | លឹម សុវណ្ណរិទ្ធ
ពាក់ព័ន្ធនឹងបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមបកស្រាយពន្យល់គ្រប់ទិដ្ឋភាពទាំងអស់ និងចុងក្រោយនេះរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដកប្រទេសកម្ពុជា...
ដោយ៖ លឹម សុវណ្ណរិទ្ធ នៅក្រោយការបោះឆ្នោតជាសកល ខែឧសភា ឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញដែលត្រូវបានតាក់តែងដោយសភាធម្មនុញ្ញ ដែលសមាជិកសុទ្ធសឹងជាតំណាងរាស្ត្រទើបជាប់ឆ្នោត បានកំណត់ឱ្យប្រទេសកម្ពុជាប្រកាន់យកនូវរបបរាជានិ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើក សិក្ខាសាលាស្ដីពី វត្ថុសិល្បៈខ្មែរ ភាពអស្ចារ្យ និងហានិភ័យ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត យង់ ពៅ បានប្រសា...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១១ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយបណ្ឌិត...
មិនខុសពីឆ្នាំមុនៗទេ នៅឆ្នាំ២០២៤នេះ អតីតអ្នកនយោបាយប្រឆាំងនៅតែបន្តឆ្កឹះឆ្កៀល បញ្ហាអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីទទួលបានការគាំទ្រ និងជំរុញឱ្យមានការរិះគន់លើរាជរដ្ឋាភិបាល ក្នុងគោលបំណងបំផ...