ព័ត៌មាន

ហេតុអ្វីបានជាអ្នកនយោបាយនៅតែបន្តខ្វែងគំនិតគ្នាពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស?

2024-10-23 08:53:11 ថ្ងៃពុធ, 23 តុលា 2024 ម៉ោង 03:53 PM
អ្នកមើល 2468
post_detail1

ដោយ៖ លឹម សុវណ្ណរិទ្ធ

          ៣៣ឆ្នាំក្រោយពីការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អ្នក​នយោបាយខ្មែរនៅតែបន្តខ្វែងគំនិតគ្នា ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីស។ ជារៀងរាល់ឆ្នាំនៅជិតថ្ងៃគម្រប់ខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អ្នក​នយោបាយប្រឆាំង និងក្រុមអ្នករិះគន់រដ្ឋាភិបាល តែងលើកឡើងនិងបន្តចោទប្រកាន់ថា រាជ​​រដ្ឋាភិបាល​កម្ពុជាថា នៅពុំ​ទាន់អនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឱ្យបានពេញ​លេញ​​​ទេ ដោយពួកគេបានអះអាងថា បញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ អធិបតេយ្យ និង​​ការ​គោរពបូរណភាពទឹកដីពីសំណាក់ប្រទេសជិតខាងរបស់កម្ពុជា នៅពុំ​ទាន់ត្រូវបាន​រាជ​​រដ្ឋាភិបាល​​កម្ពុជាធានាឱ្យបានល្អប្រសើរនៅឡើយនោះទេ។ បន្ថែមពីលើនេះ នៅពេល​ខ្លះ ពួកគេថែមទាំងបានអំពាវនាវឱ្យប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ ដាក់សម្ពាធ និង​ជំរុញឱ្យរាជរដ្ឋាភិបាលគោរពឱ្យបានខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀង ដែលចុះហត្ថលេខា​ដោយ​ប្រទេសទាំង១៨នេះថែមទៀតផង។

          សម្រាប់រាជរដ្ឋាភិបាល​កម្ពុជា តែងតែបានអះអាងថា ស្មារតីនិងខ្លឹមសារនៃកិច្ចព្រម​ព្រៀង​សន្តិភាពទីក្រុង​ប៉ារីស ត្រូវបានសភាធម្មនុញ្ញដែលកើតចេញពីការបោះឆ្នោត​នីតិ​កាល​ទី១ ឆ្នាំ១៩៩៣ ដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារួច​រាល់​ទៅ​ហើយ។ ជាមួយគ្នានេះ ជានិច្ចកាល រាជរដ្ឋាភិបាលកម្ពុជាតែងតែបានគូសបញ្ជាក់ និង​ការ​ពារ​​ជំហរ​ថា រាជរដ្ឋាភិបាលបានគោរព​និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋ​ធម្មនុញ្ញ​ដែល​​ជាច្បាប់​កំពូល​របស់​ប្រទេសកម្ពុជា។ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានចោទប្រកាន់ទៅកាន់​អ្នកនយោបាយអតីតនិងក្រុមអ្នករិះគន់វិញដែរថា ការលើកឡើងរិះគន់ប្រឆាំងនឹងរាជ​រដ្ឋាភិបាលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាការលើកឡើងដែលមាន​របៀបវារៈនយោបាយទុច្ចរឹត និងមានបំណងបំផ្លាញសន្តិភាពរបស់កម្ពុជាថែមទៀតផង។

          គួររំឭកផងដែរថា នៅក្នុងកញ្ចប់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានឯក​សារ​​សំខាន់ៗចំនួន៤គឺ “កិច្ចព្រមព្រៀងស្ដីពី ដំណោះស្រាយរួមមួយនៃជំលោះកម្ពុជា”, “កិច្ច​ព្រម​​ព្រៀង​ទាក់ទងនឹងអធិបតេយ្យភាព ឯករាជ បូរណភាព និងភាពមិនអាចរំលោភ​បាន​នៃ​ដែន​ដី អព្យាក្រឹត្យភាព ឯកភាពជាតិកម្ពុជា”, “សេចក្ដីថ្លែងការណ៍​ ស្ដីពីការស្ដារ និង ការ​កសាង​ប្រទេស​កម្ពុជាឡើងវិញ” និង “កិច្ចព្រមព្រៀងចុងក្រោយនៃសន្និសីទប៉ារីស”។ ខ្លឹម​សារ​​ដែល​មានចែងនៅក្នុងឯកសារទាំង៤នេះហើយ ដែលបានតម្រូវឱ្យប្រទេសជាហត្ថលេខី​នា​ពេលនោះ ត្រូវ​ចូល​រួម​ធានាឱ្យមានការគោរពសិទ្ធិមនុស្ស ការបង្រួបបង្រួមនិង​ឯកភាព​ជាតិ ធានា​អធិប​តេយ្យ និង​​​ការ​គោរពបូរណភាពទឹកដី​ពីសំណាក់​ប្រទេសជិត​ខាង​របស់​កម្ពុជា ព្រមទាំង​ជំរុញ​​ឱ្យ​មាន​ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានាពេលនោះ តាម​រយៈការបោះឆ្នោត​ឆ្នាំ​១៩៩៣ជាដើម។

          នៅក្នុងកិច្ច​ព្រម​ព្រៀង ស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជា ភាគ​ទី​១ ដំណាក់​កាល​រៀបចំអន្តរកាល ផ្នែកទី២ អាជ្ញាធរបណ្ដោះអាសន្ននៃ អ.ស.ប. នៅកម្ពុជា មាត្រា​ទី២ បាន​ចែង​អំពីការស្នើការ​បង្កើត អាជ្ញាធរបណ្ដោះអាសន្ននៃ អ.ស.ប. មួយនៅ​កម្ពុជា ហៅកាត់​ថា អ៊ុនតាក់ (UNTAC) ដែល​មានទាំងផ្នែកយោធា និងផ្នែកស៊ីវិល ដោយ​ស្ថិត​ក្រោម​ការ​ទទួលខុសត្រូវ​ផ្ទាល់របស់​អគ្គលេខា​ធិការនៃអង្គការសហប្រជាជាតិ (អ.ស.ប.) និងស្នើដល់ក្រុមប្រឹក្សា​សន្តិ​សុខ​​នៃ អ.ស.ប. ឱ្យប្រគល់ដល់​អ៊ុនតាក់ (UNTAC) នូវ​តួនាទី​ភារកិច្ច​ដូចមាន​ចែងក្នុង​កិច្ច​ព្រម​ព្រៀង​នេះ។ ការបោះឆ្នោតជ្រើសតាំងតំណាង​រាស្ត្រនីតិ​កាល​ទី១​ ត្រូវបាន​រៀបចំនៅ​ថ្ងៃទី២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣ ដោយមានការចូលរួមពី​គណបក្សនយោ​បាយចំនួន​២០​គណបក្ស ហើយជាលទ្ធផល គណបក្សចំនួន៤ បានទទួល​អសនៈ ក្នុងនោះ​គណបក្ស​ដែល​ទទួលបានអសនៈនាំមុខគេគឺ គណបក្សហ្វ៊ុនស៊ិនប៉ិច និង​គណបក្សប្រជាជន​កម្ពុជា។ ក្រោយបញ្ចប់ការបោះឆ្នោតឆ្នាំ​១៩៩៣ អ៊ុនតាក់ (UNTAC) ដែលជាអាជ្ញាធរបណ្ដោះ​អាសន្ន​នៃ អ.ស.ប. នៅកម្ពុជា បាន​ចាកចេញជាមួយនឹង​ជោគ​ជ័យ​ជាប្រវត្តិសាស្ត្រ​នៃ​អង្គការ​សហ​ប្រជាជាតិ នៅក្នុងការដោះ​ស្រាយជម្លោះ និង​សម្រេចបាន​ចប់​​សព្វគ្រប់នូវ​រៀបចំការ​បោះឆ្នោតមួយនៅកម្ពុជាដែលជាសមាជិកអង្គការនេះ។

          នៅក្នុងទិដ្ឋភាពជាក់ស្ដែង កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាមូលដ្ឋានសំខាន់​មួយ​ក្នុង​ដំណើរការស្វែងរកសន្តិភាព ការគោរពសិទ្ធិមនុស្ស ការចាប់ផ្ដើមអនុវត្តនូវ​លទ្ធិ​ប្រជាធិប​​តេយ្យ និងការបង្រួបបង្រួមជាតិ ហើយខ្លឹមសារ​នៃកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា​ឆ្នាំ​១៩៩៣យ៉ាងពិតប្រាកដ។ ទោះ​ជា​យ៉ាង​ណា ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស និងការរៀបចំការ​បោះ​ឆ្នោត​ឆ្នាំ១៩៩៣ ប្រទេសកម្ពុជាក៏នៅតែពុំទាន់ទទួល​បាន​សុខ​សន្តិភាពពេញលេញ​នៅ​ឡើយទេ ដោយសារតែក្រុមកម្ពុជាប្រជាធិបតេយ្យ (ខ្មែរ​ក្រហម) ដែលជាភាគី១ក្នុង​ចំណោម​ភាគីខ្មែរ​ទាំង៤​ដែលបាន​ចុះហត្ថលេខាលើកិច្ចព្រម​ព្រៀង​នេះដែរ ពុំបានឈរ​ឈ្មោះនៅ​ក្នុង​ការ​បោះ​ឆ្នោត​នោះឡើយ ព្រោះពួកគេគ្មានសង្ឃឹមនឹង​ទទួល​បានការបោះឆ្នោតគាំទ្រ​ពី​ប្រជា​ពល​រដ្ឋឡើយ ហើយ​កងកម្លាំង​ខ្មែរក្រហមក៏បានងាកទៅបន្ត​ការតស៊ូប្រដាប់​អាវុធ​នៅ​តាម​តំបន់ព្រំដែន​ជាប់​ប្រទេសថៃ​វិញ។ សង្គ្រាមទ័ពព្រៃនៅតែបន្ត ដោយខ្មែរក្រហម​បាន​ឆ្មក់វាយ​ប្រហារលើមូល​ដ្ឋានយោធានៃកងកម្លាំងរាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលនាពេលនោះ ​ត្រូវ​ចាប់​​ផ្ដើម​កសាង​សង្គមផង និង​ត្រូវ​ការពារការវាយប្រហារពីក្រុមខ្មែរក្រហមផង។

          ក្រោយ​មក​តាមរយៈនយោបាយឈ្នះ​ឈ្នះ​របស់​សម្ដេច ហ៊ុន សែន នៅឆ្នាំ១៩៩៨ ទើប​ប្រទេសកម្ពុជា​អាចស្វែងរកសន្តិភាព​ពេញ​លេញ និងបញ្ចប់ការគ្រប់គ្រងប្រទេស​តាម​របៀប​ស្បែកខ្លា​បាន ដោយសម្ដេច ហ៊ុន សែន នាពេលនោះ បានបញ្ចប់នូវអង្គការចាត់​តាំង​នយោបាយនិងយោធា​របស់ខ្មែរក្រហម ហើយធ្វើ​សមាហរណកម្មអ្នកទាំងនោះចូលមក​ក្នុង​សង្គម​ជាតិ​តែមួយ និងបន្តជីវភាពរស់​នៅប្រកបដោយ​សុខដុម​នីយ​កម្មជាមួយនឹងប្រជាពល​រដ្ឋ​ខ្មែរ​ផ្សេងទៀត។ នេះមានន័យថា ថ្វីដ្បិតតែកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស គឺជា​មូល​ដ្ឋានដែលនាំមកនូវដំណើរឆ្ពោះ​ទៅ​រកសន្តិភាពក្ដី ក៏ប៉ុន្តែ​ការអនុវត្តត្រឹម​តែកិច្ច​ព្រម​ព្រៀង​នេះ ពុំអាចឈានទៅសម្រេចបានសន្តិភាពពេញលេញ​សម្រាប់ប្រទេសកម្ពុជានោះឡើយ។ គេត្រូវចងចាំថា បើសិនជាអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម​មិន​ត្រូវ​បាន​រំលាយតាមរយៈយុទ្ធសាស្ត្រឌីហ្វីត (DIFID) និងនយោបាយ​ឈ្នះឈ្នះនោះទេ កម្ពុជា​ក៏​នឹង​មិន​អាចស្គាល់នូវសុខសន្តិភាពពេញលេញ និងអាចចូល​រួមនៅក្នុង​សមាហរណ​កម្ម​តំបន់ ដើម្បីឆ្ពោះទៅសម្រេចបាននូវការអភិវឌ្ឍសង្គមនិង​សេដ្ឋ​កិច្ច​ដូចបច្ចុប្បន្ននោះដែរ។

          ក្រឡេកមកពិនិត្យមើល ការខ្វែងគំនិតគ្នារវាងអ្នកនយោបាយខ្មែរ ពិសេសរវាងអ្នក​នយោបាយប្រឆាំងនិងរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ទៅលើការអនុវត្តនូវកិច្ចព្រមព្រៀង​នេះ​វិញ យើងឃើញថា ស្មារតីនិងខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវ​បាន​ដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដូចជា អំពីបូរណ​ភាព​ទឹក​ដី និង​អធិបតេយ្យនៃ​ប្រទេសកម្ពុជា (រដ្ឋធម្មនុញ្ញកម្ពុជា ត្រង់ជំពូកទី១ អំពីអធិបតេយ្យ មាន៦មាត្រា) សិទ្ធិមនុស្ស (រដ្ឋធម្មនុញ្ញ​កម្ពុជា ជំពូកទី៣ អំពី សិទ្ធិ និងករណីយកិច្ច របស់​ប្រជាពល​រដ្ឋ​ខ្មែរ មាន ២០មាត្រា) និងលទ្ធិប្រជាធិបតេយ្យ (រដ្ឋធម្មនុញ្ញ​កម្ពុជា ជំពូកទី៤ អំពី​របប​នយោបាយ មាន៥មាត្រា)។ ការដាក់បញ្ចូលនូវស្មារតីនិងខ្លឹមសារសំខាន់ៗនៃកិច្ច​ព្រម​ព្រៀងសន្តិភាពទីក្រុងប៉ារីស ចូលទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានេះ ​ធ្វើ​ឡើង​ដោយសភាធម្មនុញ្ញ ក្នុងគោលបំណងធានាឱ្យបាននូវការអនុវត្តស្មារតីនិងខ្លឹមសារនៃ​កិច្ចព្រមព្រៀងនេះ ប៉ុន្តែហេតុអ្វីបានជាអ្នកដឹកនាំនយោបាយប្រឆាំងនៅក្រៅប្រទេស​ដែល​ធ្លាប់ជាសមាជិកនៃសភាធម្មនុញ្ញនិងជាតំណាងរាស្ត្រមណ្ឌលសៀមរាប នីតិកាលទី១ ហាក់​ដូចជាធ្វើពុំដឹងពុំឭទៅវិញ? ឬនេះគឺជាចេតនា ដើម្បីកេងចំណេញនយោបាយប្រឆាំង​របស់​ខ្លួន?

          ខណៈដែលគោលបំណងចម្បងនៃកិច្ចព្រមព្រៀងនេះ គឺដើម្បីបញ្ចប់ជម្លោះនយោ​បាយនៅកម្ពុជា ធានាឱ្យបាននូវអធិបតេយ្យភាព ឯករាជ បូរណភាព និងភាពមិន​អាច​រំលោភ​​បាន​នៃ​ដែន​ដី អព្យាក្រឹត្យភាព ឯកភាពជាតិកម្ពុជា និងការស្ដារប្រទេសកម្ពុជា​ឡើង​វិញ តើមានចំណុចណាមួយនៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រកម្ពុជាដែលត្រូវបានអនុម័តជាបន្តបន្ទាប់នាពេលកន្លងមក ដែលមាន​ខ្លឹម​សារ​ប្រាសចាក ឬផ្ទុយពីស្មារតីនិងខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស?

          តើរាជរដ្ឋាភិបាលកម្ពុជាពុំបានអើពើនឹងបញ្ហាអធិបតេយ្យ ឯករាជ និងបូរណ​ភាព​ទឹក​ដីនៃព្រះរាជាណាចក្រកម្ពុជានៅត្រង់តំបន់ ឬចំណុចណាមួយនៃប្រទេសកម្ពុជា? គេគួរតែ​លើក​យកមកបង្ហាញឱ្យបានជាក់លាក់ថា នៅត្រង់ភូមិសាស្ត្រខេត្ត តំបន់ ឬចំណុច​ណា​មួយ​នៃ​ព្រំដែន​​ប្រទេស​កម្ពុជាជាមួយប្រទេសជិតខាង ដែលរាជរដ្ឋាភិបាល​ពុំបានចាត់​តាំង​ឬ​ប្រគល់​​ភារ​កិច្ចទៅឱ្យ​កងទ័ព ឬវរនគរបាលការពារព្រំដែន​ទៅបំពេញបេសកកម្ម​យាម​ល្បាត​​និងការ​ពារ​​ដែន​អធិប​តេយ្យជាតិរបស់ខ្លួន។ ចំពោះការបើកចំហរសិទ្ធិសេរីភាព និង​ការ​បញ្ចេញមតិ តើស្ថានភាពសិទ្ធិមនុស្ស និងសេរីភាពនៃការបញ្ចេញមតិជាក់ស្ដែង​នៅ​កម្ពុជា នៅត្រង់​ចំណុចណាដែលមានកម្រិតទាបជាងប្រទេសក្នុងតំបន់ ឬប្រទេសជិត​ខាង​កម្ពុជា?

          ចំណែកឯទិដ្ឋភាពនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលត្រូវបានគេចោទ​ប្រកាន់ថា បានធ្លាក់ចុះជាលំដាប់នោះ គេគួរតែពិនិត្យនិងលើកយកមកធ្វើជាគម្រូជាក់ស្ដែង​ផង​ដែរថា តើនៅ​បណ្ដា​ប្រទេស​ប្រជា​ធិប​តេយ្យណាខ្លះ​លើពិភពលោក ដែលអនុញ្ញាតឱ្យ​អ្នកប្រព្រឹត្តបទល្មើស អាចរួច​ផុតពីទោស​ទណ្ឌដែលមានចែងនៅក្នុងច្បាប់នៃប្រទេសនោះ ដោយ​​សារតែពួកគេគឺជាអ្នកនយោបាយ? តើអ្នកនយោបាយដែលជាពលរដ្ឋ​នៅក្នុង​ប្រទេស​មួយ គួរតែគោរពនិងអនុវត្តស្របទៅតាម​ច្បាស់ដែលមានជាធរមាននៅក្នុងប្រទេសដែរ​ឬ​យ៉ាង​ណា? ជាការពិតណាស់ អ្នកនយោបាយគឺជាអ្នកមានឥទ្ធិពល និងចូលរួមចំណែក​នៅក្នុងការតាក់តែងនិងអនុម័តច្បាប់ នៅពេលដែលខ្លួនចូលបំពេញការងារនៅក្នុងស្ថាប័ន​នីតិប្បញ្ញត្តិ ឬនៅក្នុងមុខតំណែងដែលមានសិទ្ធិរៀបចំសេចក្ដីព្រាងច្បាប់។ ដូច្នេះហើយ អ្នក​នយោបាយក៏គួរតែជាអ្នកគោរពនិងអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ហាញពីសុចរិតភាព​របស់ខ្លួនក្នុងនាមជាអ្នកចូលរួមរៀបចំនិងកសាងសង្គម​ជាតិ។

          ជារួម គោលបំណងរបស់អ្នកនយោបាយប្រឆាំង ដែលបានចោទប្រកាន់​ថា ​រាជ​រដ្ឋាភិបាលកម្ពុជា​​មិន​បាន​អនុវត្តទៅតាមកិច្ច​ព្រម​ព្រៀងសន្តិភាពទីក្រុងប៉ារីស និងទាមទារ​ឱ្យ​ប្រទេស​ជាហត្ថលេខីទាំង​អស់នៃកិច្ចព្រមព្រៀងនេះ ដាក់សម្ពាធឬអន្តរាគមន៍មកលើ​រាជ​រដ្ឋាភិបាល​កម្ពុជា ឱ្យអនុវត្តតាមអ្វីដែលជាការចង់បានរបស់ខ្លួននោះ គឺគ្រាន់តែដើម្បី​បម្រើ​ផល​​ប្រយោជន៍​នយោបាយរបស់ខ្លួននិងក្រុមខ្លួន ដែលចង់នៅបន្តមានឥទ្ធិពលនៅ​ក្នុង​ឆាក​នយោបាយប្រទេសកម្ពុជាតែប៉ុណ្ណោះ ហើយពួកគេគ្មានជម្រើសអ្វីក្រៅតែពីការចោទប្រកាន់​រាជរដ្ឋាភិបាល និងអំពាវនាវឱ្យបស្ចិមប្រទេសដាក់សម្ពាធ និងប្រើឥទ្ធិពលដែលប្រទេសទាំង​នោះមាន​ ដើម្បីជំរុញរាជរដ្ឋាភិបាលអនុវត្តទៅតាមការចង់បានរបស់ពួកគេនោះទេ។ នៅក្នុង​ករណីខ្លះ ពួកគេថែមទាំងហ៊ានអំពាវនាវឱ្យបរទេសដាក់ទណ្ឌកម្ម ឬហ៊ុមព័ទ្ធប្រទេសជាតិ​របស់ខ្លួនថែមទៀតផង។ ជាការពិតណាស់ អ្នកនយោបាយប្រឆាំងមួយចំនួន​នៅ​បរទេស ពិតជានឹងមិនចាត់​ទុក​ថារាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តលទ្ធិប្រជាធិបតេយ្យ និងបើក​ទូលាយ​ចំពោះការគោរពសិទ្ធិមនុស្ស និងសិទ្ធិនយោបាយនោះទេ ប្រសិនបើខ្លួន​និង​បក្ខ​ពួក​មិន​ត្រូវបានអនុញ្ញាតឱ្យចូលមកធ្វើនយោបាយឡើងវិញ តាមរយៈការស្នើសុំ​ព្រះ​មហាក្សត្រ​ឱ្យ​លើកលែងទោសពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជានោះទេ។ នៅចំពោះមុខនាពេលនេះ ក្រុម​អ្នកនយោបាយប្រឆាំងគ្មានជម្រើសអ្វីផ្សេងទៀតដើម្បីចោទប្រកាន់ ដាក់បន្ទុក និង​បង្កើត​សម្ពាធ​មកលើរាជរដ្ឋាភិបាលកម្ពុជានោះទេ ព្រោះការកាត់បន្ថយជំនួយនិងការ​បន្ទាប​កម្រិតកិច្ច​សហ​ប្រតិបត្តិការរបស់ប្រទេសមួយចំនួន ក៏ដូចជាការដកប្រព័ន្ធអនុគ្រោះពន្ធ​ EBA នាពេលកន្លងមក ក៏នៅតែពុំមានប្រសិទ្ធភាពដើម្បីជះឥទ្ធិពលលើការធ្វើ​សេចក្ដី​សម្រេច​​ចិត្តរបស់មេដឹកនាំកម្ពុជាទៅលើបញ្ហានយោបាយផ្ទៃក្នុង និងជំហរការបរទេស​របស់​រាជរដ្ឋាភិបាលកម្ពុជានោះដែរ៕

(រាល់ទស្សនៈដែលបានលើកឡើងខាងលើនេះ ជាទស្សនៈយល់ឃើញរបស់ស្មេរផ្ទាល់ និងមិនឆ្លុះបញ្ចាំងអំពីទស្សនៈរួមរបស់រាជបណ្ឌិត្យសភាកម្ពុជាឡើយ)

អត្ថបទទាក់ទង

ក្រដាសប្រាក់ថ្មី ក្លាយជាប្រធានបទថ្មី ដើម្បីវិទ្ធង្សនា បម្រើមហិច្ឆតានយោបាយប្រឆាំង?

ដោយ៖ លឹម សុវណ្ណរិទ្ធ           ក្រោយរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យអនុញ្ញាតឱ្យប្រើប្រាស់ធនប័ត្រអនុ​ស្សាវរីយ៍ (ក្រដាសប្រាក់) ប្រភេទថ្មី ប្រភេទ ២០០ ០០...

2024-10-21 12:55:04   ថ្ងៃចន្ទ, 21 តុលា 2024 ម៉ោង 07:55 PM
ប្រសិនបើរដ្ឋាភិបាលមិនគោរពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្មើនឹងមិនគោរពតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា?

ដោយ៖ បណ្ឌិត យង់ ពៅ ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៤ គិតមកដល់ពេលនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាល ៣៣ឆ្នាំហើយ ដែលកិច្ចព្រមព្រៀងនេះបានផ្ដល់នូវមូលដ្ឋានសម្រាប់កម្ពុជាអាចឈានទៅសម្រេចបាននូវជោគជ័យ...

2024-10-21 08:12:14   ថ្ងៃចន្ទ, 21 តុលា 2024 ម៉ោង 03:12 PM
បណ្ឌិត យង់ ពៅ៖ អាស៊ានពិបាកដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ព្រោះតែគ្មានជំហររួម និងផ្អែកលើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរៀងខ្លួន

  សម្រាប់វិបត្តិមីយ៉ាន់ម៉ា គឺជាករណីមួយដែលអាស៊ានពិបាកនឹងចូលរួមជួយស្ដារវិបត្តិនេះ ព្រោះអាស៊ានមិនមានការប្រកាន់ជំហររួម ដោយប្រទេសជាសមាជិកបានប្រកាន់ជំហរផ្សេងៗគ្នារៀងខ្លួន បើទោះបីជាធម្មនុញ្ញអាស៊ានបានចែ...

2024-10-20 11:26:05   ថ្ងៃអាទិត្យ, 20 តុលា 2024 ម៉ោង 06:26 PM
បាតុភាពកើតមានក្នុងពន្ធនាគារ ម១ បង្ហាញពីភាពអនាធិបតេយ្យនៅពន្ធនាគារ ប៉ះពាល់មុខមាត់រាជរដ្ឋាភិបាល និងប្រទេសជាតិ ដែលត្រូវពង្រឹងការអនុវត្តវិន័យនិងធានាឱ្យបានការគ្រប់គ្រងតឹងរ៉ឹងបំផុត

ដោយ៖ បណ្ឌិត យង់ ពៅ ក្រោយការបែកធ្លាយវីដេអូរាំសប្បាយរបស់អ្នកជាប់ឃុំឃាំងនៅពន្ធនាគារ ម១ ប្រតិកម្មជាបន្តបន្ទាប់ត្រូវបានលើកឡើង ហើយបានក្លាយទៅជាប្រធានបទដ៏ក្ដៅមួយពេញបណ្ដាញសង្គមនាពេលថ្មីៗនេះ។ ប្រការនេះបានបង្ហា...

2024-10-18 02:59:13   ថ្ងៃសុក្រ, 18 តុលា 2024 ម៉ោង 09:59 AM
រាជបណ្ឌិត្យសភាកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុនពីរ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការអភិវឌ្ឍឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្ដមបណ្ឌិតសភាចា្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធ...

2024-10-17 08:07:58   ថ្ងៃព្រហស្បតិ៍, 17 តុលា 2024 ម៉ោង 03:07 PM
បណ្ឌិត យង់ ពៅ៖ ការកៀងគរបរទេសឱ្យចូលរួមក្នុងបាតុកម្មរបស់ខ្លួន បានបង្ហាញពីទង្វើទុច្ចរឹតរបស់ក្រុមជ្រុលនិយមចំពោះជាតិ និងជាការបំបែកបំបាក់ខ្មែរ ដើម្បីតែផលប្រយោជន៍សួនតួរបស់ខ្លួន

ជាថ្មីម្ដងហើយម្ដងទៀត ក្រុមប្រឆាំងនៅក្រៅប្រទេស បានព្យាយាមញុះញង់ឱ្យកើតមានបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល តាមរយៈលេស និងហេតុផលផ្សេងៗមិនចេះចប់ ដែលចុងក្រោយនេះ ទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសដកប្រ...

2024-10-17 07:43:22   ថ្ងៃព្រហស្បតិ៍, 17 តុលា 2024 ម៉ោង 02:43 PM

សេចក្តីប្រកាស