ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ កម្ពុជាត្រូវប្រកាន់ខ្ជាប់នូវជំហរឯករាជ្យ និងមិនចូលបក្សសម្ព័ន្ធដើម្បីពង្រឹងតួនាទីនៅក្នុងឆាកអន្តរជាតិ និងរក្សាបាននូវឧត្ដមប្រយោជន៍ជាតិ

2024-10-14 07:39:45 ថ្ងៃចន្ទ, 14 តុលា 2024 ម៉ោង 02:39 PM
អ្នកមើល 6255
post_detail1

នៅក្នុងបរិបទនៃការដណ្ដើមឥទ្ធិពលឥតឈប់ឈររបស់មហាអំណាច និងការប្រជែងភូមិសាស្ត្រនយោបាយពិភពលោកដ៏តានតឹង កម្ពុជាត្រូវ មានការប្រយ័ត្នប្រយែងបំផុតនៅក្នុងជំហរនយោបាយការបរទេសរបស់ខ្លួន ដើម្បីរក្សាជំហរប្រកបដោយការប្រុងប្រយ័ត្ន ពិសេសការចូលរួមនៅក្នុងសន្ធិសញ្ញាណាមួយ ដែលមានចរិតលក្ខណៈជាបក្សសម្ព័ន្ធដើម្បីប្រឆាំងប្រទេសណាមួយឡើយ បើទោះបីជាមានលក្ខណៈជាបក្សសម្ព័ន្ធយោធា ឬសន្ធិសញ្ញាដែលមានចរិតប្រឆាំងគ្នាទៅវិញទៅមកនៅក្នុងរបៀបវារៈនៃការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយនោះទេ។

ប្រសិនបើ មេដឹកនាំកម្ពុជាចូលរួមនៅក្នុងសន្ធិសញ្ញាណាមួយ ដែលមានចរិតលក្ខណៈជាបក្សសម្ព័ន្ធយោធា នឹងក្លាយជាការនាំប្រទេសកម្ពុជាដើរប្រាសចាកពីរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ខ្លួន ដែលនៅត្រង់មាត្រា៥៣ថ្មី បានចែងយ៉ាងច្បាស់អំពី ការប្រកាន់ខ្ជាប់នូវនយោបាយអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធរបស់ខ្លួន។ បន្ថែមពីនេះ កម្ពុជាក៏ត្រូវតែប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាធម្មនុញ្ញរបស់អាស៊ានផងដែរ ដែលកម្ពុជាមិនត្រូវលូកលាន់ចូលកិច្ចការផ្ទៃក្នុង ឬចូលទៅក្នុងបក្សសម្ព័ន្ធណាមួយដើម្បីប្រឆាំងប្រទេសដទៃនោះឡើយ។

លើសពីនេះទៅទៀត ដោយអនុវត្តតាមច្បាប់អន្តរជាតិ រក្សាបាននូវលំនឹងនយោបាយការទូត និងរក្សាលទ្ធភាពនៅក្នុងការអភិវឌ្ឍ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្រប់បណ្ដាដៃគូទាំងអស់ នៅក្នុងបរិបទនៃការប្រកួតប្រជែងដ៏ស្រួចស្រាល់របស់មហាអំណាច កម្ពុជាគ្មានជម្រើសអ្វីក្រៅតែពីការប្រកាន់ខ្ជាប់ទៅតាមគោលការណ៍ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ធម្មនុញ្ញអាស៊ានដែលជាអង្គការតំបន់ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាច្បាប់អន្តរជាតិនានាដែលមានជាធរមាន ដើម្បីធ្វើយ៉ាងណា រក្សាបាននូវឧត្ដមប្រយោជន៍ជាតិ និងប្រជាជន។

កម្ពុជាមិនអាចចូលភ្ជាប់ខ្លួនទៅនឹងបក្សសម្ព័ន្ធណាមួយបានឡើយ បើពុំដូច្នោះទេ កម្ពុជានឹងត្រូវរងគ្រោះដូចអ្វីដែលបានកើតមានឡើងនៅក្នុងដំណាក់កាលសង្គ្រាមនៃសង្គ្រាមត្រជាក់។ នៅពេលនោះ ថ្វីដ្បិតតែសម្ដេចព្រះនរោត្ដមសីហនុ ព្រះប្រមុខរដ្ឋកម្ពុជា បានសម្រេចព្រះទ័យមិនចូលរួមទៅក្នុងបក្សសម្ព័ន្ធណាមួយរវាងប្លុកសេរីនិងប្លុកកុម្មុយនីស្តក៏ដោយក្ដី ក៏ប៉ុន្តែជាតថភាព កម្ពុជាបានចូលរួមបក្សសម្ព័ន្ធ ដោយមានឈ្មោះថា «ចលនាមិនចូលបក្សសម្ព័ន្ធ» ហើយកម្ពុជាត្រូវប្រឈមមុខនឹងវិបត្តិជាបន្តបន្ទាប់។ ជាងនេះទៅទៀត លោកសេនាប្រមុខ លន់ នល់ ក្រោយការទម្លាក់សម្ដេចព្រះនរោត្ដមសីហនុ ពីប្រមុខរដ្ឋ លោកបានសម្រេចចិត្តនាំប្រទេសកម្ពុជាដែលស្ថិតនៅក្រោមការដឹកនាំនៃរបបសាធារណរដ្ឋខ្មែរ ចូលរួមទៅក្នុងសម្ព័ន្ធភាពរបស់សហរដ្ឋអាម៉េរិក ដើម្បីធ្វើសង្គ្រាមជាមួយនឹងវៀតណាមកុម្មុយនីស្តនៅតំបន់ឥណ្ឌូចិន ដែលជាហេតុធ្វើឱ្យកម្ពុជាត្រូវរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយធ្វើឱ្យនាវាកម្ពុជាមិនអាចទប់លំនឹងបាននៅក្នុងសមុទ្រនៃសង្គ្រាមមនោគមវិជ្ជា និងការដណ្ដើមឥទ្ធិពលគ្នារវាងមហាអំណាចពិភពលោក។

ដូច្នេះហើយ ទាំងនេះគឺជាមេរៀននិងបទពិសោធន៍នៅក្នុងប្រវត្តិសាស្ត្រ ដែលមេដឹកនាំកម្ពុជាត្រូវតែចងចាំ ហើយបញ្ចៀសឱ្យបាននូវការដើរជាន់ដាលដដែលនៃប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ សម្រាប់ពេលបច្ចុប្បន្ននេះ កម្ពុជាកាន់តែមានភាពចាំបាច់នៅក្នុងការរក្សាលំនឹងនៃនយោបាយឯករាជ្យ មិនចូលបក្សសម្ព័ន្ធឱ្យបានខ្ជាប់ខ្ជាប់បំផុត ដើម្បីគេចចេញផុតពីការប្រកួតប្រជែងឥទ្ធិពលនិងភូមិសាស្ត្រនយោបាយរបស់មហាអំណាច បើទោះបីជាប្រទេសតូចដូចជាកម្ពុជា ពិតជាមិនអាចគេចផុតពីវិបត្តិ ដែលបង្កឡើងដោយការប្រកួតប្រជែងរបស់មហាអំណាចក៏ដោយក្ដី ប៉ុន្តែកម្ពុជាត្រូវតែមានជំហររឹងមាំផ្ទាល់ខ្លួន ដើម្បីចៀសវាងមហាអំណាចយកទៅធ្វើជាកូនអុកនៃភូមិសាស្ត្រនយោបាយរបស់ខ្លួន៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

ឯកឧត្ដមបណ្ឌិត យង់ ពៅ ទទួលជួបជាមួយនឹងប្រតិភូបណ្ឌិត្យសភាពូតុង ក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ១៣ រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្...

2024-11-28 16:29:18   ថ្ងៃព្រហស្បតិ៍, 28 វិច្ឆិកា 2024 ម៉ោង 11:29 PM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំវេទិកាភ្នំពេញលើកទី៣ ស្ដីពី «បដិវត្តន៍ពណ៌និងសណ្ដាប់ធ្នាប់ពិភពលោកដែលកំពុងវិវត្ត : បញ្ហាប្រឈមចំពោះអធិបតេយ្យ និងលទ្ធិប្រជាធិបតេយ្យ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃពុធ ១២ រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវច្ឆិកា ឆ្នាំ២០២៤ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាភ្នំពេញលើកទី...

2024-11-28 16:11:59   ថ្ងៃព្រហស្បតិ៍, 28 វិច្ឆិកា 2024 ម៉ោង 11:11 PM
បណ្ឌិត យង់ ពៅ៖ វៀតណាម គួរបង្កលក្ខណៈងាយស្រួលដល់ខ្មែរកម្ពុជាក្រោមអាចមានលទ្ធភាពអនុវត្តនូវប្រពៃណី ទំនៀមទម្លាប់ និងជំនឿសាសនារបស់ខ្លួន

ជានិច្ចកាល ក្នុងជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជា ទាំងនៅកម្ពុជានិងនៅប្រទេសវៀតណាម មេដឹកនាំវៀតណាមគ្រប់​លំដាប់ថ្នាក់ តែងតែបានសំណូមពរដល់រាជរដ្ឋាភិបាល​កម្ពុជា ឱ្យបន្តការយកចិត្តទុកដាក់ ក៏ដូចជាបង្កភាពងាយស្រួលដល់...

2024-11-26 11:43:13   ថ្ងៃអង្គារ, 26 វិច្ឆិកា 2024 ម៉ោង 06:43 PM
Germany’s expectations from the Kingdom of Cambodia

Dr. Seun Sam Germany has been a trusted ally in Cambodia’s progress for a time by providing substantial assistance in various areas including effective governance practices and sustainable gro...

2024-11-26 03:57:22   ថ្ងៃអង្គារ, 26 វិច្ឆិកា 2024 ម៉ោង 10:57 AM
បណ្ឌិត យង់ ពៅ៖ កម្ពុជាមានភាពចាំបាច់ថែរក្សាសន្តិភាព និងកសាងសមត្ថភាពជាតិឱ្យបានរឹងមាំ បង្កើនភាពស៊ាំទប់ទល់ការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាល់

ស្ថានការណ៍សង្គ្រាម និងការប្រជែងនយោបាយនៅលើពិភពលោកបច្ចុប្បន្ន បាននាំពិភពលោកឆ្ពោះទៅរកស្ថានភាពហានិភ័យនៃសង្គ្រាមធំៗជាច្រើន ដែលបង្កភាពស្រពិចស្រពិលនៃសណ្ដាប់ធ្នាប់ និងសន្តិភាពពិភពលោក។ សង្គ្រាមនៅអ៊ុយក្រែន និងម...

2024-11-26 03:53:31   ថ្ងៃអង្គារ, 26 វិច្ឆិកា 2024 ម៉ោង 10:53 AM
ករណីដែនសមុទ្រត្រួតស៊ីគ្នា៖ កម្ពុជា-ថៃ ត្រូវបន្តដោះស្រាយ ដោយសន្តិវិធី

នៅក្នុងរយៈពេលចុងក្រោយនេះ ប្រធានបទដែនសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃរួមទាំងករណីកោះគុត ត្រូវបានមជ្ឈដ្ឋាននយោបាយនៃប្រទេសទាំងពីរ លើកយកមកជជែកវែកញែក និងទាមទារទៅកាន់រដ្ឋាភិបាលនៅក្នុងទិដ្ឋភាពផ្សេងគ្នារៀងៗខ្លួន។...

2024-11-23 13:48:04   ថ្ងៃសៅរ៍, 23 វិច្ឆិកា 2024 ម៉ោង 08:48 PM

សេចក្តីប្រកាស