Royal Academy of Cambodia
ដោយ៖ លឹម សុវណ្ណរិទ្ធ
នៅក្នុងរយៈពេលចុងក្រោយថ្មីៗនេះ គេឃើញក្រុមហ៊ុនស្រាបៀរនៅកម្ពុជាបានកំណត់ចេញនូវយុទ្ធសាស្ត្រទីផ្សារយ៉ាងរន្ថាន់ នៅក្នុងរូបភាពផ្ដល់ជារង្វាន់ផ្សេងៗនៅក្នុងក្រវិលកំប៉ុងឬគម្របដបស្រាបៀរ ក្នុងគោលបំណងទាក់ទាញឱ្យអតិថិជនបង្កើនចំណង់សេពគ្រឿងស្រវឹង ដើម្បីផ្សងសំណាងយករង្វាន់ផ្សេងៗដែលក្រុមហ៊ុនបាន ជំរុញការលក់ឱ្យកើនឡើង។ រង្វាន់ដែលក្រុមហ៊ុនស្រាបៀរទាំងនោះបានរៀបចំសម្រាប់ជាការផ្សងសំណាងដល់អតិថិជនរបស់ខ្លួន បានក្លាយទៅជាប្រធានបទជជែកតៗគ្នាពីមាត់មួយទៅមាត់មួយរហូតដល់មានការបង្កើតជារូបភាព និងវីដេអូផ្សេងៗនៅក្នុងបណ្ដាញសង្គម ដែលកាន់តែធ្វើឱ្យដំណឹងនៃការផ្ដល់រង្វាន់នៅក្នុងក្រវិលកំប៉ុងឬគម្របដបស្រាបៀរទាំងនោះ រីកសាយភាយ និងជ្រួតជ្រាបដល់មហាជនស្ទើតែគ្រប់គ្នានៅក្នុងបណ្ដាញសង្គមនិងក្នុងសង្គមទាំងមូល។
ប្រទេសកម្ពុជា ដែលត្រូវបានបរទេសទទួលស្គាល់និងស្ញប់ស្ញែងជាខ្លាំងចំពោះមរតកវប្បធម៌ដ៏ចំណាស់នៅតំបន់អាស៊ីអាគ្នេយ៍ និងក៏ជាប្រទេសមួយដែលប្រកាន់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋនោះ កំពុងមានការប្រជែងយុទ្ធសាស្ត្រគ្នារវាងក្រុមហ៊ុនស្រាបៀរ ដើម្បីជំរុញកំណើនការសេពគ្រឿងស្រវឹង ប្រៀបបីដូចជាឆ្នោតផ្សងសំណាងដូច្នោះដែរ។
ថ្វីដ្បិតតែគ្រឿងស្រវឹង មិនត្រូវបានចាត់ទុកជាគ្រឿងញៀន ហើយត្រូវបានចរាចរនៅលើទីផ្សារដូចទំនិញទូទៅក៏ដោយក្ដី ក៏ប៉ុន្តែទាំងអ្នកជំនាញផ្នែកសុខភាព គ្រូពេទ្យ ក៏ដូចជាក្រសួងសុខាភិបាល ជានិច្ចកាលតែងតែបានព្រមានអំពីបញ្ហាសុខភាពដែលបង្កឡើងដោយការសេពគ្រឿងស្រវឹង ពិសេសគ្រោះថ្នាក់ដែលបង្កឡើងដោយការទទួលទានគ្រឿងស្រវឹងនៅក្នុងបរិមាណលើសកម្រិតផងដែរ។ ខណៈដែលស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជា កំពុងជួបប្រទះនឹងបញ្ហាដូចបណ្ដាប្រទេសនានាលើពិភពលោក បង្កឡើងដោយវិបត្តិសាកលដូចជា ជំងឺឆ្លងរីករាលដាល និងការផ្លាស់ប្ដូរស្ថានការណ៍ភូមិសាស្ត្រនយោបាយពិភពលោក ដែលធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពជីវភាពនិងការរស់នៅរបស់ពលរដ្ឋកម្ពុជានោះ ប្រជាជនកម្ពុជាពិសេសយុវជន បែរជាត្រូវបានជំរុញទឹកចិត្តឱ្យមានទំនោរទៅរកនិន្នាការ “គាស់ក្រវិលឬគម្របដបឈ្នះ ឬការសេពគ្រឿងស្រវឹងដើម្បីផ្សងសំណាង” ដោយក្រុមហ៊ុនស្រាបៀរទៅវិញ។ តើអ្នកដែលកំណត់យុទ្ធសាស្ត្រទីផ្សារនិងភាគីពាក់ព័ន្ធ បានថ្លឹងថ្លែងរវាងផលចំណេញដែលបានទទួលពីពាណិជ្ជកម្មគ្រឿងស្រវឹង និងផលប៉ះពាល់សុខភាពសាធារណៈដែរឬយ៉ាងណា?
ជាការពិតណាស់ នៅក្នុងទីផ្សារសេរី យុទ្ធសាស្ត្រទីផ្សាររបស់ក្រុមហ៊ុននីមួយៗ គឺជាសិទ្ធិ និងសេរីភាពដែលគេអាចរៀបចំឡើង ឬអនុវត្តទៅបានស្របតាមច្បាប់ដែលមានជាធរមាននៅក្នុងប្រទេស ប៉ុន្តែរាជរដ្ឋាភិបាលក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ក៏គួរតែយកចិត្តទុកដាក់ពិចារណា និងវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយ និងចាត់វិធានការបង្ការនូវបាតុភាពទាំងឡាយណា ដែលនឹងបង្កទៅជាផលប៉ះពាល់ជាអវិជ្ជមានសម្រាប់សង្គមផងដែរ ព្រោះនៅពេលដែលបញ្ហាកើតមានឡើង គឺរាជរដ្ឋាភិបាលនិងក្រសួងស្ថាប័នពាក់ព័ន្ធដែលជាអ្នកត្រូវប្រឈមដោយផ្ទាល់នឹងការស្ដីបន្ទោស និងដាក់បន្ទុកពីសំណាក់សាធារណជនទូទៅ។
ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាល គឺជាអ្នករ៉ាប់រងទៅលើការគាំពារសុខភាពសាធារណៈ ហើយយន្តការថ្នាក់ជាតិផ្សេងៗដូចជា កម្មវិធីគាំពារសង្គម និងប្រព័ន្ធជំនួយសង្គម ត្រូវបានដាក់ចេញដើម្បីសម្រេចនូវមុខងារសាធារណៈនេះ ក្នុងគោលបំណងសម្រេចបានឱ្យនូវសុខមាលភាពប្រជាជន និងការកសាងនូវមូលដ្ឋានថែទាំសុខភាពសាធារណៈកាន់តែប្រសើរ ប៉ុន្តែនិន្នាការនៃការជំរុញទឹកចិត្តឱ្យសាធារណជន ពិសេសយុវជនងាកទៅរកទំនោរប្រើប្រាស់គ្រឿងស្រវឹង ដើម្បីទទួលបានរង្វាន់តាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុនគ្រឿងស្រវឹងនៅកម្ពុជា ដែលផ្ដោតតែទៅលើការជំរុញកំណើននៃការលក់របស់ក្រុមហ៊ុនខ្លួន ហាក់ដូចជាបានដើរបញ្ច្រាសពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទៅវិញ។ តើមានជាតិសាសន៍ណាខ្លះនៅលើពិភពលោក ដែលជំរុញលើកទឹកចិត្តឱ្យប្រជាជនរបស់ខ្លួនសេពគ្រឿងស្រវឹងដើម្បីទទួលបានរង្វាន់យ៉ាងហ៊ឹកហ៊ាក់ដូច្នេះ?
កន្លងមកនេះ ថ្វីបើមានការជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ មិនឱ្យផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលមានរូបភាពអូសទាញមហាជន ពិសេសយុវជន ងាកទៅរកនិន្នាការសេពគ្រឿងស្រវឹងដើម្បីផ្សងសំណាងយករង្វាន់ក្ដី ក៏ប៉ុន្តែក្នុងពេលថ្មីៗកន្លងទៅនេះ គេសង្កេតឃើញថា ក្រុមហ៊ុនគ្រឿងស្រវឹងបានងាកមកជំរុញការផ្សព្វផ្សាយបង្កើនការទាក់ទាញនៅលើទំព័របណ្ដាញសង្គមរបស់ខ្លួន ដើម្បីជំរុញឱ្យមហាជន ឬអ្នកប្រើប្រាស់ មានទំនោរសេពគ្រឿងស្រវឹងជាផលិតផលរបស់ខ្លួនដើម្បីផ្សងសំណាងយករង្វាន់ផ្សេងៗដូចជា រថយន្តសេរ៊ីថ្មី ប្រាក់រង្វាន់ប្រចាំខែ នាឡិកាដៃប្រណីត មាសសុទ្ធ និងម៉ូតូ យ៉ាងគគ្រឹកគគ្រេង រហូតដល់មានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានបង្កើតពាក្យចំអន់ ឬបញ្ចើចបញ្ចើគ្នាថា “ផឹកដើម្បីប្រាក់ខែ ឬផឹកដើម្បីប្ដូរព្រេងវាសនា ឬផឹកដើម្បីកែប្រែជីវភាព” និងសារផ្សេងៗទៀតជាដើម។ ថ្វីបើសារទាំងនេះអស់នេះត្រូវបានបង្កើតនៅក្នុងលេងសើច ឬជាការកម្សាន្តក្ដី ក៏ប៉ុន្តែវាក៏បានក្លាយទៅជាសាររំឭក ឬជូនដំណឹងដល់អ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀតជាច្រើន ចងចាំ ឬដិតដាមនឹងការផ្ដល់រង្វាន់នៅក្នុងកំប៉ុងឬដបស្រាបៀរទាំងអស់នោះ ហើយក៏នឹងក្លាយទៅជាការជំរុញទឹកចិត្តឱ្យមហាជន ពិសេសយុវជនមួយចំនួនដែលខ្វះការគិតពិចារណា និងដែលយុវជនខ្លះមិនទាន់ទាំងគ្រប់អាយុសេពគ្រឿងស្រវឹងផងនោះ ឱ្យសាកល្បង ឬព្យាយាមសេពគ្រឿងស្រវឹងដើម្បីតាមផ្សងសំណាង ដោយភ្លេចគិតគូរពិចារណាអំពីផលប៉ះពាល់ដល់សុខភាពរបស់ខ្លួន។
ពិតប្រាកដណាស់ នៅក្នុងទិដ្ឋភាពច្បាប់ពាក់ព័ន្ធដែលមានជាធរមានបច្ចុប្បន្ននៅកម្ពុជាមិនមានចែងពីការកំណត់ទោសទណ្ឌ ឬការតម្រូវឱ្យចាត់វិធានការទប់ស្កាត់បាតុភាពនេះឡើយ ប៉ុន្តែតើគេគួរតែបង្កើតក្រមសីលធម៌ នៅក្នុងការធ្វើពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងដែរឬយ៉ាងណា? តើរដ្ឋគួរតែពង្រឹងបន្ថែមលើការគ្រប់គ្រងការផ្សព្វផ្សាយនិងពាណិជ្ជកម្មគ្រឿងស្រវឹង ដើម្បីបុព្វហេតុការពារសុខភាពរបស់ប្រជាពលរដ្ឋខ្លួនដែរឬទេ? តើយុវជនកម្ពុជា ដែលជាអនាគតទំពាំងស្នងឫស្សី នឹងទៅជាយ៉ាងណា ប្រសិនបើសារជំរុញទឹកចិត្តនិងយុទ្ធនាការផ្សព្វផ្សាយ ជំរុញយុវជនឱ្យមានទំនោរសេពគ្រឿងស្រវឹងកាន់តែរីករាលដាលដូចផ្សិតយ៉ាងនេះ? តើគួរតែដល់ពេលដែលកម្ពុជាត្រូវជំរុញពន្លឿនការអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពី ការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងឱ្យលេចចេញជារូបរាងហើយឬយ៉ាងណា?
ជារួម អ្នកជំនាន់មុន គឺជាអ្នកត្រួសត្រាយផ្លូវ និងបន្សល់នូវប្រវត្តិសាស្ត្រសម្រាប់យើងនៅជំនាន់នេះ ហើយមនុស្សជំនាន់នេះ ក៏ជាអ្នកត្រូវធានាបន្សល់ឱ្យបាននូវមរតកល្អប្រសើរ សម្រាប់អ្នកជំនាន់ក្រោយៗបន្តទៅទៀតផង។ គេមិនគួរបណ្ដែតបណ្ដោយឱ្យទំពាំងស្នងឫស្សីសម្រាប់ការអភិវឌ្ឍប្រទេសជាតិទៅថ្ងៃមុខ ត្រូវរងគ្រោះដោយសារតែភាពចន្លោះប្រហោងនៅក្នុងការគិតគូរអំពីសុខភាព និងគុណភាពនៃធនធានមនុស្សដែលត្រូវបន្តវេននោះទេ៕
ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយនឹងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធ នៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទ...
នៅក្នុងឱកាសឡើងតំណែងថ្មីជានាយកមូលនិធិខុនរ៉ាដ អាដិនណូអ៊ែរ លោកបណ្ឌិត Daniel Schmueking បានអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងជំនួបមួយជាមួយអគ្គនាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ឯកឧត្តមបណ្ឌិត គិន ភា នៅឯសាល...
គោលនយោបាយ «ផ្លូវមួយខ្សែក្រវ៉ាត់មួយ» របស់មហាយក្សចិន នៅតែជាគោលនយោបាយអទិភាពដែលមិនថាតែរដ្ឋាភិបាលចិន សូម្បីតែគ្រឺះស្ថានឧត្តមសិក្សា ក្រុមហ៊ុនវិនិយោគ ទាំងរដ្ឋ និងឯកជននានា តែងលើកយកគោលនយោបាយនេះ ជាអទិភាពក...
(ហូជីមិញ)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានប្រតិភូកម្ពុជា រួមដំណើរដោយឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន ជីវសាស្រ្ត វេជ្ជសាស្ត្រ និងកសិកម្ម និងលោក ហេង វ...
នៅព្រឹកថ្ងៃ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៨ រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើសន្និសីទការសែតស្តីពីសមិទ្ធផលមួយឆ្នាំ ក្រោមការដឹកនាំរបស់ ឯកឧត្តមប...