ព័ត៌មាន

សំណើចរង្វាន់ស្រា ប្រហារសុខភាពប្រជា?

2024-09-27 03:28:50 ថ្ងៃសុក្រ, 27 កញ្ញា 2024 ម៉ោង 10:28 AM
អ្នកមើល 2749
post_detail1

ដោយ៖ លឹម សុវណ្ណរិទ្ធ

នៅក្នុងរយៈពេលចុងក្រោយថ្មីៗនេះ គេឃើញក្រុមហ៊ុនស្រាបៀរនៅកម្ពុជា​បាន​កំណត់ចេញនូវយុទ្ធសាស្ត្រទីផ្សារយ៉ាងរន្ថាន់ នៅក្នុងរូបភាពផ្ដល់ជារង្វាន់​ផ្សេងៗ​នៅ​ក្នុង​ក្រវិល​កំប៉ុងឬគម្របដបស្រាបៀរ ក្នុងគោលបំណងទាក់ទាញឱ្យអតិថិជនបង្កើន​ចំណង់​សេពគ្រឿងស្រវឹង ដើម្បីផ្សងសំណាងយករង្វាន់ផ្សេងៗដែលក្រុមហ៊ុនបាន ជំរុញការ​លក់ឱ្យ​កើនឡើង។ រង្វាន់ដែលក្រុមហ៊ុនស្រាបៀរទាំងនោះបានរៀបចំសម្រាប់ជាការផ្សង​សំណាង​ដល់អតិថិជនរបស់ខ្លួន បានក្លាយទៅជាប្រធានបទជជែកតៗគ្នាពីមាត់មួយទៅ​មាត់មួយ​រហូត​ដល់មានការបង្កើតជារូបភាព និងវីដេអូផ្សេងៗនៅក្នុងបណ្ដាញសង្គម ដែល​កាន់តែ​ធ្វើឱ្យ​ដំណឹងនៃការផ្ដល់រង្វាន់នៅក្នុងក្រវិលកំប៉ុងឬគម្រប​ដប​ស្រាបៀរទាំងនោះ រីក​សាយ​ភាយ និងជ្រួតជ្រាប​ដល់មហាជនស្ទើតែគ្រប់គ្នានៅក្នុងបណ្ដាញសង្គមនិងក្នុងសង្គមទាំងមូល។

ប្រទេសកម្ពុជា ដែលត្រូវបានបរទេសទទួលស្គាល់និងស្ញប់ស្ញែងជាខ្លាំងចំពោះមរតក​វប្បធម៌ដ៏ចំណាស់នៅតំបន់អាស៊ីអាគ្នេយ៍ និងក៏ជាប្រទេសមួយដែលប្រកាន់យកព្រះពុទ្ធ​សាសនាជាសាសនា​របស់​រដ្ឋនោះ កំពុងមានការប្រជែងយុទ្ធសាស្ត្រគ្នារវាងក្រុមហ៊ុន​ស្រា​បៀរ ដើម្បី​ជំរុញកំណើនការសេពគ្រឿងស្រវឹង ប្រៀបបីដូចជាឆ្នោតផ្សងសំណាងដូច្នោះ​ដែរ។

ថ្វីដ្បិតតែគ្រឿងស្រវឹង មិនត្រូវបានចាត់ទុកជាគ្រឿងញៀន ហើយត្រូវបាន​ចរាចរ​នៅ​លើទីផ្សារដូចទំនិញទូទៅក៏ដោយក្ដី ក៏ប៉ុន្តែទាំងអ្នកជំនាញផ្នែកសុខភាព គ្រូពេទ្យ ក៏ដូច​ជា​ក្រសួងសុខាភិបាល ជានិច្ចកាលតែងតែបានព្រមានអំពីបញ្ហាសុខភាពដែលបង្កឡើង​ដោយ​ការសេពគ្រឿង​ស្រវឹង ពិសេសគ្រោះថ្នាក់ដែលបង្កឡើងដោយការទទួលទានគ្រឿង​ស្រវឹងនៅ​ក្នុងបរិមាណលើសកម្រិតផងដែរ។ ខណៈដែលស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជា កំពុង​ជួប​ប្រទះ​នឹងបញ្ហាដូចបណ្ដាប្រទេសនានាលើពិភពលោក បង្កឡើងដោយវិបត្តិ​សាកលដូចជា ជំងឺ​ឆ្លងរីករាលដាល និងការផ្លាស់ប្ដូរស្ថានការណ៍ភូមិសាស្ត្រនយោបាយ​ពិភពលោក ដែល​ធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពជីវភាពនិងការរស់នៅរបស់ពលរដ្ឋ​កម្ពុជា​នោះ ប្រជាជនកម្ពុជា​ពិសេសយុវជន បែរជាត្រូវបានជំរុញទឹកចិត្តឱ្យមានទំនោរទៅ​រក​និន្នា​ការ “គាស់​ក្រវិល​ឬ​គម្រប​ដបឈ្នះ ឬការសេពគ្រឿងស្រវឹងដើម្បីផ្សងសំណាង” ដោយក្រុម​ហ៊ុនស្រាបៀរ​ទៅ​វិញ។ តើអ្នកដែលកំណត់​យុទ្ធសាស្ត្រទីផ្សារនិងភាគីពាក់ព័ន្ធ បានថ្លឹងថ្លែង​រវាងផល​ចំណេញ​ដែលបានទទួល​ពី​ពាណិជ្ជកម្មគ្រឿងស្រវឹង និងផលប៉ះពាល់សុខភាព​សាធារណៈ​ដែរឬយ៉ាងណា?

ជាការពិតណាស់ នៅក្នុងទីផ្សារសេរី យុទ្ធសាស្ត្រទីផ្សាររបស់ក្រុមហ៊ុននីមួយៗ គឺជា​សិទ្ធិ និងសេរីភាពដែលគេអាចរៀបចំឡើង ឬអនុវត្តទៅបានស្របតាមច្បាប់ដែលមានជា​ធរមាននៅក្នុងប្រទេស ប៉ុន្តែរាជរដ្ឋាភិបាលក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ក៏គួរតែយកចិត្ត​ទុកដាក់ពិចារណា និងវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយ និងចាត់វិធានការបង្ការនូវបាតុ​ភាព​ទាំងឡាយណា ដែលនឹងបង្កទៅជាផលប៉ះពាល់ជាអវិជ្ជមានសម្រាប់សង្គមផងដែរ ព្រោះ​​នៅ​ពេលដែលបញ្ហាកើតមានឡើង គឺរាជរដ្ឋាភិបាលនិងក្រសួងស្ថាប័នពាក់ព័ន្ធដែលជា​អ្នកត្រូវ​ប្រឈមដោយផ្ទាល់​នឹងការស្ដីបន្ទោស និង​ដាក់​បន្ទុកពីសំណាក់សាធារណជនទូទៅ។

ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាល គឺជាអ្នករ៉ាប់រងទៅលើការគាំពារសុខភាពសាធារណៈ ហើយយន្តការ​ថ្នាក់ជាតិផ្សេងៗដូចជា កម្មវិធី​គាំពារសង្គម និងប្រព័ន្ធជំនួយសង្គម ត្រូវបាន​ដាក់ចេញដើម្បី​សម្រេចនូវមុខងារ​សាធារណៈនេះ ក្នុងគោលបំណងសម្រេចបានឱ្យនូវ​សុខ​មាលភាព​ប្រជាជន និងការ​កសាងនូវមូលដ្ឋានថែទាំសុខភាពសាធារណៈកាន់តែប្រសើរ ប៉ុន្តែ​និន្នាការ​នៃការជំរុញទឹកចិត្តឱ្យសាធារណជន ពិសេសយុវជនងាកទៅរកទំនោរ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង ដើម្បីទទួលបានរង្វាន់តាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន​គ្រឿងស្រវឹង​នៅកម្ពុជា ដែលផ្ដោត​តែ​ទៅលើការជំរុញកំណើននៃការលក់របស់ក្រុមហ៊ុនខ្លួន ហាក់​ដូច​ជាបានដើរបញ្ច្រាសពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទៅវិញ។ តើមានជាតិ​សាសន៍​ណាខ្លះនៅលើពិភពលោក ដែលជំរុញលើកទឹកចិត្តឱ្យប្រជាជនរបស់ខ្លួនសេពគ្រឿង​ស្រវឹង​ដើម្បីទទួលបានរង្វាន់យ៉ាងហ៊ឹកហ៊ាក់ដូច្នេះ?

កន្លងមកនេះ ថ្វីបើមានការជូនដំណឹងដល់ប្រព័ន្ធផ្សព្វ​ផ្សាយគ្រប់ប្រភេទ មិនឱ្យ​ផ្សព្វ​ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលមានរូបភាពអូសទាញមហាជន ពិសេសយុវជន ងាក​ទៅរកនិន្នាការសេពគ្រឿងស្រវឹងដើម្បីផ្សងសំណាងយករង្វាន់ក្ដី ក៏ប៉ុន្តែក្នុងពេលថ្មីៗកន្លង​ទៅនេះ គេសង្កេតឃើញថា ក្រុមហ៊ុនគ្រឿងស្រវឹងបានងាកមកជំរុញការផ្សព្វផ្សាយបង្កើន​ការទាក់ទាញនៅលើទំព័របណ្ដាញសង្គមរបស់ខ្លួន ដើម្បីជំរុញឱ្យ​មហាជន ឬអ្នក​ប្រើប្រាស់ មានទំនោរសេពគ្រឿងស្រវឹងជាផលិតផលរបស់ខ្លួនដើម្បីផ្សងសំណាងយករង្វាន់ផ្សេងៗដូចជា រថយន្តសេរ៊ីថ្មី ប្រាក់រង្វាន់ប្រចាំខែ នាឡិកាដៃប្រណីត មាសសុទ្ធ និងម៉ូតូ យ៉ាង​គគ្រឹក​គគ្រេង រហូតដល់មានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានបង្កើតពាក្យចំអន់ ឬ​បញ្ចើច​បញ្ចើគ្នាថា “ផឹកដើម្បីប្រាក់ខែ ឬផឹកដើម្បីប្ដូរ​ព្រេងវាសនា ឬផឹកដើម្បីកែប្រែជីវភាព” និងសារផ្សេងៗទៀតជាដើម។ ថ្វីបើសារទាំងនេះ​អស់នេះត្រូវបានបង្កើតនៅក្នុងលេងសើច ឬជាការកម្សាន្តក្ដី ក៏ប៉ុន្តែវាក៏បានក្លាយទៅជាសារ​រំឭក ឬជូនដំណឹងដល់អ្នកប្រើប្រាស់​បណ្ដាញសង្គមដទៃទៀតជាច្រើន ចងចាំ ឬដិតដាម​នឹងការផ្ដល់រង្វាន់នៅក្នុងកំប៉ុងឬ​ដប​ស្រាបៀរទាំងអស់នោះ ហើយក៏នឹងក្លាយទៅជាការ​ជំរុញទឹកចិត្តឱ្យមហាជន ពិសេសយុវ​ជនមួយចំនួនដែលខ្វះការគិតពិចារណា និងដែលយុវ​ជនខ្លះមិនទាន់ទាំងគ្រប់អាយុសេព​គ្រឿងស្រវឹងផងនោះ ឱ្យសាកល្បង ឬព្យាយាមសេព​គ្រឿងស្រវឹងដើម្បីតាមផ្សងសំណាង ដោយភ្លេចគិតគូរពិចារណាអំពីផលប៉ះពាល់ដល់សុខ​ភាពរបស់ខ្លួន។

ពិតប្រាកដណាស់ នៅក្នុងទិដ្ឋភាពច្បាប់ពាក់ព័ន្ធដែលមានជាធរមានបច្ចុប្បន្ននៅ​កម្ពុជាមិនមានចែងពីការកំណត់ទោសទណ្ឌ ឬការតម្រូវឱ្យចាត់វិធានការទប់ស្កាត់​បាតុភាព​នេះឡើយ ប៉ុន្តែតើគេគួរតែបង្កើត​ក្រម​សីល​ធម៌ នៅក្នុងការធ្វើពាណិជ្ជកម្មផលិតផលគ្រឿង​ស្រវឹង​ដែរ​ឬយ៉ាងណា? តើរដ្ឋគួរតែពង្រឹងបន្ថែមលើការ​គ្រប់​គ្រង​ការផ្សព្វផ្សាយនិង​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង ដើម្បី​បុព្វហេតុការពារសុខភាព​របស់​ប្រជាពលរដ្ឋខ្លួន​ដែរឬទេ? តើយុវជន​កម្ពុជា ដែល​​ជា​អនាគត​ទំពាំងស្នងឫស្សី នឹងទៅជា​យ៉ាង​ណា ប្រសិនបើសារជំរុញ​ទឹក​ចិត្ត​និង​យុទ្ធនាការ​ផ្សព្វផ្សាយ ជំរុញយុវជនឱ្យមានទំនោរ​សេព​គ្រឿងស្រវឹងកាន់តែរីករាលដាល​ដូច​ផ្សិតយ៉ាង​នេះ? តើគួរតែ​ដល់ពេលដែលកម្ពុជា​ត្រូវជំរុញពន្លឿនការអនុម័តសេចក្ដីព្រាង​ច្បាប់ ស្ដីពី ការ​ត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង​ឱ្យលេចចេញជារូបរាងហើយឬយ៉ាង​ណា?

ជារួម អ្នកជំនាន់មុន គឺជាអ្នកត្រួសត្រាយផ្លូវ និងបន្សល់នូវ​ប្រវត្តិ​សាស្ត្រ​សម្រាប់​យើង​នៅជំនាន់នេះ ហើយមនុស្សជំនាន់នេះ ក៏ជាអ្នកត្រូវធានាបន្សល់​ឱ្យបាននូវ​មរតកល្អប្រសើរ​ សម្រាប់អ្នកជំនាន់ក្រោយៗបន្តទៅទៀតផង។ គេមិនគួរបណ្ដែតបណ្ដោយ​ឱ្យទំពាំង​ស្នង​ឫស្សី​សម្រាប់ការអភិវឌ្ឍប្រទេសជាតិទៅថ្ងៃមុខ ត្រូវរងគ្រោះដោយសារ​តែ​ភាព​ចន្លោះ​ប្រហោង​នៅក្នុងការគិតគូរអំពីសុខភាព និងគុណភាពនៃធនធាន​មនុស្សដែល​ត្រូវបន្តវេន​នោះទេ៕

អត្ថបទទាក់ទង

«រាជបណ្ឌិត្យសភាកម្ពុជា កំពុងរួមចំណែករៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្តនិងបច្ចេកទេសនុយក្លេអ៊ែរនៅកម្ពុជា»

រហូតមកទល់ពេលនេះ កិច្ចពិភាក្សា និងពិនិត្យលើសេចក្តីព្រាងនៃកិច្ចកិច្ចព្រមព្រៀងរវាង​រាជរដ្ឋាភិបាល​កម្ពុជា និងរដ្ឋាភិបាល​សហព័ន្ធរុស្សី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ...

2018-08-24 10:07:33   ថ្ងៃសុក្រ, 24 សីហា 2018 ម៉ោង 05:07 PM
«ប្រសាសន៍សំខាន់ៗរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា» ក្នុងកម្មវិធីបាឋកថាស្ដីពី «គោលនយោបាយការបរទេសសហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលរបស់លោក Donald Trump និងអត្ថន័យចំពោះអាស៊ី» នាព្រឹកថ្ងៃ២៣ ខែសីហា ឆ្នាំ២០១៨

នៅក្នុងបទបាឋកថារបស់លោកសាស្ត្រចារ្យបណ្ឌិត​ ដាវីដ ឡែមតុន (David M. Lampton) រៀបចំឡើង​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា កាល​ពី​ព្រឹកម៉ិញនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភា​កម្ពុជា បានបង្ហាញ​...

2018-08-23 05:43:11   ថ្ងៃព្រហស្បតិ៍, 23 សីហា 2018 ម៉ោង 12:43 PM
«ជំនួបរវាងថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជានិងគណៈប្រតិភូសាកលវិទ្យាល័យត្រាវិញ»

រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័ន ស្រាវជ្រាវជាន់ខ្ពស់ និងប្រមូលផ្តុំដោយអ្នកសិក្សាស្រាវជ្រាវ លើជំនាញវិស័យ ផ្សេងៗពីគ្នា ហើយក៏កំពុងព្យាយាមក្នុងការពង្រីកវិសាលភាពរបស់ខ្លួន ក្នុងឆាកអន្តរជាតិតាមរយៈការភ្ជាប់កិច...

2018-08-21 09:41:03   ថ្ងៃអង្គារ, 21 សីហា 2018 ម៉ោង 04:41 PM
«សកម្មភាពសាងសង់ពេលព្រឹកនេះ...»

ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃសុក្រ៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ អគ្គលេខាធិការដ្ឋាននៃរាជបណ្...

2018-08-17 07:02:37   ថ្ងៃសុក្រ, 17 សីហា 2018 ម៉ោង 02:02 PM
«សកម្មភាពជាទម្លាប់របស់អគ្គលេខាធិការ ចុះត្រួតពិនិត្យការងារមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា»

សកម្មភាពនេះ សឹងក្លាយជាទម្លាប់រៀងរាល់ថ្ងៃរបស់ឯកឧត្តមអគ្គលេខាធិការទៅហើយ ដែលបានចុះពិនិត្យ​អំពី​សកម្មភាពការងាររបស់មន្ត្រី នៅតាមវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធរបស់រាជបណ្ឌិត្យសភាកម្ពុជា។ បើ​តាម​ប្រសាសន៍​របស...

2018-08-16 10:39:38   ថ្ងៃព្រហស្បតិ៍, 16 សីហា 2018 ម៉ោង 05:39 PM
«ដំណើរការស្រាវជ្រាវឈានដល់ខេត្តស្ទឹងត្រែង...»

កាលពីឆ្នាំ២០១៧ កន្លងទៅនេះ ក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថាន បានដឹកនាំក្រុមស្រាវជ្រាវចុះសិក្សាស្រាវជ្រាវអំពី «សម្បត្តិបេ...

2018-08-14 14:18:47   ថ្ងៃអង្គារ, 14 សីហា 2018 ម៉ោង 09:18 PM

សេចក្តីប្រកាស