ព័ត៌មាន

ក្នុងនាមជារដ្ឋអធិបតេយ្យ ហេតុអ្វីកម្ពុជាគ្មានសិទ្ធិពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន?

2024-09-10 10:52:49 ថ្ងៃអង្គារ, 10 កញ្ញា 2024 ម៉ោង 05:52 PM
អ្នកមើល 2577
post_detail1

ដោយ៖ លឹម សុវណ្ណរិទ្ធ

ថ្មីៗកន្លងទៅនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់អំពីការស្នើសុំនាវាល្បាតពីសំណាក់កម្ពុជាទៅកាន់ចិន២គ្រឿង ដើម្បីពង្រឹងសមត្ថភាព និងសន្តិសុខកម្ពុជា ដែលនាវាទាំងពីរគ្រឿងនេះ គឺជានាវាប្រភេទ 056C ជានាវាកម្រិតស្រាលសម្រាប់កិច្ចការពារ និងល្បាតនៅក្នុងលម្ហសមុទ្រកម្ពុជា។ បើយោងទៅតាមផែនការ នាវាចម្បាំងទាំងពីរគ្រឿងនេះ ត្រូវបានគេរំពឹងថានឹងត្រូវប្រគល់ជូនមកឱ្យកម្ពុជានៅក្នុងឆ្នាំ២០២៥ឬយូរជាងនេះ។ ទោះជាយ៉ាងណា ក្រោយលេចឡើងនូវព័ត៌មាននេះ មានប្រតិកម្មជាបន្តបន្ទាប់ ដែលប្រតិកម្មដំបូងគេគឺ ប្រព័ន្ធផ្សព្វផ្សាយបស្ចិមប្រទេសដែលបានភ្ជាប់ការស្នើសុំនាវាខាងលើទៅនឹងការសង្ស័យអំពីការពង្រឹងវត្តមានកងទ័ពចិននៅកម្ពុជា បើទោះបីជានាវាខាងលើនេះ អាចត្រូវបានប្រើប្រាស់បានក្របខ័ណ្ឌល្បាតនិងមានលក្ខណៈការពារខ្លួនក៏ដោយក្ដី។

ប្រទេសកម្ពុជា ដែលកន្លងមកតែងតែប្រកាន់នូវជំហរគាំទ្រការដោះស្រាយបញ្ហាអន្តរជាតិ ដោយផ្អែកជាសំខាន់លើកិច្ចសហប្រតិបត្តិការ សន្តិភាព និងឈរលើមូលដ្ឋានច្បាប់ ស្របតាមរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដែលផ្ដោតសំខាន់លើការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពិតជាមានឆន្ទៈនៅក្នុងការចូលរួមចំណែកជំរុញការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ទាំងក្នុងតំបន់និងពិភពលោក។ កន្លងទៅនេះ កម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលបានរក្សានូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ មិនឈ្លានពានប្រទេសណាមួយ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ មានឆន្ទៈដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ក៏ដូចជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាខ្លួនបរទេស ក្រៅតែពីក្របខ័ណ្ឌសំណូមពររបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ (រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៥៣ វាក្យខណ្ឌទី១ ទី២ និងទី៤)។

ជាក់ស្ដែង កងទ័ពរក្សាសន្តិភាពរបស់កម្ពុជា ធ្លាប់មានវត្តមាននៅបណ្ដាប្រទេសមួយចំនួន គឺស្ថិតនៅក្នុងក្របខ័ណ្ឌកងទ័ពមួកខៀវ របស់អង្គការសហប្រជាជាតិសុទ្ធសាធ និងពុំធ្លាប់បានចូលរួមនៅក្នុងការប្រយុទ្ធណាមួយឡើយ។ នេះជាការបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីជំហរសន្តិភាពនិយមរបស់កម្ពុជា ដែលគេមិនគួរភ្ជាប់ករណីពង្រឹងសមត្ថភាពយោធាការខ្លួនរបស់កម្ពុជា ទៅនឹងការប្រកួតនប្រជែងភូមិសាស្ត្រនយោបាយ របស់មហាអំណាច និងការរត់ប្រណាំងសព្វាវុធក្នុងតំបន់នោះឡើយ។ បន្ថែមពីលើនេះ នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាដដែលក៏បានចែងយ៉ាងច្បាស់ផងដែរថា កម្ពុជាមានសិទ្ធិទទួលយកជំនួយយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួននិងធានាសណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស (រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៥៣ វាក្យខណ្ឌទី៥)។ ពិតប្រាកដណាស់ នៅត្រង់ចំណុចនេះ គេគួរតែយល់ឱ្យបានជាក់ច្បាស់ថា កម្ពុជាជាប្រទេសប្រកាន់សន្តិភាពនិយម ប៉ុន្តែកម្ពុជាក៏មានសិទ្ធិស្របច្បាប់អន្តរជាតិនៅក្នុងការការពារខ្លួនពីការឈ្លានពាន ឬរំលោភបំពានដែនអធិបតេយ្យរបស់ខ្លួនពីសំណាក់រដ្ឋបរទេសណាមួយផងដែរ។

ការពង្រឹងសមត្ថភាពនៅក្នុងវិស័យការពារជាតិរបស់កម្ពុជានៅក្នុងករណីនេះ ធ្វើឡើងនៅក្នុងហេតុផលចម្បងតែមួយគត់គឺ ការចូលរួមថែរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈនៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួនតែប៉ុណ្ណោះ ហើយគេក៏គួរតែកត់សម្គាល់ផងដែរថា កម្ពុជា ពុំធ្លាប់បានចូលរួមនៅក្នុងសមយុទ្ធដែលមានលក្ខណៈបង្កហេតុ ឬគំរាមកំហែងភាគីដទៃ ដូចប្រទេសមួយចំនួនក្នុងតំបន់ម្ដងណាឡើយ ហើយកម្ពុជាក៏ពុំធ្លាប់ឈ្លានពាន ឬចិញ្ចឹមចិត្តយកទឹកដីប្រទេសណាមួយនោះឡើយ គឺត្រឹមតែថែរក្សាអធិបតេយ្យ និងបូរណភាពដែនដីរបស់ខ្លួនតែប៉ុណ្ណោះ។ ដូច្នេះ តើហេតុអ្វីបានជាគេត្រូវព្រួយបារម្ភអំពីការពង្រឹងសមត្ថភាពយោធាកម្រិតទាបរបស់កម្ពុជាយ៉ាងដូច្នេះ? ខណៈដែលនិន្នាការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់ ហាក់បានកើនឡើងគួរឱ្យកត់សម្គាល់ រាប់ចាប់តាំងពីការសាងសង់នាវាផ្ទុកយន្តហោះ កិច្ចព្រមព្រៀងបញ្ជាទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់មហាអំណាចក្នុងតំបន់ និងមហិច្ឆតាបំពាក់នាវាមុជទឹកសម្រាប់កងទ័ពជើងទឹករបស់ប្រទេសជិតខាងកម្ពុជាជាដើម ហាក់ពុំសូវទទួលបានការចាប់អារម្មណ៍និងព្រួយបារម្ភទាល់តែសោះនោះ? តើនេះឬជាស្តង់ដានៃការព្រួយបារម្ភរបស់បស្ចិមប្រទេសឬយ៉ាងណា? តើអ្វីជាចេតនារបស់បណ្ដាប្រទេសមួយចំនួន ដែលចង់ឱ្យប្រទេសកម្ពុជាបន្តមានភាពទន់ខ្សោយខាងយោធា? ឬក៏គេចិញ្ចឹមចិត្តចង់ឱ្យតែកម្ពុជាខ្សោយដើម្បីផលប្រយោជន៍យុទ្ធសាស្ត្ររបស់ខ្លួន?

ជាមួយគ្នានេះ បើពិនិត្យទៅមើលការស្នើសុំនាវា២គ្រឿងខាងលើនេះរបស់កម្ពុជាពុំបានរំលោភលើកិច្ចព្រមព្រៀងអន្តរជាតិ ធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ ឬច្បាប់អន្តរជាតិដែលមានជាធរមាន ដូចដែលប្រទេសមួយចំនួន រាប់ទាំងសមាជិកអាស៊ានមួយចំនួនបានធ្វើនៅឡើយទេ។ ដូច្នេះ តើមានភាពចាំបាច់អ្វីដែលគេត្រូវដាក់បន្ទុកមកលើប្រទេសកម្ពុជា? ខណៈដែលប្រទេសកម្ពុជាគឺជាប្រទេសឯករាជ្យ និងអធិបតេយ្យមួយពេញលេញស្របតាមច្បាប់អន្តរជាតិ។ នៅក្នុងន័យមួយជ្រុងទៀត គេគួរតែពិចារណាឡើងវិញថា បើរដ្ឋមួយគ្មានលទ្ធភាពការពារដែនបូរណភាពរបស់ខ្លួនផងនោះ តើរដ្ឋនោះអាចធានាអធិបតេយ្យរបស់ខ្លួនយ៉ាងដូចម្ដេចដែរ? តើអធិបតេយ្យនេះមានអត្ថន័យយ៉ាងណាសម្រាប់ប្រទេសកម្ពុជា?

បន្ថែមពីលើនេះ ប្រសិនបើកម្ពុជាគ្មានលទ្ធភាពការពារខ្លួនពីការឈ្លានពាននោះទេ តើប្រទេសកម្ពុជាអាចរំពឹងអ្វីដើម្បីថែរក្សាបូរណភាពទឹកដីរបស់ខ្លួន? តួយ៉ាង កាលពីករណីប៉ះទង្គិចគ្នាលើករណីប្រាសាទព្រះវិហារ ប្រសិនបើកម្ពុជាគ្មានលទ្ធភាពទប់ទល់នឹងការប្រើប្រាស់កម្លាំងទ័ពដោយខុសច្បាប់របស់ប្រទេសជិតខាងទេនោះ តើកម្ពុជាអាចថែរក្សាបូរណភាពទឹកដីរបស់ខ្លួនដូចបច្ចុប្បន្នបានឬទេ? ខណៈពេលនោះកម្ពុជាបានស្នើសុំការអន្តរាគមន៍ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) និងសមាគមអាស៊ាន គេបែរជាបានជំរុញឱ្យកម្ពុជាដោះស្រាយជាលក្ខណៈទ្វេភាគីទៅវិញ ហើយនៅក្រោយពេលដែលតុលាការយុត្តិធម៌អន្តរជាតិបានចេញសាលក្រមហើយ ក៏ភាគីម្ខាងទៀតមិនរវីរវល់ផងទៅទៀតនោះ ប្រសិនបើកម្ពុជាមិនមានលទ្ធភាពទាំងនៅក្នុងនយោបាយការទូត និងសមត្ថភាពការពារជាតិគ្រប់គ្រាន់ដើម្បីបង្ហាញទៅដៃគូ តើកម្ពុជាអាចថែរក្សាអធិបតេយ្យនិងបូរណភាពរបស់ខ្លួនបានដែរឬទេ?

ពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពការពារជាតិរបស់កម្ពុជានៅក្នុងករណីនេះដែរ មានពលរដ្ឋខ្មែរមួយចំនួននៅតែព្យាយាមបន្ទុចបង្អាក់ជាតិសាសន៍ឯង ឬនៅតែបន្តចោទប្រកាន់ថា រាល់ទង្វើទាំងអស់របស់រាជរដ្ឋាភិបាលសុទ្ធតែខុស សុទ្ធតែដើរផ្ទុយស្រឡះពីការវិវត្តភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ឬក៏ពិភពលោក ប៉ុន្តែតើពួកគេធ្លាប់បានចោទសួរខ្លួនឯងទៅវិញឬទេថា នៅពេលដែលប្រទេសមួយគ្មានលទ្ធភាពនៅក្នុងការការពារជាតិគ្រប់គ្រាន់ តើរដ្ឋាភិបាលនៃប្រទេសនោះអាចធានាអធិបតេយ្យជាតិ និងបូរណភាពដែនដីរបស់ខ្លួនបានដោយមធ្យោបាយណា? ប្រហែលជាអាចមានការលើកឡើងថា ប្រទេសកម្ពុជាអាចផ្អែកលើច្បាប់អន្តរជាតិជាមូលដ្ឋានដើម្បីការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ប៉ុន្តែគេគួរតែពិនិត្យពិចារណាឡើងវិញថា តើមានប្រទេសណាខ្លះដែលមិនពង្រឹងវិស័យការពារជាតិ ហើយអាចថែរក្សាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនដោយមិនឱ្យគេរំលោភបំពានបាន? ខណៈដែលនៅក្នុងសំណុំរឿងខ្លះ ប្រទេសឬរដ្ឋាភិបាលដែលអនុវត្តស្របតាមច្បាប់អន្តរជាតិ ក៏នៅតែត្រូវរងគ្រោះដោយសារតែមហាអំណាចមើលរំលងលើច្បាប់អន្តរជាតិ។ បន្ថែមពីនេះ នៅចំពោះមុខការប្រឈមមុខនឹងការប្រែប្រួលភូមិសាស្ត្រនយោបាយឥតឈប់ឈរជាបន្តបន្ទាប់ តើមានប្រទេសឬមហាអំណាចណាមួយអាចចេញមុខធានាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាឱ្យបរទេសណារំលោភបាន? ជាមួយគ្នានេះ គេត្រូវយល់ឱ្យបានច្បាស់ថា នៅក្នុងសិល្បៈចរចាការទូត សមត្ថភាពប្រយុទ្ធឬតតាំងនឹងដៃគូ ក៏ជាមូលដ្ឋានដ៏សំខាន់មួយមិនអាចខ្វះបានផងដែរ ដើម្បីទទួលបានលទ្ធផលចរចាដែលរក្សាបាននូវផលប្រយោជន៍របស់គូភាគី ហេតុនេះ ការពង្រឹងសមត្ថភាពយោធា គឺត្រូវធ្វើឡើងឱ្យស្របគ្នាទៅនឹងការពង្រឹងមូលដ្ឋាននៃភាពស្របច្បាប់របស់រដ្ឋមួយ។ ជាការពិតណាស់ ទស្សនៈយល់ឃើញខុសគ្នាគឺជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យ ប៉ុន្តែគេមិនគួរតែដើម្បីបង្ហាញទៅបរទេសថា ខ្លួនដឹងនិងស្គាល់ច្បាស់ពីស្ថានភាពប្រទេសកម្ពុជា ក៏តែងតែលើកឡើងនូវទស្សនៈយល់ឃើញបែបទុទិដ្ឋិនិយម ឬព្យាយាមរិះគន់ និងបន្ទុចបង្អាក់ដល់រាល់ដំណើរការអភិវឌ្ឍប្រទេសខ្លួនឯង ដើម្បីតែលម្អឬគាំទ្រសេនារីយ៉ូបរទេសប្រឆាំងនឹងផលប្រយោជន៍ជាតិខ្លួននោះទេ។

លើសពីនេះទៅទៀត មហាអំណាចនិងប្រទេសជិតខាងកម្ពុជា ក៏គួរតែពិចារណាអំពីជំហប្រតិកម្មនឹងករណីខាងលើនេះផងដែរ ព្រោះក្នុងនាមជារដ្ឋឯករាជ្យ និងអធិបតេយ្យ កម្ពុជាមានសិទ្ធិនៅក្នុងការសម្រេចចិត្តខាងនយោបាយផ្ទៃក្នុងរបស់ខ្លួន ហើយប្រសិនបើមហាអំណាចនិងប្រទេសជិតខាងមួយចំនួនរបស់កម្ពុជា នៅតែបន្តការប្រតិកម្មនៅគ្រប់ទិដ្ឋភាព និងគ្រប់ករណីដំណើរការអភិវឌ្ឍរបស់កម្ពុជាយ៉ាងដូច្នេះ ក៏អាចនឹងក្លាយជាការជំរុញដោយប្រយោលមួយ ឱ្យកម្ពុជាពិចារណាអំពីការផ្លាស់ប្ដូរឥរិយាបថនយោបាយការបរទេសរបស់ខ្លួននាពេលបច្ចុប្បន្នផងដែរ ហើយភាពតានតឹងនៅក្នុងតំបន់អាចនឹងកាន់តែឈានកើនឡើងថែមមួយកម្រិតថែមទៀតផង។

ទោះជាយ៉ាងណា ប្រទេសកម្ពុជា គួរតែបន្តប្រកាន់ជំហរនយោបាយការបរទេសអព្យាក្រឹត្យ អធិបតេយ្យ និងឯករាជ្យដោយផ្អែកលើច្បាប់អន្តរជាតិ ដើម្បីរក្សាតួនាទីរបស់ខ្លួនទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ នៅក្នុងសភាពការណ៍មិនប្រាកដប្រជានៃសន្តិសុខ និងសណ្ដាប់ធ្នាប់អន្តរជាតិបច្ចុប្បន្ន។ ជាមួយគ្នានេះ នៅចំពោះមុខការប្រកួតប្រជែងឥទ្ធិពលឥតឈប់ឈររវាងមហាអំណាចពិភពលោក មានតែការពង្រឹងជំហរនយោបាយរបស់ខ្លួនឱ្យបានរឹងមាំនៅក្នុងការសម្រេចចិត្តប្រកបដោយភាពអព្យាក្រឹត្យ អធិបតេយ្យ និងឯករាជ្យ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការល្អជាមួយនឹងគ្រប់មហាអំណាចទាំងអស់តែប៉ុណ្ណោះ ដែលអាចជួយថែរក្សាផលប្រយោជន៍របស់កម្ពុជាឱ្យបានក្នុងកម្រិតអតិបរមា។ ការលម្អៀងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការតែជាមួយនឹងមហាអំណាចណាមួយផ្ដាច់មុខជ្រុល ឬពឹងផ្អែកទាំងស្រុងទៅលើមហាអំណាចណាមួយ គឺជាភាពគ្រោះថ្នាក់សម្រាប់ប្រទេសតូចដូចជាកម្ពុជា ដែលងាយនឹងរងគ្រោះនៅក្នុងរលកប្រកួតប្រជែងនៃភូមិសាស្ត្រនយោបាយរបស់មហាអំណាចពិភពលោក៕

RAC Media

(រាល់ការលើកឡើងខាងលើនេះ ជាទស្សនៈផ្ទាល់របស់ស្មេរ និងមិនឆ្លុះបញ្ចាំងពីទស្សនៈរួមរបស់រាជបណ្ឌិត្យសភាកម្ពុជាឡើយ)

អត្ថបទទាក់ទង

«ស្ថានភាពនិងពាណិជ្ជកម្មប្រេងឆៅក្នុងទីផ្សារពិភពលោក» ដោយបណ្ឌិត ហុង វណ្ណៈ នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ប្រេងជាថាមពលដ៏សំខាន់ក្នុងផលិតកម្មសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។ ផលិតកម្មពីធម្មជាតិ និងពាណិជ្ជកម្មប្រេង​កាត​បានក្លាយជាឧស្សាហកម្មដ៏ធំរបស់ពិភពលោក ពិសេស ប្រទេសនាំប្រេងចេញដែលហៅថា អូប៉ិច (OPEC)។ ផលិតកម្...

2020-03-03 08:33:39   ថ្ងៃអង្គារ, 03 មីនា 2020 ម៉ោង 03:33 PM
«ទស្សនវិស័យរបស់អាស៊ានលើយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក» ដោយ៖ លោក ឯម សុវណ្ណរ៉ា នាយកដ្ឋានសិក្សានយោបាយនិងសន្តិសុខអន្តរជាតិ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

ផ្អែកលើលក្ខណៈភូមិសាស្ត្រ «តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» គឺជាតំបន់មួយដែលលាតសន្ធឹងលើតំបន់មហាសមុទ្រពីរ គឺមហាឥណ្ឌានិងសមុទ្រប៉ាស៊ីហ្វិក។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ប្រទេសចិនបានដាក់ចេញនូវការផ្លាស់ប្តូរផែនទីគំនិត...

2020-03-03 04:59:33   ថ្ងៃអង្គារ, 03 មីនា 2020 ម៉ោង 11:59 AM
«ឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក» ដោយបណ្ឌិត ឈឹម ផាន់ណា នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ជម្លោះពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក បានចាប់ផ្ទុះឡើងមុនដំបូងនៅដើមឆ្នាំ២០១៨។ សង្រ្គាមពាណិជ្ជកម្មវាងប្រទេសមហាអំណាចទាំងពីរនេះ បានអូសបន្លាយជាច្រើនខែដែលអាចជះឥទ្ធិពលដ៏ខ្លាំងក្លាមួយបណ្តាលឱ្យប៉ះពាល...

2020-03-03 04:44:18   ថ្ងៃអង្គារ, 03 មីនា 2020 ម៉ោង 11:44 AM
«ទិវាវប្បធម៌ជាតិ៣មីនា» ដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី

RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

2020-03-03 04:38:13   ថ្ងៃអង្គារ, 03 មីនា 2020 ម៉ោង 11:38 AM
«ផែនការសន្តិភាពមជ្ឈឹមបូព៌ា» ដោយ៖ ធន ឆាយពិសិដ្ឋ មន្រ្តីស្រាវជ្រាវនៃនាយកដ្ឋាននយោបាយនិងសន្តិសុខអន្តរជាតិ

ផែនការសន្តិភាពដែលមានកម្រាស់៨០ទំព័រនេះ មានខ្លឹមសារប្រមាណ៥០ទំព័រទាក់ទងនឹងការដោះស្រាយបញ្ហា «រដ្ឋពីរ» អ៊ីស្រាអែលនិងប៉ាឡេស្ទីន ដែលមានការប៉ះទង្គិចគ្នារ៉ាំរ៉ៃជាច្រើនទសវត្សរ៍មកហើយ។ នៅក្នុងផែនការនេះ ប្រធា​នាធិ...

2020-03-03 03:08:49   ថ្ងៃអង្គារ, 03 មីនា 2020 ម៉ោង 10:08 AM
ទំនាក់ទំនងរវាងរុស្ស៊ីនិងតួកគីក្នុងបរិបទវិបត្តិនៅស៊ីរី ដោយ៖ លោក ហ៊ាន ស្រស់ នាយកដ្ឋានសិក្សាអឺរ៉ុបនិងរុស្ស៊ី/ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

ចាប់ពីចុងសតវត្សរ៍ទី១៦ រហូតដល់ដើមសតវត្សរ៍ទី២០ ទំនាក់ទំនងរវាងចក្រភពអូតូម៉ង់(តួកគី)និងចក្រភពរុស្ស៊ី ជាធម្មតាមានលក្ខណៈមិនល្អនិងមានអរិភាពនឹងគ្នា។ ប្រទេសទាំងពីរបានធ្វើសង្គ្រាមជាច្រើនលើកច្រើនសារ ហើយប្រទេសរុស...

2020-03-03 02:19:53   ថ្ងៃអង្គារ, 03 មីនា 2020 ម៉ោង 09:19 AM

សេចក្តីប្រកាស