ព័ត៌មាន

អារម្មណ៍ពុះកញ្ជ្រោលរឿងទឹកដី មិនអាចរំងាប់ទាំងស្រុងដោយជំនឿសាសនាបានទេ

2024-08-26 10:40:31 ថ្ងៃចន្ទ, 26 សីហា 2024 ម៉ោង 05:40 PM
អ្នកមើល 568
post_detail1

ដោយ៖ បណ្ឌិត គិន ភា

តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) នៅតែក្តៅគគុកថ្វីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានពន្យល់យ៉ាងក្បោះក្បាយនិងគ្រប់ជ្រុងជ្រោយជាច្រើនលើកច្រើនសា ហើយរាជបណ្ឌិត្យសភាកម្ពុជាបានបកស្រាយដោយផ្អែកលើការស្រាវជ្រាវវិទ្យាសាស្ត្រតាមរយៈកិច្ចពិភាក្សាតុមូលរបស់ខ្លួនកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ កន្លងមកក្តី។

បន្ថែមលើនេះ មួយរយៈចុងក្រោយនេះ ព្រះសង្ឃមួយអង្គព្រះនាមព្រះធម្មវនវាសី ចន្ទ មុនី ដែលមានប្រជាពុទ្ធបរិស័ទនិងអ្នករាជការថ្នាក់មូលដ្ឋាននិងថ្នាក់កំពូលមួយចំនួនជឿងប់លើព្រះអង្គច្រើនគួរសម បានដឹកនាំមនុស្សម្នាជាច្រើនទៅពិនិត្យតាមបណ្ដោយព្រំដែនខេត្តទាំងបួនដែលស្ថិតនៅតំបន់ត្រីកោណអភិវឌ្ឍន៍ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។

សំណួរសួរថា តើសកម្មភាពរបស់ព្រះធម្មវនវាសី ចន្ទ មុនី ចុះពិនិត្យព្រំដែនឆ្លុះបញ្ចាំងយ៉ាងដូចម្តេច? តើវត្តមានរបស់ព្រះសង្ឃព្រះនាមព្រះធម្មវនវាសី ចន្ទ មុនី ទៅទីនោះ អាចជួយរំងាប់អារម្មណ៍ របស់អ្នកដែលមិនគាំទ្រ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បានដែរទេ?

ជាការណ៍ពិត វត្តមានរបស់ព្រះអង្គព្រះធម្មវនវាសី ចន្ទ មុនី ទៅតំបន់ CLV-DTA ពិតជាមានអ្នកហែរហមអមដំណើរច្រើនមែន មានទាំងមន្ត្រី មានទាំងរាស្ត្រ។ ការណ៍នេះជាការរំលេចឱ្យឃើញថា ជំនឿតាមបែបព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនា នៅតែបន្តមានឥទ្ធិពលនៅក្នុងសង្គមខ្មែរ។ ហេតុនេះ អ្នកនយោបាយអាចប្រើប្រាស់ប្រព័ន្ធជំនឿបែបនេះក្នុងយុទ្ធសាស្ត្រនយោបាយរបស់ខ្លួនផងដែរ ព្រោះអ្នកនយោបាយអាចធ្វើនយោបាយនីយកម្មលើគ្រប់វិស័យឱ្យតែអាចទាញផលប្រយោជន៍នយោបាយបាន។ កន្លងមក នយោបាយនីយកម្មត្រូវបានប្រើប្រាស់ក្នុងវិស័យវប្បធម៌ សិល្បៈ ជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់ កីឡា រហូតដល់វិស័យវិទ្យាសាស្ត្រទៅទៀត។

ក្នុងវិស័យវិទ្យាសាស្ត្រ បើរាជរដ្ឋាភិបាលអាចលើកទឹកចិត្តឱ្យអ្នកវិទ្យាសាស្ត្រស្រាវជ្រាវរកឃើញអ្វីដែលថ្មី ហើយអាចផលិតបាននូវផលិតផលវិទ្យាសាស្ត្រទំនើប នោះវានឹងក្លាយជាប្រភពនៃមោទនភាពជាតិ និងជាទុននយោបាយដ៏សំខាន់ជាងបំពោកជំនឿសាសនាទៅទៀត។

មែនទែនទៅ ការជឿទៅលើជំនឿសាសនា ឬប្រតិបត្តិទៅលើប្រព័ន្ធជំនឿណាមួយពុំមែនជាការខុសឆ្គងនោះឡើយ ព្រោះសេរីភាពនៅក្នុងជំនឿសាសនា ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ក៏ប៉ុន្តែ គេត្រូវជឿដោយបញ្ញា មិនមែនជឿទាំងងងឹតងងល់នោះទេ។

ពាក់ព័ន្ធនឹងវត្តមានរបស់ព្រះអង្គព្រះធម្មវនវាសី ចន្ទ មុនី ទៅតំបន់ CLV-DTA អាចហុចផលពីរយ៉ាងផ្ទុយពីគ្នាគឺ ការរំងាប់អារម្មណ៍ភ័យខ្លាចនិងព្រួយបារម្ភអំពីការបាត់បង់ទឹកដីពីសំណាក់អ្នកដែលមានជំនឿងប់លើព្រះអង្គ ប៉ុន្តែសម្រាប់អ្នកមិនជឿលើព្រះអង្គ គេចាត់ទុកជារឿងអស់សំណើច។ គេត្រូវដឹងថា បញ្ហាព្រំដែន អធិបតេយ្យភាព និងបូរណភាពទឹកដី មានទម្ងន់ធ្ងន់ជាងអំបិយជំនឿ។ ត្រូវចងចាំថា ប្រជាជនខ្មែរបានស្ពាយជាប់ខ្លួនរាប់សតវត្សរ៍នូវស្លាកស្នាមអតីតកាលនៃប្រវត្តិសាស្ត្រដែលបាត់បង់ទឹកដីទៅប្រទេសជិតខាង។

ដូច្នេះ ជំនឿសាសនាមិនអាចរំងាប់អារម្មណ៍ខ្វល់ខ្វាយរឿង CLV-DTA បានទាំងស្រុងទេ ដ្បិតរឿងព្រំដែន គឺជារឿងទឹកដី អធិបតេយ្យភាព និងឯករាជ្យជាតិ ដែលទាមទារភាពច្បាស់លាស់លើទិដ្ឋភាពផ្លូវច្បាប់ និងតម្រូវឱ្យមានការបកស្រាយពន្យល់តាមលក្ខណៈវិទ្យាសាស្ត្រជាក់លាក់។

នៅពេលដែលសង្គមមួយ មានមនុស្សភាគច្រើនជឿលើមន្តអាគម ជាងជាងវិទ្យាសាស្ត្រ, ជឿលើការបន់ស្រន់ ជាជាងសមត្ថភាព, ជឿលើប្រជាភិថុតិ ជាជាងហេតុផល, ជឿលើពាក្យចចាមអារ៉ាម ជាជាងការពន្យល់តាមបែបវិទ្យាសាស្ត្រនិងផ្លូវច្បាប់, ជឿលើវោហាសាសព្ទនយោបាយ ជាជាងសកម្មភាពនិងសមិទ្ធផលជាក់ស្តែង, ជឿលើការញុះញង់របស់បរទេស ជាជាងជាតិខ្លួនឯង, ជឿលើសីលធម៌ក្លែងក្លាយ ជាជាងសច្ចធម៌, ជឿលើសង្គ្រាមស្រមោល ជាជាងសន្តិភាពជាក់ស្តែង, ជឿលើអ្នករត់ចោលស្រុក ជាជាងអ្នកនៅជាមួយគ្នា, ជឿលើមាត់របស់អ្នកនៅឆ្ងាយរាប់ពាន់យោជន៍ ជាជាងភ្នែកខ្លួនឯង, ជឿលើជាតិសាសន៍ដទៃ ជាជាងជាតិសាសន៍ខ្លួនឯង, សង្គមបែបនេះដាច់ខាតមិនអាចស្គាល់ភាពរីកចម្រើនពិតប្រាកដនិងយូរអង្វែងបានទេ។

ដូច្នេះ សង្គមយើងមិនត្រូវលើកទឹកចិត្តឱ្យមនុស្សលង់លក់វង្វេងវង្វាន់ក្នុងជំនឿអរូបីមិនសមហេតុផលនោះទេ។ បច្ចុប្បន្ននេះ វិទ្យាសាស្ត្ររីកចម្រើន កប់ពពកគេបានរុករកឃើញភពជាច្រើនដែលនៅជុំវិញផែនដីហើយ គេបង្កើតមនុស្សយន្ត (Robot) បញ្ញាសិប្បនិម្មិត (AI) និងសម្ភារៈទំនើបៗផ្សេងទៀត ដែលបានកសាងសង្គមមនុស្សជាតិមួយប្រកបដោយភាពស៊ីវិលនិងវឌ្ឍនភាពឥតឈប់ឈរ។ ប្រទេសដែលមានការរីកចម្រើននិងមានវិទ្យាសាស្ត្រជឿនលឿន ប្រជាជននៃប្រទេសទាំងនោះ ពុំបានផ្អែកទៅលើការបន់ស្រន់ ឬសុំពរពីព្រះជាម្ចាស់ ឬក៏វត្ថុស័ក្តិសិទ្ធិណាដើម្បីភាពមានបាន សេចក្តីសុខចម្រើន និងដើម្បីជួយឱ្យប្រទេសជាតិរបស់ខ្លួនក្លាយទៅជាមហាអំណាចនោះឡើយ។

ងាកមករឿងការពារខ្សែបន្ទាត់ព្រំដែនយើងវិញ ដើម្បីឱ្យខ្សែបន្ទាត់ព្រំដែនយើងរឹងមាំ និងគង់វង្សយូរអង្វែងនោះ គេត្រូវតែកំណត់យកយន្តការច្បាប់ជាចម្បង ដូចជាការបោះបង្គោលព្រំដែនជាមួយនឹងបណ្ដាប្រទេសជាប់ខាងរបស់កម្ពុជា ដែលត្រូវមានការទទួលស្គាល់ទៅវិញទៅមកដោយប្រទេសទាំងសងខាង និងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមខ្សែបន្ទាត់ព្រំដែន ដូចអ្វីដែលប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតិ ហ៊ុន ម៉ាណែត បានអះអាងថា ប្រជាពលរដ្ឋគឺជារបងការពារព្រំដែនយ៉ាងរឹងមាំ និងយូរអង្វែង។

ជាមួយគ្នានេះ ការប្រកាសបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន គឺជាការអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលពោរពេញទៅដោយស្មារតីជាតិនិយម ស្នេហាប្រទេស និងទឹកដីរបស់ខ្លួន អាចចូលរួមចំណែកទៅតាមលទ្ធភាពធនធានដែលមាន និងស្មារតីជាតិនិយមដែលខ្លួនបានប្រកាន់ខ្ជាប់ដោយមោះមុត។ លើសពីនេះទៅទៀត ការលើកទឹកចិត្តទៅដល់ប្រជាពលរដ្ឋទូទៅ ពិសេសការផ្ដល់ដីទៅដល់ពលរដ្ឋដែលខ្វះខាតដីធ្លីសម្រាប់ការរស់នៅ ឱ្យទៅរស់នៅតាមតំបន់ គឺជាយន្តការដ៏មានប្រសិទ្ធភាពមួយទៀត ដើម្បីរួមចំណែកប្រែក្លាយតំបន់ព្រំដែនទៅជាទីប្រជុំជន ជាទីកន្លែងដែលមានការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដូចជា ទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទីផ្សារ និងមធ្យោបាយផ្សេងៗទៀត។

នៅពេលដែលមានភូមិករប្រជាជន មានចរន្តសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការធ្វើដំណើរបានងាយស្រួល នោះគឺជាការសម្រេចបាននូវរបងព្រំដែនដែលមានភាពរឹងមាំនិងគង់វង្សយូរអង្វែង ហើយតំបន់ព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ក៏នឹងលែងក្លាយទៅជារឿងនិទានឬអាថ៌កំបាំង ដែលអ្នកនយោបាយប្រឆាំងអាចទាញធ្វើជាលេសដើម្បីវាយប្រហារ ចោទប្រកាន់ និងបំភ្លៃការពិតទៀតហើយ។

បញ្ហាព្រំដែនកម្ពុជាជាមួយនឹងប្រទេសជិតខាង ក៏នឹងលែងក្លាយទៅជារបៀបវារៈនយោបាយ ដែលគេប្រើប្រាស់ដើម្បីដុតរោលបញ្ហាផ្ទៃក្នុងរបស់កម្ពុជា ដើម្បីតែមហិច្ឆតាអំណាចឬផលប្រយោជន៍នយោបាយរបស់គេតទៅទៀត ក៏ព្រោះតែនៅពេលដែលមានការមន្ទិលសង្ស័យ ឬចម្ងល់ចំពោះតំបន់ព្រំដែនណាមួយ ប្រជាពលរដ្ឋខ្មែរទាំងអស់ សុទ្ធតែអាចធ្វើដំណើរទៅពិនិត្យនិងស្វែងយល់បានដោយខ្លួនឯងបាន ជាជាងជឿទៅតាមការញុះញង់និងការបំផុសបំផុលប្រាសចាកការណ៍ពិតជាក់ស្ដែង ពីសំណាក់អ្នកនយោបាយទ្រុស្តជាតិនិងបរទេសអមិត្ត៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«ក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិកពង្រីកប្រតិបត្តិការទីផ្សារនៅកម្ពុជា»

ភ្នំពេញ៖ Crown Holdings Inc ជាក្រុមហ៊ុនផលិតផលសម្រាប់ការវេចខ្ចប់ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក ហើយនៅខែមករា បានដាក់ដំណើរការខ្សែចង្វាក់ផលិតផលសម្បកកំប៉ុងទី៣របស់ខ្លួននៅរាជធានីភ្នំពេញ ប៉ុន្តែក្រុមហ៊ុនមិនទាន...

  ថ្ងៃសុក្រ, 08 កុម្ភៈ 2019 ម៉ោង 03:37 PM
«ដំណឹងអាហាររូបករណ៍សិក្សាជាន់ខ្ពស់អន្តរជាតិឆ្នាំ ២០១៩-២០២០»

សូមជម្រាបជូនអ្នកស្រាវជ្រាវ និងសាធារណជនទាំងអស់មេត្តាជ្រាបថា, មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី (Asia Research Center) នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយទទួលបានការឧបត្ថម្ភពីវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់ (មូលន...

  ថ្ងៃសុក្រ, 08 កុម្ភៈ 2019 ម៉ោង 03:36 PM
សរុបព័ត៌មានប្រចាំសប្តាហ៍៖ «បច្ចេកសព្ទចំនួន ៧ ត្រូវបានអនុម័ត នៅសប្តាហ៍ទី១ ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា»

បច្ចេកសព្ទចំនួន ៧ ត្រូវបានអនុម័ត នៅសប្តាហ៍ទី១ ក្នុងខែកុម្ភៈ  ឆ្នាំ២០១៩នេះ​ ក្នុងនោះមាន៖- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍  ចំនួន០៣ពាក្យ ដែលបានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័ត នាថ្ងៃអង្គារ ១កើត ខែម...

  ថ្ងៃសុក្រ, 08 កុម្ភៈ 2019 ម៉ោង 12:07 PM
«កម្ពុជា និងឥណ្ឌូណេស៊ីគ្រោងរៀបចំព្រឹត្តការណ៍កីឡាវាយកូនហ្គូលមិត្តភាព និងពិព័រណ៍ទេសចរណ៍នៅឆ្នាំ២០១៩​នេះ...»

ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង កម្ពុជា និងឥណ្ឌូណេស៊ី​ឱ្យកាន់តែរឹងមាំនោះ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ នៅទីស្ដី​ការក្រសួងទេសចរណ៍  មានជំនួបការទូតមួយបានរៀបចំឡើង ដោយមានការអញ្ជ...

  ថ្ងៃព្រហស្បតិ៍, 07 កុម្ភៈ 2019 ម៉ោង 11:59 PM
«កម្ពុជា និងឥណ្ឌូណេស៊ីនឹងមានការហោះហើរត្រង់នៅអំឡុងពាក់កណ្តាលឆ្នាំ២០១៩នេះ»

ភ្នំពេញ៖ នៅក្នុងជំនួបជាមួយឯកឧត្តមស៊ួឌីរាសម៉ាន់ ហាសសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌូណេស៊ី ប្រចាំនៅកម្ពុជានាព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រស...

  ថ្ងៃព្រហស្បតិ៍, 07 កុម្ភៈ 2019 ម៉ោង 11:12 PM
«ប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា»

ថ្ងៃពុធ ២កេីត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា បា...

  ថ្ងៃព្រហស្បតិ៍, 07 កុម្ភៈ 2019 ម៉ោង 12:11 PM

សេចក្តីប្រកាស