Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម» ដែលរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា និងជាអ្នកជំនាញទស្សនវិជ្ជានិងការអភិវឌ្ឍសង្គម បានគូសបញ្ជាក់អំពីហេតុផលមួយចំនួនដែលនាំឱ្យមានការព្រួយបារម្ភអំពីតំបន់ត្រីកោណអភិវឌ្ឍន៍ និងបានផ្ដល់អនុសាសន៍ដែលអាចឈានទៅបញ្ចប់មន្ទិលសង្ស័យលើករណីនេះ។
ដោយផ្ដោតទៅលើទិដ្ឋភាពសង្គម លោកបណ្ឌិត ឈត ប៊ុនថង បានលើកឡើងអំពីមូលហេតុចំនួន១០ ដែលនាំទៅដល់ការព្រួយបារម្ភអំពីតំបន់ត្រីកោណអភិវឌ្ឍន៍គឺ៖
១. បទពិសោធន៍ប្រវត្តិសាស្ត្រ (ខ្មែរធ្លាប់បាត់ដីទៅវៀតណាមនិងថៃ)
២. កម្ពុជាជាប្រទេសតូចនិងធ្លាប់ចាញ់កលប្រទេសជិតខាង (ជួយគេតែអន្តរាយខ្លួនឯង)
៣. កង្វះការចែករំលែកព័ត៌មានអំពីគម្រោងអភិវឌ្ឍន៍ឱ្យបានទូលំទូលាយ
៤. ការធ្លាក់ចុះនូវជំនឿទុកចិត្តរវាងប្រជាពលរដ្ឋនិងអាជ្ញាធរ
៥. បានស្ដាប់សារនយោបាយទាក់ទងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍
៦. មានការជំរុញពីអ្នកនយោបាយប្រឆាំង
៧. អាចជាការឆ្លើយតបទៅនឹងការចោទប្រកាន់ថា សម រង្ស៊ី បានចុះហត្ថលេខាប្រគល់ខេត្តបួនរបស់កម្ពុជាទៅឱ្យជនជាតិម៉ុងតាញ៉ា វៀតណាម (ដែលដឹកនាំដោយ លោក កុកស)
៨. អាចជាចលនាប្រឆាំងនឹងការជីកព្រែកហ្វូណនតេជោ
៩. ខ្វះភាពជិតស្និទ្ធរវាងប្រជាជននិងអាជ្ញាធរ
១០. ការមិនជឿទុកចិត្តជាមួយប្រទេសជិតខាង។
ជាមួយនឹងការចែករំលែកអំពីទស្សនៈយល់ឃើញអំពីហេតុផលដែលនាំទៅដល់ការព្រួយបារម្ភចំពោះតំបន់ត្រីកោណអភិវឌ្ឍន៍ខាងលើនេះ លោកបណ្ឌិត ឈត ប៊ុន ថង ក៏បានផ្ដល់អនុសាសន៍ចំនួន៥ចំណុចដែលអាចឈានទៅបញ្ចប់មន្ទិលសង្ស័យលើករណីនេះផងដែរគឺ៖
១. ការបង្កើនជំនឿទុកចិត្តរវាងអាជ្ញាធរជាមួយពលរដ្ឋ
២. បង្កើនការផ្សព្វផ្សាយទាក់ទងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ឱ្យបានទូលំទូលាយជាងមុននិងមានតម្លាភាព
៣. បង្កលក្ខខណ្ឌឱ្យប្រជាជនមានឱកាសស្វែងយល់ពីរឿងរសើប
៤. បើកទូលាយនូវព័ត៌មានផ្ដល់ដីសម្បទានសេដ្ឋកិច្ចក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍
៥. គ្រប់គ្រងក្រុមហ៊ុនដែលទទួលបានដីសម្បទាននៅក្នុងតំបន់នោះឱ្យបានហ្មត់ចត់និងត្រឹមត្រូវតាមច្បាប់។
លោកបណ្ឌិតបានគូសបញ្ជាក់ថា ការកាត់បន្ថយគម្លាតទំនុកចិត្តរបស់ប្រជាពលរដ្ឋនិងអាជ្ញាធរ គឺជាចំណុចសំខាន់មួយដែលត្រូវយកចិត្តទុកដាក់ ហើយរដ្ឋត្រូវខិតខំបង្កើនជំនឿទុកចិត្តនេះជាបន្តបន្ទាប់ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋទទួលយកនិងស្ដាប់នូវការបកស្រាយពីក្រសួងស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាល។ ចំណែកឯការបង្កើនការផ្សព្វផ្សាយឯកសារទាក់ទងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម លោកបណ្ឌិត បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយជាងមុនបន្ថែមទៀត ប្រកបដោយតម្លាភាព ដើម្បីឱ្យប្រជាពលរដ្ឋអាចស្វែងយល់ដឹង និងពិចារណាបានស៊ីជម្រៅ ដោយផ្អែកលើមូលដ្ឋានព័ត៌មានដែលទទួលបានពីក្រសួងស្ថាប័នជំនាញ។
បន្ថែមពីនេះ បើតាមលោកបណ្ឌិត ឈត ប៊ុនថង រាជរដ្ឋាភិបាលនិងអាជ្ញាធរគួរតែបង្កលក្ខខណ្ឌងាយស្រួលនិងល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ ឱ្យមានឱកាសនៅក្នុងការស្វែងយល់ពីរឿងរសើបផ្សេងៗនៅក្នុងសង្គម ដែលជាប្រធានបទទាក់ទាញចំណាប់អារម្មណ៍របស់មហាជន ពីព្រោះការព្យាយាមបិទបាំងឬព្រងើយកន្តើយនឹងកង្វល់មហាជន អាចក្លាយទៅជាហេតុជំរុញមួយទៀតដែលនាំឱ្យប្រជាពលរដ្ឋឱ្យយល់ថា រឿងដែលខ្លួនសង្ស័យអាចជាការណ៍ពិត ទើបមិនមានការបកស្រាយឬបើកទូលាយឱ្យប្រជាពលរដ្ឋស្វែងយល់ និងជ្រួតជ្រាបបន្ថែមទៀត។ ក្នុងន័យដូចគ្នានេះ លោកបណ្ឌិតក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាល គួរតែបើកទូលាយនូវការផ្សព្វផ្សាយអំពីព័ត៌មាននៃការផ្ដល់ដីសម្បទានសេដ្ឋកិច្ចក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ឱ្យសាធារណជនបានដឹងឮ និងអាចស្វែងយល់បន្ថែមទៀត ជៀសវាងការបង្កើនឬបន្តឱ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យទៅលើករណីដែលត្រូវបានគេបំប៉ោងឬបំភ្លៃខុសពីការណ៍ពិតជាក់ស្ដែង។
ជាអនុសាសន៍ចុងក្រោយ លោកបណ្ឌិតបានជំរុញឱ្យអាជ្ញាធរនិងក្រសួងស្ថាប័នមានសមត្ថកិច្ច គប្បីពង្រឹងការគ្រប់គ្រងនិងការត្រួតពិនិត្យទៅលើក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ឱ្យបានត្រឹមត្រូវ ហ្មត់ចត់ និងស្របតាមច្បាប់ដែលមានជាធរមាន ដើម្បីបង្កើនទំនុកចិត្តនិងបញ្ចប់នូវពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងលំហូរជនអន្តោប្រវេសន៍ និងការផ្ដល់ដីសម្បទានដែលអាចបង្កផលប៉ះពាល់នានា ដូចអ្វីដែលជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
នៅថ្ងៃនេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសន្និសីទអន្តរជាតិ ស្តីពី «៤០ឆ្នាំនៃកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប៖ សមិទ្ធផល និងមាគ៌ាឆ្ពោះទៅមុខ» ជាមួយវត្តមានភ្ញ...
ថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ វិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ និងឧបត្ថម្ភពីមូលនិធិ...
នៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាតំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីលាងសាយភោជននៅសណ្ឋាគារ រ៉...
ថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានដឹកនាំអង្គប្រជុំ ពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍បានចំន...
នាថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ថោ ង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពនិងការគ្រប់គ្រងអាជីវកម្មទេសចរណ៍ សន្តិសុខ សុវត្ថិភាពទេសចរណ៍ អនាម័យ បរិស្ថាន និង កាណូតដឹកជញ្ជ...