Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «កម្ពុជាមានមូលដ្ឋានចំនួន ៤ដែលអាចថែរក្សាបូរណភាពទឹកដីរបស់ខ្លួនបាននោះគឺ ផែនទីរដ្ឋបាលបន្សល់ដោយអាណានិគមបារាំង បង្គោលព្រំដែនរដ្ឋបាលកូសាំងស៊ីន មូលដ្ឋានឯកសារដែលស្រាវជ្រាវនិងចងក្រងដោយរាជបណ្ឌិត្យសភាកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតាមព្រំដែនដែលរាជរដ្ឋាភិបាលកម្ពុជាបានកសាង» នេះជាការលើកឡើងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងនៅក្នុងកិច្ចច្ចពិភាក្សាតុមូលមួយស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤នេះ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងថា មូលដ្ឋានដ៏រឹងមាំមួយដែលអាចធានារក្សាការពារបូរណភាពទឹកដីកម្ពុជាបានគឺ ផែនទីដែលបន្សល់ដោយអាណានិគមបារាំង ពោលគឺជាមូលដ្ឋានចម្បងមួយនៅក្នុងការចរចានិងកំណត់បោះបង្គោលព្រំដែនរវាងប្រទេសស្ថិតនៅក្រោមអាណានិគមបារាំងទាំង៣ប្រទេសគឺ កម្ពុជា ឡាវ និងវៀតណាម។ ជាមួយគ្នានេះ អាណានិគមបារាំងក៏បានបន្សល់នូវបង្គោលព្រំប្រទល់រដ្ឋបាលជាច្រើន ដែលនៅក្នុងពេលសិក្សាស្រាវជ្រាវ ក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា បានស្នើសុំទៅកាន់រាជរដ្ឋាភិបាលឱ្យរក្សាទុកនូវបង្គោលសម័យបារាំងទាំងនោះ ដើម្បីទុកជាតឹកតាងប្រវត្តិសាស្ត្រ និងជាមូលដ្ឋានដ៏សំខាន់មួយទៀតនៅក្នុងការបោះបង្គោលព្រំដែនផ្លូវការ។
បន្ថែមពីលើនេះ តាមរយៈការចុះសិក្សាស្រាវជ្រាវទៅដល់ទីតាំងបង្គោល និងតំបន់ព្រំដែនដោយផ្ទាល់របស់ក្រុមស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលមានការផ្ទៀងផ្ទាត់និយាមការជាក់លាក់ ដោយផ្អែកលើមូលដ្ឋានឯកសារ ការកត់ត្រាទីតាំងភូមិសាស្ត្រនៅលើផែនដីជាក់ស្ដែងច្បាស់លាស់ គឺជាមូលដ្ឋានដ៏សំខាន់មួយបន្ថែមទៀត នៅក្នុងការថែរក្សានិងការពារនូវដែនបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសរំឭកផងដែរថា ក្រុមស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម នៃរាជបណ្ឌិត្យសភាកម្ពុជាដែលដឹកនាំដោយឯកឧត្ដមបណ្ឌិតសភាចារ្យផ្ទាល់ ធ្លាប់បានស្នើសុំទៅកាន់រាជរដ្ឋាភិបាលដោយផ្ទាល់ ឱ្យពន្យាពេលការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅក្នុងតំបន់ដាក់ដាំ (ខ្មែរហៅថាអូដាំម៉ែ) និងរក្សាស្ថានភាពបច្ចុប្បន្នសិន ព្រោះភាគីវៀតណាមបានស្នើសុំឱ្យបោះបង្គោលព្រំដែន ដោយយកចំណែកលើស ដែលក្រុមស្រាវជ្រាវរាជបណ្ឌិត្យសភាកម្ពុជាមើលឃើញថាជាការខាតបង់របស់កម្ពុជា។
លើសពីនេះទៅទៀត មូលដ្ឋានសំខាន់ទី៤ ដែលជួយថែររក្សាបូរណភាពទឹកដីកម្ពុជានោះគឺ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតាមព្រំដែនដែលរាជរដ្ឋាភិបាលកម្ពុជាបានកសាងនៅតាមបណ្ដោយព្រំដែន ដែលកាលពីមុន នៅក្នុងពេលដែលក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាចុះទៅសិក្សាស្រាវជ្រាវ ក្រុមការងារត្រូវស្នើសុំផ្លូវធ្វើដំណើរពីខាងទឹកដីវៀតណាម ដើម្បីទៅដល់បង្គោលព្រំដែនមួយចំនួន ប៉ុន្តេក្រោយពីមានការស្នើសុំពីរាជបណ្ឌិត្យសភាកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចកសាងផ្លូវនៅតាមបណ្ដោយព្រំដែន ដើម្បីមានមធ្យោបាយធ្វើដំណើរទៅដល់ទីតាំងបង្គោលព្រំដែននីមួយៗ។ ការធ្វើផ្លូវនៅតាមតំបន់ព្រំដែន គឺរាជរដ្ឋាភិបាលរៀបចំឡើងដើម្បីមានមូលដ្ឋាននៅក្នុងការការពារព្រំដែនឱ្យបានរឹងមាំ ហើយការយកប្រជាជនទៅរស់នៅតាមបណ្ដោយព្រំដែន ធ្វើជារបងការពារព្រំដែននោះ គឺជាការធានាបូរណភាពទឹកដីមួយបន្ថែមទៀត ព្រោះប្រជាជនរស់នៅតាមព្រំដែនគឺជាអ្នកឃ្លាំមើលព្រំដែន ប្រសិនបើគេមើលឃើញវៀតណាមរំលោភបំពានមកលើទឹកដីកម្ពុជា នោះប្រជាជនជាអ្នកតាមដាន ហើយជួយនាំព័ត៌មានយ៉ាងមានប្រសិទ្ធភាព។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានក្រើនរំឭកផងដែរថា សូមឱ្យប្រជាពលរដ្ឋខ្មែរកុំផ្ដេកផ្ដួលតែទៅលើបទពិសោធន៍ជូរចត់ពីប្រវត្តិសាស្ត្រ ហើយយករឿងព្រំដែនធ្វើជារឿងឈឺចាប់តាមការបញ្ឆេះរបស់បរទេសនិងអ្នកនយោបាយប្រឆាំង ព្រោះប្រវត្តិសាស្ត្របានបង្រៀនយ៉ាងច្បាស់ថា នៅពេលដែលខ្មែរបែកបាក់ អ្នកដែលចំណេញគឺបរទេស ហើយបរទេសគេតែងតែព្យាយាមចាក់បញ្ចូលមកក្នុងការដឹកនាំរបស់ខ្មែរដូចជាក្នុងរាជ្យព្រះបាទពញាយ៉ាត ព្រះបាទជ័យជេដ្ឋាទី២ និងព្រះអង្គចន្ទអ៊ីប្រាហ៊ីមជាដើម។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យបានស្នើសុំឱ្យពលរដ្ឋខ្មែរផងដែរថា ត្រូវពង្រឹងចំណេះដឹង តាមរយៈការអានសៀវភៅនិងឯកសារដែលមានតម្លៃ ជាពិសេសអំពីប្រវត្តិសាស្ត្រ ដើម្បីអាចស្វែងយល់ពីបទពិសោធន៍ប្រវត្តិសាស្ត្រ ចៀសវាងការដើរជាន់ដានប្រវត្តិសាស្ត្រច្រំដែលដូចអតីតកាល ហើយពលរដ្ឋខ្មែរត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានរឹងមាំ ដើម្បីចូលរួមចំណែកពង្រឹងប្រទេសជាតិ និងអាចប្រកួតប្រជែងជាមួយនឹងបណ្ដាប្រទេសនានាក្នុងពេលបច្ចុប្បន្ន៕
RAC Media |លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
លិខិតបទដ្ឋានគតិយុត្ត គឺជាវិធានច្បាប់ ឬវិធានគតិយុត្តទាំងឡាយណាដែលចេញដោយស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់ដើម្បីដឹកនាំ គ្រប់គ្រងទំនាក់ទំនងរបស់មនុស្សក្នុងសង្គម គ្រប់វិស័យឱ្យមានរបៀបរៀបរយ សន្តិសុ...
មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយស សូមជម្រាបជូនថា ដោយមានកិច្ចសហការណ៍ រវាងវិទ្យាស្ថានជ័យសម្រាប់ការសិក្សាកម្រិតខ្ពស់ នៃសាធារណរដ្ឋកូរ៉េ មជ្ឈមណ្ឌលបានផ្តល់ជូនព័ត៌មានកម្មវិធី...
ប្រទេសឥណ្ឌាមានប្រជាជន១៤០០លាននាក់ មានរដ្ឋ (ខេត្ត) ចំនួន ២៨រដ្ឋ ៧៦៤ស្រុក ៧៦៥៤ឃុំ ២៥២០០០ភូមិ ១២ សហគមន៍ ១៧ភាសាដែលត្រូវបានប្រើប្រាស់ជាផ្លូវការ និង៤០%នៃប្រជាជនសរុបរស់នៅក្រោមខ្សែបន្ទាត់សេដ្ឋកិច្ច (យោងតាមការធ...
ក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូល មានសុខសន្តិភាព និងអភិវឌ្ឍន៍រីកចម្រើ...
លោក Hua Quoc Anh (ស្តាំ) ធ្វើការជាមួយអាជ្ញាធរទីក្រុងហូជីមិញ - រូបភាព៖ នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនង ក្រុងហូជីមិញប្រភពព័ត៌មានពីសារព័ត៌មានអនឡាញរបស់វៀតណាម VN Express ចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២...
ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤គឺជាខួបលើកទី៤៥ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៤) នៃថ្ងៃ ដែលប្រជាជានកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជា ប្រជាធិបតេយ្យ ឬ ហៅថារបប ប្រល័យ ពូជសាសន៍ ប៉ុល ពត ដែលបានធ្វើអោយ...