ព័ត៌មាន

ឯកឧត្ដមបណ្ឌិត យង់ ពៅ ជួបពិភាក្សាការងារជាមួយនឹងលោកជំទាវ Chen Bo ឯកអគ្គរដ្ឋទូត និងជាប្រធានវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិ

2024-05-21 03:31:57 ថ្ងៃអង្គារ, 21 ឧសភា 2024 ម៉ោង 10:31 AM
អ្នកមើល 7181
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយនឹងប្រតិភូវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិ ដឹកនាំដោយលោកជំទាវ Chen Bo ឯកអគ្គរដ្ឋទូត និងជាប្រធានវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិ នៃក្រសួងការបរទេសចិន ដើម្បីពិភាក្សាការងារ និងពិនិត្យមើលលទ្ធភាពដែលអាចឈានទៅរកការធ្វើកិច្ចសហប្រតិបត្តិការគ្នាលើវិស័យសិក្សាស្រាវជ្រាវរវាងស្ថាប័នទាំងពីរ។

ក្នុងជំនួបនាឱកាសនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានសម្ដែងការស្វាគមន៍ប្រកបដោយក្ដីសោមនស្សរីករាយ ចំពោះជំនួបពិភាក្សាជាមួយនឹងប្រតិភូវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិនៅក្នុងឱកាសនេះ ដោយឯកឧត្ដមបានណែនាំសមាសភាពរាជបណ្ឌិត្យសភាកម្ពុជាដែលចូលរួមក្នុងជំនួបពិភាក្សានាឱកាសនេះ ព្រមទាំងបានគូសបញ្ជាក់អំពីរចនាសម្ព័ន្ធ បេសកកម្ម តួនាទី ព្រមទាំងសមិទ្ធផលសំខាន់ៗរបស់រាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាការធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយនឹងស្ថាប័នស្រាវជ្រាវនានានៃសាធារណរដ្ឋប្រជាមានិតចិននាពេលកន្លងមក ពិសេសកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលភាសាចិន តាមរយៈវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលជាប់ជាវិទ្យាស្ថានខុងជឺនៅបរទេសដែលឈានមុខគេនៅលើពិភពលោក។

លោកជំទាវ Chen Bo បានថ្លែងអំណរគុណចំពោះជំនួបនាឱកាសនេះ និងបានណែនាំសមាសភាពប្រតិភូវិទ្យាស្ថានចិនសម្រាប់សិក្សាអន្តរជាតិ ព្រមទាំងបានគូសបញ្ជាក់ថា លោកជំទាវមានបំណងភ្ជាប់ទំនាក់ទំនង និងធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈការពង្រឹងការផ្លាស់ប្ដូរមន្ត្រីស្រាវជ្រាវ និងការសិក្សាស្រាវជ្រាវរួមគ្នាជាមួយស្ថាប័នធនាគារខួរក្បាល។ លោកជំទាវបានគូសបញ្ជាក់ថា វិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិគឺជាវិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីផ្នែកការទូតមុនគេបង្អស់នៅប្រទេសចិន ដែលបង្កើតឡើងនៅឆ្នាំ១៩៥៦ ហើយបច្ចុប្បន្ន វិទ្យាស្ថាននេះត្រូវបានរដ្ឋាភិបាលចិនសម្រេចប្រគល់ភារកិច្ចឱ្យសិក្សាអំពីទស្សនៈរបស់ឯកឧត្ដម ស៊ី ជីនពីង ដែលជាទស្សនៈគោលសម្រាប់នយោបាយការបរទេសប្រទេសចិន ហើយលោកជំទាវមានបំណងសហការជាមួយនឹងវិទ្យាស្ថានចំណុះរាជបណ្ឌិត្យសភាកម្ពុជា ដែលមានឧបនិស្ស័យដូចគ្នានឹងវិទ្យាស្ថានរបស់លោកជំទាវ។

ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានជម្រាបលោកជំទាវ Chen Bo អំពីវិទ្យាស្ថានចំនួនពីរដែលមានឧបនិស្ស័យ និងផ្ដោតការងារសិក្សាស្រាវជ្រាវនៅក្នុងកិច្ចការពាក់ព័ន្ធនឹងទំនាក់ទំនងអន្តរជាតិដូចវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិដែរគឺ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ និងវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលភាគីទាំងពីរអាចជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន។

ជាលទ្ធផល ថ្នាក់ដឹកនាំនៃស្ថាប័នស្រាវជ្រាវទាំងពីរបានឯកភាពគ្នាពិនិត្យលទ្ធភាព នៅក្នុងការជំរុញការផ្លាស់ប្ដូរមន្ត្រីស្រាវជ្រាវ ការចូលរួមវេទិកាវិទ្យាសាស្ត្រទៅវិញទៅមក ការរៀបចំវេទិកាវិទ្យាសាស្ត្ររួមគ្នា ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នា អំពីប្រធានបទទាក់ទងនឹងទំនាក់ទំនងអន្តរជាតិ បញ្ហាជាសាកលផ្សេងៗ ពិសេសនៅក្នុងបរិបទទំនាក់ទំនងទ្វេភាគីកម្ពុជាចិនផងដែរ។

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

អត្ថបទទាក់ទង

«ទិវាវប្បធម៌ជាតិ៣មីនា» ដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី

RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

2020-03-03 04:38:13   ថ្ងៃអង្គារ, 03 មីនា 2020 ម៉ោង 11:38 AM
«ផែនការសន្តិភាពមជ្ឈឹមបូព៌ា» ដោយ៖ ធន ឆាយពិសិដ្ឋ មន្រ្តីស្រាវជ្រាវនៃនាយកដ្ឋាននយោបាយនិងសន្តិសុខអន្តរជាតិ

ផែនការសន្តិភាពដែលមានកម្រាស់៨០ទំព័រនេះ មានខ្លឹមសារប្រមាណ៥០ទំព័រទាក់ទងនឹងការដោះស្រាយបញ្ហា «រដ្ឋពីរ» អ៊ីស្រាអែលនិងប៉ាឡេស្ទីន ដែលមានការប៉ះទង្គិចគ្នារ៉ាំរ៉ៃជាច្រើនទសវត្សរ៍មកហើយ។ នៅក្នុងផែនការនេះ ប្រធា​នាធិ...

2020-03-03 03:08:49   ថ្ងៃអង្គារ, 03 មីនា 2020 ម៉ោង 10:08 AM
ទំនាក់ទំនងរវាងរុស្ស៊ីនិងតួកគីក្នុងបរិបទវិបត្តិនៅស៊ីរី ដោយ៖ លោក ហ៊ាន ស្រស់ នាយកដ្ឋានសិក្សាអឺរ៉ុបនិងរុស្ស៊ី/ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

ចាប់ពីចុងសតវត្សរ៍ទី១៦ រហូតដល់ដើមសតវត្សរ៍ទី២០ ទំនាក់ទំនងរវាងចក្រភពអូតូម៉ង់(តួកគី)និងចក្រភពរុស្ស៊ី ជាធម្មតាមានលក្ខណៈមិនល្អនិងមានអរិភាពនឹងគ្នា។ ប្រទេសទាំងពីរបានធ្វើសង្គ្រាមជាច្រើនលើកច្រើនសារ ហើយប្រទេសរុស...

2020-03-03 02:19:53   ថ្ងៃអង្គារ, 03 មីនា 2020 ម៉ោង 09:19 AM
បេក្ខជន ៤៧នាក់ ជាប់វិញ្ញាសាសរសេរ និងត្រៀមប្រឡងវិញ្ញាសាផ្ទាល់មាត់ថ្ងៃស្អែកនេះ

 ក្រុមការងារគណៈកម្មការរៀបចំការប្រឡង នៃរាជបណ្ឌិត្យសភាកម្ពុជា ជាមួយវត្តមានតំណាងមកពីទីស្តីការគណៈរដ្ឋមន្ត្រី និង ក្រសួងមុខងារសាធារណៈ រាជបណ្ឌិត្យសភាកម្ពុជា សូមប្រកាសលទ្ធផលវិញ្ញាសាសរសេរ សម័យប្រឡង ថ្ងៃទ...

2020-02-27 10:53:17   ថ្ងៃព្រហស្បតិ៍, 27 កុម្ភៈ 2020 ម៉ោង 05:53 PM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញបើកវិញ្ញាសាប្រឡងជ្រើសរើសមន្ត្រីរាជការថ្មីចំនួន១៧នាក់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី» ដោយ៖ រឿន ភារុន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញជាអធិបតីបើកវិញ្ញាសាប...

2020-02-26 01:54:12   ថ្ងៃពុធ, 26 កុម្ភៈ 2020 ម៉ោង 08:54 AM
រាជបណ្ឌិត្យសភាកម្ពុជា ប្រកាសពីបញ្ជីបេក្ខជនដែលត្រូវប្រឡងថ្ងៃទី២៦ ខែកុម្ភៈ ស្អែកនេះ!

តាមការប្រកាសរបស់រាជបណ្ឌិត្យសភាកម្ពុជា ការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌ«ក» ចូលបម្រើការនៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៦ ខែកុម្ភៈ ស្អែកនេះ ចាប់ពីវេលាម៉ោង ៧.៣០ តទៅ៖១....

2020-02-25 05:28:00   ថ្ងៃអង្គារ, 25 កុម្ភៈ 2020 ម៉ោង 12:28 PM

សេចក្តីប្រកាស