ព័ត៌មាន

ឯកឧត្ដមបណ្ឌិត យង់ ពៅ ជួបពិភាក្សាការងារជាមួយនឹងលោកជំទាវ Chen Bo ឯកអគ្គរដ្ឋទូត និងជាប្រធានវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិ

2024-05-21 03:31:57 ថ្ងៃអង្គារ, 21 ឧសភា 2024 ម៉ោង 10:31 AM
អ្នកមើល 5187
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយនឹងប្រតិភូវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិ ដឹកនាំដោយលោកជំទាវ Chen Bo ឯកអគ្គរដ្ឋទូត និងជាប្រធានវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិ នៃក្រសួងការបរទេសចិន ដើម្បីពិភាក្សាការងារ និងពិនិត្យមើលលទ្ធភាពដែលអាចឈានទៅរកការធ្វើកិច្ចសហប្រតិបត្តិការគ្នាលើវិស័យសិក្សាស្រាវជ្រាវរវាងស្ថាប័នទាំងពីរ។

ក្នុងជំនួបនាឱកាសនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានសម្ដែងការស្វាគមន៍ប្រកបដោយក្ដីសោមនស្សរីករាយ ចំពោះជំនួបពិភាក្សាជាមួយនឹងប្រតិភូវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិនៅក្នុងឱកាសនេះ ដោយឯកឧត្ដមបានណែនាំសមាសភាពរាជបណ្ឌិត្យសភាកម្ពុជាដែលចូលរួមក្នុងជំនួបពិភាក្សានាឱកាសនេះ ព្រមទាំងបានគូសបញ្ជាក់អំពីរចនាសម្ព័ន្ធ បេសកកម្ម តួនាទី ព្រមទាំងសមិទ្ធផលសំខាន់ៗរបស់រាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាការធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយនឹងស្ថាប័នស្រាវជ្រាវនានានៃសាធារណរដ្ឋប្រជាមានិតចិននាពេលកន្លងមក ពិសេសកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលភាសាចិន តាមរយៈវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលជាប់ជាវិទ្យាស្ថានខុងជឺនៅបរទេសដែលឈានមុខគេនៅលើពិភពលោក។

លោកជំទាវ Chen Bo បានថ្លែងអំណរគុណចំពោះជំនួបនាឱកាសនេះ និងបានណែនាំសមាសភាពប្រតិភូវិទ្យាស្ថានចិនសម្រាប់សិក្សាអន្តរជាតិ ព្រមទាំងបានគូសបញ្ជាក់ថា លោកជំទាវមានបំណងភ្ជាប់ទំនាក់ទំនង និងធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈការពង្រឹងការផ្លាស់ប្ដូរមន្ត្រីស្រាវជ្រាវ និងការសិក្សាស្រាវជ្រាវរួមគ្នាជាមួយស្ថាប័នធនាគារខួរក្បាល។ លោកជំទាវបានគូសបញ្ជាក់ថា វិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិគឺជាវិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីផ្នែកការទូតមុនគេបង្អស់នៅប្រទេសចិន ដែលបង្កើតឡើងនៅឆ្នាំ១៩៥៦ ហើយបច្ចុប្បន្ន វិទ្យាស្ថាននេះត្រូវបានរដ្ឋាភិបាលចិនសម្រេចប្រគល់ភារកិច្ចឱ្យសិក្សាអំពីទស្សនៈរបស់ឯកឧត្ដម ស៊ី ជីនពីង ដែលជាទស្សនៈគោលសម្រាប់នយោបាយការបរទេសប្រទេសចិន ហើយលោកជំទាវមានបំណងសហការជាមួយនឹងវិទ្យាស្ថានចំណុះរាជបណ្ឌិត្យសភាកម្ពុជា ដែលមានឧបនិស្ស័យដូចគ្នានឹងវិទ្យាស្ថានរបស់លោកជំទាវ។

ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានជម្រាបលោកជំទាវ Chen Bo អំពីវិទ្យាស្ថានចំនួនពីរដែលមានឧបនិស្ស័យ និងផ្ដោតការងារសិក្សាស្រាវជ្រាវនៅក្នុងកិច្ចការពាក់ព័ន្ធនឹងទំនាក់ទំនងអន្តរជាតិដូចវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិដែរគឺ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ និងវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលភាគីទាំងពីរអាចជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន។

ជាលទ្ធផល ថ្នាក់ដឹកនាំនៃស្ថាប័នស្រាវជ្រាវទាំងពីរបានឯកភាពគ្នាពិនិត្យលទ្ធភាព នៅក្នុងការជំរុញការផ្លាស់ប្ដូរមន្ត្រីស្រាវជ្រាវ ការចូលរួមវេទិកាវិទ្យាសាស្ត្រទៅវិញទៅមក ការរៀបចំវេទិកាវិទ្យាសាស្ត្ររួមគ្នា ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នា អំពីប្រធានបទទាក់ទងនឹងទំនាក់ទំនងអន្តរជាតិ បញ្ហាជាសាកលផ្សេងៗ ពិសេសនៅក្នុងបរិបទទំនាក់ទំនងទ្វេភាគីកម្ពុជាចិនផងដែរ។

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

អត្ថបទទាក់ទង

«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទបរិស្ថាននិងធនធានធម្មជាតិ »

កាលពីរសៀលថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុ...

2020-02-13 07:31:56   ថ្ងៃព្រហស្បតិ៍, 13 កុម្ភៈ 2020 ម៉ោង 02:31 PM
សញ្ញាណនៃវប្បធម៌វិទ្យា An Inroduction to Culturology ដោយ៖ ប្រែង ពិសិដ្ឋ និង ម៉ិល វាសនា វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា​​

RAC Mediaប្រភព៖ វិទ្...

2020-02-12 14:51:51   ថ្ងៃពុធ, 12 កុម្ភៈ 2020 ម៉ោង 09:51 PM
«ផលប៉ះពាល់នៃមេរោគកូរ៉ូណាមកលើវិស័យសេដ្ឋកិច្ចនិងទេសចរណ៍ពិភពលោក» ដោយបណ្ឌិត ហុង វណ្ណៈ នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

(រូបភាពពី METRO News)ការកើតឡើង និងការរីករាលដាលនៃមេរោគកូរ៉ូណា តាំងពីចុងឆ្នាំ២០១៩ មកទល់បច្ចុប្បន្ន កំពុងតែបង្កើតឱ្យមានបញ្ហាជាច្រើនដល់ពិភពលោក ទាំងសុខភាពសាកល ទាំងសេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងៗទៀតយ៉ាងធ...

2020-02-12 09:30:29   ថ្ងៃពុធ, 12 កុម្ភៈ 2020 ម៉ោង 04:30 PM
«មេរោគកូរ៉ូណាថ្មីនិងការឆ្លើយតបរបស់ពិភពលោក» ដោយលោក ធន ឆាយពិសិដ្ឋ នាយកដ្ឋាននយោបាយនិងសន្តិសុខអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

(រូបភាពកូរ៉ូណារីរុស ពី Scientist Magazine)មេរោគកូរ៉ូណាថ្មីនេះ មានឈ្មោះជាផ្លូវការថា Covid-19 ជាមេរោគអម្បូរតែមួយជាមួយនឹងមេរោគសារ្ស៍ (SARS-CoV) កាលពី២០០២ និង មេរោគមឹរ្ស៍ (MERS-CoV) នៅឆ្នាំ២០១២។ មេរោគកូរ៉...

2020-02-12 05:08:32   ថ្ងៃពុធ, 12 កុម្ភៈ 2020 ម៉ោង 12:08 PM
«ជំនួបពិភាក្សាការងាររវាងរាជបណ្ឌិត្យសភាកម្ពុជា NRC កូរ៉េ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្រាវជ្រាវគម្រោងយុទ្ធសាស្ត្រអភិវឌ្ឍកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចប្រជំុពិភាក្សាការងារជាមួយក្រុមប្រឹក្សាជា...

2020-02-11 11:21:17   ថ្ងៃអង្គារ, 11 កុម្ភៈ 2020 ម៉ោង 06:21 PM
«រាជបណ្ឌិត្យសភាកម្ពុជា និង NRCកូរ៉េនឹងសហការរួមគ្នារៀបចំគម្រោងស្រាវជ្រាវស្តីពី ការរៀបចំយុទ្ធសាស្ត្រនិងគោលនយោបាយជាតិកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយ...

2020-02-11 02:39:04   ថ្ងៃអង្គារ, 11 កុម្ភៈ 2020 ម៉ោង 09:39 AM

សេចក្តីប្រកាស