ព័ត៌មាន

ជនជាតិវៀតណាមមួយចំនួនព្យាយាមចាក់ទឹកត្រីលើដំបៅចាស់!

2024-05-20 12:37:27 ថ្ងៃចន្ទ, 20 ឧសភា 2024 ម៉ោង 07:37 PM
អ្នកមើល 9527
post_detail

កាលពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការភ្ញាក់ផ្អើលជាខ្លាំងពេលបើកមើលមតិយោបល់លើវីដេអូដែលសម្តេចបានបង្ហោះក្នុងបណ្ដាញសង្គម Tik Tok ដែលត្រូវបានជនជាតិវៀតណាមរាប់សិបនាក់ចូលមកជេរ។ ការជេរប្រមាថសម្តេចតេជោ តាម Tik tok ដោយជនជាតិ វៀតណាមមួយចំនួននេះ ធ្វើឡើងក្រោយពេលដែលសម្តេចបាននិយាយរឿងព្រែកជីកហ្វូណន តេជោ។

សម្តេចតេជោបានសម្តែងចម្ងល់ថា តើជនជាតិវៀតណាមទាំងនោះជាអ្នកណា? វៀតណាមនៅក្នុង ប្រទេសវៀត ណាមឬវៀតណាមនៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាមឬ អាណិកជនវៀតណាមនៅកម្ពុជា ឬក៏បងប្អូនខ្មែរក្រោមដែលមានគណនី Tik Tokនិងចេះវាយអក្សរវៀតណាមផងនិងចេះអានអក្សរខ្មែរផង។

ជាមួយនឹងការសង្ស័យនិងភាពមិនច្បាស់លាស់បែបនេះ សម្តេចបានស្នើឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាមសហការស្រាវជ្រាវសមាសភាពនៃជនដែលចូលទៅជេរប្រមាថសម្តេចជាអ្នកណា។

ឥរិយាបថរបស់ជនជាតិវៀតណាមដែលចូលមកជេរប្រមាថសម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំដ៏គួរឱ្យគោរពបំផុតរបស់កម្ពុជា គឺជាឥរិយាបថមួយមិនអាចទទួលយកបាន, ច្រឡោងខាម, ខ្វះការគោរពចំពោះទំនាក់ទំនងជាប្រពៃណីក្នុងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ, មិនគោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីនៃប្រទេសកម្ពុជា, ខ្វះចំណេះដឹងប្រវត្តិសាស្ត្រអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ក្នុងប្រវត្តិសាស្ត្រ កម្ពុជាបានបាត់បង់ទឹកដីច្រើនណាស់ទៅប្រទេសវៀតណាម។ ដែនដីកម្ពុជាក្រោមរាប់សិបខេត្ត រួមទាំងក្រុងព្រៃនគរផង ដែលមានពលរដ្ឋជាដើមកំណើតខ្មែររាប់លាននាក់រស់នៅទីនោះ, និងកោះត្រល់ដែលជាកោះគជ់ដ៏ឆើតឆាយ ដែលមានចម្ងាយតែជាង១០គីឡូពីក្រុងកែប ក៏ត្រូវបានគ្រប់គ្រងដោយប្រទេស វៀតណាមដែរ។

កម្ពុជាក្រោមក្តី កោះត្រល់ក្តី ទោះបីបាត់បង់ក្នុងសម័យកាលណាក៏ដោយ ក៏ប្រជាជនកម្ពុជាជំនាន់នេះ និងជំនាន់ក្រោយៗទៀត នៅតែមានការឈឺចាប់ និងស្តាយស្រណោះដែរ គឺប្រៀបដូចជាការបាត់បង់អវយវៈចេញពីរាងកាយដូច្នោះដែរ។

ដូច្នេះ ជនជាតិវៀតណាមទាំងនោះមិនគួរយកគម្រោងព្រែកជីកហ្វូណនតេជោរបស់ខ្មែរ ដែលនឹងត្រូវសាងសង់នៅលើទឹកដីខ្មែរ មកបង្កឱ្យមានការឈឺចាប់ដល់ប្រជាជនខ្មែរនោះទេ។ ជនជាតិវៀតណាមទាំងនោះ គួរតែគិតដល់តម្លៃនៃទំនាក់ទំនងនិងមិត្តភាពក្នុងភាពជាអ្នកជិតខាងល្អ មិនគួរចាក់ទឹកត្រីទៅលើស្នាមរបួសចាស់ដែលនាំឱ្យមានការឈឺចាប់កាន់តែខ្លាំងនោះទេ។

តែយ៉ាងណា សង្ឃឹមថា ការជេរប្រមាថរបស់ជនជាតិវៀតណាមទាំងនោះ នឹងមិនប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមនោះទេ បើនេះមិនមែនជាការរៀបចំឬជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលវៀតណាម។ យើងនៅតែចងចាំនូវពាក្យស្លោកកាលពីសម័យសង្គ្រាមត្រជាត់ដែលវៀតណាមតែងតែប្រើប្រាស់ដើម្បីលើកតម្កើងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិរវាងកម្ពុជានិងវៀតណាមថា «ទោះបីភ្នំទ្រឿងសឺងរេចរិល ក៏មិត្តភាពកម្ពុជា-វៀតណាម នៅតែស្ថិតស្ថេររឹងមាំដែរ»។

ដូច្នេះ ប្រទេសទាំងពីរត្រូវចេះរួមរស់ជាមួយគ្នាដោយសុខសន្តិភាព ការគោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីរបស់គ្នា និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមក ឱ្យសក្តិសមនឹងពាក្យស្លោកនៃទំនាក់ទំនងដែលប្រទេសទាំងពីរ បានអនុម័តគឺ «ភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង»។ ប្រទេសទាំងពីរត្រូវត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍បញ្ចសិលាសន្តិសហវិជ្ជមានក្នុងទំនាក់ទំនងរបស់ខ្លួន និងត្រូវទទួលស្គាល់សច្ចភាពប្រវត្តិសាស្ត្រ។ ប្រទេសទាំងពីរមិនត្រូវបណ្ដោយខ្លួនឱ្យធ្លាក់ក្នុងអន្ទាក់ភូមិសាស្ត្រនយោបាយនោះទេ៕

២០ ឧសភា ២០២៤

(បណ្ឌិត គិន ភា)

RAC Media

អត្ថបទទាក់ទង

រាជបណ្ឌិត្យសភាកម្ពុជារៀបចំកិច្ចពិភាក្សាតុមូល ស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា»

នៅរសៀលថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំនូវកិច្ចពិភាក្សាតុមូលស្ដីពី «ស្ថានភាពបំណុលនៅកម្ពុជា» ដែលត្រូវបានធ្វើឡើងនៅ...

2024-12-05 07:34:45   ថ្ងៃព្រហស្បតិ៍, 05 ធ្នូ 2024 ម៉ោង 02:34 PM
បណ្ឌិត យង់ ពៅ៖ កម្ពុជាត្រូវត្រៀមខ្លួនពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងមហាអំណាចទាំងអស់ ជាជាងរំពឹងតែទៅលើប្រព័ន្ធអនុគ្រោះពន្ធតែមួយមុខ

ជុំវិញការចោទជាសំណួរអំពីលទ្ធភាពនៃការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាម៉េរិកឡើងវិញដល់កម្ពុជាត្រូវបានអស់សុពលភាពជាច្រើនឆ្នាំមកហើយ នៅក្នុងអាណត្តិដឹកនាំជាថ្មីរបស់លោកដូណាល់ ត្រាំ ត្រូវបានលោកបណ...

2024-12-04 05:55:48   ថ្ងៃពុធ, 04 ធ្នូ 2024 ម៉ោង 12:55 PM
រាជបណ្ឌិត្យសភាកម្ពុជា សម្ពោធស្លាកវិទ្យាស្ថានម៉ក់ជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា

នៅថ្ងៃអង្គារ ៣ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង ០៩:៣០ នាទីព្រឹក រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ «ពិធី សម្ពោធស្លាក វិទ្យាស្ថានម៉ក់ជឺនៃរាជបណ្ឌិត...

2024-12-03 07:31:50   ថ្ងៃអង្គារ, 03 ធ្នូ 2024 ម៉ោង 02:31 PM
បណ្ឌិត យង់ ពៅ៖ កម្ពុជាត្រូវតែបោសសម្អាតអំពើពុករលួយ ដើម្បីជំរុញប្រសិទ្ធភាពរដ្ឋបាលសាធារណៈ

ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួន ស្ត្រី២នាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធយកលុយ ៣០០ ០០០ដុល្លារ ទៅឱ្យបុគ្គលឈ្មោះ មួង ឃីម និងបុគ្គលឈ្មោះ លី សាម៉េត ដើម្បីរត់ការឱ្យកូន...

2024-12-02 02:22:34   ថ្ងៃចន្ទ, 02 ធ្នូ 2024 ម៉ោង 09:22 AM
ឯកឧត្ដមបណ្ឌិត យង់ ពៅ ទទួលជួបជាមួយនឹងប្រតិភូបណ្ឌិត្យសភាពូតុង ក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ១៣ រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្...

2024-11-28 16:29:18   ថ្ងៃព្រហស្បតិ៍, 28 វិច្ឆិកា 2024 ម៉ោង 11:29 PM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំវេទិកាភ្នំពេញលើកទី៣ ស្ដីពី «បដិវត្តន៍ពណ៌និងសណ្ដាប់ធ្នាប់ពិភពលោកដែលកំពុងវិវត្ត : បញ្ហាប្រឈមចំពោះអធិបតេយ្យ និងលទ្ធិប្រជាធិបតេយ្យ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃពុធ ១២ រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវច្ឆិកា ឆ្នាំ២០២៤ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាភ្នំពេញលើកទី...

2024-11-28 16:11:59   ថ្ងៃព្រហស្បតិ៍, 28 វិច្ឆិកា 2024 ម៉ោង 11:11 PM

សេចក្តីប្រកាស