ព័ត៌មាន

ករណីព្រែកជីកហ្វូណនតេជោ៖ បណ្ឌិតសភាចារ្យ សុខ ទូច អះអាងថា កម្ពុជាត្រូវតែរស់ដោយពឹងលើសមត្ថភាពរបស់ខ្លួន ក្នុងករណីណាមួយ យើងក៏អាចរស់បានដែរ

2024-04-11 09:36:15 ថ្ងៃព្រហស្បតិ៍, 11 មេសា 2024 ម៉ោង 04:36 PM
អ្នកមើល 13353
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងនៅក្នុងវេទិកាអ្នកវិទ្យាសាស្ត្រនិងអ្នកសារព័ត៌មាន ស្ដីពី «ការឆ្លើយតបរបស់អ្នកវិទ្យាសាស្ត្រកម្ពុជាចំពោះការមួលបង្កាច់មកលើកម្ពុជា ជុំវិញករណីព្រែកជីកហ្វូណនតេជោ» នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍អះអាងថា «កម្ពុជាត្រូវតែរស់ដោយពឹងលើសមត្ថភាពរបស់ខ្លួន ក្នុងករណីណាមួយ យើងក៏អាចរស់បានដែរ»។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានអះអាងដូច្នេះ ដោយយោងទៅលើសារៈសំខាន់នៃការកសាងព្រែកជីកហ្វូណនតេជោ នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដោយផ្ទាល់។ ឯកឧត្ដមបានបញ្ជាក់ថា នាពេលបច្ចុប្បន្ន កម្ពុជាត្រូវដឹកផលិតផលទាំងអស់ឆ្លងកាត់ទឹកដីវៀតណាម និងប្រទេសថៃ ដែលការដឹកជញ្ជូនេះ ត្រូវការចំណាយថ្លៃឆ្លងកាត់ និងថ្លៃដឹកជញ្ជូនខ្ពស់ ហើយប្រទេសជិតខាងមានត្រួតពិនិត្យ និងដឹងយ៉ាងច្បាស់អំពីផលិតផលដែលកម្ពុជាត្រូវនាំចេញ ដែលជាហេតុផលធ្វើឱ្យកម្ពុជា មានការលំបាកនៅក្នុងការប្រកួតប្រជែងទីផ្សារជាមួយប្រទេសជិតខាង ទៅលើផលិតផលដូចគ្នា។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានលើកឡើងអំពីប្រសិទ្ធភាពនៃការដឹកជញ្ជូនផលិតផលតាមព្រែកជីកហ្វូណនតេជោផងដែរថា ការដឹកជញ្ជូនតាមផ្លូវទឹកចំណេញពេលវេលា និងមានការចំណាយទាប ដោយសារតែ២រទេះភ្លើងទើបបាន១ទូក ឬ១០រទេះភ្លើង ទើបបាន១កប៉ាល់ ដូច្នេះហើយ ព្រែកជីកហ្វូណនតេជោ នឹងផ្ដល់លក្ខណៈងាយស្រួលដល់កម្ពុជា នៅក្នុងការកាត់បន្ថយថ្លៃដើម ដែលជំរុញភាពប្រកួតប្រជែងនៃផលិតផលរបស់កម្ពុជានៅក្នុងទីផ្សារអន្តរជាតិ។

លើសពីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ផងដែរថា នៅពេលដែលមានព្រែកជីកហ្វូណនតេជោ ត្រូវបានកសាងរួចរាល់ វានឹងក្លាយទៅជាសក្ដានុពលដ៏ធំធេងមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា ពិសេសគឺការទាក់ទាញការបណ្ដាក់ទុនវិនិយោគកាន់តែច្រើនមកកាន់កម្ពុជា ដោយអ្នកវិនិយោគនឹងសម្លឹងមើលឃើញឱកាសចំណេញកាន់តែប្រសើរឡើងថែមទៀតនៅក្នុងប្រទេសកម្ពុជា ជាជាងការមើលឃើញតែឱកាសវិនិយោគនៅប្រទេសថៃ និងវៀតណាម ដោយសារតែព្រែកជីកនេះនឹងជួយពន្លឿនការដឹកជញ្ជូនផលិតផលរបស់ខ្មែរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានសម្ដែងការខកចិត្តជាខ្លាំង ដែលប្រជាជនខ្មែរមួយចំនួន ចូលចិត្តបង្ហាញទស្សនៈយល់ឃើញដោយគ្មានមូលដ្ឋាន ដែលចាត់ទុកថា គម្រោងព្រែកជីកហ្វូណនតេជោបែរជាគ្មានសារៈសំខាន់ ហើយថែមទាំងវាយតម្លៃ និងបកស្រាយថា គម្រោងព្រែកជីកហ្វូណនបម្រើឱ្យគោលបំណងយុទ្ធសាស្ត្រយោធា ទៅតាមការបំភ័ន្តរបស់បស្ចិមប្រទេស និងប្រទេសវៀតណាមទៅវិញ។ ការមិនយល់ច្បាស់ពីសារៈសំខាន់នៃព្រែកជីកហ្វូណនតេជោនេះ ថែមទាំងបាននាំទំនោរនៃការគិតរបស់អ្នកទាំងនោះ ទៅឱ្យតម្លៃលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកថាមានសារៈសំខាន់ជាង ការដឹកជញ្ជូនតាមផ្លូវទឹកទៅវិញ។ ចំពោះចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានចោទជាសំណួរថា តើប្រទេសណាមួយដែលគ្មានផ្លូវទឹកហើយរីកចម្រើន? តើប្រទេសជប៉ុន កូរ៉េ និងដែនកោះតៃវ៉ាន់ ហេតុអ្វីបានជាគេរីកចម្រើន? ព្រោះគេដឹកជញ្ជូនតាមផ្លូវទឹកបានបរិមាណច្រើន និងលឿនរហ័ស។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានលើកឧទាហរណ៍ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយទៀតគឺ ប្រទេសសិង្ហបុរី ដែលរដ្ឋនេះកកើតឡើងដំបូង មិនទាំងអាចស្វែងរកទឹកបរិភោគបានផង ប៉ុន្តែដោយសារតែភាបសម្បូរបែបខាងផ្លូវនាវាចរណ៍ ប្រទេសនេះ បានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនដ៏សំខាន់មួយនៅក្នុងតំបន់ ដោយសារតែផ្លូវនាវាចរណ៍របស់ពិភពលោកត្រូវឆ្លងកាត់ប្រទេសដ៏តូចមួយនេះ៕

ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានថ្លែងសង្កត់ធ្ងន់ថា ប្រជាជនខ្មែរគ្រប់រូបត្រូវតែមានស្មារតីជាតិរួមគ្នា ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលនៅក្នុងការកសាងកំពង់ផែទឹកជ្រៅ និងព្រែកជីកហ្វូណនតេជោ ដើម្បីអភិវឌ្ឍប្រទេសជាតិឈានទៅជាប្រទេសមានសេដ្ឋកិច្ចរឹងមាំនាពេលខាងមុខ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

ករណីដែនសមុទ្រត្រួតស៊ីគ្នា៖ កម្ពុជា-ថៃ ត្រូវបន្តដោះស្រាយ ដោយសន្តិវិធី

នៅក្នុងរយៈពេលចុងក្រោយនេះ ប្រធានបទដែនសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃរួមទាំងករណីកោះគុត ត្រូវបានមជ្ឈដ្ឋាននយោបាយនៃប្រទេសទាំងពីរ លើកយកមកជជែកវែកញែក និងទាមទារទៅកាន់រដ្ឋាភិបាលនៅក្នុងទិដ្ឋភាពផ្សេងគ្នារៀងៗខ្លួន។...

2024-11-23 13:48:04   ថ្ងៃសៅរ៍, 23 វិច្ឆិកា 2024 ម៉ោង 08:48 PM
បញ្ហាគ្រឿងស្រវឹង៖ ដល់ពេលដែលកម្ពុជាត្រូវគិតគូរផលប្រយោជន៍ទាំងនៅក្នុងទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងសុខុមាលភាពប្រជាពលរដ្ឋហើយ

បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចផ្អាកការផ្ដល់អាជ្ញាបណ្ណថ្មីទៅដល់ក្រុមហ៊ុនដែលមានបំណងផលិតស្រាបៀរផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក លោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមបានលើកឡើងថា កម្ពុជាគួរតែដល់ពេលដែលកម្ពុជាត្រូវច...

2024-11-22 08:55:12   ថ្ងៃសុក្រ, 22 វិច្ឆិកា 2024 ម៉ោង 03:55 PM
ទំនាក់ទំនងកម្ពុជា-វៀតណាម៖ ទំនាក់ទំនងដែលផ្អែកលើកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ ប្រជាសាស្ត្រ និងសេដ្ឋកិច្ច ដែលគប្បីត្រូវយកចិត្តទុកដាក់បន្ត

ចុះផ្សាយ៖ ២៩ ឧសភា ២០២៤  - ចុះផ្សាយឡើងវិញ ២២ វិច្ឆិកា ២០២៤   ដោយ៖ លឹម សុវណ្ណរិទ្ធ ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម គឺជាទំនាក់ទំនងដ៏​ចាំបាច់ក្នុងនាមជាមិត្តល្អ និងជាអ្នកជិតខ...

2024-11-22 02:42:28   ថ្ងៃសុក្រ, 22 វិច្ឆិកា 2024 ម៉ោង 09:42 AM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំពិធីប្រកាសឱ្យប្រើប្រាស់សទ្ទានុក្រមឆ្នាំ២០២៤ បោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦ រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៦៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ «ពិធីប្រកាសឱ្យប្រើប្រាស់សទ្ទានុក្រមឆ្នា...

2024-11-21 04:16:07   ថ្ងៃព្រហស្បតិ៍, 21 វិច្ឆិកា 2024 ម៉ោង 11:16 AM
ការផ្លាស់ប្ដូររដ្ឋមន្ត្រីការបរទេសថ្មីបង្ហាញពីភាពដឹកនាំប្រកបដោយថាមភាព ភាពបត់បែន និងឆ្លើយតបលឿនរហ័សទៅនឹងរបត់ប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និងសណ្ដាប់ធ្នាប់ពិភពលោកថ្មី

ដោយ៖ បណ្ឌិត យង់ ពៅ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបោះឆ្នោតអនុម័តឱ្យឯកឧត្ដម ប្រាក់ សុខុន ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស ដែលជាការកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រីជា...

2024-11-20 07:43:15   ថ្ងៃពុធ, 20 វិច្ឆិកា 2024 ម៉ោង 02:43 PM
បណ្ឌិត យង់ ពៅ៖ កម្ពុជាគ្មានភាពចាំបាច់ ត្រូវទទួលផ្សែងនយោបាយពីអ្នកជាតិនិយមមួយក្ដាប់តូចនៃប្រទេសថៃនោះទេ

នៅក្នុងឱកាស អញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាបើកនៅក្នុងសិក្ខាសាលាលើកទី២ ស្ដីពី «លទ្ធផលស្រាវជ្រាវបុរាណវត្ថុវិទ្យា៖ របកគំហើញនៅក្រៅរាជធានីអង្គរ» លោកបណ្ឌិត យង់ ពៅ បានឆ្លៀតគូសបញ្ជាក់អំពីករណីប្រតិ...

2024-11-19 09:26:14   ថ្ងៃអង្គារ, 19 វិច្ឆិកា 2024 ម៉ោង 04:26 PM

សេចក្តីប្រកាស