Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងកិច្ចពិភាក្សាខ្លី អំពីទំនៀមទម្លាប់ និងប្រពៃណី នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានស្នើឱ្យមានការរៀបចំតាំងលម្អដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅតាមអង្គភាព ស្ថាប័ន ពិសេសនៅតាមច្រកទ្វារអន្តរជាតិនានា ដើម្បីថែរក្សាតម្លៃ និងបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិ។
ឯកឧត្ដមបណ្ឌិត យង់ ពៅ បានលើកឡើងអំពីការកត់សម្គាល់របស់ឯកឧត្ដមថា នៅតាមអង្គភាព ស្ថាប័នមួយចំនួន ពិសេសនៅតាមក្រុមហ៊ុនឯកជនធំៗ តែងតែមានការដាក់តាំង និងតុបតែងលម្អ ដើម្បីអបអរសាទរឱកាសបុណ្យចូលឆ្នាំសាកល និងពិសេសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ប៉ុន្តែហាក់ពុំសូវមានសម្បូរការតាំងលម្អដូចគ្នានេះ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឡើយ។ ចំណុចនេះ ឯកឧត្ដមបានចាត់ទុកថា ជាចំណុចខ្វះខាតដែលយើងពុំបានបង្ហាញអំពីអត្តសញ្ញាណ និងភាពសម្បូរបែបនៃវប្បធម៌ដ៏ល្អរបស់ខ្មែរ។
ឯកឧត្ដមបណ្ឌិតបានបន្តថា ការរៀបចំតាំងលម្អដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅតាមអង្គភាព ស្ថាប័ន ពិសេសនៅតាមច្រកទ្វារអន្តរជាតិនានា ពិតជាមានសារៈសំខាន់ណាស់ ដោយការតាំងលម្អនេះ គឺជាការបង្ហាញនិងរំឭកដល់ភ្ញៀវទេសចរដែលមកកាន់កម្ពុជាថា កម្ពុជាកំពុងត្រៀមខ្លួនប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួន ដែលនឹងមានការរៀបចំព្រឹត្តិការណ៍សំខាន់ៗនៅតាមទីតាំងនានានៅទូទាំងប្រទេស ដើម្បីអបអរសាទរពិធីជាប្រពៃណីនេះ។ បើតាមឯកឧត្ដមបណ្ឌិត ការតាំងលម្អនៅតាមច្រកទ្វារអន្តរជាតិ និងនៅតាមអាកាសយានដ្ឋាន គឺជាសារដ៏សំខាន់មួយ ដើម្បីទាក់ទាញឱ្យភ្ញៀវទេសចរ បានដឹងឭ និងអាចសម្រេចចិត្តទៅទស្សនា និងចូលរួមនៅតាមរម ណីយដ្ឋាន ក៏ដូចជាតំបន់ទេសចរណ៍នានានៅក្នុងប្រទេសផងដែរ។
នៅក្នុងទិដ្ឋភាពមួយទៀត ឯកឧត្ដមបណ្ឌិត យង់ ពៅ បានពន្យល់ថា ការរៀបចំតាំងលម្អដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅតាមអង្គភាព ស្ថាប័ន និងនៅតាមច្រកទ្វារអន្តរជាតិនានា គឺជាការថែរក្សាតម្លៃ និងបង្ហាញអំពីអត្តសញ្ញាណវប្បធម៌ជាតិ ដែលថ្នាក់ដឹកនាំនៅតាមអង្គភាព ស្ថាប័ន និងក្រុមហ៊ុននីមួយៗ គួរតែរៀបចំចាត់ចែងឱ្យខានតែបាន ដើម្បីបង្ហាញអំពីទឹកចិត្តស្រឡាញ់ និងមោទកភាពចំពោះប្រពៃណី និងវប្បធម៌របស់ប្រជាជាតិខ្លួន។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត ក៏បានជំរុញឱ្យមហាជន ជាពិសេសយុវជន ចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុលផងដែរ ព្រោះគឺឱកាសដែលគេអាចជំរុញភាតរភាពនៅក្នុងចំណោមប្រជាជន និងសង្គមជាតិខ្មែរ ព្រមទាំងបង្ហាញអំពីសុខដុមភាពរបស់ប្រជាជាតិស្ថិតនៅក្រោមសន្តិភាពផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
យោងតាមកិច្ចពិភាក្សាពីប្រពៃណីទំនៀមទម្លាប់មួយចំនួនក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា ការប្រោះព្រំទឹក ជាទំនៀមទម្លាប់មានក្នុងសង្គមខ្មែ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅក្នុងពេលថ្មីៗនេះ មានការជជែកដេញដោលគ្នាយ៉ាងខ្លាំងនៅក្នុងចំណោមមហាជនខ្មែរ អំពីការប្រើប្រាស់ពាក្យ «សង្ក្រាន្ត» និងពាក្យ «ចូលឆ្នាំថ្មី» នៅក្នុងកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្ម...
(រាជធានីភ្នំពេញ) ថ្ងៃព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បាននាំយកទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹប ចំនួន២០០លីត្រ ផ្ដល់ជូនដល់កុមារទាំង ១៧៧នាក់ នៅមណ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ឱ្យមន្ត្រី...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានស្នើឱ្យមានការជំរុញបង្កើតបរិយាកាសបៃតង ដើម្បីទប់កម្ដៅ និងផ្តល់សុខដុមភាព តាមរយៈក...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលម៉ោង ២:០០នាទីរសៀល ថ្ងៃសុក្រ ១២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជ...