Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងកិច្ចពិភាក្សាខ្លី អំពីទំនៀមទម្លាប់ និងប្រពៃណី នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានស្នើឱ្យមានការរៀបចំតាំងលម្អដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅតាមអង្គភាព ស្ថាប័ន ពិសេសនៅតាមច្រកទ្វារអន្តរជាតិនានា ដើម្បីថែរក្សាតម្លៃ និងបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិ។
ឯកឧត្ដមបណ្ឌិត យង់ ពៅ បានលើកឡើងអំពីការកត់សម្គាល់របស់ឯកឧត្ដមថា នៅតាមអង្គភាព ស្ថាប័នមួយចំនួន ពិសេសនៅតាមក្រុមហ៊ុនឯកជនធំៗ តែងតែមានការដាក់តាំង និងតុបតែងលម្អ ដើម្បីអបអរសាទរឱកាសបុណ្យចូលឆ្នាំសាកល និងពិសេសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ប៉ុន្តែហាក់ពុំសូវមានសម្បូរការតាំងលម្អដូចគ្នានេះ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឡើយ។ ចំណុចនេះ ឯកឧត្ដមបានចាត់ទុកថា ជាចំណុចខ្វះខាតដែលយើងពុំបានបង្ហាញអំពីអត្តសញ្ញាណ និងភាពសម្បូរបែបនៃវប្បធម៌ដ៏ល្អរបស់ខ្មែរ។
ឯកឧត្ដមបណ្ឌិតបានបន្តថា ការរៀបចំតាំងលម្អដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅតាមអង្គភាព ស្ថាប័ន ពិសេសនៅតាមច្រកទ្វារអន្តរជាតិនានា ពិតជាមានសារៈសំខាន់ណាស់ ដោយការតាំងលម្អនេះ គឺជាការបង្ហាញនិងរំឭកដល់ភ្ញៀវទេសចរដែលមកកាន់កម្ពុជាថា កម្ពុជាកំពុងត្រៀមខ្លួនប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួន ដែលនឹងមានការរៀបចំព្រឹត្តិការណ៍សំខាន់ៗនៅតាមទីតាំងនានានៅទូទាំងប្រទេស ដើម្បីអបអរសាទរពិធីជាប្រពៃណីនេះ។ បើតាមឯកឧត្ដមបណ្ឌិត ការតាំងលម្អនៅតាមច្រកទ្វារអន្តរជាតិ និងនៅតាមអាកាសយានដ្ឋាន គឺជាសារដ៏សំខាន់មួយ ដើម្បីទាក់ទាញឱ្យភ្ញៀវទេសចរ បានដឹងឭ និងអាចសម្រេចចិត្តទៅទស្សនា និងចូលរួមនៅតាមរម ណីយដ្ឋាន ក៏ដូចជាតំបន់ទេសចរណ៍នានានៅក្នុងប្រទេសផងដែរ។
នៅក្នុងទិដ្ឋភាពមួយទៀត ឯកឧត្ដមបណ្ឌិត យង់ ពៅ បានពន្យល់ថា ការរៀបចំតាំងលម្អដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅតាមអង្គភាព ស្ថាប័ន និងនៅតាមច្រកទ្វារអន្តរជាតិនានា គឺជាការថែរក្សាតម្លៃ និងបង្ហាញអំពីអត្តសញ្ញាណវប្បធម៌ជាតិ ដែលថ្នាក់ដឹកនាំនៅតាមអង្គភាព ស្ថាប័ន និងក្រុមហ៊ុននីមួយៗ គួរតែរៀបចំចាត់ចែងឱ្យខានតែបាន ដើម្បីបង្ហាញអំពីទឹកចិត្តស្រឡាញ់ និងមោទកភាពចំពោះប្រពៃណី និងវប្បធម៌របស់ប្រជាជាតិខ្លួន។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត ក៏បានជំរុញឱ្យមហាជន ជាពិសេសយុវជន ចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុលផងដែរ ព្រោះគឺឱកាសដែលគេអាចជំរុញភាតរភាពនៅក្នុងចំណោមប្រជាជន និងសង្គមជាតិខ្មែរ ព្រមទាំងបង្ហាញអំពីសុខដុមភាពរបស់ប្រជាជាតិស្ថិតនៅក្រោមសន្តិភាពផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ចូលឆ្នាំថ្មី ឆ្នាំ២០២០នេះ រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់សាធារណជនទូទៅដែលតែងស្រឡាញ់ការងារជាមន្ត្រីរាជការ មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជា បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលតាមរយៈទីស្តីការគណរដ្ឋម...
ក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ព្រះសង្ឃ និងអាជ្ញាធរដែនដីចុះសិក្សាផ្ទាល់ទីតាំងស្ថានីយបុរាណវិទ្យា និងប្រវត្តិសាស្ត្រ នៅជួរភ្នំគុគ ស្ថិតក្នុងភូមិក្...
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នេះ នៅបន្ទប់ក្រវាន់ អគារ F នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិច្ចប្រជុំតាមដានការងារនិងភារកិច្ច និងយុទ្ធសាស្ត...