ព័ត៌មាន

រាជបណ្ឌិត្យសភាកម្ពុជារៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ខួបលើកទី១១៣ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»

2024-03-06 07:22:13 ថ្ងៃពុធ, 06 មីនា 2024 ម៉ោង 02:22 PM
អ្នកមើល 16572
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ១១ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជារៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ខួបលើកទី១១៣ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា។

ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ខួបលើកទី១១៣ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» នាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍គូសបញ្ជាក់ថា ស្ត្រីពិតជាបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការជំរុញវឌ្ឍនភាពសង្គមជាតិ និងស្ថាប័ន។ ឯកឧត្ដមបណ្ឌិត្យសភាចារ្យប្រធាន បានគូសបញ្ជាក់ពីតួនាទីដ៏មានសារៈសំខាន់ទាំង៧ចំណុចរបស់ស្ត្រីគឺ៖

១.ស្ត្រីគឺជាមិត្តដ៏ល្អ ទាំងជាមិត្តរួមការងារ ជាមិត្តនៅក្នុងជីវិតរស់នៅ និងមិត្តនៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការធំៗទាំងកម្រិតថ្នាក់ជាតិ និងអន្តរជាតិ

២. ស្ត្រីគឺជាភរិយាដ៏ល្អ ដែលឈរនៅពីក្រោយខ្នងបុរស ជួយជ្រោមជ្រែងបុរសជាប្ដីនៅគ្រប់កាលៈទេសៈនៃការរស់នៅ

៣. ស្ត្រីគឺជាមេផ្ទះដ៏អស្ចារ្យ គេអាចពិនិត្យមើលកាយវិការរបស់ស្ត្រី ដើម្បីដឹងថាផ្ទះនោះពោរពេញដោយភាពអស្ចារ្យមួយសម្រាប់ក្រុមគ្រួសារ ពិសេសសម្រាប់បុរស ពិតជាមិនអាចខ្វះស្ត្រីបានឡើយនៅក្នុងការរស់នៅ។

៤. ស្ត្រីគឺជាម្ដាយដ៏អស្ចារ្យ ដែលហ៊ានលះបង់និងធ្វើអ្វីៗទាំងអស់សម្រាប់កូនប្រុសស្រីរបស់ខ្លួន។

៥. ស្ត្រីដែលពោរពេញទៅដោយចំណេះដឹង គឺជាវិចិត្រករឆ្លាក់មនុស្សជំនាន់ក្រោយយ៉ាងប៉ិនប្រសប់ ចាប់តាំងពីក្មេងនៅក្នុងផ្ទៃម្ដាយមកម្ល៉េះ។

៦. ការផ្ដល់ឱកាសឱ្យស្ត្រីទទួលបានការអប់រំ គឺជាការកសាងមូលដ្ឋានសំខាន់ក្នុងការជំរុញអភិវឌ្ឍប្រទេសជាតិ ព្រោះស្ត្រីដែលមានចំណេះដឹង អាចបង្រៀន ទូន្មានកូនឱ្យក្លាយទៅជាធនធានមនុស្សឍ ដែលនឹងរួមចំណែកយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍសង្គម។

៧. មានរឿងជាច្រើនណាស់ដែលស្ត្រីអាចធ្វើបាន តែមនុស្សប្រុសមិនអាចធ្វើបាន

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់បន្ថែមថា នៅក្នុងដំណើរវិវត្តសង្គម និងវប្បធម៌របស់ប្រជាជាតិខ្មែរ ស្ត្រីបានផ្សារភ្ជាប់ឥតដាច់ឡើយនៅក្នុងប្រវត្តិសាស្ត្រខ្មែរ និងបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការវិវឌ្ឍនៃសង្គមជាតិ រាប់ចាប់តាំងពីការប្រកាន់យកលទ្ធិមាតាធិបតេយ្យ ការចូលរួមនៅក្នុងជីវភាពសង្គម សេដ្ឋកិច្ច ការអប់រំ និងជំនឿសាសនាជាដើម។

ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានសង្កត់ធ្ងន់អំពីតម្លៃស្ត្រីនៅលើសកលលោកយ៉ាងដូច្នេះថា «នៅលើពិភពលោកនេះ គ្មានព្រះឯណា គ្មានស្ដេចឯណា ឬវីរៈបុរសណាម្នាក់ដែលមិនកើតពីស្ត្រីនោះឡើយ។ ហេតុនេះហើយ ស្ត្រីគឺជាចំណែកមិនអាចខ្វះបាននៅក្នុងពិភពលោក ដែលគេត្រូវតែគោរពនិងផ្ដល់តម្លៃគ្រប់ពេលវេលាទាំងអស់»។

គួរបញ្ជាក់ផងដែរថា មន្ត្រីនិងបុគ្គលិកជានារីដែលបម្រើការងារនៅរាជបណ្ឌិត្យសភាកម្ពុជានាពេលបច្ចុប្បន្នសរុបមានចំនួន១៤៩រូប ស្មើនឹង ៤០,៦០%នៃចំនួនមន្ត្រីនិងបុគ្គលិកនៃរាជបណ្ឌិត្យសភាកម្ពុជាសរុប ៣៦៧នាក់ ដែលក្នុងនោះ មន្ត្រីក្របខណ្ឌសរុបចំនួន ៣៩រូប មន្ត្រីជាប់កិច្ចសន្យាចំនួន ១រូប និងមន្ត្រីក្រៅក្របខ័ណ្ឌ ៦៤រូប និងមន្ត្រីជាស្ត្រីជាគ្រូបង្រៀនភាសាចិន៤៥រូប៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

បណ្ឌិត យង់ ពៅ៖ ករណីកោះគុជ (ថៃហៅថាកោះគុត) ខុសប្លែកពីករណីប្រាសាទព្រះវិហារ ទាំងទិដ្ឋភាពប្រវត្តិសាស្ត្រ ទិដ្ឋភាពច្បាប់ និងទិដ្ឋភាពជាក់ស្ដែង

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីករណីបញ្ហាកោះគុជ (ថៃហៅថាកោះគុត) លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា ចំពោះបញ្ហាអធិបតេយ្យទៅលើកោះគុជនេះ កម្ពុជាមិនអាចប្រើប្រាស់យន្តការតុលាក...

2025-03-31 03:56:02   ថ្ងៃចន្ទ, 31 មីនា 2025 ម៉ោង 10:56 AM
ដំណឹងមរណទុក្ខ

ថ្នាក់ដឹកនាំនិងមន្រ្តីរាជការរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់មានទុក្ខជាទម្ងន់ដោយឯកឧត្តមបណ្ឌិតសភាចារ្យ ព្រំ ម៉ល់ សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាអតីតប្រធានក្រុមប្រ...

2025-03-30 00:38:28   ថ្ងៃអាទិត្យ, 30 មីនា 2025 ម៉ោង 07:38 AM
ចលនាជាតិតស៊ូ របស់លោក សម រង្ស៊ី គ្រាន់តែជារូបថតនយោបាយ ដើម្បីបន្លឺសម្លេងរបស់ខ្លួន និងបញ្ជាក់ពីការមិនយល់ទាល់តែសោះអំពីស្ថានភាពពិតអំពីកម្ពុជា និងនិន្នាការសកលលោក

          ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងការបង្កើតចលនាដែលលោក សម រង្ស៊ី អះអាងថាជា ចលនាជាតិតស៊ូ នោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានគូសបញ្ជាក់ថា...

2025-03-28 09:34:19   ថ្ងៃសុក្រ, 28 មីនា 2025 ម៉ោង 04:34 PM
រាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលា ស្ដីពី «ការអភិរក្សជីវៈចម្រុះនិងការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាព ក្នុងប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងខេត្តកោះកុង»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិ...

2025-03-27 07:43:56   ថ្ងៃព្រហស្បតិ៍, 27 មីនា 2025 ម៉ោង 02:43 PM
បណ្ឌិត គិន ភា៖ វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន ដើរតួនាទីជាមជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្តិការផ្នែកបញ្ញាញាណ និងជំរុញកិច្ចសន្ទនារវាងបញ្ញវន្ត អ្នករៀបចំគោលនយោបាយ និងអ្នកដឹកនាំគំនិតនៃប្រទេសទាំងពីរ

    (រាជបណ្ឌិត្យសភាកម្ពុជា)៖ នាឱកាសថ្លែងសុន្ទរកថាស្វាគមន៍ ក្នុងកម្មវិធីបើកវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៤ ស្ដីពី«ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ: ទំព័រថ្មី...

2025-03-26 13:40:46   ថ្ងៃពុធ, 26 មីនា 2025 ម៉ោង 08:40 PM
វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៤ បានបិទបញ្ចប់ដោយជោគជ័យ ជាមួយនឹងធាតុចូលដែលមានអត្ថន័យស្ថាបនា ទទួលបានពីកិច្ចពិភាក្សាស៊ីជម្រៅប្រកបលក្ខណៈវិទ្យាសាស្ត្រ

វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៤ ស្ដីពី«ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ: ទំព័រថ្មីនៃសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី» ដែលបានចាប់ផ្ដើមកាលពីថ្ងៃ...

2025-03-25 15:14:47   ថ្ងៃអង្គារ, 25 មីនា 2025 ម៉ោង 10:14 PM

សេចក្តីប្រកាស