ព័ត៌មាន

ម្ចាស់គណនី TikTok ជនជាតិវៀតណាមដែលបង្ហោះវីដេអូប៉ះពាល់ប្រាសាទអង្គរវត្តត្រូវរងពិន័យ

2024-01-04 04:43:56 ថ្ងៃព្រហស្បតិ៍, 04 មករា 2024, 04:43 AM
post_detail

លោក Hua Quoc Anh (ស្តាំ) ធ្វើការជាមួយអាជ្ញាធរទីក្រុងហូជីមិញ - រូបភាព៖ នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនង ក្រុងហូជីមិញ

ប្រភពព័ត៌មានពីសារព័ត៌មានអនឡាញរបស់វៀតណាម VN Express ចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ម្ចាស់គណនី TikTok ជនជាតិវៀតណាមឈ្មោះ Hua Quoc Anh ដែលបានថតវីដេអូនៅប្រាសាទអង្គរវត្តជាមួយនឹងសម្លៀកបំពាក់មិនសមរម្យនិងមានរូបភាពព្រះមហាក្សត្រ និងទង់ជាតិថៃ ត្រូវបានប៉ូលិសទីក្រុងហូជីមិញពិន័យជាប្រាក់ចំនួន ៧,៥ លានដុង (ប្រហែល៣០០ដុល្លារសហរដ្ឋអាម៉េរិក)។

ប្រភពដដែលបានបញ្ជាក់ថា នារសៀលថ្ងៃទី៣ ខែមករា នាយកដ្ឋានព័ត៌មាននិងទំនាក់ទំនងក្រុងហូជីមិញបានសម្របសម្រួលជាមួយនាយកដ្ឋានសន្តិសុខតាមអ៊ីនធឺណិត និងទប់ស្កាត់ឧក្រិដ្ឋកម្ម ដោយប្រើបច្ចេកវិទ្យាខ្ពស់ក្រុងហូជីមិញ បានដាក់ទណ្ឌកម្មរដ្ឋបាលលោក Hua Quoc Anh ដោយផ្អែកលើអាកប្បកិរិយារបស់គាត់ ការរំលោភផ្នែករដ្ឋបាលលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ ប្រេកង់ បច្ចេកវិទ្យាព័ត៌មាន និងប្រតិបត្តិការអេឡិចត្រូនិក ផ្អែកតាមក្រឹត្យ ១២/២០២០ ដោយពិន័យជាប្រាក់ចំនួន ៧,៥ លានដុង និងឱ្យម្ចាស់គណនី TikTok រូបនេះ សន្យាមិនឱ្យមានឧប្បត្តិហេតុស្រដៀងគ្នានេះកើតឡើងជាថ្មីទៀត។

សូមរំឭកថា កាលលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្ចាស់គណនី TikTok ជនជាតិវៀតណាមរូបនេះ បានបង្ហោះវីដេអូប្រវែង ១នាទី២៥ វិនាទី ដែលរៀបរាប់អំពីការថតរូបនៅប្រាសាទអង្គរវត្តដោយមាននារីម្នាក់ស្លៀកឈុតប្រពៃណីថៃ ហើយកាន់ដំបងដើរជុំវិញប្រាសាទ។ វីដេអូនេះក៏មានបញ្ចូលរូបភាពទង់ជាតិថៃ និងព្រះមហាក្សត្រ អមដោយសំឡេងថា “សួស្ដីប្រទេសថៃ!” នៅលើគណនី TikTok ឯកជនរបស់ខ្លួន ដែលមានអ្នកតាមដានប្រហែល ៧០០ ០០០នាក់ ។

នៅថ្ងៃទី១២ ខែវិច្ឆិកា អាជ្ញាធរអប្សរា បានវាយតម្លៃថា វីដេអូនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា ហើយបាននិយាយថា ខ្លួនបានស្នើសុំឱ្យក្រុមហ៊ុនបណ្ដាញសង្គម TikTok លុបវីដេអូនោះចេញ។ អាជ្ញាធរអប្សរាក៏បានជំរុញអ្នកប្រើអ៊ីនធឺណិត ឈប់បន្តការចែករំលែកវីដេអូដែលមាន “មាតិកាមិនសមរម្យ” នេះ។

ពីរថ្ងៃក្រោយមក គឺនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក Hua Quoc Anh បានបង្ហោះឃ្លីបសុំទោសនៅលើ Facebook ផ្ទាល់ខ្លួនរបស់គាត់ ដោយបាននិយាយថា «ឥឡូវខ្ញុំដឹងថាខ្លួនខុស ខ្ញុំដឹងកំហុសខ្ញុំ ដូច្នេះខ្ញុំសូមអភ័យទោសដោយស្មោះចំពោះមិត្តកម្ពុជា និងប្រទេសកម្ពុជា។ នឹងមិនមានរឿងបែបនេះកើតឡើងម្ដងទៀតទេ។ ឆានែលក៏បាត់ដែរ ឃ្លីបក៏ត្រូវបានលុបចេញពីវេទិកាទាំងអស់ ហើយខ្ញុំចង់បញ្ចប់រឿងនេះទាំងស្រុងនៅទីនេះ។»

ទោះជាយ៉ាងណាក៏ដោយ ការសុំទោសរបស់លោក Hua Quoc Anh មិនគ្រប់គ្រាន់ដើម្បីបំបាត់កំហឹងសាធារណជននោះទេ។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបញ្ជាក់ថា ពួកគេមិនទទួលយកការសុំទោសរបស់បុរសម្នាក់នេះទេ ដោយសារតែពួកគេគិតថា អាកប្បកិរិយារបស់ម្ចាស់គណនី TikTok ជនជាតិវៀតណាមរូបនេះ ខ្វះភាពស្មោះត្រង់និងវិប្បដិសារី។

លើសពីនេះ សហគមន៍អនឡាញបានអំពាវនាវឱ្យធ្វើពហិការលើបុគ្គលនេះសម្រាប់ការបង្កើតវីដេអូដែលមានខ្លឹមសារអវិជ្ជមាន បង្កគ្រោះថ្នាក់ ស្អប់ខ្ពើម ហើយជាច្រើនដងមានការឈ្លោះប្រកែកគ្នាដោយសារតែការប៉ះពាល់លើបញ្ហាវប្បធម៌ សាសនា និងនយោបាយ។

បច្ចុប្បន្ននេះ គណនី TikTok របស់ជនជាតិវៀតណាមរូបនេះ ដែលមានអ្នក Follow ជាង ៧០៧ ០០០ និងមានអ្នក Like ប្រមាណ ១៩,៨ លាន ត្រូវបានបិទជាអចិន្ត្រៃយ៍ដោយក្រុមហ៊ុន TikTok៕

(អត្ថបទដោយ៖ បណ្ឌិត គិន ភា)

អត្ថបទទាក់ទង

រំឭក ដើម្បីការចងចាំ! ...«ប្រាសាទព្រះវិហារខ្មែរ ៖ ក្ដីរំភើប ដែលបញ្ចប់ដោយការឈឺចាប់»...

នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ដំណឹងល្អនេះ បានផ្សព្វផ្សាយភ្លាមៗនៅទូទាំង ប្រទេសតាមរយៈបណ្ដាញទូរទស្សន៍ CTN។ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនៅទូទាំងប្រទេស...

2020-07-07 04:41:28   Tue, 07,07,2020, 04:41 AM
«ជប៉ុនមានបំណងរៀបចំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកវិទ្យាមនុស្សយន្ត និងបញ្ញាសិប្បនិមិ្មត(AI) នៅរាជបណ្ឌិត្យសភាកម្ពុជា »

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជួបប្រជុំជាមួយថ្នាក់ដឹកនា...

2020-07-06 12:50:29   Mon, 06,07,2020, 12:50 PM
របាយការណ៍នៃការសិក្សាស្រាវជ្រាវស្តីពី «ការពិនិត្យគុណភាពទឹកនៅភ្នំគូលេន» ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប

...

2020-07-06 04:57:40   Mon, 06,07,2020, 04:57 AM
ព្រឹត្តិការណ៍ថ្ងៃទី៥-៦ កក្កដា ១៩៩៧

តាមប្រសាសន៍របស់ឯកឧត្ដមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានបង្ហាញនៅក្នុងទំព័រហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី៥ ខែកក្កដានេះ ក្រុមការងារយើងសូមលើកយកមកចែកផ្សាយ...

2020-07-05 05:52:58   Sun, 05,07,2020, 05:52 AM
រាជបណ្ឌិត្យសភាកម្ពុជា សូមស្វាគមន៍រាល់សំណើពិនិត្យអនុម័តបច្ចេកសព្ទថ្មីពីក្រសួងស្ថាប័នជំនាញទូទៅ

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍បញ្ជាក់ជូនអ្នកសារព័ត៌មានថា ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា មានគណ:កម្មការបច្ចេកសព្ទជំនាញឯកទេសចំនួន១៧គណ:កម្មការ និងគណ:កម្មការជាតិភាសាខ្មែរមួ...

2020-06-30 05:29:13   Tue, 30,06,2020, 05:29 AM
«ទស្សនកិច្ចសិក្សាពីផលិតកម្មបន្លែរបស់សហគមន៍អភិវឌ្ឍន៍កសិកម្មបន្លែចម្រុះ ជាយក្រុងកំពង់ស្ពឺ» ដោយ៖ លោក យិន ពោ មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

សកម្មភាពកសិករផលិតបន្លែសម្អាតបន្លែមុនថ្លឹងលក់ឱ្យសហគមន៍អភិវឌ្ឍន៍កសិកម្មបន្លែចម្រុះជាយក្រុងកំពង់ស្ពឺក្រុមការងារស្រាវជ្រាវដំណាំបន្ថែរបស់រាជបណ្ឌិត្យសភាកម្ពុជា បន្តចុះសិក្សាតាមសហគមន៍បន្លែដែលមានដំណើរការល្អ ន...

2020-06-27 08:56:28   Sat, 27,06,2020, 08:56 AM

សេចក្តីប្រកាស