ព័ត៌មាន

ម្ចាស់គណនី TikTok ជនជាតិវៀតណាមដែលបង្ហោះវីដេអូប៉ះពាល់ប្រាសាទអង្គរវត្តត្រូវរងពិន័យ

2024-01-04 04:43:56 ថ្ងៃព្រហស្បតិ៍, 04 មករា 2024, 04:43 AM
post_detail

លោក Hua Quoc Anh (ស្តាំ) ធ្វើការជាមួយអាជ្ញាធរទីក្រុងហូជីមិញ - រូបភាព៖ នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនង ក្រុងហូជីមិញ

ប្រភពព័ត៌មានពីសារព័ត៌មានអនឡាញរបស់វៀតណាម VN Express ចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ម្ចាស់គណនី TikTok ជនជាតិវៀតណាមឈ្មោះ Hua Quoc Anh ដែលបានថតវីដេអូនៅប្រាសាទអង្គរវត្តជាមួយនឹងសម្លៀកបំពាក់មិនសមរម្យនិងមានរូបភាពព្រះមហាក្សត្រ និងទង់ជាតិថៃ ត្រូវបានប៉ូលិសទីក្រុងហូជីមិញពិន័យជាប្រាក់ចំនួន ៧,៥ លានដុង (ប្រហែល៣០០ដុល្លារសហរដ្ឋអាម៉េរិក)។

ប្រភពដដែលបានបញ្ជាក់ថា នារសៀលថ្ងៃទី៣ ខែមករា នាយកដ្ឋានព័ត៌មាននិងទំនាក់ទំនងក្រុងហូជីមិញបានសម្របសម្រួលជាមួយនាយកដ្ឋានសន្តិសុខតាមអ៊ីនធឺណិត និងទប់ស្កាត់ឧក្រិដ្ឋកម្ម ដោយប្រើបច្ចេកវិទ្យាខ្ពស់ក្រុងហូជីមិញ បានដាក់ទណ្ឌកម្មរដ្ឋបាលលោក Hua Quoc Anh ដោយផ្អែកលើអាកប្បកិរិយារបស់គាត់ ការរំលោភផ្នែករដ្ឋបាលលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ ប្រេកង់ បច្ចេកវិទ្យាព័ត៌មាន និងប្រតិបត្តិការអេឡិចត្រូនិក ផ្អែកតាមក្រឹត្យ ១២/២០២០ ដោយពិន័យជាប្រាក់ចំនួន ៧,៥ លានដុង និងឱ្យម្ចាស់គណនី TikTok រូបនេះ សន្យាមិនឱ្យមានឧប្បត្តិហេតុស្រដៀងគ្នានេះកើតឡើងជាថ្មីទៀត។

សូមរំឭកថា កាលលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្ចាស់គណនី TikTok ជនជាតិវៀតណាមរូបនេះ បានបង្ហោះវីដេអូប្រវែង ១នាទី២៥ វិនាទី ដែលរៀបរាប់អំពីការថតរូបនៅប្រាសាទអង្គរវត្តដោយមាននារីម្នាក់ស្លៀកឈុតប្រពៃណីថៃ ហើយកាន់ដំបងដើរជុំវិញប្រាសាទ។ វីដេអូនេះក៏មានបញ្ចូលរូបភាពទង់ជាតិថៃ និងព្រះមហាក្សត្រ អមដោយសំឡេងថា “សួស្ដីប្រទេសថៃ!” នៅលើគណនី TikTok ឯកជនរបស់ខ្លួន ដែលមានអ្នកតាមដានប្រហែល ៧០០ ០០០នាក់ ។

នៅថ្ងៃទី១២ ខែវិច្ឆិកា អាជ្ញាធរអប្សរា បានវាយតម្លៃថា វីដេអូនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា ហើយបាននិយាយថា ខ្លួនបានស្នើសុំឱ្យក្រុមហ៊ុនបណ្ដាញសង្គម TikTok លុបវីដេអូនោះចេញ។ អាជ្ញាធរអប្សរាក៏បានជំរុញអ្នកប្រើអ៊ីនធឺណិត ឈប់បន្តការចែករំលែកវីដេអូដែលមាន “មាតិកាមិនសមរម្យ” នេះ។

ពីរថ្ងៃក្រោយមក គឺនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក Hua Quoc Anh បានបង្ហោះឃ្លីបសុំទោសនៅលើ Facebook ផ្ទាល់ខ្លួនរបស់គាត់ ដោយបាននិយាយថា «ឥឡូវខ្ញុំដឹងថាខ្លួនខុស ខ្ញុំដឹងកំហុសខ្ញុំ ដូច្នេះខ្ញុំសូមអភ័យទោសដោយស្មោះចំពោះមិត្តកម្ពុជា និងប្រទេសកម្ពុជា។ នឹងមិនមានរឿងបែបនេះកើតឡើងម្ដងទៀតទេ។ ឆានែលក៏បាត់ដែរ ឃ្លីបក៏ត្រូវបានលុបចេញពីវេទិកាទាំងអស់ ហើយខ្ញុំចង់បញ្ចប់រឿងនេះទាំងស្រុងនៅទីនេះ។»

ទោះជាយ៉ាងណាក៏ដោយ ការសុំទោសរបស់លោក Hua Quoc Anh មិនគ្រប់គ្រាន់ដើម្បីបំបាត់កំហឹងសាធារណជននោះទេ។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបញ្ជាក់ថា ពួកគេមិនទទួលយកការសុំទោសរបស់បុរសម្នាក់នេះទេ ដោយសារតែពួកគេគិតថា អាកប្បកិរិយារបស់ម្ចាស់គណនី TikTok ជនជាតិវៀតណាមរូបនេះ ខ្វះភាពស្មោះត្រង់និងវិប្បដិសារី។

លើសពីនេះ សហគមន៍អនឡាញបានអំពាវនាវឱ្យធ្វើពហិការលើបុគ្គលនេះសម្រាប់ការបង្កើតវីដេអូដែលមានខ្លឹមសារអវិជ្ជមាន បង្កគ្រោះថ្នាក់ ស្អប់ខ្ពើម ហើយជាច្រើនដងមានការឈ្លោះប្រកែកគ្នាដោយសារតែការប៉ះពាល់លើបញ្ហាវប្បធម៌ សាសនា និងនយោបាយ។

បច្ចុប្បន្ននេះ គណនី TikTok របស់ជនជាតិវៀតណាមរូបនេះ ដែលមានអ្នក Follow ជាង ៧០៧ ០០០ និងមានអ្នក Like ប្រមាណ ១៩,៨ លាន ត្រូវបានបិទជាអចិន្ត្រៃយ៍ដោយក្រុមហ៊ុន TikTok៕

(អត្ថបទដោយ៖ បណ្ឌិត គិន ភា)

អត្ថបទទាក់ទង

«អប្សរា» ពីទេវកថាឥណ្ឌា មកចម្លាក់ខ្មែរ និងរបាំតន្តីខ្មែរ

បទបង្ហាញដោយ៖ បណ្ឌិតសភាចារ្យ សោម សុមុនី សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា        របាំ​អប្សរា​ រួមទាំងរបាំ​ព្រះរាជ​ទ្រព្យ​ទាំងអស់នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកវប...

2018-12-20 06:56:24   Thu, 20,12,2018, 06:56 AM
សន្និសីទអន្តរជាតិ៖ «តម្លៃវប្បធម៌សិល្បៈខ្មែរ៖ ក្បាច់ហៀន»

វាគ្មិន៖ លោក រ៉េត សាមុត   នៅក្នុងសន្និសីទអន្តរជាតិលើកទី១៤ ស្តីពីតម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វីក ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមការង...

2018-12-20 05:01:06   Thu, 20,12,2018, 05:01 AM
«សមិទ្ធផលពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមូលនិធិកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់»

ដោយ៖ លោក ខែក វីរៈកិច្ចព្រមព្រៀង ស្តីពីការអនុវត្តនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០០៤។ ជំនួបរវាងភាគីទាំងពីរ ​បានជួបនិងចុះអនុស្សរណៈ​យោគយល...

2018-12-20 03:59:18   Thu, 20,12,2018, 03:59 AM
«រាជបណ្ឌិត្យសភាកម្ពុជារៀបចំសន្និសីទអន្តរជាតិស្តីពីតម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក»

ដោយ៖ លោក ស៊ឺន សំ   មជ្ឈមណ្ឌលសា្រវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា បានកំពុងរៀបចំសន្និសីទអន្តរជាតិមួយ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌ ប្រវតិ្ត និងមោទកភាព» នាថ្ងៃនេះ។ កម្មវិធីសន្និសីទអន្តរ...

2018-12-20 03:39:08   Thu, 20,12,2018, 03:39 AM
«ពិធីសម្ពោធទីតាំងហាត់ការរបស់សាកលវិទ្យាល័យជីវជាំង នៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា»

ដោយ៖ ចាន់ វណ្ឌី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញសំណេះសំណាលជាមួយអ្នកទទួលខុសត្រូវរបស់សាកលវិទ្យាល័យជីវជាំងទាក់ទងនឹងបញ្ហាបន្តនិរន្តរភាពនៃទំនាក់ទំនងរាជបណ្ឌិត្យសភាកម្ពុជាជាមួ...

2018-12-19 14:51:19   Wed, 19,12,2018, 02:51 PM
រាជរដ្ឋាភិបាលដាក់កំហិតឱ្យមន្ត្រីពាក់ព័ន្ធចុះដោះស្រាយតម្លៃអគ្គិសនីតាមទីផ្សារ ឱ្យបានដូចតាមការកំណត់របស់រដ្ឋ

ដោយ៖ លឹម សុវណ្ណរិទ្ធ   ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់បទបញ្ជាជាកំហិត​ឱ្យ​ផ្នែក​ពាក់​ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ និងអាជ្ញាធរ​អគ្គិសនី​កម្ពុជ...

2018-12-19 14:29:57   Wed, 19,12,2018, 02:29 PM

សេចក្តីប្រកាស