ព័ត៌មាន

«ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានស្ថានីយឡស្លដែក និងមនុស្សរស់នៅតាំងពីយុគថ្មរំលីង ២០០០ឆ្នាំមុនគ្រិស្តសករាជ...?»

2018-10-17 04:29:03 ថ្ងៃពុធ, 17 តុលា 2018 ម៉ោង 11:29 AM
អ្នកមើល 8931
post_detail

នៅឆ្នាំ២០១៧ ក្រុមការងារផ្នែកបុរាណវិទ្យា ដឹកនាំដោយលោក ផុន កសិកា និងអ្នកជំនាញបុរាណវិទ្យាជាច្រើននៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាស្ថាប័នចំណុះនៃរាជបណ្ឌិត្យសភាកម្ពុជា បានចុះធ្វើការសិក្សាស្រាវជ្រាវស្តីពី «មរតកវប្បធម៌រូបី និងអរូបី នៅតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» មានទីតាំងស្ថិតក្នុងឃុំឆែប១ និងឃុំឆែប២ ស្រុកឆែបខេត្តព្រះវិហារស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាមានក្រឡាផ្ទៃចំនួន ១១៤៣៥ហិចតា។

ដោយមានការចូលរួមពីមន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ផងនោះ ការស្រាវជ្រាវបានរុករក និងរកឃើញស្ថានីយបុរាណដែលជាមរតកវប្បធម៌រូបីជាច្រើន មានទួលសន្លុង (ទួលឡស្លដែក)ត្រពាំងសន្លុង (ត្រពាំងតូចៗដែលគេជីកនៅជាប់ទួលសន្លុង) ត្រពាំង និងបុរាណវត្ថុជាច្រើនមានដូចជា កុលាលភាជន៍ ត្រឡែកតូច ត្រឡែកធំ និងឧបករណ៍ផលិតពីដែក មានផ្លែចបជីក ផ្លែដឹង ចង្កំដងកាំបិត ដងកាំបិត និងដែកគោលជាដើម។

នៅឆ្នាំ២០១៨មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៅធ្វើការសិក្សាបន្ដ។ ស្ថានីយបុរាណ និងវត្ថុបុរាណបន្ថែមមួយចំនួនទៀតក៏ត្រូវបានរកឃើញ មានដូចជា៖ ទួលសន្លុង (ទួលឡស្លដែក) បណ្តុំទួលសន្លុងរួមទាំងបុរាណវត្ថុមួយចំនួន មានកុលាលភាជន៍ ត្រឡែកតូច ត្រឡែកធំ ដុំថ្មភក់ប្រើក្នុងការស្មិតដែក ផ្លែចបជីក ផ្លែដឹង ចង្កំដង កាំបិត ដងកាំបិត និង ដែកគោលជាដើម និងឧបករណ៍ថ្មរំលីង ដែលគេគិតថាមនុស្សក្នុងសម័យបុរេប្រវត្តិ ផលិត និង យកមកប្រើសម្រាប់ធ្វើកសិកម្ម ដាំដំណាំ កាប់ព្រៃឈើជាដើម។​ ផ្អែកតាមការកំណត់កាលបរិច្ឆេទរបស់លោក ឆាល ហាយហេម (Charles F. W. Higham) ឧបករណ៍ថ្មរំលីងដែលស្ថិតក្នុងយុគថ្មរំលីង ឬសម័យថ្មរំលីង មានអាយុកាលប្រហែលចាប់ពីរវាងឆ្នាំ៨០០០-៦០០០មុនគ្រិស្តសករាជ ប៉ុន្តែនៅតំបន់អាស៊ីអាគ្នេយ៍វិញ ការកំណត់អាយុកាលយុគ ថ្មរំលីង ចាប់ពី២៥០០-២០០០ឆ្នាំមុនគ្រិស្តសករាជ។លោក Charles F. W. Higham ក៏បានសន្និដ្ឋានដែរថា ការធ្វើកសិកម្មស្រូវដំបូងៗ បានកើតឡើងនៅតំបន់ជ្រលងទន្លេយ៉ាងហ្ស៊ី (Yangzi) និងជ្រលងទន្លេលឿង (Yellow River) ហើយបានបន្តមកតំបន់អាស៊ីអាគ្នេយ៍នៅ៣០០០ឆ្នាំមុនគ្រិស្តសករាជ ដែលស្ថិតក្នុងយុគថ្មរំលីង។រីឯនៅប្រទេស កម្ពុជាវិញ យុគថ្មរំលីងមានអាយុប្រហែល២០០០ឆ្នាំមុនគ្រិស្តសករាជ។

បើយើងមើលពីទីតាំងផ្សេងៗនៅក្បែរឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបវិញ ដូចជានៅភូមិសង្កែ ដែលស្ថិតនៅក្បែរតំបន់នោះ ត្រូវបានអ្នកស្រាវជ្រាវជនជាតិបារាំង មានលោក អេតម៉ុង សូរាំង នៅឆ្នាំ១៩៦៣ បាន រកឃើញភស្តុតាងទីតាំងរស់នៅដំបូងៗ ដែលជាស្ថានីយស្ថិតក្នុងយុគគ្រួសបំបែក ដោយលោកបានដាក់ឈ្មោះថា “ស្ថានីយឆែប” ហើយសព្វថ្ងៃស្ថិតនៅក្នុងភូមិសង្កែ ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ដែលមានចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រ ពីស្ថានីយឡស្លដែកនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។

ទីតាំងផ្សេងទៀតដែលស្ថិតនៅក្បែរនោះគឺ“ស្ថានីយម្លូព្រៃ” សព្វថ្ងៃស្ថិតនៅក្នុងភូមិម្លូព្រៃ ឃុំម្លូព្រៃ ស្រុកឆែប ខេត្តព្រះវិហារ ក៏បន្សល់ភស្ដុតាងនៃការតាំងទីលំនៅរបស់មនុស្សក្នុងសម័យបុរេប្រវត្តិសាស្រ្ត ក្នុងយុគថ្មរំលីង ដែលធ្លាប់បានស្រាវជ្រាវដោយលោក ប៉ូល ឡេវី ក្នុងឆ្នាំ១៩៤៣។ ក្រៅពីនោះនៅមានស្ថានីយបុរេប្រវត្តិសាស្រ្ត ដែលគេកំណត់កាលបរិច្ឆេទក្នុងយុគថ្មរំលីងដែលស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ដូចជាស្ថានីយល្អាងស្ពាន ស្ថានីយសំរោង សែន ស្ថានីយក្រែក ជាដើម។ 

ចំណែកឯលទ្ធផលស្រាវជ្រាវកន្លងមក មានភស្តុតាងនៃការរស់នៅរបស់មនុស្សនៅស្ថានីយឡស្លដែកនៅឧទ្យានរាជ បណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប អាចកំណត់បានតែក្នុងយុគថ្មរំលីងប៉ុណ្ណោះ ដោយមិនឃើញមានភស្ដុ តាងបុរាណវត្ថុវិទ្យាបង្ហាញថាមនុស្សយុគក្រោយៗមកទៀត ដូចជាយុគសំរឹទ្ធ យុគដែក មកតាំងទីលំនៅក្នុងឧទ្យាននេះឡើយ។ហើយភស្តុតាងនៃការរស់នៅរបស់មនុស្សបាត់ដានដ៏វែងឆ្ងាយរហូតដល់ពេលមួយដែលតំបន់នេះ (បច្ចុប្បន្នតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប) ចាប់ផ្ដើមមានការមកតាំងទីលំនៅឡើងវិញ ហើយប្រែក្លាយជាតំបន់ផលិតដែកធំមួយក្នុងសម័យអង្គរ (ចាប់ពីសតវត្សទី១១ ដល់សតវត្សទី១៣) ក្នុងចំណោមតំបន់ផលិតដែកផេ្សងៗទៀតដូចជានៅតំបន់ភ្នំដែក ស្រុករវៀង និងតំបន់ប្រាសាទព្រះខ័នកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តព្រះវិហារ។

ប្រភព៖ ផ្នែកបុរាណវិទ្យានៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

RAC Media











អត្ថបទទាក់ទង

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបនិងពិភាក្សាការងារជាមួយនឹងប្រតិភូក្រុមប្រឹក្សាវិទ្យាសាស្ត្រជប៉ុន ដឹកនាំដោយលោក OHNUMA Kazuyoshi នាយកិច្ចការអន្តរជាតិរបស់ក្រុមប្រឹក្សាវិទ្យាសាស្ត្រជប៉ុន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាប...

2025-03-05 10:28:39   ថ្ងៃពុធ, 05 មីនា 2025 ម៉ោង 05:28 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្ដមបណ្ឌិត ឆាយ ហុកផេង សមាជិកក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃសមាគមសាលាត្រាជូ និងជាអតីតប្រធានតុលាការព្រហ្មទណ្ឌប្រទេសបារាំង

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិត...

2025-03-05 03:14:01   ថ្ងៃពុធ, 05 មីនា 2025 ម៉ោង 10:14 AM
បណ្ឌិត យង់ ពៅ៖ ថៃកំពុងយកបញ្ហានយោបាយខ្លួនឯង មកផ្លោងដាក់បន្ទុកលើកម្ពុជា

          ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីបញ្ហាទំនាក់ទំនងកម្ពុជា-ថៃ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា នៅក្នុងពេលនេះ ថៃដែលកំពុងមានបញ្ហានយោបា...

2025-03-03 07:44:16   ថ្ងៃចន្ទ, 03 មីនា 2025 ម៉ោង 02:44 PM
Rain Schools progress in Cambodia

As Cambodia and Korea position themselves as leaders in rainwater awareness, education and training, Cambodia has launched the Rain School Initiative which is aiming to establish 1,000 ‘Rain Sch...

2025-02-27 02:05:53   ថ្ងៃព្រហស្បតិ៍, 27 កុម្ភៈ 2025 ម៉ោង 09:05 AM
បណ្ឌិត យង់ ពៅ៖ កម្ពុជា បានឈរលើមូលដ្ឋាន៥ចំណុច បោះឆ្នោតគាំទ្រសន្តិភាព អ៊ុយក្រែន នៅ UN

          នៅក្នុងខួបលើកទី៣ នៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន កម្ពុជាបានសម្រេចចិត្តសារជាថ្មី បោះឆ្នោតគាំទ្រសន្តិភាពអ៊ុយក្រែននៅអង្គការសហប្រជាជាតិ ដែលការបោះឆ្នោតនេះ ត្រូវបានលោក...

2025-02-25 09:50:01   ថ្ងៃអង្គារ, 25 កុម្ភៈ 2025 ម៉ោង 04:50 PM
បណ្ឌិត យង់ ពៅ៖ សម្ដេចតេជោ ហ៊ុន សែន គឺជាគ្រូបង្គោលសន្តិភាពរបស់អាស៊ាន

          នៅក្នុងខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ដោយមានការអញ្ជើញរបស់វិទ្យាស្ថានមួយនៃប្រតេសឥណ្ឌូណេស៊ី សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅថ្លែងសុន្ទរកថា ស្ដីពី «បទពិសោធន៍ក្នុងការកស...

2025-02-14 01:56:46   ថ្ងៃសុក្រ, 14 កុម្ភៈ 2025 ម៉ោង 08:56 AM

សេចក្តីប្រកាស