Royal Academy of Cambodia
តបតាមការអញ្ជើញរបស់សាកលវិទ្យាល័យមីងជូ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានដឹកនាំគណៈប្រតិភូ ចូលរួមសន្និសីទអន្តរជាតិលើកទី៦ នៃសប្តាហ៍សហប្រតិបត្តិការមេគង្គ-ឡានឆាង និងវេទិកាលើកទី៣នៃសម្ព័ន្ធការបណ្តុះបណ្តាលវិជ្ជាជីវៈកម្រិតខ្ពស់ ដែលរៀបចំឡើងនៅក្រុងគន់មីង ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។
ក្នុងឱកាសថ្លែងសុន្ទរកថានៅក្នុងពិធីខាងលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងរវាងកម្ពុជាចិន ក៏ដូចជាសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសតាមដងទន្លេមេគង្គ។
ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្ថែមថា «ខ្ញុំយល់ថា ការអប់រំវិជ្ជាជីវៈជាន់ខ្ពស់ ជាប្រភេទនៃការផ្តល់ចំណេះដឹង ជំនាញវិជ្ជាជីវៈ ដែលអាចធ្វើឱ្យអ្នកសិក្សាទទួលបាននូវអត្ថប្រយោជន៍ក្នុងរយៈពេលខ្លី ពេលមធ្យម និងពេលវែង សម្រាប់បំពេញការងារ បង្កើនប្រាក់ចំណូល និងអភិវឌ្ឍមុខជំនាញ។ ការបណ្តុះបណ្តាលវិជ្ជាជីវៈជាន់ខ្ពស់ ជាការអប់រំមួយដែលមានការតាក់តែងឡើងតាមកម្មវិធីសិក្សាជាក់លាក់មួយសម្រាប់ការសិក្សាតាមជំនាញជាន់ខ្ពស់ ដែលអាចធ្វើឱ្យសិស្សនិស្សិតមានជំនាញវិជ្ជាជីវៈច្បាស់លាស់ អាចការបំពេញការងារប្រកបដោយផលិតភាពខ្ពស់ និងងាយស្រួលក្នុងការស្វែងរកការងារតាមជំនាញឯកទេសរបស់ខ្លួន។»
បើនិយាយពីកម្រិតនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីចិន ហាក់បានដើរទៅមុខឆ្ងាយពីបណ្តាប្រទេសនៅតាមដងទន្លេមេគង្គឯទៀត ដោយឯកឧត្តមបណ្ឌិតសភាចារ្យ បានរំលេចយ៉ាងដូច្នេះថា «ត្រង់ចំណុចនេះ យើងឃើញថា ប្រទេសចិនហាក់ដើរទៅមុនឆ្ងាយ បើធៀបទៅនឹងប្រទេសតាមដងទន្លេមេគង្គ ដែលប្រទេសយើងទាំងអស់គ្នាត្រូវដកស្រង់នូវបទពិសោធនិងមេរៀនល្អៗពីចិន។ ម្យ៉ាងវិញទៀត វេទិការបស់យើងនាពេលនេះ គឺជាមជ្ឈមណ្ឌលនៃការជួបជុំដែលអ្នករៀបចំគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ អ្នកបច្ចេកទេសមកពីប្រទេសតាមដងទន្លេមេគង្គមកជួបជុំជជែក ចែករំលែក រៀនសូត្រពីគ្នាទៅវិញទៅមក និងអង្គុយរួមគ្នាដើម្បីដោះស្រាយនៃបញ្ហាដែលកំពុងកើតមានចំពោះមុខក្នុងតំបន់មេគង្គរបស់យើង។»
គួររំលឹកផងដែរថា សប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយសាកលវិទ្យាល័យមីងជូ ខេត្តយូណាន ក្រោមការឧបត្ថម្ភដោយរដ្ឋបាលខេត្តយូណាន និងត្រូវបានអញ្ជើញចូលរួមពីអ្នកសិក្សាស្រាវជ្រាវ សាស្ត្រាចារ្យ និស្សិត និងអ្នកពាក់ព័ន្ធផ្សេងៗទៀត មកពីប្រទេសតាមដងទន្លេមេគង្គ និងមកពីសាកលវិទ្យាល័យនានាចំនួន២០ នៃខេត្តយូណាន។
ក្រោយការអាក់ខាននៃការរៀបចំដោយផ្ទាល់ចំនួន៣ឆ្នាំជាប់គ្នា ដោយសារជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២៣នេះ សប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីរួមគ្នាក្នុងការស្វែងរកនូវវិថីនៃកិច្ចសហប្រតិបត្តិការថ្មី និងចំណុចដែលត្រូវអនុវត្តនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្រោយពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីផ្តល់ជូនជាយន្តការមួយសម្រាប់ការសិក្សា រៀនសូត្រ និងការចែករំលែកផ្លាស់ប្តូរគ្នាទៅវិញទៅមកនៃប្រទេសតាមដងទន្លេមេគង្គ៕
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាមូលដ្ឋានដ៏សំខាន់នៅក្នុងការនាំមកនូវសន្តិភាពតាមរយៈការបញ្ចប់ជម្លោះជាង៣ទសវត្សរ៍ នាំមកនូវការអនុវត្តសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការបង្រួបបង្រួមនិងឯកភាពជាតិ។ ខ្...
នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងកញ្ញា ម៉ៅ សុគន្ធា មន្ត្រីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានអញ្ជើញចូលរួមប្រជុំ ដើម្បីប្រមូលទិន្ន័យ និង...
ដោយ៖ បណ្ឌិត យង់ ពៅ ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៤ គិតមកដល់ពេលនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាល ៣៣ឆ្នាំហើយ ដែលកិច្ចព្រមព្រៀងនេះបានផ្ដល់នូវមូលដ្ឋានសម្រាប់កម្ពុជាអាចឈានទៅសម្រេចបាននូវជោគជ័យ...