ព័ត៌មាន

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជ​បណ្ឌិត្យសភាកម្ពុជាទទួលជួប និងពិភាក្សាការងារជាមួយលោកជំទាវឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា

2021-02-22 06:10:48 ថ្ងៃចន្ទ, 22 កុម្ភៈ 2021 ម៉ោង 01:10 PM
អ្នកមើល 3712
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ​បណ្ឌិត្យសភាកម្ពុជាបានដឹកនាំថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញជួប និងពិភាក្សាការងារជាមួយនឹងលោកជំទាវ TINA REDSHAW ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងជំនួបពិភាក្សានាព្រឹកនេះ ​ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលអង់គ្លេសបានមានទំនាក់ទំនងការទូតផ្លូវការជាមួយកម្ពុជាចាប់តាំងពីឆ្នាំ១៩៥៣មកម្ល៉េះ បន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យពីអាណានិគមននិយមបារាំង។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់អំពីបទពិសោធក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់អង់គ្លេស ក្នុងនាមជាប្រទេសមានការរីកចម្រើនឧស្សាហកម្មជឿនលឿនដំបូងគេ ដែលកម្ពុជាត្រូវសិក្សាស្វែងយល់បន្ថែមទៀតពីប្រទេសអង់គ្លេស។

ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជម្រាបជូនលោកជំទាវឯកអគ្គរាជទូត អំពីការផ្ដោតចំណាប់អារម្មណ៍របស់ឯកឧត្ដមទៅលើឥរិយាបថ និងជំហររបស់អង់គ្លេសនៅក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលផ្ដល់សារសំខាន់យ៉ាងខ្លាំងចំពោះការសិក្សាស្រាវជ្រាវ មុននឹងសម្រេចធ្វើការអនុវត្តទៅលើវិស័យណាមួយ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានជម្រាបជូនដល់លោកជំទាវឯកអគ្គរាជទូតបន្ថែមទៀតថា ភាគីទាំងពីរគប្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនឹងគ្នា តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា នៅក្នុងវិស័យសំខាន់ៗមួយចំនួនដូចជាវិស័យកសិកម្ម វេជ្ជសាស្ត្រ និងបច្ចេកវិទ្យា ដែលសុទ្ធសឹងតែជាវិស័យដែលភាគីអង់គ្លេសអាចជួយដល់កម្ពុជាក្នុងការជំរុញការរីកចម្រើន និងការអភិវឌ្ឍសង្គមជាតិនាពេលបច្ចុប្បន្ន។

នៅក្នុងជំនួបពិភាក្សាការងារ ដែលបានបន្តរហូតដល់ម៉ោង១១:១១នាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងលោកជំទាវ TINA REDSHAW ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានពិភាក្សា និងពិនិត្យមើលបន្ថែមទៀតទៅលើលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នានៅលើវិស័យសំខាន់ៗចំនួន៤គឺ៖

- ការសិក្សាស្រាវជ្រាវរួមគ្នា

- ការបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមបែបអង់គ្លេស

- ការបណ្ដុះបណ្ដាលវិស័យកសិកម្ម

- និងការរៀបចំទីកន្លែងពិសោធន៍។

បន្ទាប់ពីពិភាក្សា និងដោះដូរទស្សនៈទៅវិញទៅមក លោកជំទាវ TINA REDSHAW បានសម្ដែងការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ទៅលើលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការដែលបានលើកឡើងខាងលើ ដោយលោកជំទាវបានថ្លែងជម្រាបជូនឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាថា លោកជំទាវនឹងនាំយកនូវគោលបំណងធ្វើកិច្ចសហប្រតិបត្តិការនេះ ផ្ដល់ទៅកាន់បណ្ដាសាកលវិទ្យាល័យនានានៅចក្រភពអង់គ្លេស ដើម្បីឈានទៅធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា នៅពេលខាងមុខ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនឹងគ្នារវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេសនៅក្នុងវិស័យវិទ្យាសាស្ត្រ៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

«ក្រុមការងារថ្នាក់ជាតិរាជបណ្ឌិត្យសភាកម្ពុជា ចុះកាន់បិណ្ឌវត្តមង្គលមានលក្ខណ៍និងវត្តសិរីដំណាក់»

នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងារថ្នាក់ជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់តាំងថ្នាក់ដឹកនាំនិងសមាជិកនៃក្រុម...

2019-09-21 14:48:39   ថ្ងៃសៅរ៍, 21 កញ្ញា 2019 ម៉ោង 09:48 PM
«របបរាជានិយមក្នុងសង្គមខ្មែរ»

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពជានៃរាជបណ្ឌិត្យសភាកម្ពុជាបើយើងក្រឡេកមើលប្រវត្តិសាស្ត្រកម្ពុជា យើងឃើញថាប្រទេសកម្ពុជា ជាប្រទេសដែលកាន់របបរាជានិយមរាប់សតវត្សរ៍មកហើយ គឺតាំងពីការកកើតរដ្...

2019-09-21 05:26:37   ថ្ងៃសៅរ៍, 21 កញ្ញា 2019 ម៉ោង 12:26 PM
«រាជបណ្ឌិត្យសភាកម្ពុជារៀបចំកិច្ចប្រជុំរួម រវាងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា»

ភ្នំពេញ៖ នៅព្រឹកនៅថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៩:០០ នាទីព្រឹក នៅសាលប្រជុំវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំ កិច្ចប្រជុំរ...

2019-09-20 05:19:41   ថ្ងៃសុក្រ, 20 កញ្ញា 2019 ម៉ោង 12:19 PM
«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យា...»

នៅព្រឹកនិងរសៀលថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យាបានចំនួន០...

2019-09-18 04:28:22   ថ្ងៃពុធ, 18 កញ្ញា 2019 ម៉ោង 11:28 AM
«កំណាយឡស្លដែកនៅឧទ្យានរាជបណ្ឌិត្យសភាតេជោសែនឬស្សីត្រឹប»

ចាប់តាំងពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ អ្នកជំនាញនៃឧទ្យានរាជបណ្ឌិត្យ​សភាកម្ពុជា តេជោសែន ឫស្សី និងអ្នកជំនាញនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា ដ...

2019-09-18 04:18:51   ថ្ងៃពុធ, 18 កញ្ញា 2019 ម៉ោង 11:18 AM
ឯកឧត្តមអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ចុះពិនិត្យការងារកំណាយស្រាវជ្រាវនៅឧទ្យានឫស្សីត្រឹប

នារសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចុះមកមើលការងារស្រាវជ្រាវ និងធ្វើកំណាយដល់ទីតាំងកំណាយឡស្លដែកនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្ស...

2019-09-14 10:55:58   ថ្ងៃសៅរ៍, 14 កញ្ញា 2019 ម៉ោង 05:55 PM

សេចក្តីប្រកាស