ព័ត៌មាន

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជ​បណ្ឌិត្យសភាកម្ពុជាទទួលជួប និងពិភាក្សាការងារជាមួយលោកជំទាវឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា

2021-02-22 06:10:48 ថ្ងៃច័ន្ទ, 22 កុម្ភៈ 2021, 06:10 AM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ​បណ្ឌិត្យសភាកម្ពុជាបានដឹកនាំថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញជួប និងពិភាក្សាការងារជាមួយនឹងលោកជំទាវ TINA REDSHAW ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងជំនួបពិភាក្សានាព្រឹកនេះ ​ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលអង់គ្លេសបានមានទំនាក់ទំនងការទូតផ្លូវការជាមួយកម្ពុជាចាប់តាំងពីឆ្នាំ១៩៥៣មកម្ល៉េះ បន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យពីអាណានិគមននិយមបារាំង។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់អំពីបទពិសោធក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់អង់គ្លេស ក្នុងនាមជាប្រទេសមានការរីកចម្រើនឧស្សាហកម្មជឿនលឿនដំបូងគេ ដែលកម្ពុជាត្រូវសិក្សាស្វែងយល់បន្ថែមទៀតពីប្រទេសអង់គ្លេស។

ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជម្រាបជូនលោកជំទាវឯកអគ្គរាជទូត អំពីការផ្ដោតចំណាប់អារម្មណ៍របស់ឯកឧត្ដមទៅលើឥរិយាបថ និងជំហររបស់អង់គ្លេសនៅក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលផ្ដល់សារសំខាន់យ៉ាងខ្លាំងចំពោះការសិក្សាស្រាវជ្រាវ មុននឹងសម្រេចធ្វើការអនុវត្តទៅលើវិស័យណាមួយ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានជម្រាបជូនដល់លោកជំទាវឯកអគ្គរាជទូតបន្ថែមទៀតថា ភាគីទាំងពីរគប្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនឹងគ្នា តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា នៅក្នុងវិស័យសំខាន់ៗមួយចំនួនដូចជាវិស័យកសិកម្ម វេជ្ជសាស្ត្រ និងបច្ចេកវិទ្យា ដែលសុទ្ធសឹងតែជាវិស័យដែលភាគីអង់គ្លេសអាចជួយដល់កម្ពុជាក្នុងការជំរុញការរីកចម្រើន និងការអភិវឌ្ឍសង្គមជាតិនាពេលបច្ចុប្បន្ន។

នៅក្នុងជំនួបពិភាក្សាការងារ ដែលបានបន្តរហូតដល់ម៉ោង១១:១១នាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងលោកជំទាវ TINA REDSHAW ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានពិភាក្សា និងពិនិត្យមើលបន្ថែមទៀតទៅលើលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នានៅលើវិស័យសំខាន់ៗចំនួន៤គឺ៖

- ការសិក្សាស្រាវជ្រាវរួមគ្នា

- ការបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមបែបអង់គ្លេស

- ការបណ្ដុះបណ្ដាលវិស័យកសិកម្ម

- និងការរៀបចំទីកន្លែងពិសោធន៍។

បន្ទាប់ពីពិភាក្សា និងដោះដូរទស្សនៈទៅវិញទៅមក លោកជំទាវ TINA REDSHAW បានសម្ដែងការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ទៅលើលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការដែលបានលើកឡើងខាងលើ ដោយលោកជំទាវបានថ្លែងជម្រាបជូនឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាថា លោកជំទាវនឹងនាំយកនូវគោលបំណងធ្វើកិច្ចសហប្រតិបត្តិការនេះ ផ្ដល់ទៅកាន់បណ្ដាសាកលវិទ្យាល័យនានានៅចក្រភពអង់គ្លេស ដើម្បីឈានទៅធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា នៅពេលខាងមុខ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនឹងគ្នារវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេសនៅក្នុងវិស័យវិទ្យាសាស្ត្រ៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា​ «កិត្តិសង្គហបណ្ឌិត»ត្រូវបានផ្តល់ជូនលោកជំទាវ ឃួន សុដារី»

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៩/៥១៥ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោ...

2019-04-13 16:47:52   Sat, 13,04,2019, 04:47 PM
គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិសេដ្ឋាបណ្ឌិត» ត្រូវបានផ្តល់ជូន ឯកឧត្តម ឆាយ ថន

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៩/ ៥១៤ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនីបានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោ...

2019-04-13 16:40:07   Sat, 13,04,2019, 04:40 PM
សរុបព័ត៌មានប្រចាំសប្តាហ៍«បច្ចេកសព្ទចំនួន៣០ ត្រូវបានអនុម័ត នៅសប្តាហ៍ទី២ ក្នុងខែមេសា ឆ្នាំ២០១៩»

បច្ចេកសព្ទចំនួន៣០ ត្រូវបានអនុម័ត នៅក្នុងសប្តាហ៍ទី២ ក្នុងខែមេសា  ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖-បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍  ចំនួន០៣ ត្រូវបានអនុម័ត កាលពីថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២...

2019-04-13 14:46:44   Sat, 13,04,2019, 02:46 PM
«កិច្ចប្រជុំជាមួយបណ្ឌិត្យសភាវិទ្យាសាស្ដ្រសង្គម សៀង ហៃ»

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបពិភាក្សាជាលក្ខណៈទ្វេភាគីជាមួយ ថ្នាក់ដឹកនាំនៃបណ្ឌិត្យសភាវិទ្យាសាស្ដ្រសង្គម សៀង ហៃ។ជំនួបនេះបានធ្វើឡើងនៅ ព្រឹកថ្ងៃសុក្រ ៨កើត ខែចេត្រ ឆ្...

2019-04-13 12:24:30   Sat, 13,04,2019, 12:24 PM
«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា»

កាលពីថ្ងៃពុធ ៦កេីត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេក...

2019-04-12 12:23:15   Fri, 12,04,2019, 12:23 PM
«ប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»

កាលពីថ្ងៃអង្គារ ៥កេីត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាព​ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អន...

2019-04-10 10:52:10   Wed, 10,04,2019, 10:52 AM

សេចក្តីប្រកាស