ដោយ៖ ផាញ់ សារឿន

       ថៃបានបំផ្លាញកេរ្តិ៍ឈ្មោះប្រទេសចិនជាច្រើនករណី ចាប់តាំងពីមានការបោកប្រាស់នៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ាមក ដោយមានការនិយាយអំពី “ប្រទេសថៃជាចំណតកណ្តាលនៃការបោកប្រាស់នៅមីយ៉ាន់ម៉ា” និងជា “កប៉ាល់ពេទ្យវះកាត់តម្រងនោមនៅសមុទ្រអន្តរជាតិ”។ ហេតុអ្វីបានជាថៃអាចបញ្ជូនជនរងគ្រោះចេញពីទឹកដីថៃទៅកាន់ប្រទេសមីយ៉ាន់ម៉ាបាន? តើថៃជាអ្នកប្រព្រឹត្ត ហើយបន្ទាប់មកបង្ខូចកេរិ៍្តឈ្មោះដល់ប្រទេសមីយ៉ាន់ម៉ា? នៅលើឆាកអន្តរជាតិ មីយ៉ាន់ម៉ាក៏ត្រូវបានរងគ្រោះដោយសារប្រទេសថៃដែរ។ ក្នុងនោះដែរ ក៏មានច្រើនករណីចំពោះការបោកប្រាស់តាមអនឡាញ ដែលថៃបានបង្ខូចកេរិ៍្តឈ្មោះទៅដល់ប្រទេសដែលមានព្រំដែនជិតខាង។

នៅពេលនេះ យើងសូមបង្ហាញប្រវត្តិអំពីឧប្បត្តិហេតុដែលប្រទេសថៃបានបំផ្លាញកេរិ៍្តឈ្មោះរបស់ប្រទេសចិនក្នុងករណីផ្ទាល់រវាងថៃនិងចិន។ ករណីទីមួយ) ប្រទេសថៃបានចុះកិច្ចព្រមព្រៀងជាច្រើនជាមួយកោះតៃវ៉ាន់ ដោយថៃបានទទួលផលប្រយោជន៍ជាមួយកោះតៃវ៉ាន់ និងធ្វើឱ្យតៃវ៉ាន់មានអំណាចទន់កាន់តែរឹងមាំ។ ក្នុងវិស័យសេដ្ឋកិច្ច ការពង្រីកឥទ្ធិពលអំណាចទន់របស់តៃវ៉ាន់បានក្លាយជាឧបករណ៍មួយក្នុងចំណោមឧបករណ៍របស់តៃវ៉ាន់សម្រាប់រក្សាទំនាក់ទំនងផ្លូវការ ឬយ៉ាងហោចណាស់រក្សា “ទំនាក់ទំនងសំខាន់ៗ” បន្ទាប់ពីការកាត់ផ្តាច់ទំនាក់ទំនងការទូត។ ទង្វើរបស់ថៃជាមួយកោះតៃវ៉ាន់នេះ បានបំផ្លាញឥទ្ធិពលរបស់ចិនដោយប្រយោល។ ករណីទីពី) កាលពីខែមេសា ឆ្នាំ២០២០ មានអ្នកប្រើប្រាស់អ៊ីនធឺណិតថៃបានវាយប្រហារចិនយ៉ាងខ្លាំង។ ដើមឡើយ នៅពេលដែលតារាប្រុសថៃមួយរូបបានសរសើររូបថតមិត្តស្រីរបស់ខ្លួនថា៖ “ស្អាតណាស់ ដូចជាក្មេងស្រីចិន” ហើយមិត្តស្រីរបស់គេបានឆ្លើយតបវិញថា៖ “ជារូបរាងក្មេងស្រីតៃវ៉ាន់” ដែលជាហេតុបង្កឱ្យមានការមិនពេញចិត្តពីសំណាក់អ្នកប្រើប្រាស់ អ៊ីនធឺណិតចិន ហើយក្រោយមកក៏រកឃើញថា នាងក៏ធ្លាប់បានចែកចាយសារ “ប្រមាថដល់ចិន” ផ្សេងទៀតផងដែរ។ ក្នុងអំឡុងពេលនៃការប៉ះទង្គិចនោះ អ្នកប្រើប្រាស់អ៊ីនធឺណិតថៃមួយចំនួនបានវាយប្រហារប្រទេសចិនយ៉ាងខ្លាំង    ខណៈដែលអ្នកប្រើប្រាស់អ៊ីនធឺណិតចិនមួយចំនួនក៏បានវាយបកទៅវិញដែរ ហើយស្ថានភាពនាពេលនោះបានឡើងដល់កម្រិតក្តៅគគុក។ ករណីទីបី) ថៃបំផ្លាញទំនុកចិត្ត បានក្បត់សន្យា និយាយត្រឡប់ត្រឡិនរឿងទិញនាវាមុទឹកចិន ហើយចុងក្រោយខ្លួនអត់ជម្រើសក៏ទទួលយក។ នៅ​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ យោង​តាម​របាយការណ៍​ពី “Defense Post” កងទ័ពជើងទឹក​ថៃ​បាន​ផ្លាស់ប្តូរ​ការ​សម្រេចចិត្ត​ពីមុន​របស់​ខ្លួន​ក្នុង​ការ​លុបចោល​ការ​បញ្ជា​ទិញ​នាវាមុជទឹក​ពី​ចិន ហើយក្រោយមកយល់ព្រម​បន្ត​ទិញ​នាវាមុជទឹក S26T ពីចិន។

ករណីផ្ទាល់រវាងថៃនិងចិន មិនមែនមានត្រឹមតែ ៣ករណីដូចខាងលើនោះទេ តែថែមទាំងនៅមានករណីជាច្រើនទៀតផងដែរ។ ចំពោះការបង្ខូចកេរិ៍្តឈ្មោះនេះ បើតាមលោក អាប្រាហាម លីនខូន (Abraham Lincoln) បានពោលថា “កេរ្តិ៍ឈ្មោះ គឺប្រៀបដូចជាចានល្អៗ នៅពេលដែលបែកហើយ វាយ៉ាប់ណាស់ក្នុងការជួសជុលឡើងវិញ” (Reputation is like fine China: Once broken it’s very hard to repair. )។

រីឯករណីដែលថៃឈ្លានពានកម្ពុជាវិញ គឺថៃបានបំផ្លាញកេរិ៍្តឈ្មោះប្រទេសចិន និងបំផ្លាញផលប្រយោជន៍របស់ចិននៅលើឆាកអន្តរជាតិផងដែរ ដែលមានច្រើនករណីដូចខាងក្រោម៖

១) ថៃបានញុះញង់បំផ្លាញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល។ ថៃបានចោទប្រកាន់កម្ពុជាថា បានប្រើប្រាស់កាំភ្លើងបាញ់គ្រាប់រ៉ុក្កែតច្រើនបំពង់ PHL-03 ដែលផលិតដោយប្រទេសចិន ខណៈដែលកម្ពុជាមិនប្រើករណីនេះនោះទេ។ នេះបានន័យថាថៃបានចោទចិនដោយប្រយោល ដើម្បីធ្វើសង្គ្រាមក្នុងការវាយប្រហារកម្ពុជា។

២) ថៃបាន “ចោទប្រកាន់ចិន” ថាបានបញ្ជូនអាវុធឱ្យកម្ពុជាធ្វើសង្គ្រាមជាមួយថៃ ចំណែកប្រទេសចិនក៏បានច្រានចោលរបាយការណ៍របស់​​ថៃ ស្តីពី​​ការដឹកជញ្ជូនអាវុធ​​ឱ្យកម្ពុជាដើម្បីវាយប្រហារថៃផងដែរ។ ចាប់តាំងពីថៃបានឈ្លានកម្ពុជាមក ក្នុងនាមចិនជាមិត្តរបស់ប្រទេសទាំងពីរ ចិនព្យាយាមធ្វើឱ្យស្ថានការណ៍ធូរស្រាលឡើងវិញ ហើយចិនពុំបានបញ្ជូនអាវុធណាមួយឱ្យកម្ពុជាដើម្បីធ្វើសង្គ្រាមជាមួយថៃនោះទេ។ ចិនពុំទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួនពីជម្លោះព្រំដែនកម្ពុជា-ថៃ នោះដែរ។

៣) ថៃបានបំផ្លាញយន្តការណ៍សហប្រតិបត្តិការពហុភាគី ពហុប៉ូលនីយកម្មប្រកបដោយសមធម៌ និងថៃបានបំផ្លាញសណ្តាប់ធ្នាប់ពិភពលោក។ ស្ថានភាពជាក់ស្ដែង ថៃបានរំលោភបំពាននិងបំផ្លាញកិច្ចសហប្រតិបត្តិការ  ពហុភាគីជាមួយប្រទេសជាប់ព្រំដែនថៃទាំងអស់ តើនេះឬទង្វើល្អរបស់ថៃ? ព័ត៌មានជាច្រើនដែលថៃបានផ្សាយ គឺជាព័ត៌មានមិនពិត និងធ្វើជាសម្ដែងដោយបង្ហាញរូបភាពថាខ្លួនជាអ្នករងគ្រោះ។ កន្លងមក ថៃមានជម្លោះព្រំដែនជាមួយប្រទេសទាំងបួន ដែលអន្តរជាតិគួរតែស្រាវជ្រាវរកការពិត និងមិនគួរបិទភ្នែកមើលនូវទង្វើខុសច្បាប់អន្តរជាតិរបស់ថៃនោះទេ។ ថៃមានជម្លោះព្រំដែនជាមួយមីយ៉ាន់ម៉ា គឺច្បាស់ណាស់ថៃបានឈ្លានពានមីយ៉ាន់ម៉ា តែថៃបង្ហាញរូបភាពដោយធ្វើជាអ្នករងគ្រោះ ផ្ទុយទៅវិញអ្នករងគ្រោះពិតប្រាកដគឺជាមីយ៉ាន់ម៉ា ឯការដែលថៃមានជម្លោះព្រំដែនជាមួយឡាវ គឺថៃបានឈ្លានពានឡាវយ៉ាងពិតប្រាកដ តែថៃបង្ហាញរូបភាពធ្វើខ្លួនជាអ្នករងគ្រោះ ហើយអ្នកដែលរងគ្រោះពិតប្រាកដនោះគឺឡាវ។ ចំណែកករណីដែលថៃបានឈ្លានពានម៉ាឡេស៊ីវិញ មិនខុសពីប្រទេសមីយ៉ាន់ម៉ា និងប្រទេសឡាវនោះទេ គឺថៃបានបង្ហាញរូបភាពឱ្យឃើញថាខ្លួនជាអ្នករងគ្រោះដដែល។ ចំពោះជម្លោះជាមួយប្រទេសកម្ពុជាវិញ មិនខុសពីប្រទេសទាំងបីខាងលើនោះដែរ គឺកម្ពុជាជាអ្នករងគ្រោះយ៉ាងពិតប្រាកដ។ នេះបញ្ជាក់ថា ថៃបានបំផ្លាញកិច្ចសហប្រតិបត្តិការពហុភាគីដែលជាគោលការណ៍របស់ចិន ក៏ដូចជាអន្តរជាតិ។

៤) ថៃបានធ្វើឱ្យចិនមានឧបសគ្គនយោបាយនៅលើឆាកអន្តរជាតិ និងបានជំរុញជម្លោះមនោគមវិជ្ជាដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសជាមួយប្រទេសអាម៉េរិក។ ចិនបានប្រកាន់ខ្ជាប់នូវគោលជំហរមិនបង្កជម្លោះមនោគមវិជ្ជានោះទេ ហើយចិនបានព្យាយាមបញ្ចៀសសង្គ្រាមជានិច្ច។ កន្លងមក ប្រទេសចិនក៏ធ្លាប់បានរងគ្រោះកាលឆ្នាំ១៩៨៩ ផងដែរ ហើយពេលនោះប្រទេសលោកខាងលិចដែលដឹកនាំដោយអាម៉េរិកបានដាក់ទណ្ឌកម្មរួមលើប្រទេសចិនដោយសារតែហេតុផលមនោគមវិជ្ជា។

៥) ថៃបានបង្កចលាចល បង្កអសន្តិសុខ បំផ្លាញសន្តិភាពប្រទេសជិតខាងរបស់ចិន ដែលជាហេតុធ្វើឱ្យរាំងស្ទះដល់ចរន្តដំណើរការសេដ្ឋកិច្ចចិន។ ថៃបានបំផ្លាញការខិតខំប្រឹងប្រែងរបស់ចិនក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី​ និងសន្តិភាព​។ ការកសាងសមិទ្ធផល និងការកសាងកេរិ៍្តឈ្មោះរបស់ចិន មិនគួរបន្តបំផ្លាញដោយទង្វើរបស់ថៃទៀតនោះទេ។  ព្រោះប្រទេសចិនបានចូលរួមក្នុងការស្វែងរកដំណោះស្រាយដោយយុត្តិធម៌ ចូលរួមដោយសេចក្តីពិត និងចិនបានចូលរួមដោយភាពស្មោះត្រង់ដែលជាទ្រព្យសម្បត្តិនៃការកសាងសន្តិភាពនៅក្នុងតំបន់ និងពិភពលោក។

) ថៃព្យាយាមបំផ្លាញផលប្រយោជន៍ចិនដោយប្រយោលនៃគម្រោងអន្តរជាតិរបស់លោក ស៊ី ជីនភីង ដូចជា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល, គំនិតផ្តួចផ្តើមសន្តិសុខសកល, គំនិតផ្តួចផ្តើមអរិយធម៌សកល, សហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ ជាដើម។ ថៃបានបំផ្លាញមាគ៌ារៀនសូត្រពីគ្នាទៅវិញទៅមក បំផ្លាញការស្វែងរកវិធីរួមរស់ជាមួយគ្នាដោយសុខដុមរមនា និងបង្កឱ្យមានការយល់ច្រឡំ ដែលបណ្តាលឱ្យក្លាយជាសត្រូវនឹងគ្នា។

៧) ថៃបានជំរុញឱ្យចិនធ្លាក់ចូលទៅក្នុងសង្គ្រាមត្រជាក់ថ្មី និងសង្គ្រាមប្រូកស៊ី (Proxy War) ដោយថៃចោទចិនផង ចោទរុស្ស៊ីផង។ ម្យ៉ាងវិញទៀត ថៃក៏បានបំផ្លាញកេរិ៍្តឈ្មោះប្រទេសរុស្ស៊ីផងដែរ ដោយចោទប្រកាន់អង្គភាពអង្គរក្សរបស់កម្ពុជាថាបានប្រើប្រាស់ទាហានស៊ីឈ្នួលរុស្ស៊ី ដែលថៃធ្វើបែបនេះក្នុងគោលបំណងទទួលបានការអាណិតអាសូរពីសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។

៨) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ័ង វិនពីន (Wang Wenbin) បានសរសេរការពិតនៅក្នុងផ្លូវកណ្ដាលក្នុងហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ថា៖ “ចិនគាំទ្រកម្ពុជាយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យជាតិ សន្តិសុខ និងផលប្រយោជន៍ការអភិវឌ្ឍ ហើយចិននឹងជាដៃគូអាចជឿទុកចិត្តបានក្នុងការអភិវឌ្ឍរបស់កម្ពុជាជារៀងរហូត”។ ប៉ុន្តែជនជាតិថៃបាននាំគ្នារិះគន់ចំពោះការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិននៅ   កម្ពុជា ដោយបង្ហាញពីការខឹងសម្បារ វាយប្រហារចោទប្រកាន់ប្រទេសចិន ខណៈនយោបាយការបរទេសរបស់ចិនតែងតែគាំទ្រអធិបតេយ្យភាពគ្រប់ប្រទេសទាំងអស់ដោយឯករាជ្យ។

៩) សកម្មភាពរបស់ថៃ គឺជាគំរូដល់ប្រទេសដទៃទៀតដែលធ្វើឱ្យខូចដល់កេរិ៍្តឈ្មោះរបស់ប្រទេសចិន និងបានបំផ្លាញផលប្រយោជន៍ចិនរយៈពេលវែង។ ថៃមិនត្រឹមតាំងខ្លួនជាបងធំត្រឹមតែអាស៊ាននោះទេ ថែមទាំងតាំងខ្លួនជាបងធំលើចិន និងលើអាម៉េរិកទៀតផង។

ករណីដែលបានលើកឡើងខាងលើទាំងប៉ុន្មាន មិនទាន់បានរាប់បញ្ចូលការដែលប្រទេសថៃមានក្រុមជ្រុលនិយមប្រឆាំងនឹងចិនយ៉ាងរឹងរូសមួយចំនួនទៀតផងនោះទេ ដែលពួកគេទាំងនោះមិនទទួលស្គាល់ ហើយមានការបដិសេធដោយសភាវគតិ។ ក្រុមជ្រុលនិយមថៃបានទទួលយកការរិះគន់របស់លោកខាងលិច ហើយបន្ទាប់មកក៏យកការរិះគន់នោះទៅវាយប្រហារប្រទេសចិន។ នៅក្នុងប្រទេសថៃ ក្រុមប្រឆាំងនឹងចិនទាំងនោះទោះបីមិនច្រើនក៏ដោយ តែក៏មានឥទ្ធិពលខ្លាំងណាស់ដែរ។ សូម្បីតែចិន រុស្ស៊ី ត្រូវបានថៃចោទប្រកាន់ ហើយសហរដ្ឋអាម៉េរិកក៏ថៃមិនគោរពតាម ចុះទម្រាំត្រឹមកម្ពុជា! ករណីខាងលើនេះ ចិនមិនអាចធ្វេសប្រហែសបានឡើយ ហើយបើតាមលោកស្រី ម៉ាហ្គារ៉េត មីតឆេល Margaret Mitchell ដែលជាអ្នកនិពន្ធប្រលោមលោកជនជាតិអាម៉េរិកដ៏ល្បីល្បាញមួយរូបបានមានទស្សនៈថា “រហូតទាល់តែអ្នកបាត់បង់កេរ្តិ៍ឈ្មោះរបស់អ្នក ទើបអ្នកមិនដែលដឹងថាវាក្លាយជាបន្ទុកអ្វីនោះទេ។” (Until you’ve lost your reputation, you never realize what a burden it was).

សរុបមក កេរ្តិ៍ឈ្មោះរបស់ប្រទេសចិនគឺជាការបន្ថែមអំណាចទន់ដល់ចិន ហើយនៅពេលប្រទេសចិនបាត់ បង់កេរិ៍្តឈ្មោះដោយសារសកម្មភាពដោយប្រយោលរបស់ប្រទេសថៃនោះ គឺប្រទេសចិនត្រូវចំណាយពេលយ៉ាងយូរដើម្បីកសាងកេរិ៍្តឈ្មោះឡើងវិញ។ ថៃតែងនិយាយថាចិនជាគ្រួសារតែមួយ ប៉ុន្តែថៃលួចចាក់ចិនពីក្រោយខ្នង។ បើចិនមិនចាត់វិធានការទេនោះ នោះប្រាកដនឹងក្លាយជារឿងធំ បើចិនទុករឿងនេះអូសបន្លាយកាន់យូរនឹងកាន់តែក្លាយជារឿងធំ។ ប្រសិនបើចិនមើលរំលង ហើយមានសុទិដ្ឋិនិយមដោយងងឹតងងល់ ថៃនឹងបំផ្លាញសមិទ្ធផលនៃអំណាចទន់របស់ចិននៅលើឆាកអន្តរជាតិដោយស្ងាត់ស្ងៀម។ កេរិ៍្តឈ្មោះល្អរបស់ចិនជាត្បូងពេជ្រដ៏មានតម្លៃបំផុត កេរិ៍្តឈ្មោះល្អជាដើមទុននៃអំណាចទន់របស់ចិន ហើយកេរិ៍្តឈ្មោះល្អរបស់ចិននឹងជាកូនសោកំណប់ទ្រព្យថែមទៀតនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល៕

 

* រាល់ទស្សនៈដែលបានលើកឡើងខាងលើ ជាការយល់ឃើញផ្ទាល់របស់ស្មេរ និងមិនឆ្លុះបញ្ចាំងទស្សនៈរបស់រាជបណ្ឌិត្យសភាកម្ពុជាឡើយ។