ព័ត៌មាន

អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ចូលរួមពិធីប្រគល់រង្វាន់ជូនសិស្សនិទ្ទេស A សិស្សពូកែ និងគ្រូបង្រៀនឆ្នើម ២៨៣នាក់នៅស្រុកត្រាំកក់
13
673

អបអរសាទរ !

សិស្សជ័យលាភីនិទ្ទេស A ទាំង ៤នាក់ នៃ ស្រុកត្រាំកក់ ខេត្តតាកែវ ទទួលបាន ម៉ូតូ ម្នាក់ៗ ១គ្រឿងពី ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន។

នៅឯរដ្ឋបាលសាលាស្រុកត្រាំកក់ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំត្រពាំងធំខាងជើង បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសតាមសេចក្តីអញ្ជើញពីលោកអភិបាលនៃអភិបាលស្រុកត្រាំកក់ ក្នុងពីជូនរង្វាន់ដល់សិស្សពូកែ និងគ្រូបង្រៀនឆ្នើមនៃស្រុកត្រាំកក់ នៅថ្ងៃរសៀលម៉ោង២ៈ០០ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩នេះ។

សូមបញ្ជាក់ដែរថា ជ័យលាភីដែលទទួលរង្វាន់ពីឯកឧត្តមបណ្ឌិត ច័ន្ទ សារុន មានចំនួនសរុប ២៨៣នាក់ (ស្រី ១៤១នាក់) ក្នុងនោះមាន៖
- សិស្សនិទ្ទេស A ចំនួន ៤នាក់ (ស្រី ២នាក់)
- សិស្សនិទ្ទេស B ចំនួន ៣១នាក់ (ស្រី ១៩នាក់)
- សិស្សពូកែ ចំនួន ១២៤នាក់ (ស្រី ៧២នាក់)
- គ្រូបង្រៀនល្អ ចំនួន ១២៤នាក់ (ស្រី ៤៨នាក់)

នេះជារួមចំណែកដ៏សំខាន់ក្នុងវិស័យអប់រំក្នុងស្រុកត្រដក់ និងជាជោគជ័យលេចធ្លោ សម្រាប់ឆ្នាំសិក្សា២០១៨ - ២០១៩ ដែលចំនួនសិស្សពូកែប្រឡងជាប់និទ្ទេស A មានកំណើនទ្វេដងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ២០១៧ (ដែលមានសិស្សទទួលបាននិទ្ទេស A តែ ១នាក់គត់)។ ការលើកទឹកចិត្តដល់សិស្សនិទ្ទេស A តែម្នាក់ នៅឆ្នាំ២០១៧ របស់ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកត្រាំកក់ បានក្លាយជាកម្លាំងចិត្តដ៏ធំជម្រុញឱ្យសិស្សានុសិស្សស្រុកត្រាំកក់ ខិតខំសិក្សា រហូតទទួលបានជាប់និទ្ទេស A បានចំនួន ២នាក់ នៅឆ្នាំ២០១៨ និង បានកើនឡើនទ្វេដង បានចំនួន ៤នាក់នៅឆ្នាំ២០១៩នេះ។

RAC Media


សេចក្តីប្រកាស