ព័ត៌មាន

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ «ការរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដើម្បីផលប្រយោជន៍មនុស្សជាតិ»
18
1400

បញ្ជាក់នៅក្នុងពិធីបើកសន្និសីទអន្តរជាតិលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច» ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា «ការរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវដើម្បីផលប្រយោជន៍មនុស្សជាតិដែលរស់នៅលើភពផែនដីនេះ គឺពិតជារឿងចាំបាច់ណាស់ ព្រោះថា នាពេលបច្ចុប្បន្ននេះ ពិភពលោកបាននឹងកំពុងពើបប្រទះនូវវិបត្តិសាកលជាច្រើន ដោយរាប់បញ្ចូលទាំងបញ្ហាសន្តិសុខស្បៀង, ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោ បាយនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក, សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន, បញ្ហាបម្រែបម្រួលធាតុអាកាស, និងវិបត្តសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺកូវីដ-១៩ ជាដើម។ បើនិយាយអំពីសេដ្ឋកិច្ចដែលបង្កឡើងដោយ ជំងឺកូវីដ-១៩ ប្រទេសយើងទាំង៣ ពិតជារងនូវផលប៉ះពាល់មិនតិចនោះទេ ដោយសារវិបត្តនេះ ពិសេសលើវិស័យសហគ្រាសធុនតូចនិងមធ្យមតែម្តង។»

តាមការចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ សហគ្រាសធុនតូចនិងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ដែលនេះបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រោះថានៅក្នុងសង្គមកម្ពុជា សហគ្រាសខ្នាតតូច និងមធ្យមក៏ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការ៖

(១) បង្កើតការងារ (២) បង្កើតប្រាក់ចំណូលសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប និងប្រជាជនងាយរងគ្រោះ និង (៣) ជំរុញកំណើនសេដ្ឋកិច្ច ស្ថេរភាពសង្គម និងរួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជនយ៉ាងខ្លាំង។

ចំណែកឯកឧត្ដមបណ្ឌិត សនថៈនូ ថាំម៉ាវង់ (Sonethaou THAMMAVONG) ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ បានបង្ហាញចំណាប់អារម្មណ៍ពីវិស័យសហគ្រាសធុនតូច និងមធ្យម ដែលបានរួមចំណែកផ្ដល់ប្រាក់ចំណូលក្នុងសហគមន៍ និងបានបង្កើតការងារ ព្រមទាំងបង្កើតផលិតផលជាច្រើននៅក្នុងទីផ្សារតាមតម្រូវការប្រើប្រាស់របស់ប្រជាជន។ សហគ្រាសធុនតូច និងមធ្យម ក៏បានដើរតួនាទីក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក ដែលជាមូលដ្ឋានក្នុងការធ្វើឱ្យតំបន់នីមួយៗមានការផ្សារភ្ជាប់គ្នា។ នៅក្នុងប្រទេសឡាវ ផែនការសេដ្ឋកិច្ចឆ្នាំ២០២១-២០២៦ បានផ្ដោតអាទិភាពធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចមានការអភិវឌ្ឍដោយស្ថិរភាព ហើយធ្វើការជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមដើម្បីចូលរួមចំណែកកាន់តែប្រសើរនៅក្នុងសេដ្ឋកិច្ចឡាវ។

ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត បួយ ញ៉ាត់ក្វាង (Bui Nhat Quang) ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម (VASS) បានបង្ហាញពីចំណាប់ចំពោះប្រធានបទឆ្នាំ២០២២នេះថា សហគ្រាសធុនតូច និងមធ្យម មានចំនួនច្រើនជាងសហគ្រាសធំៗ ដែលបានបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋ ពិសេសប្រជាជននៅតាមមូលដ្ឋាន ដែលវិស័យសហគ្រាសធុនតូច និងមធ្យមបានចូលរួមចំណែកក្នុងការបង្កើតការងារ និងដោះស្រាយបញ្ហាសេដ្ឋកិច្ចក្នុងប្រទេស។

តែទោះយ៉ាងណាក៏ដោយ ឯកឧត្ដមបណ្ឌិត សនថៈនូ ថាំម៉ាវង់ ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចវឡាវ ( LASES)បានបញ្ជាក់ពីបញ្ហាមួយចំនួនដែលសហគ្រាសធុនតូច និងមធ្យម មិនទាន់អភិវឌ្ឍ និងត្រូវការគិតគូរលើកកម្ពស់ ក្នុងនោះមាន៖

១. ការប្រើប្រាស់ទុនមិនបានល្អ;

២. សមត្ថភាពប្រកួតប្រជែងមានដែនកំណត់;

៣. បុគ្គលិកនៅក្នុងសហគ្រាសធុនតូច និងមធ្យម នៅមិនទាន់មានគុណភាពនៅឡើយ ដោយភាគច្រើនជាលក្ខណៈគ្រួសារ មិនទាន់ឆ្លើយតបនឹងបច្ចេកវិទ្យា;

៤. ការអនុវត្តគោលនយោបាយមានភាពល្អិតល្អន់ និងមិនទាន់បានល្អប្រសើរនៅឡើយ។

នៅក្នុងពេលការរីករាលដាលជំងឺកូវីដ-១៩ សហគ្រាសធុនតូច និងមធ្យមមួយចំនួន ត្រូវបានបិទដំណើរការ ដែលជាផលប៉ះពាល់ពីការរីករាលដាលជំងឺកូវីដ-១៩ ហើយបើទោះបីជាការរីករាលដាលនេះមិនទាន់បញ្ចប់ ប៉ុន្តែការរួមចំណែករបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងសេដ្ឋកិច្ច ពិតជាមានភាពប្រសើរឡើង ហើយការរៀបចំសន្និសីទអន្តរជាតិនាពេលនេះ ពិតជាមានសារៈសំខាន់ និងត្រឹមត្រូវបំផុត ព្រោះការរៀបចំសេដ្ឋកិច្ចក្រោយការរីករាលដាលជំងឺកូវីដ-១៩គឺជាចំណុចដែលត្រូវពិនិត្យ៕


សេចក្តីប្រកាស