ព័ត៌មាន

«សន្និសីទ CLV ជាចំណុចជួបគ្នារបស់អ្នកស្រាវជ្រាវប្រទេសកម្ពុជា ឡាវ និងវៀតណាម»
14
1401

រាជបណ្ឌិត្យសភាកម្ពុជា៖ ថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី៩ នៅសាលសន្និសីទខេមរវិទូ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់នៃការរៀបចំកម្មវិធីជួបជុំគ្នារវាងអ្នកស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ និងអ្នកពាក់ព័ន្ធផ្សេងទៀតនៃប្រទេសទាំងបី បានដើរតួនាទីយ៉ាងសំខាន់  នៅឆ្នាំនេះ ដើម្បីពិភាក្សាលើបញ្ហា៤សំខាន់៖

(១). ការកំណត់បញ្ហាប្រឈមរួមនិងដោយឡែកអំពីវិស័យសហគ្រាសធុនតូចនិងមធ្យមនៃប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម,

(២). ប្រមូលទស្សនៈ បទពិសោធន៍ អនុសាសន៍ និងយុទ្ធសាស្ត្រ ដើម្បីជំរុញប្រសិទ្ធភាព ព្រមទាំងការលើកកម្ពស់វិស័យសហគ្រាសធុនតូចនិងមធ្យមក្នុងប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម,

(៣). កំណត់យន្តការសម្រាប់កិច្ចសហប្រតិបត្តិការ ដែលអាចមានដើម្បីដោះស្រាយបញ្ហារួម,

(៤). ជំរុញអន្តរកម្មប្រកបដោយការស្ថាបនារវាងអ្នកស្រាវជ្រាវ និងអ្នកធ្វើគោលនយោបាយ ដែលមានវត្តមានក្នុងសន្នីសីទនេះ។ 

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា បើទោះជាកម្មវិធីសន្និសីទអន្តរជាតិនេះត្រូវលើកពេលដោយសារតែបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ កន្លងមក តែមកទល់ពេលនេះ ក្រោមកិច្ចដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ដោយបាននាំកម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់ជាប្រទេសដ៏ល្អប្រសើរមួយនៅក្នុងតំបន់ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ 

ការបិទបញ្ចប់ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ និងការបើកប្រទេសឱ្យមានដំណើរការធម្មតាឡើងវិញ ជាឱកាសដ៏ប្រសើរបំផុត ដែលអនុញ្ញាតឱ្យកម្មវិធីសន្និសីទនេះឡើង ក្នុងខណៈដែលបណ្ដាប្រទេសជាច្រើនទៀត នៅតែបន្តមានការឆ្លងរីករាលដាលខ្លាំងដោយសារតែជំងឺកូវីដ-១៩៕


សេចក្តីប្រកាស