រាជបណ្ឌិត្យសភាកម្ពុជា
រាជបណ្ឌិត្យសភាកម្ពុជា មានកាតព្វកិច្ចធ្វើការស្រាវជ្រាវលើគ្រប់វិស័យនៃវិទ្យាសាស្ត្រសង្គម និងធម្មជាតិ ដោយផ្តល់ការរួមចំណែកយ៉ាងសំខាន់ដល់រាជរដ្ឋាភិបាលកម្ពុជា។
ព័ត៌មានសំខាន់ៗ
ព័ត៌មានច្រើនទៀតសហប្រតិបត្តិការ ដើម្បីជនរួមជាតិ
នាព្រឹកថ្ងៃព្រហស្បតិ៍១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ តំណាងមន្ទីរពេទ្យកាល់ម៉ែត ដែលមានឯកឧត្តមសាស្ត្រាចារ្យ ញ៉ែម សុភឿន ប្រធានមជ្ឈមណ្ឌលព្យាបាល ជំងឺបេះដូង និងក្រុមវេជ្ជបណ្ឌិតជំនាញបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត។ កិច្ចពិភាក្សានេះ ផ្តោតជាសំខាន់ ពីការបង្កើតកិច្ចសហការជាមួយអ្នកជំនាញវះកាត់បេះមកពីមន្ទីរពេទ្យក្រុងបាងកក និងការបណ្តុះបណ្តាល បន្ថែមផ្នែកវះកាត់បេះដូងដល់គ្រូពេទ្យកម្ពុជា។
សូមបញ្ជាក់ថា ខណៈដែលឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានធ្វើដំណើរទស្សនកិច្ចនៅសហគមន៍ ចិញ្ចឹមគោទឹកដោះ វ៉ាង ណាំយីន កាលពីខែមេសាកន្លងមកនេះ ប្រធានសហគមន៍ដែលជាអ្នកឧបត្ថម្ភធំ ដល់មូលនិធិថែរក្សាបេះដូង បានរៀបចំឱ្យមានជំនួបជាមួយក្រុមគ្រូពេទ្យបេះដូងដ៏ល្បីនៅក្រុងបាងកក។ ជាលទ្ធផល ខាងភាគីថៃនឹងធ្វើកិច្ចសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា ផ្តល់អាហារូបករណ៍សិក្សាជំនាញវះ កាត់បេះដូងដល់គ្រូពេទ្យជំនាញបេះដូងកម្ពុជា។ អ្នកសិក្សា ត្រូវមានឆន្ទៈពិតប្រាកដក្នុងការយកជំនាញមក បម្រើដល់ផលប្រយោជន៍ប្រជាជនកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យ ញ៉ែម សុភឿន បានសំដែងភាពរីករាយចំពោះការផ្តួចផ្តើមរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ឱ្យមានកិច្ចសហការនេះឡើង និងរីករាយស្វាគមន៍ចំពោះវត្តមាន ក្រុមគ្រូពេទ្យបេះដូងរបស់ភាគីថៃដែលមានបំណងមកទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ។ទាំងនេះ ជាការរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សបង្កើនអ្នកជំនាញផ្នែកវះកាត់បេះដូងបន្ថែមទៀតនៅកម្ពុជា បន្ទាប់ពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជូនមន្ត្រីចំនួន១០រូប ទៅសិក្សាពីបច្ចេកទេសចិញ្ចឹម គោយកទឹកដោះនៅប្រទេសថៃរួចហើយ ស្របតាមគោលនយោបាយអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងតម្រូវការជាក់ស្តែង។
RAC Media


ពិធីដាំដើមឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ស្រុកឆែប ខេត្តព្រះវិហារ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីដាំដើមឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ខេត្តព្រះវិហារ នៅព្រឹកថ្ងៃសុក្រ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ក្នុងពីធីដាំដើមឈើ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ដែលស្ថិតនៅឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹបនេះ មានផ្ទៃដីសរុប១១៤.៣៥គីឡូម៉ែត្រការ៉េ ដែលបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/ រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ ។ ឧទ្យាននេះមានតំបន់ជីវចម្រុះ និងសក្តានុពល ជាច្រើនដូចជា ធនធានព្រៃឈើ សត្វព្រៃ វត្ថុបុរាណ ដែលអាចបម្រើដល់មុខងារក្នុងបរិស្ថានព្រៃឈើវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ដ៏ទាក់ទាញផងដែរ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយណាស់ ដែលមានវត្តមានមកលើទឹកដីនៃស្រុកឆែប ខេត្តព្រះវិហារនេះជាលើកទី៣។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ថានៅទីនេះមិនគ្រាន់តែជាគោលដៅសំរាប់អភិរក្ស ប៉ុណ្ណោះនោះទេ តែវាជាតំបន់មួយសំរាប់ធ្វើសិក្សាស្រាវជ្រាវផងដែរ ព្រោះជាតំបន់នេះជាកេរមរតក ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ តាមការលើកឡើងពីប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលមានគោលបំណងបង្កើតជាកន្លែងផលិតទឹកដោះគោស្រស់នៅនឹងទីតាំងឧទ្យាននេះ សម្តេចតេជោបានសំដែងនូវការគាំទ្រ ហើយសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារបានចូលរួមចំណែកផ្តល់ជាថវិកាចំនួន១០ម៉ឺនដុល្លារផងដែរ ក្នុងការចូលរួមទិញមេគោដើម្បីចិញ្ចឹមយកទឹកដោះនៅទីនេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តំបន់នេះបន្ទាប់ពីមានការអភិរក្ស និងអភិវឌ្ឍន៍ហើយ នឹងទទួលបាននូវភាពទាក់ទាញជាក់ជាមិនខាន ពីព្រោះជាកន្លែងអភិរក្សផង និងជាកន្លែងស្រាវជ្រាវ និងទាក់ទាញទេសចរណ៍ផងដែរ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការដាំដើមឈើពិតជាមានសារសំខាន់ណាស់ សំរាប់ការរីក ដុះដាលធនធានព្រៃឈើរបស់យើងឡើងវិញ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាតម្រូវការឈើ ពិតជាមានច្រើនណាស់សម្រាប់ ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ បូករួមទាំងបទល្មើសព្រៃឈើផងដែរ ដូច្នេះរាជរដ្ឋាភិបាល បានខិតខំដាំដើមឈើឡើងវិញជាបន្តបន្ទាប់ទៀត ដើម្បីបង្កើនគម្របព្រៃឈើអោយកាន់តែច្រើនឡើងវិញ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ដើម្បីចូលរួមចំណែកថែរក្សា និងអភិរក្សព្រៃឈើនោះ គឺត្រូវតែមានការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋដែលរស់នៅតំបន់ព្រៃឈើនោះជាមុនសិន ដូចជាតាមរយៈ ការផ្តល់ដីសម្រាប់ពួកគាត់បង្កបង្កើនផល ការកាត់បន្ថយកុំឱ្យពួកគាត់ប្រើប្រាស់ អុស ឬធ្យូងច្រើន ជំរុញឱ្យគាត់បង្កើនការដាំដុះ ដំណាំឧស្សាហកម្មផ្សេងៗដូចជា កៅស៊ូ ស្វាយចន្ទី និងដំណាំផ្សេងៗទៀតជាដើម។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកសាជាថ្មីថា រាជរដ្ឋាភិបាលមិនបន្តផ្តល់ដីសម្បទាន សេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនណាទៀតនោះទេ តែត្រូវផ្តល់ជាដីសម្បទានសង្គមកិច្ចឱ្យប្រជាពលរដ្ឋរស់នៅ និងបង្កបង្កើនផលវិញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវតាមដានការគ្រប់គ្រង ព្រៃឈើឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវ ឱ្យក្រុមអ្នកមានលុយ និងមានអំណាចមួយចំនួនមកទន្ទ្រាន ព្រៃឈើខុសច្បាប់ណាមួយឡើយ។
នៅថ្ងៃនេះសម្តេចតេជោបានប្រកាសនូវថវិកាមួយចំនួន ដែលទទួលបានពីការចូលរួមរបស់សប្បុរសជនក្នុងការអភិរក្ស និងអភិវឌ្ឍន៍ នៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹបនេះ រួមទាំងថវិការបស់សម្តេចតេជោ និងក្រុមគ្រួសារចំនួន១០ម៉ឺនដុល្លារនោះ គឺសរុបទទួលបាន ចំនួន១សែន៥ម៉ឺន២០០០ដុល្លារសហរដ្ឋអាម៉េរិក។ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមជូនពរឱ្យក្រុមការងារនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានចូលរួមក្នុងសកម្មភាពអភិរក្ស និងអភិវឌ្ឍន៍នៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនប្ញស្សីត្រឹបនេះ ទទួលបានជោគជ័យនាពេលខាងមុខ និងជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។
នាឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសដាំដើមឈើប្រភេទឈើក្រញូង ជានិមិ្មតរូប អនុស្សាវវរីយ៍នៅទីនេះ ហើយក៏មានមន្ត្រីរាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងប្រជាពលរដ្ឋមួយចំនួនបាន ចូលរួមដាំដើមឈើ នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ក្នុងបរិយាកាសរីករាយ ក្រៃលែងផងដែរ៕
(ប្រភព៖ Page Facebook Samdach Hun Sen Prime Minster of Cambodia)

«អាគារឥន្ទ្រទេវី» ចំណងដៃពីថ្មីសម្រាប់វិស័យបណ្តុះបណ្តាលនិងស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា !
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
បន្ទាប់ពីបញ្ចប់បេសកកម្មជូនជាតិ និងស្ថាប័ននៅប្រទេសថៃ និងខេត្តព្រះវិហាររួចមក នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំពេញមួយរសៀលជាមួយក្រុមការងារសាងសង់អាគាររបស់អ្នកឧកញ្ញ៉ា ពុង ឃាវសែ ដែលនឹងផ្តល់ជូនរាជបណ្ឌិត្យសភាកម្ពុជា នូវអាគារមួយខ្នងមានកម្ពស់៤ជាន់ សម្រាប់បម្រើដល់វិស័យបណ្តុះបណ្តាល និងស្រាវជ្រាវ នៅក្នុងស្ថាប័នស្រាវជ្រាវរបស់ជាតិ។
បើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា អាគារថ្មីនេះ ឯកឧត្តមប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដាក់ឈ្មោះថា «អគារឥន្ទ្រទេវី» ហើយការសាងសង់ អាចនឹងត្រូវចំណាយអស់ជិត ២លានដុល្លារអាម៉េរិក ដោយមិនទាន់គិតពីការបំពាក់ឧបករណ៍ផ្សេងៗ។
កិច្ចពិភាក្សាជាមួយក្រុមការងារអ្នកឧកញ្ញា ពុង ខៀវសែ នៅសាលស្លឹករឹត អាគារបណ្ឌិតសភាចារ្យ
សូមបញ្ជាក់ថា គិតចាប់តាំងពីឡើងកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានតាំងចិត្តក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ ប្រែក្លាយស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជាឱ្យក្លាយជាធនាគារខួរក្បាល ជាកន្លែងដែលប្រមូលផ្តុំនូវបញ្ញាវន្តដែលអាចផលិតនូវការងារស្រាវជ្រាវដែលមានសារប្រយោជន៍ដល់ជាតិមាតុភូមិកម្ពុជា។ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម យង់ ពៅ ធ្លាប់បានប្រាប់ឱ្យដឹងថា «...ជាធនាគារខួរក្បាល ត្រូវការទាំងថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ឈរក្នុងភាពជាម្ចាស់លើការងារ ត្រូវមានវិន័យ និងសណ្តាប់ក្នុងអង្គភាពហើយមានទស្សនវិស័យធ្វើពីគ្មាន ឱ្យទៅជាមាន»។
«អាគារឥន្ទ្រទេវី»នេះ ជាចំណែកមួយនៃកិច្ចប្រឹងប្រែងរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការគាំទ្រនិងសាងសង់ដោយក្រុមការងាររបស់អ្នកឧកញ្ញ៉ា ពុង ខៀវសែ ហើយក៏ជាអាគារទី២ ដែលរាជបណ្ឌិត្យសភាកម្ពុជាទទួលបាន បន្ទាប់ពីកាដូអាគារខេមរវិទូ ដែលជាកាដូដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
RAC Media

«កិច្ចសហប្រតិបត្តិការលើវិស័យស្រាវជ្រាវនិងអប់រំ»
នៅថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩:៣០ព្រឹក នៅសាលនាងនួននៃរាជបណ្ឌិត្យកម្ពុជា បានរៀបចំ អង្គជំនួបមួយជាមួយប្រតិភូឥណ្ឌាស្តីពី «កិច្ចសហប្រតិបត្តិការលើវិស័យស្រាវជ្រាវ និងអប់រំ» ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងក្រុមការងារនៃរាជបណ្ឌិត្យសភាកម្ពុជា។
សមាសភាពចូលរួមក្នុងជំនួប រួមមាន៖
- ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា
- ឯកឧត្តមបណ្ឌិត ជូ ច័ន្ទដារី អគ្គលេខាធិការរង នៃរាជបណ្ឌិត្យសភាកម្ពុជា
- លោកបណ្ឌិត ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ
- លោកបណ្ឌិត ឈឹម សុខាន់ដារា អនុប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប
- លោកបណ្ឌិត សាន សុរាវនិត មន្ត្រីផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវ
- លោក សេង មាន មន្ត្រីផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវ
- ប្រតិភូមកពីប្រទេសឥណ្ឌា ចំនួន ១១រូប។
នៅក្នុងកិច្ចចាប់ផ្តើមក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា៖ «រាជបណ្ឌិត្យសភាកម្ពុជាពិតជាមានសេចក្តីសោមនស្សរីករាយជាពន់ពេកដែលបានទទួលគណៈប្រតិភូឥណ្ឌា ហើយរាជបណ្ឌិត្យសភាកម្ពុជា មានក្តីសង្ឃឹមយ៉ាងមុតមាំថា គណៈប្រតិភូឥណ្ឌា និងស្ថាប័នស្រាវជ្រាវជាន់ខ្ពស់រាជបណ្ឌិត្យសភាកម្ពុជានឹងមានកិច្ចសហប្រតិបត្តិការលើវិស័យស្រាវជ្រាវឱ្យបានទូលំទូលាយ»។ ឯកឧត្តមក៏បានបង្ហាញជូនប្រតិភូឥណ្ឌាអំពីរចនាសម្ព័ន្ធគ្រប់គ្រង មុខងារសំខាន់របស់វិទ្យាស្ថាននីមួយៗ និងក៏ដូចជាមជ្ឈមណ្ឌល ចំណុះនៃរាជបណ្ឌិត្យសភកម្ពុជាផងដែរ។ ឯកឧត្តម បានរៀបរាប់ដោយសង្ខេបពីឧទ្យានរាជបណ្ឌិត្យ សភា កម្ពុជា តេជោសែន ឫស្សីត្រឹប ដែលជាតំបន់ប្រវត្តិសាស្រ្តសំបូរទៅដោយធនធានធម្មជាតិ ជីវចម្រុះជាច្រើនប្រភេទ ជាពិសេស ការរកឃើញឡស្លដែកដែលមានតាំងតែពីសម័យអង្គរមកម្ល៉េះ។ ទាក់ទងនឹងចំណុចនេះឯកឧត្តមសង្ឃឹមថា ប្រតិភូឥណ្ឌា នឹងមានកិច្ចសហប្រតិការជាមួយរាជបណ្ឌិត្យសភាកម្ពុជាលើកិច្ចការស្រាវជ្រាវនៅតំបន់ប្រវត្តិសាស្រ្តដ៏សំបូរបែបមួយនេះ។
ឆ្លើយតបនឹងប្រសាសន៍របស់ឯកឧត្តម យង់ ពៅ គណៈប្រតិភូឥណ្ឌា បានបង្ហាញអំពីចំណាប់អារម្មណ៍ដែលបានមកដល់ប្រទេសកម្ពុជា និងបានមកជួបថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជាដើម្បីពិភាក្សាទៅលើកិច្ចការស្រាវជ្រាវដែល អាចនឹងធ្វើសហប្រតិបត្តិការជាមួយគ្នាបាន។ លោកសាស្រ្តាចារ្យតំណាងឱ្យគណៈប្រតិភូឥណ្ឌា និងសហការី បានមានចំណាប់អារម្មណ៍អំពី ក្បាច់រចនានៅតាមបណ្តាប្រាសាទបុរាណខ្មែរ ដូចជាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន មានបង្កប់នូវរចនាបទមួយចំនួនដែលមានសភាពប្រហាក់ប្រហែលនឹងរចនាបទនៅក្នុងសាសនាមួយរបស់ ឥណ្ឌា នោះគឺសាសនាជែន (Jainism) ដែលជាសាសនាមានអាយុកាលជាង ៣០០០ឆ្នាំមកហើយ។ គណៈប្រតិភូឥណ្ឌា បានជំរុញឱ្យមានការសហការសិក្សាស៊ីជម្រៅអំពីដើមកំណើតនៃការកសាងប្រាសាទដែលមាននៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកសាស្ត្រាចារ្យ ក៏បានបញ្ជាក់ដែរថា សាសនាជេននេះមិនមែនជាសាសនាហិណ្ឌូនោះទេ ហើយសាសនាជេន នេះមានការប្រព្រឹត្តិនិងវិន័យច្បាស់លាស់ណាស់ លើកកម្ពស់ឱ្យមនុស្សទាំងឡាយរស់នៅក្នុងសន្តិភាព ដោយមិនគាំទ្រឱ្យមានអំពើហឹង្សាណាមួយឡើយ។ មួយវិញទៀត សាសនានេះ មានគោលបំណងអប់រំមនុស្សឱ្យចេះចែករំលែក និងសាងតែអំពើល្អ។ សាសនាជេន នេះមានឥទ្ធិពលមកលើតំបន់អាស៊ីអាគ្នេយ៍ អាព្រិច និងតំបន់មួយចំនួនទៀត តាមរយៈអ្នកជំនួញជនជាតិឥណ្ឌានៅក្នុងតំបន់នីមួយៗ។ លោកបញ្ជាក់ថា ក្រៅពីសាសនានេះ ភាសា វប្បធម៌ អរិយធម៌ និងបច្ចេកវិទ្យាផ្សេងៗ ក៏បានដើរតួនាទីសំខាន់សម្រាប់ការធ្វើជំនួញនានាផងដែរ។ អាស្រ័យហេតុនេះហើយតំណាងគណៈប្រតិភូឥណ្ឌា និងសហការី បានស្នើដល់ភាគីរាជបណ្ឌិត្យសភាកម្ពុជា គួរមានការសិក្សាស៊ីជម្រៅទៅលើប្រភព និងឥទ្ធិពលនៃសាសនានេះផងដែរ ហើយខាងភាគីឥណ្ឌា បានសន្យាផ្តល់អាហារូបករណ៍ដល់រាជបណ្ឌិត្យសភាកម្ពុជាសម្រាប់ការសិក្សាថ្នាក់បណ្ឌិត ១កន្លែង និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២កន្លែង លើមុខវិជ្ជាសិក្សាស្រាវជ្រាវមុខជំនាញប្រវត្តិសាស្រ្ត និងបុរាណវិទ្យា។ រីឯ ការចុះអនុស្សរណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀង នឹងរៀបចំធ្វើនៅពេលក្រោយ។
ទន្ទឹមនឹងគ្នានោះដែរ លោក ឈឹម សុខាន់ដារា អនុប្រធានឧទ្យានឫស្សីត្រឹប បានមានចំណាប់អារម្មណ៍ថា ប្រទេសឥណ្ឌា និងកម្ពុជាមានប្រវត្តិទាក់ទងគ្នាតាំងតែសម័យកាលមុនមកដល់បច្ចុប្បន្ន ហើយឥទ្ធិពលនៃវប្បធម៌ឥណ្ឌា ក៏មានច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ។ ហេតុដូច្នេះហើយលោកសង្ឃឹមថា ប្រទេសទាំងពីរនឹងមានកិច្ចសហប្រតិការទ្វេរភាគីលើវិស័យស្រាវជ្រាវដើម្បីជម្រុញឱ្យវប្បធម៌របស់ប្រទេសទាំងពីរកាន់តែមានភាពល្បីរន្ទឺ។ ភ្ជាប់ជាមួយនឹងការផ្តោតការសិក្សាស្រាវជ្រាវលើបញ្ហាប្រវត្តិសាស្ត្រ និងបុរាណវិទ្យា លោកឈឹម សុខាន់ដារា ក៏បានរៀបរាប់ដោយសង្ខេបថា ឧទ្យានឫស្សីត្រឹប ដែលមានទំហំ១១៤,៣៥ គឺឡូម៉ែត្រការ៉េ សំបូរពោរពេញទៅដោយធនធានធម្មជាតិ ធនធានវប្បធម៌ និងធនធានប្រវត្តិសាស្រ្ត ហើយរាជបណ្ឌិត្យសភាកម្ពុជា កំពុងធ្វើការសិក្សាស្រាវជ្រាវនៅតំបន់នោះដើម្បីស្វែងរករបកគំហើញថ្មីៗសម្រាប់ជាធាតុចូលជូនរដ្ឋាភិបាលកម្ពុជា។ ទាក់ទងនឹងចំណុចនេះ លោកក៏សង្ឃឹមផងដែរថា ភាគីឥណ្ឌានឹងសហការរៀបចំជាគម្រោងស្រាវជ្រាវនានា ក្នុងគោលដៅរួមមួយដើម្បីសិក្សាស្រាវជ្រាវនៅតំបន់ប្រវត្តិសាស្រ្តមួយនេះ។ ចុងក្រោយ ភាគីទាំងពីរក៏បានឯកភាពគ្នា ពិនិត្យលទ្ធភាពដើម្បីបង្កើតមានការសិក្សាស្រាវជ្រាវរួម ឬធ្វើសិក្ខាសាលារួមគ្នា ក្នុងពេលខាងមុខ៕
ព័ត៌មានដោយ សេង មាន | RAC Media
សរុបលទ្ធផលពីកិច្ចជំនួបរវាងរាជបណ្ឌិត្យសភាកម្ពុជា និងប្រតិភូឥណ្ឌា ចំណុចសំខាន់ៗមួយចំនួនបានទទួលការឯកភាព ដូចខាងក្រោម៖កិច្ចសហប្រតិការលើវិស័យស្រាវជ្រាវដែលមានគោលដៅរួមគ្នា លើការស្រាវជ្រាវខាងប្រវត្តិសាស្រ្ត និងបុរាណវិទ្យាភាគីឥណ្ឌាផ្តល់អាហារូបករណ៍ចំនួន៣កន្លែង (១កន្លែងសម្រាប់ថ្នាក់បណ្ឌិត និង២កន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់) ដល់រាជបណ្ឌិត្យសភាកម្ពុជា លើមុខជំនាញប្រវត្តិសាស្រ្ត និងបុរាណវិទ្យា។កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់នឹងពិភាក្សាពិស្តារនៅពេលដ៏ខ្លីខាងមុខ៕
ព័ត៌មាន
ព័ត៌មានច្រើនទៀតបទវិចារណកម្ម៖ កម្មវិបាកនៃសង្រ្គាមពាណិជ្ជកម្មចិន-អាម៉េរិកលើកំណើនសេដ្ឋកិច្ចសាកល Impacts of China-USA trade war on global economic growth in 2025
ដោយបណ្ឌិត ហុង វណ្ណៈ ប្រធាននាយដ្ឋានសេដ្ឋកិច្ចអន្តរជាតិ
វិទ្យាសា្ថនទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
I. សេចក្តីផ្តើម
សង្គ្រាមពាណិជ្ជកម្ម ត្រូវបានពិភពលោកបានចាប់អារម្មណ៍ខ្លាំងក្លា។ សង្គ្រាមពាណិជ្ជកម្មជាភាសា អង់គ្លេសហៅថា (Trade War) សំដៅដល់ស្ថានភាពមួយដែលប្រទេសមួយ ឬជាតិមួយ ប្រើមធ្យោបាយដំឡើងពន្ធនាំចូល ឬបង្កើតរនាំងពាណិជ្ជកម្ម ឬបញ្ឈប់ការនាំចូល ទៅលើទំនិញរបស់ប្រទេស ឬជាតិមួយផ្សេងទៀត ក្នុងគោលដៅការពារប្រយោជន៍ជាតិ និងផលិតកម្មក្នុងស្រុករបស់ខ្លួន។ បើយើងសម្លឹងទៅអតីតកាល យើងឃើញថា សង្គ្រាមពាណិជ្ជកម្មនេះបានកើតឡើងនៅពេលដែលលោកប្រធានាធិបតីអាម៉េរិកទី៤៥ ដូណាល់ ត្រាំ បានឡើងកាន់អំណាចនៅអំឡុងឆ្នាំ២០១៦។ លើសពីនេះ គេកាន់តែស្គាល់ពាក្យ ឬរូបភាពសង្គ្រាមនេះ តាមរយៈនយោបាយការពារនិយមនិងនយោបាយ “America First” របស់លោកប្រធានាធិបតីរូបនេះ ដែលចាប់ផ្ដើមគិតគូរពីប្រយោជន៍អាម៉េរិកជាធំ ប្រឆាំងនឹងប្រទេសផ្សេងៗជាពិសេសចិន បន្ទាប់មក អាម៉េរិកបានដកខ្លួនចេញពីអង្គការពាណិជ្ជកម្មពិភពលោកផងដែរ (WTO)។
សង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក-ចិន កើនឡើងកាន់តែខ្លាំងនៅពេលដែលប្រធានាធិបតី ត្រាំ បានចោទចិនថា ជាអ្នកលួចចម្លងបច្ចេកវិទ្យាអាម៉េរិក និងធ្វើការប្រកួតប្រជែងដែលមិនត្រឹមត្រូវប្រឆាំងអាម៉េរិក ជាពិសេស ការរក្សាប្រាក់យ័នឱ្យនៅតម្លៃទាបបំផុតធៀបនឹងប្រាក់ដុល្លារអាម៉េរិក។ ពេលនោះ ឱនភាពជញ្ជីងពាណិជ្ជកម្មរវាងអាម៉េរិកនិងចិនមានការផ្អៀងយ៉ាងខ្លាំងទៅរកចិនផងដែរ។ សង្រ្គាមនេះបានផ្ទុះខ្លាំង នៅអំឡុងឆ្នាំ២០១៨ និង២០១៩ ដែលអាម៉េរិក ចិន បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើគ្នាទៅវិញទៅមក តាមរយៈការដំឡើងពន្ធនាំចូល។ សង្គ្រាមពាណិជ្ជកម្មក៏ត្រូវបានគេមើលឃើញថា កើតចេញពីឥទ្ធិពលនៃគោលនយោបាយការពារនិយម(Protectionism) របស់ប្រទេសមួយ។ ភាគច្រើននៅក្នុងពាណិជ្ជកម្មអន្ដរជាតិ គេច្រើនប្រើមធ្យោបាយដំឡើងពន្ធនាំចូល ឬ Tariff ឬពេលខ្លះគេប្រើ Custom Duties ដើម្បីដាក់ពន្ធបន្ថែមទៅលើអ្នកប្រើប្រាស់ទំនិញនាំចូល។ គេក៏អាចប្រើបានទៀតតាមរយៈការកំណត់ចំនួននាំចូលឬហៅថា Quotas ដែលមានន័យថា រដ្ឋបានកំណត់បរិមាណនាំចូលទំនិញប្រភេទណាមួយ ប្រមាណតែ៣០%ប៉ុណ្ណោះនៃទីផ្សារសរុប ជាឧទាហរណ៍។ ដូច្នេះ ទំនិញប្រភេទនោះ អាចនាំចូលមកប្រទេសនោះបាន តែ៣០%ប៉ុណ្ណោះ។ ចំណុចមួយទៀត ដែលគេអាចប្រើប្រាស់ទៀតនោះ គឺការកំណត់លើស្ដង់ដារនៃការនាំ ចូល។ និយតករនឹងកំណត់ស្ដង់ដារពិសេសមួយសម្រាប់ប្រទេសនាំចេញ ដែលមានគម្រោងនាំទំនិញចូលក្នុងទីផ្សារប្រទេសគេ ថា ផលិតផលនាំចូលត្រូវតែមានគុណភាពកម្រិត A ឬស្របតាមស្ដង់ដារប្រទេសនោះ ឬត្រូវមានការបញ្ជាក់ពីមជ្ឈមណ្ឌលស្រាវជ្រាវណាមួយជាដើម។ វិធីមួយទៀតដែលគេច្រើននិយមប្រើដែរនោះ គឺការជួយឧបត្ថម្ភធនដល់ផលិតករក្នុងស្រុកទាំងផ្នែកបច្ចេកទេស ទាំងហិរញ្ញវត្ថុ ដើម្បីធ្វើយ៉ាងណាឱ្យទំនិញផលិតមកមានគុណភាពនិងថ្លៃដើមទាបជាងទំនិញនាំចូល។ នៅក្នុងករណីធ្ងរធ្ងន់ ប្រទេសនីមួយៗនឹងបញ្ឈប់ឱ្យមានការនាំចូល ឬនាំចេញទំនិញទៅក្នុងប្រទេសមួយនោះ។
ប្រសិនបើ ត្រឹមតែជាការដំឡើងពន្ធលើទំនិញនាំចូលគ្នាទៅវិញទៅមកក្នុងកម្រិតល្មមៗ ក៏មិនទាន់អាចហៅថា សង្គ្រាមពាណិជ្ជកម្មនោះទេ គេអាចហៅបានត្រឹមថា ជាជម្លោះពាណិជ្ជកម្ម ប៉ុន្តែប្រសិនបើ ជម្លោះនេះ កាន់តែករណីធ្ងន់ធ្ងរទៅៗ ហើយមានឥទ្ធិពលខ្លាំងជាលក្ខណៈសាកល ព្រមទាំងអាចបង្កគ្រោះថ្នាក់ច្រើនដល់សេដ្ឋកិច្ចសាកល នោះគេអាចហៅបានថា “សង្គ្រាមពាណិជ្ជកម្ម”។ ទន្ទឹមនឹងនេះដែរ ក៏អាច នាំមកនូវគុណសម្បត្តិផងនិងគុណវិបត្តិផងសម្រាប់ប្រទេសជាអ្នកបង្កនិងប្រទេសជាអ្នកទទួល។
II. គុណសម្បត្តិនិងគុណវិបត្តិនៃសង្រ្គាមពាណិជ្ជកម្ម
នៅពេលដែលសង្រ្គាមពាណិជ្ជកម្មកើតឡើងម្តងៗ រមែងមានគុណសម្បត្តិផងនិងគុណវិបត្តិផងពិសេសប្រទេសមហាអំណាចសេដ្ឋកិច្ចដែលជាអ្នកបង្កទៅលើប្រទេសមួយឬច្រើនទៀត ជាការតបតវិញ ប្រទេសមហាអំណាចសេដ្ឋកិច្ចដែលរងសម្ពាធក៏ដាក់ពន្ធតបតទៅវិញ។
នៅពេលនោះហើយដែលគុណសម្បត្តិផង និងគុណវិបត្តិក៏កើតមានឡើងច្រើនឬតិចទៅតាមទម្ងន់នៃបញ្ហា ហើយបញ្ហាទាំងនោះមានលក្ខណៈស្មុគស្មាញ និងពាក់ព័ន្ធនឹងសេដ្ឋកិច្ចសាកលផង។
២.១ គុណសម្បត្តិនៃសង្រ្គាមពាណិជ្ជកម្ម
ការលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក៖ការដាក់ពន្ធខ្ពស់លើទំនិញនាំចូលអាចជំរុញឱ្យមានកំណើន វិនិយោគក្នុងស្រុក និងអភិវឌ្ឍឧស្សាហកម្មថ្មីៗ។ ឧទាហរណ៍៖ អាម៉េរិកបានលើកកម្ពស់ផលិតកម្មឧបករណ៍អេឡិចត្រូនិក និងរ៉ែដែកដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន។ ការការពារកម្មសិទ្ធិបញ្ញាសិប្បនិម្មិត តាមរយៈ ការរឹតបន្តឹងលើទំនិញបរទេស ដែលអាចជួយកាត់បន្ថយការលួចគំរូ និងការបំពានសិទ្ធិបញ្ញាប្រទេសដទៃ។ លើសពីនេះ ក៏អាចបង្កើនអំណាចចរន្តពាណិជ្ជកម្មក្នុងប្រទេស តាមរយៈការជំរុញសមត្ថភាពផលិតកម្មកាន់តែខ្លាំង (ដូចជាចិន ឬអាម៉េរិក) អាចប្រើសង្រ្គាមពាណិជ្ជកម្មដើម្បីគ្រប់គ្រងតម្លៃទីផ្សារ និងបង្ខំឱ្យប្រទេសដទៃទទួលយកលក្ខខណ្ឌពាណិជ្ជកម្មតាមការចង់បានរបស់ខ្លួន។ ម្យ៉ាងទៀត ការណ៍នេះ បង្កជាឱកាសសម្រាប់ប្រទេសផ្សេងទៀត ដែលមិនពាក់ព័ន្ធឬពាក់ព័ន្ធតិចតួចបំផុត អាចទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ តាមរយៈការទទួលបានលំហូរវិនិយោគ និងការនាំចូលពីក្រុមហ៊ុនអន្តរជាតិ។
២.២ គុណវិបត្តិនៃសង្រ្គាមពាណិជ្ជកម្ម ៖ ទន្ទឹមនឹងគុណសម្បត្តិ សង្រ្គាមពាណិជ្ជកម្មភាគច្រើនបានផ្តល់នូវកម្មវិបាកនិងផលប៉ះពាល់ជាច្រើន ពិសេសប្រទេសកំពុងអភិវឌ្ឍនិងប្រទេសតូចៗក្នុងពិភពលោក បញ្ហាទាំងអស់នោះរួមមាន ការកើនឡើងតម្លៃទំនិញ តាមរយៈការឡើងថ្លៃពន្ធខ្ពស់ ដែលនាំឱ្យតម្លៃទំនិញកើនឡើង ជាហេតធ្វើឱ្យអ្នកប្រើប្រាស់ចំណាយថវិកាច្រើនជាងមុន ឧទាហរណ៍៖ តម្លៃស្មាតហ្វូន គ្រឿងអេឡិចត្រូនិក និងរថយន្តបានកើនឡើងខ្ពស់នៅសហរដ្ឋអាម៉េរិក និងចិន។ ចំណុចមួយទៀត គឺការបាត់បង់ការងារដែលធ្លាប់បម្រើការ ដោយសារក្រុមហ៊ុនដែលពឹងផ្អែកលើការនាំចូល/នាំចេញអាចត្រូវបិទរោងចក្រ ឬកាត់បន្ថយកម្មករ ដែលនាំឱ្យអត់ការងារធ្វើ ឧទាហរណ៍៖ កសិកម្មអាម៉េរិកបានខាតបង់យ៉ាងខ្លាំងដោយសារចិនបដិសេធ មិនទទួលទិញសណ្តែកសៀង។ សង្រ្គាមពាណិជ្ជកម្មក៏អាចបង្កឱ្យទីផ្សារហិរញ្ញវត្ថុមិនមានស្ថិរស្ថេរដែរ ដោយសារសង្រ្គាមពាណិជ្ជកម្មនេះបង្កើនភាពមិនច្បាស់លាស់ដែលធ្វើឱ្យអ្នកវិនិយោគភ័យខ្លាច ហើយអាចធ្វើឱ្យភាគហ៊ុន និងរូបិយប័ណ្ណឡើង-ចុះៗយ៉ាងរហ័ស។ ម្យ៉ាងទៀត បញ្ហានេះក៏មានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សាកលផងដែរ ដោយក្រុមហ៊ុនធំៗជាច្រើន ជួបការលំបាកក្នុងការទទួលបានពិសេសវត្ថុធាតុដើមដែលត្រូវការសម្រាប់ទ្រទ្រង់ច្រវ៉ាក់ផលិតកម្ម ដោយសារការពន្យារពេលនៃការដឹកជញ្ជូន និងការរឹតបន្តឹងពាណិជ្ជកម្ម។ គុណវិបត្តិនៃសង្រ្គាមពាណិជ្ជកម្មដែលគួរឱ្យកត់សម្គាល់ គឺការប៉ះពាល់ដល់ទំនាក់ទំនងការទូតឬអាចឈានដល់ការបំផ្លាញទំនាក់ទំនងអន្តរជាតិ ពោលគឺ អាចនាំឱ្យមានជម្លោះយោធា ឬភាពតានតឹងអន្តរជាតិកាន់តែខ្លាំង ដូចជាករណីចិន-អាម៉េរិក និងអ៊ឺរ៉ុប-អាម៉េរិក។
ជារួម សង្រ្គាមពាណិជ្ជកម្មមានគុណសម្បត្តិខ្លះសម្រាប់ភាគីជាអ្នកដាក់សម្ពាធពន្ធគយ ដូចជាការលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក អាចការពារប្រយោជន៍ផលិតករក្នុងស្រុកឱ្យមានទីផ្សារ និងអាចរកចំណូលបានច្រើនជាងមុន ឬជៀសពីការប្រកួតប្រជែងមិនស្មើភាព កាន់បន្ថយឱនភាពជញ្ជីងពាណិជ្ជកម្ម បង្កើនការប្រើប្រាស់ បង្កើនតម្រូវការក្នុងស្រុក និងការផលិតផលិតផលជាតិ បង្កើតការងារ និងប្រាក់ចំណូល ប៉ុន្តែក៏មានផលវិបាកអវិជ្ជមាន ដូចជាអតិផរណា ការបាត់បង់ការងារ និងភាពមិនស្ថិរភាពនៃសេដ្ឋកិច្ចសាកលកាន់តែធ្ងន់ធ្ងរជាង។ ដូច្នេះ ដំណោះស្រាយល្អបំផុត គឺការចរចាពាណិជ្ជកម្មសាកល ជំនួសឱ្យការប្រើវិធានការដាក់ទណ្ឌកម្ម។
III. ការកត់សម្គាល់ពីកម្មវិបាកនៃសង្រ្គាមពាណិជ្ជកម្មរវាងចិន-សហរដ្ឋអាម៉េរិក
លើកំណើនសេដ្ឋកិច្ចសាកល
ការងើបឡើងនៃសេដ្ឋកិច្ចរបស់ចិនក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ពិតជាបានជះឥទ្ធិពលដ៏ធ្ងន់ខាងភូមិសាស្ត្រនយោបាយ ការទូត និងយោធាកាន់តែធំឡើងដល់ពិភពលោក ជាពិសេសសហរដ្ឋអាម៉េរិក អឺរ៉ុប និងប្រទេសមួយចំនួននៅអាស៊ី។ ការងើបឡើងរបស់ប្រទេសចិនឥតឈប់ឈរនេះ ក៏ជាដើមចមនៃសង្រ្គាមពាណិជ្ជកម្មចិន-អាម៉េរិកនេះផងដែរ។ បញ្ហានេះបានបង្កដល់ការរីកចម្រើននៃសេដ្ឋកិច្ចសាកលលោកផងដែរ។
៣.១ ការថយចុះនៃពាណិជ្ជទ្វេភាគីចិន-អាម៉េរិក៖ ការដាក់ពន្ធបដិកាដ៏ខ្ពស់លើទំនិញនាំចូលពីភាគីទាំងពីរបានធ្វើឱ្យបរិមាណពាណិជ្ជកម្មសាកលថយចុះយ៉ាងខ្លាំង ជាពិសេសអំណាចលក់រាយនិងលក់ដុំថយចុះ ហើយការធ្លាក់ចុះនេះបណ្តាលមកពីអំណាចទិញធ្លាក់ចុះ ពីព្រោះតែទំនិញយុទ្ធសាស្រ្តនិងទំនិញមិនមែនយុទ្ធសាស្រ្តឡើងថ្លៃខ្ពស់។ ឧទាហរណ៍ អាម៉េរិកបានដាក់ពន្ធគយលើទំនិញចិនចាប់ពី៨០% ដល់២៤៥% ខណៈចិនបានឆ្លើយតបដាក់ពន្ធសងសឹកវិញចាប់ពី៨៥% ដល់ ១២៥% លើទំនិញអាម៉េរិក។ នៅខែឧសភា ឆ្នាំ២០២៥ បានព្រមព្រៀងគ្នាបន្ថយពន្ធគយចំនួន១១៥% ជាបណ្តោះអាសន្នរយៈពេល៩០ថ្ងៃ។ ការណ៍នេះ ដែលនាំឱ្យការនាំចេញទំនិញពីចិនទៅអាម៉េរិក ដែលជាទីផ្សារធំបំផុតមួយ បានថយចុះយ៉ាងខ្លាំង ដែលធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មផលិតកម្មជាច្រើននៅចិន ចំណែកសហរដ្ឋអាម៉េរិកក៏រងគ្រោះដោយខ្វះទំនិញប្រើប្រាស់ និងទំនិញឡើងថ្លៃ។
៣.២ ការប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសផ្សេងៗ៖ ប្រទេសដែលពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់ពីចិន ឬអាម៉េរិក បានជួបការលំបាកក្នុងការទទួលបានសម្ភារៈ និងផលិតផលចាំបាច់ ជារួមបានធ្វើឱ្យសេដ្ឋកិច្ចសាកលមានស្ថានភាពរីកចម្រើនយឺតយ៉ាវ។ ឧទាហរណ៍ កម្ពុជាដែលនាំចេញសំលៀកបំពាក់ ស្បែកជើង និងសម្ភារសម្រាប់ធ្វើដំណើរ ទៅសហរដ្ឋអាម៉េរិកបានរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីការដាក់ពន្ធខ្ពស់របស់អាម៉េរិករហូតដល់៤៩%-៣៦% ខណៈពេលការចរចារដំណាក់កាលទី១និងដំណាក់កាលទី២ រវាងប្រតិភូកម្ពុជាជាមួយអាម៉េរិកបានប្រកាសលទ្ធផល ហើយបើទោះជាការប្រកាសលទ្ធផលចុងក្រោយថ្ងៃទី១ សីហា ២០២៥ កម្ពុជាទទួលបានពន្ធបដិកាវិជ្ជមានចំនួន១៩% តែបើធៀបនឹងស្ថានការណ៍ពីមុន កម្ពុជាក៏នៅទទួលរងសម្ពាធសង្រ្គាមពាណិជ្ជកម្មសហរដ្ឋអាម៉េរិកនៅឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គោលការណ៍បន្ធូរបន្ថយពន្ធបដិការបស់សហរដ្ឋអាម៉េរិកនៅក្នុងកម្រិតចំនួន១៩% ក៏អាចរួមចំណែកយ៉ាងច្រើនក្នុងកិច្ចពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាម៉េរិក មានភាពរលូននិងរួមចំណែកដល់អត្រាព្យាករណ៍សេដ្ឋកិច្ចពី៦,៣% ទៅ៦,៥% ព្រមទាំងរក្សាបាននូវដំណើរការផលិតកម្មរោងចក្រនានានិងការងារក្នុងប្រទេស។
៣.៣ ការកើនឡើងនៃអតិផរណានិងការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ៖ ការដាក់ពន្ធខ្ពស់បានធ្វើឱ្យតម្លៃទំនិញកើនឡើង ដែលប៉ះពាល់ដល់អ្នកប្រើប្រាស់ទូទៅ។ ជាពិសេស ផលិតផលថាមពល ដូចជា ប្រេងឆៅ ធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ បានកើនឡើងថ្លៃយ៉ាងខ្លាំង។ ការកើនឡើងនៃតម្លៃទំនិញបានធ្វើឱ្យអត្រាអតិផរណាកើនឡើងនៅក្នុងប្រទេសជាច្រើន ដែលជាបញ្ហាធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ចសាកល។ សង្រ្គាមពាណិជ្ជកម្មបានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុមានភាពមិនស្ថិរភាព ដោយហេតុថាវាបង្កើនភាពមិនច្បាស់លាស់អំពីអនាគតពាណិជ្ជកម្មសាកល។ ក្រុមហ៊ុនជាច្រើនបានពន្យារការវិនិយោគ ឬផ្លាស់ប្តូរទីតាំងផលិតកម្មទៅកាន់ប្រទេសដទៃ។ សន្ទស្សន៍ភាគហ៊ុននៅទីផ្សារហិរញ្ញវត្ថុសាកលបានធ្លាក់ចុះដោយសារតែការព្រួយបារម្ភអំពីសង្រ្គាមពាណិជ្ជកម្ម ។
៣.៤ ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សាកលនិងការប៉ះពាល់ដល់អង្គការពាណិជ្ជកម្មអន្តរជាតិ៖ ការដាក់ពន្ធនិងការរឹតបន្តឹងលើការនាំចូលនាំចេញបានរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់សាកល។ ក្រុមហ៊ុនជាច្រើនបានជួបការលំបាកក្នុងការទទួលបានសម្ភារៈដែលចាំបាច់សម្រាប់ផលិតកម្ម ដែលបណ្តាលឱ្យមានការរារាំងផលិតកម្ម។ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានព្យាយាមដោះស្រាយជម្លោះនេះ ប៉ុន្តែមិនទាន់មានដំណោះស្រាយច្បាស់លាស់នៅឡើយ។ ជម្លោះនេះបានអូសបន្លាយអស់ពេលជាច្រើនឆ្នាំ ដោយមិនទាន់មានផ្លូវចេញណាមួយដែលអាចទទួលយកបានដោយភាគីទាំងពីរ ។
សរុបសេចក្តីមក សង្រ្គាមពាណិជ្ជកម្មចិន-អាម៉េរិកមិនត្រឹមតែប៉ះពាល់ដល់ភាគីទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសាកលទាំងមូល ពិសេសវិស័យពាណិជ្ជកម្មពហុភាគី ច្រវ៉ាក់ផ្គត់ផ្គង់សាកលនិងអាចជំរុញឱ្យប្រទេសនានាហាក់មានភាពស្រពិចស្រពិលក្នុងកិច្ច ការគោលនយោបាយអន្តរជាតិរបស់ខ្លួន។ ប្រសិនបើ ស្ថានភាពនេះបន្តអូសបន្លាយ នោះនឹងអាចបង្កឱ្យមានបញ្ហាភូមិសាស្រ្តនយោបាយ និងវិវត្តកើតមានវិបត្តិសេដ្ឋកិច្ចសាកលនៅពេលណាមួយ។
តើមានអ្វីកើតឡើង ប្រសិនបើថៃចាប់ផ្ដើមបញ្ឆេះសង្គ្រាមព្រំដែនជាមួយកម្ពុជាជាថ្មីម្ដងទៀត ក្រោយព្រមព្រៀងលើបទឈប់បាញ់ ផ្ដួចផ្ដើមដោយសហរដ្ឋអាម៉េរិក?
ដោយ៖ លឹម សុវណ្ណរិទ្ធ
គ្រូបង្រៀនជំនាញវិទ្យាសាស្ត្រនយោបាយ
នៅល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិកម្ពុជាបានប្រកាសព័ត៌មានជាសាធារណៈលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី»។ ករណីរៀបចំការឈ្លានពានជាថ្មីរបស់កងទ័ពថៃនេះ អាចមានលទ្ធភាពកើតឡើងខ្ពស់ ដោយសារតែកម្ដៅនយោបាយនៅទីក្រុងបាងកក បានផ្ទុះឡើងខ្លាំងនៅក្រោយសង្គ្រាមព្រំដែនកម្ពុជា-ថៃ (ថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥) ដោយសារតែសង្គ្រាមដែលបញ្ឆេះដោយកងទ័ពថៃនេះ បានបណ្ដាលឱ្យថៃខ្លួនឯងរងការខូចខាតជាខ្លាំង ពិសេសការបាត់បង់អាយុជីវិតកងទ័ពជាច្រើនសន្ធឹក។ ស្ថានការណ៍នយោបាយទីក្រុងបាងកក ដែលបាតុកម្មត្រូវបានរៀបចំឡើង ទាមទារឱ្យនាយករដ្ឋមន្ត្រីស្ដីទីថៃចុះចេញតំណែង ដោយក្រុមបាតុករអះអាងថា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីស្ដីទីថៃរូបនេះ បានធ្វើឱ្យបាត់បង់អាយុជីវិតកងទ័ពជាច្រើនសន្ធឹក ព្រមជាមួយនឹងការភូតភរកុហកពីសំណាក់យោធាថៃថា ខ្លួនបាននិងកំពុងគ្រប់គ្រងលើប្រាសាទតាក្របី (តែក្រោយមកត្រូវបែកធ្លាយ ហើយអ្នកនាំពាក្យយោធាថៃ ប្រកាសទទួលស្គាល់ថា ប្រាសាទតាក្របី កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពកម្ពុជា)។
ជាការពិតណាស់ ប្រទេសថៃ ដែលសម្អាងលើកម្លាំងយោធាលំដាប់ទីពីរនៅក្នុងតំបន់នេះ ជានិច្ចកាល បានប្រើប្រាស់កម្លាំងទ័ពដើម្បីព្យាយាមរំលោភបំពានអធិបតេយ្យភាពប្រទេសនៅជិតខាងខ្លួនយ៉ាងកម្រោល ពិសេសកម្ពុជាដែលតែងតែប្រកាន់ជំហរដោះស្រាយជម្លោះដោយសន្តិវិធី។ ទង្វើរបស់ថៃគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ បំពានគោលការណ៍ធម្មនុញ្ញសហប្រជាជាតិនិងអាស៊ាន និងជាការរំលោភលើអនុស្សរណៈយោគយល់គ្នា (MoU) ឆ្នាំ២០០០ ដែលភាគីទាំងពីរ កម្ពុជា-ថៃបានចុះហត្ថលេខាព្រមព្រៀងគ្នា។ ទោះជាយ៉ាងណា ក្រោយក្រឡាស់សម្ដីបដិសេធនឹងការព្រមព្រៀងឈប់បាញ់ ដែលខ្លួនបានឯកភាពនឹងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាប្រធានអាស៊ាន កាលពីថ្ងៃទី២៤ ខែកក្កដានោះ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយមានអន្តរាគមន៍របស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ត្រាំ ថៃបានយល់ព្រមអនុវត្តបទឈប់បាញ់ជាមួយកម្ពុជា ដោយគិតចាប់ពីម៉ោង ២៤:០០អាធ្រាត្រ។ បើទោះបីជាដូចនេះក្ដី ក៏នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ថៃបានវាយប្រហារមកលើកម្លាំងកម្ពុជា និងប្រើប្រាស់ល្បិចដោយបញ្ជាក់ថាខ្លួនបញ្ឈប់សកម្មភាពវាយប្រហារហើយសុំជួបចរចាគ្នា តែបែរជាឱ្យទាហានបង្កប់ភ្ជង់នឹងចាប់ទាហានខ្មែរ២១នាក់ធ្វើជាឈ្លើយសឹកទៅវិញ។
ដំណឹងអំពីលទ្ធភាពនៃការឈ្លានពានជាថ្មីរបស់ថៃមកលើកម្ពុជា នឹងអាចកើតឡើងដើម្បីការពារអំណាចមេដឹកនាំថៃ និងធ្វើឡើងដោយសារយោធាថៃចង់លុបលាងភាពអាម៉ាស់របស់ខ្លួននៅក្នុងការបង្កសង្គ្រាមតាមព្រំដែនជាមួយកម្ពុជា។ ការរៀបចំផែនការ ត្រៀមខ្លួនឈ្លានពានកម្ពុជាសារជាថ្មីនេះ បានបញ្ជាក់ឱ្យឃើញច្បាស់ថា អ្នកនយោបាយនិងក្រុមឧត្ដមសេនីយ៍យោធាថៃ ពិតជាអស់សង្ឃឹមថា ខ្លួនមិនត្រឹមតែនឹងត្រូវចាញ់កម្ពុជា ទាំងក្នុងទិដ្ឋភាពច្បាប់អន្តរជាតិ សីលធម៌អន្តរជាតិ និងនៅក្នុងទិដ្ឋភាពការទូតប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏យល់យ៉ាងច្បាស់ថា ខ្លួនលែងអាចភូតកុហកពិភពលោកបានទៀតឡើយ ព្រោះកន្លងមក ថៃបានអញ្ជើញអនុព័ន្ធយោធា ចំនួន៤៧ប្រទេសឱ្យចូលរួមស្ដាប់បទបង្ហាញនិងការបកស្រាយរបស់ខ្លួន តែភាគីចូលរួមមានតែ ១៧ប្រទេស ដោយសារគេបានដឹងអំពីចរិតពុតត្បុតរបស់ថៃ។ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីព្យាយាមលុបលាងទង្វើឈ្លានពានរបស់ខ្លួន ថៃបានរៀបចំឈុតឆាកនិងទីកន្លែង រួចអញ្ជើញបណ្ដាភាគីទូតទៅពិនិត្យ ហើយសម្ដែងតួកំសត់ថា ខ្លួនគឺជាជនរងគ្រោះ រួចចោទប្រកាន់កម្ពុជាថាជាអ្នកបង្ក ប៉ុន្តែត្រូវបានប្រតិភូទូតបរទេសមើលដឹង និងពេបជ្រាយ ថែមទាំងមិនអើពើនឹងសំណួររបស់អ្នកសារព័ត៌មានថៃថែមទៀត ដោយមានអនុព័ន្ធយោធាខ្លះអត់ទ្រាំពុំបាន ថែមទាំងបានផ្ទុះសំណើចបែបហួសចិត្តនិងសើចចំអកដល់ថៃទៀតផង។
នៅយប់នេះ ឬព្រឹកស្អែក ប្រសិនបើថៃពិតជាបង្កសង្គ្រាមរំលោភអធិបតេយ្យកម្ពុជាជាថ្មី ក្រោយមានអន្តរាគមន៍ឱ្យមានបទឈប់បាញ់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ត្រាំ ពិតមែននោះ មានន័យថា ថៃពិតជាកំពុងតែយកករណីឈ្លានពានកម្ពុជា ប្រែទៅជាការទះកំភ្លៀងប្រធានាធិបតីសហរដ្ឋអាម៉េរិក និងជាការប្រកាសថាខ្លួនមិនយល់ព្រមទទួលស្គាល់ឥទ្ធិពលរបស់មហាអំណាចទី១ពិភពលោកនោះទេ និងថែមទាំងបង្ហាញដោយចំហរ ទាត់ចោលតួនាទីរបស់ម៉ាឡេស៊ីដែលជាប្រធានអាស៊ានទៀតផង។ ទង្វើដ៏គឃ្លើន គ្មានច្បាប់ទម្លាប់របស់អ្នកនយោបាយ និងក្រុមយោធាថៃនេះ ស្មើទៅនឹងការប្រកាសប្រាប់គេឯងថា ខ្លួនជាបងធំទីមួយនៅអាស៊ាន ដែលមិនត្រូវការស្ដាប់ដំបូន្មានឬយោបល់របស់ប្រទេសណាមួយក្នុងតំបន់ក្ដី ឬសូម្បីតែមហាអំណាចពិភពលោកក្ដី ហើយថៃគឺជាមហាអំណាចថ្មីមួយទៀត ដែលសូម្បីតែសហរដ្ឋអាម៉េរិកក៏ខ្លួនមិនញញើតឬទុកមុខឱ្យដែរ ប្រសិនបើជំទាស់នឹងមហិច្ឆតារបស់ខ្លួន។ ថៃហាក់មានជំនឿថា ដោយសារតែផលប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ មហាអំណាចនិងបណ្ដាប្រទេសធំៗក្នុងតំបន់ នឹងមិនហ៊ានចាត់វិធានការអ្វីលើខ្លួនឡើយ។ ហេតុនេះហើយ ទើបបានជាកន្លងមក ថៃបានទាត់ចោលដោយមិនស្ទាក់ស្ទើរនូវសំណើរបស់សហរដ្ឋអាម៉េរិក ចិន ម៉ាឡេស៊ី កូរ៉េ និងវៀតណាម អំពីការចរចាបញ្ចប់ជម្លោះជាមួយកម្ពុជា និងចង់ដោះស្រាយបញ្ហាជាមួយកម្ពុជាជាលក្ខណៈទ្វេភាគី ដើម្បីអាចប្រើប្រាស់អំណាចយោធា និងសេដ្ឋកិច្ចរបស់ខ្លួនគាបសង្កត់មកលើកម្ពុជាជាប្រទេសតូច។
ទោះជាយ៉ាងណា ប្រសិនបើថៃហ៊ានបញ្ឆេះសង្គ្រាមទ្រង់ទ្រាយធំនៅតាមតំបន់ព្រំដែនជាថ្មីម្ដងទៀត កម្ពុជាពិតជាអាចមានមូលហេតុគ្រប់គ្រាន់ នៅក្នុងការប្រើប្រាស់អាវុធគ្រប់ធុនប្រឆាំងនឹងការរំលោភបំពានរបស់ពួកចោរឈ្លានពានថៃ និងវាយប្រហារបកទៅលើមូលដ្ឋានយោធាថៃដែលជាប់ពាក់ព័ន្ធនឹងផែនការឈ្លានពានលើកទីពីរ ដោយមានអន្តរជាតិ និងមហាអំណាចពិភពលោកជាសាក្សី និងគាំទ្រជំហរវាយបកការពារខ្លួនរបស់កម្ពុជា។ ការណ៍នេះ ក៏ព្រោះតែបណ្ដាអង្គទូតប្រទេសជាមិត្ត និងមហាអំណាចសាកលទាំងឡាយ ពិតជាបានមើលឃើញផ្ទាល់នឹងភ្នែកមិនអាចប្រកែកបាន អំពីភាពអត់ធ្មត់ម្ដងហើយម្ដងទៀត និងការប្រកាន់ជំហរដោះស្រាយជម្លោះដោយសន្តិវិធីរបស់កម្ពុជា ជាបន្តបន្ទាប់តរៀងមក។ ជាមួយគ្នានេះ នៅក្នុងជំហរយុត្តិធម៌ និងមនុស្សធម៌អន្តរជាតិ បណ្ដាប្រទេសនានា ពិសេសមហាអំណាចពិភពលោក អាចនឹងចាត់វិធានការការទូតដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលថៃជាក់ជាមិនខាន។ នេះមានន័យថា ថៃត្រូវប្រឈមនឹងការបរាជ័យម្ដងហើយម្ដងទៀត ទាំងក្នុងសមរភូមិយោធា និងសមរភូមិការទូត ប្រឈមនឹងកម្ពុជា ព្រោះបើទោះបីជាមហាអំណាចដែលមានផលប្រយោជន៍ច្រើនជាមួយនឹងថៃ ក៏មិនអាចព្យាយាមបិទភ្នែកមើលមិនឃើញ ហើយបំភ្លេចចោលភាពជាអ្នកដឹកនាំពិភពលោកបានឡើយ៕
*** រាល់ទស្សនៈដែលបានលើកឡើងខាងលើ ជាការយល់ឃើញផ្ទាល់របស់ស្មេរ និងមិនឆ្លុះបញ្ចាំងអំពីទស្សនៈជារួមរបស់រាជបណ្ឌិត្យសភាកម្ពុជាឡើយ។
ការឈឺចាប់នៃអតីតកាលគឺកម្លាំងជំរុញឱ្យកម្ពុជាក្លាយជាប្រទេសរឹងមាំ
កម្ពុជា ទឹកដីនៃអរិយធម៌អង្គរដ៏អស្ចារ្យ និងជាមរតកនៃបុព្វបុរសដែលបានតស៊ូកសាងជាតិរាប់សតវត្សរ៍ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ និងពោរពេញដោយការបាត់បង់។ ក្នុងចំណោមនោះ ការឈ្លានពានពីប្រទេសជិតខាង ជាពិសេសប្រទេសថៃ បានបន្សល់ទុកនូវស្លាកស្នាមដ៏ជ្រៅនៅក្នុងបេះដូងប្រជាជនខ្មែរ។ ការឈឺចាប់នេះមិនត្រឹមតែជាការចងចាំនៃអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែជាមេរៀនដ៏មានតម្លៃដែលរំឭកយើងថា ការទន់ខ្សោយនឹងនាំមកនូវការបាត់បង់ ខណៈការតស៊ូ និងការប្តេជ្ញាចិត្តនឹងនាំមកនូវជ័យជម្នះ។ កម្ពុជាមានសក្តានុពលដ៏ធំធេង ទាំងធនធានធម្មជាតិ វប្បធម៌ និងធនធានមនុស្ស។ ប្រសិនបើយើងអាចប្រែក្លាយការឈឺចាប់ទៅជាកម្លាំង និងរួបរួមគ្នាដើម្បីសាងសង់ជាតិ កម្ពុជានឹងមិនត្រឹមតែក្លាយជាប្រទេសរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែនឹងក្លាយជាគំរូនៃភាពជឿនលឿន និងសន្តិភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
មេរៀនពីអតីតកាល
ប្រវត្តិសាស្ត្រកម្ពុជាបានកត់ត្រានូវភាពឈឺចាប់ជាច្រើនដែលបណ្តាលមកពីការឈ្លានពានរបស់ប្រទេសសៀម (ថៃសព្វថ្ងៃ)។ នៅសម័យអង្គរ ការវាយលុករាជធានីអង្គរធំនៅឆ្នាំ១៤៣១ បានធ្វើឱ្យចក្រភពខ្មែរដ៏រុងរឿងមួយធ្លាក់ចុះ និងបាត់បង់ឥទ្ធិពល។ ក្នុងសតវត្សរ៍ក្រោយៗ ទឹកដីជាច្រើនដូចជា បាត់ដំបង សៀមរាប និងខេត្តផ្សេងទៀត ត្រូវបានគ្រប់គ្រង និងបញ្ចូលទៅក្នុងទឹកដីសៀម ដែលបានបន្សល់ទុកនូវការបាត់បង់មិនត្រឹមតែផ្នែកភូមិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអត្តសញ្ញាណជាតិ និងមោទនភាពរបស់ប្រជាជនខ្មែរ។ សូម្បីនៅសម័យទំនើប ជម្លោះជុំវិញប្រាសាទព្រះវិហារក្នុងឆ្នាំ២០០៨-២០១១ និងការប៉ុនប៉ងរំលោភបំពានព្រំដែនជាបន្តបន្ទាប់ បានធ្វើឱ្យប្រជាជនខ្មែរដឹងច្បាស់ថា ការការពារអធិបតេយ្យភាពជាតិនៅតែជាបញ្ហាប្រឈមដ៏ធំ។ ការឈឺចាប់ទាំងនេះមិនមែនជារឿងដែលគួរតែធ្វើឱ្យយើងអន់ចិត្ត ឬបាក់ទឹកចិត្តនោះទេ។ ផ្ទុយទៅវិញ វាគឺជាកណ្តឹងរោទ៍ដែលរំឭកយើងឱ្យប្រុងប្រយ័ត្ន និងប្តេជ្ញាចិត្តកសាងប្រទេសឱ្យរឹងមាំ។ ប្រវត្តិសាស្ត្របានបង្រៀនយើងថា ប្រទេសណាដែលខ្សោយខាងសេដ្ឋកិច្ច យោធា ឬសាមគ្គីភាពផ្ទៃក្នុង នឹងក្លាយជាគោលដៅនៃការឈ្លានពាន ឬការជ្រៀតជ្រែក។ ដើម្បីកុំឱ្យប្រវត្តិសាស្ត្រដ៏ជូរចត់នេះកើតឡើងសារជាថ្មី យើងទាំងអស់គ្នាត្រូវតែក្រោកឈរឡើង ដោយប្រែក្លាយការឈឺចាប់ទៅជាកម្លាំងសម្រាប់ការអភិវឌ្ឍជាតិ។
គ្រឹះនៃភាពរឹងមាំ
កម្ពុជាមានសក្តានុពលដ៏ធំធេងដែលអាចជំរុញឱ្យប្រទេសជាតិឈានទៅមុខប្រកបដោយភាពជឿនលឿន។ ទឹកដីដ៏សម្បូរបែបរបស់យើងមានធនធានធម្មជាតិដូចជា ដីមានជីជាតិ ទន្លេបឹងបួរ និងរ៉ែធម្មជាតិ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍកសិកម្ម នេសាទ និងឧស្សាហកម្ម។ បន្ថែមពីនេះ ប្រជាជនខ្មែរ ជាពិសេសយុវជន គឺជាធនធានមនុស្សដ៏មានតម្លៃ ដែលមានភាពច្នៃប្រឌិត និងឆន្ទៈខ្ពស់ក្នុងការសិក្សារៀនសូត្រ។ វប្បធម៌ និងប្រពៃណីខ្មែរដ៏សម្បូរបែបក៏ជាកម្លាំងទាក់ទាញសម្រាប់វិស័យទេសចរណ៍ និងការផ្សព្វផ្សាយអត្តសញ្ញាណជាតិ។ ទោះបីជាមានសក្តានុពលទាំងនេះ ក៏កម្ពុជានៅតែប្រឈមនឹងបញ្ហាជាច្រើនដូចជា ភាពក្រីក្រ កង្វះហេដ្ឋារចនាសម្ព័ន្ធ និងការបែកបាក់ផ្នែកនយោបាយ ប៉ុន្តែបញ្ហាទាំងនេះមិនមែនជាឧបសគ្គដែលមិនអាចយកឈ្នះបាននោះទេ។ ប្រសិនបើយើងអាចរួបរួមគ្នា និងប្រើប្រាស់សក្តានុពលរបស់យើងឱ្យបានត្រឹមត្រូវ កម្ពុជានឹងអាចក្លាយជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើន សង្គមសុខដុម និងកម្លាំងការពារជាតិរឹងមាំ។
ការប្រែក្លាយការឈឺចាប់ទៅជាកម្លាំង
ដើម្បីប្រែក្លាយការឈឺចាប់នៃអតីតកាលទៅជាកម្លាំងសម្រាប់អនាគត យើងត្រូវផ្តោតលើកត្តាសំខាន់ៗដូចខាងក្រោម៖
១. ការពង្រឹងសេដ្ឋកិច្ចជាតិ
សេដ្ឋកិច្ចរឹងមាំគឺជាមូលដ្ឋានគ្រឹះនៃប្រទេសរឹងមាំ៖ យើងត្រូវលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់ផលិតផលក្នុងស្រុក គាំទ្រសហគ្រិនខ្មែរ និងជំរុញកសិកម្មទំនើប។ ការវិនិយោគលើឧស្សាហកម្ម បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធនឹងជួយកាត់បន្ថយការពឹងផ្អែកលើបរទេស និងបង្កើតការងារសម្រាប់ប្រជាជន។ ឧទាហរណ៍ ការអភិវឌ្ឍវិស័យកសិកម្មដោយប្រើបច្ចេកទេសទំនើបអាចបង្កើនផលិតភាព និងធានាសន្តិសុខស្បៀង។ ការជំរុញឧស្សាហកម្មផលិតកម្មក្នុងស្រុកក៏អាចបង្កើតតម្លៃបន្ថែម និងបង្កើននូវភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ។
២. ការអភិវឌ្ឍធនធានមនុស្ស
យុវជនខ្មែរគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ជាតិ៖ ការផ្តល់ការអប់រំប្រកបដោយគុណភាព និងការបណ្តុះបណ្តាលជំនាញទំនើប នឹងប្រែក្លាយពួកគេទៅជាកម្លាំងចលករដ៏សំខាន់។ យើងត្រូវបណ្តាក់ទុនលើវិស័យបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ ដើម្បីឱ្យកម្ពុជាអាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។ ឧទាហរណ៍ ការបង្កើតសាលាបច្ចេកទេស និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញអាចជួយឱ្យយុវជនទទួលបានជំនាញដែលត្រូវការនៅក្នុងទីផ្សារការងារ។ ការលើកទឹកចិត្តឱ្យស្ត្រី និងជនជាតិភាគតិចចូលរួមក្នុងការអប់រំក៏នឹងជួយបង្កើនភាពសមធម៌ និងសាមគ្គីភាពក្នុងសង្គម។
៣. ការពង្រឹងកម្លាំងការពារជាតិ
កងទ័ពជាតិគឺជាឆ្អឹងខ្នងនៃអធិបតេយ្យភាព៖ យើងត្រូវគាំទ្រយោធារបស់យើងដោយការផ្តល់ធនធានគ្រប់គ្រាន់ និងការលើកទឹកចិត្តផ្នែកស្មារតី។ ការបំពាក់បច្ចេកវិទ្យាទំនើប និងការបណ្តុះបណ្តាលជំនាញយោធានឹងធ្វើឱ្យកម្ពុជាមានសមត្ថភាពការពារទឹកដីបានយ៉ាងរឹងមាំ។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋទាំងអស់ក៏ត្រូវចូលរួមការពារជាតិ តាមរយៈការគោរពច្បាប់ និងការប្រុងប្រយ័ត្នចំពោះការជ្រៀតជ្រែកពីខាងក្រៅ។ ឧទាហរណ៍ ការបង្កើតកម្មវិធីស្ម័គ្រចិត្តសម្រាប់ប្រជាពលរដ្ឋដើម្បីចូលរួមក្នុងការការពារសហគមន៍អាចជួយបង្កើនស្មារតីជាតិនិយម។
៤. ការលើកកម្ពស់សាមគ្គីភាពជាតិ
សាមគ្គីភាពគឺជាកម្លាំងដ៏អស្ចារ្យបំផុតរបស់ប្រទេសជាតិ៖ យើងត្រូវបំបាត់ការបែកបាក់ផ្នែកនយោបាយ សាសនា ឬជនជាតិភាគតិច ហើយរួបរួមគ្នាក្រោមទង់ជាតិមួយ។ ការលើកកម្ពស់សីលធម៌ និងការគោរពគ្នាទៅវិញទៅមកនឹងធ្វើឱ្យសង្គមយើងកាន់តែសុខដុម។ ឧទាហរណ៍ ការរៀបចំព្រឹត្តិការណ៍វប្បធម៌ ឬកម្មវិធីសហគមន៍អាចជួយពង្រឹងទំនាក់ទំនងរវាងប្រជាជននៅតាមទីជនបទ និងទីក្រុង។
៥. ការការពារបរិស្ថាន និងនិរន្តរភាព
បរិស្ថានគឺជាមរតកដ៏សំខាន់មួយទៀតរបស់កម្ពុជា៖ ការការពារព្រៃឈើ ទន្លេ និងបឹងបួរនឹងធានាថា ធនធានធម្មជាតិរបស់យើងនៅតែមានសម្រាប់ជំនាន់ក្រោយ។ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដូចជាការប្រើប្រាស់ថាមពលកកើតឡើងវិញ និងការកែច្នៃសំរាម នឹងជួយឱ្យកម្ពុជាក្លាយជាប្រទេសដែលទទួលខុសត្រូវចំពោះបរិស្ថាន។
កម្ពុជារឹងមាំ ក្តីសុបិនដែលអាចសម្រេចបាន
បងប្អូនជនរួមជាតិជាទីស្រឡាញ់! ការឈឺចាប់នៃអតីតកាលមិនគួរក្លាយជាចំណុចខ្សោយដែលធ្វើឱ្យយើងអន់ចិត្តនោះទេ។ ផ្ទុយទៅវិញ ចូរយើងប្រើវាជាកម្លាំងចិត្ត និងជាកណ្តឹងរោទ៍ដែលជំរុញឱ្យយើងរួបរួមគ្នាកសាងកម្ពុជាឱ្យរឹងមាំ។ ចូរយើងចាប់ផ្តើមពីខ្លួនយើងផ្ទាល់ ពីសហគមន៍របស់យើង និងពីការចូលរួមតូចតាចដែលនឹងនាំមកនូវការផ្លាស់ប្តូរដ៏ធំធេង។ ចូរយើងរួបរួមគ្នា ពង្រឹងសេដ្ឋកិច្ច អភិវឌ្ឍធនធានមនុស្ស ការពារទឹកដីជាតិ រក្សាបរិស្ថាន និងគោរពតាមគោលការណ៍នៃការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រោះថាប្រទេសជាតិដែលអាចរឹងមាំទៅបាន លុះត្រាប្រទេសនោះមានថា្នក់ដឹកនាំ និងមានការសម្រេចចិត្តតាមឋានានុក្រុមជាក់លាក់។
នៅពេលប្រទេសជាតិមានបញ្ហា គឺយើងបានឃើញការលះបង់ធំធែងរបស់ថា្នក់ដឹកនាំ ដែលមានរឿងខ្លះទុក្ខសោករបស់ថា្នក់ដឹកនាំប្រទេសគឺពិតធំណាស់ដែលមិនអាចនឹងបរិយាយឱ្យអស់សេចក្តីបាន គឺបានត្រឹមតែលាក់ទុកក្នុងចិត្ត ហើយត្រូវបង្ហាញភាពរឹងមាំជានិច្ចដើម្បីអនាគតវែងឆ្ងាយរបស់ប្រទេសជាតិ។
កម្ពុជាដែលយើងស្រមៃ គឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើន សង្គមសុខដុម និងអធិបតេយ្យភាពរឹងមាំ មិនមែនជាក្តីសុបិនដែលឆ្ងាយនោះទេ។ វាគឺជាគោលដៅដែលអាចសម្រេចបាន ប្រសិនបើយើងទាំងអស់គ្នាប្តេជ្ញាចិត្តធ្វើការជាមួយគ្នា។
សូមឱ្យស្មារតីនៃស្នេហាជាតិ និងការតស៊ូរបស់បុព្វបុរសខ្មែរបន្តឆេះសន្ធោសន្ធៅនៅក្នុងបេះដូងយើងគ្រប់គ្នា។ សូមឱ្យទឹកដីនៃសន្តិភាពនេះ ក្លាយជាទឹកដីនៃភាពរុងរឿងជារៀងរហូត!
បណ្ឌិត ស៊ឺន សំ ជាអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា។
ថ្ងៃសុក្រ ៧កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥
ហេតុអ្វីទំនាក់ទំនងល្អជាមួយអាម៉េរិកពិតជាសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា?
ក្នុងបរិបទនៃការផ្លាស់ប្តូរនៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកល កម្ពុជាកំពុងស្វែងរកការពង្រឹងជំហររបស់ខ្លួនក្នុងឆាកអន្តរជាតិ។ ក្នុងចំណោមបណ្តាប្រទេសជាដៃគូ សហរដ្ឋអាម៉េរិកលេចធ្លោជាមហាអំណាចមួយដែលមានសក្តានុពលក្នុងការជួយជំរុញការអភិវឌ្ឍ សន្តិសុខ និងកិត្តិនាមរបស់កម្ពុជា។ ទំនាក់ទំនងល្អជាមួយអាម៉េរិកមិនត្រឹមតែជាជម្រើសផ្នែកការទូតប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រដ៏សំខាន់ដើម្បីធានាបាននូវស្ថិរភាព និងភាពរីកចម្រើនរបស់កម្ពុជា។ ខាងក្រោមនេះគឺជាហេតុផលសំខាន់ៗដែលធ្វើឱ្យទំនាក់ទំនងជាមួយអាម៉េរិកមានសារៈសំខាន់សម្រាប់កម្ពុជា តាមរយៈទិដ្ឋភាពសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ។
១. អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច
សហរដ្ឋអាម៉េរិកជាទីផ្សារធំបំផុតមួយសម្រាប់ការនាំចេញផលិតផលកម្ពុជា ជាពិសេសផលិតផលវាយនភណ្ឌ និងស្បែកជើង។ តាមរយៈកម្មវិធីអនុគ្រោះពន្ធដូចជា ប្រព័ន្ធអនុគ្រោះទូទៅ (GSP) ផលិតផល កម្ពុជាអាចចូលទៅកាន់ទីផ្សារអាម៉េរិកដោយមានការបន្ធូរបន្ថយពន្ធ។ ទំនាក់ទំនងល្អជាមួយអាម៉េរិកជួយធានាបាននូវការបន្តនៃអត្ថប្រយោជន៍ទាំងនេះ ដែលជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងាររាប់សែនកន្លែងសម្រាប់ប្រជាជនកម្ពុជា។ លើសពីនេះ អាម៉េរិកគឺជាប្រភពដ៏សំខាន់នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) និងជំនួយអភិវឌ្ឍន៍។ ក្រុមហ៊ុនអាម៉េរិកដូចជា Coca-Cola និង General Electric បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកវត្តមានរបស់ពួកគេនៅកម្ពុជា ដែលនាំមកនូវបច្ចេកវិទ្យា និងជំនាញគ្រប់គ្រងទំនើប។ ទន្ទឹមនេះ ជំនួយអភិវឌ្ឍន៍របស់អាម៉េរិក តាមរយៈភ្នាក់ងារ USAID បានគាំទ្រគម្រោងផ្នែកសុខាភិបាល អប់រំ និងកសិកម្ម ដែលជួយលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន។ ទំនាក់ទំនងដ៏រឹងមាំជាមួយអាម៉េរិកអាចបង្កើនឱកាសសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត ដែលចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។
២. ការពង្រឹងជំហរនយោបាយ
ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍ កម្ពុជាត្រូវការសម្ព័ន្ធមិត្តដ៏រឹងមាំដើម្បីគាំទ្រជំហររបស់ខ្លួននៅលើឆាកអន្តរជាតិ។ អាម៉េរិក ដែលជាមហាអំណាចនយោបាយ និងសេដ្ឋកិច្ចសកល អាចជួយបង្កើនសម្លេងរបស់កម្ពុជានៅក្នុងវេទិកាអន្តរជាតិដូចជា អង្គការសហប្រជាជាតិ និងអាស៊ាន។ ទំនាក់ទំនងល្អជាមួយអាម៉េរិកអនុញ្ញាតឱ្យកម្ពុជាអាចធ្វើឱ្យមានតុល្យភាពនៃទំនាក់ទំនងជាមួយមហាអំណាចផ្សេងទៀត ដូចជាចិន និង រុស្ស៊ី ដែលជួយរក្សាឯករាជ្យភាពនយោបាយរបស់ខ្លួន។លើសពីនេះ អាម៉េរិកបានបង្ហាញការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ទោះបីជាមានភាពខុសគ្នាខាងទស្សនៈនយោបាយក៏ដោយ កិច្ចសន្ទនាស្ថាបនាជាមួយអាម៉េរិកអាចជួយកម្ពុជាក្នុងការកែលម្អការគ្រប់គ្រង និងបង្កើនទំនុកចិត្តពីសហគមន៍អន្តរជាតិ។ ឧទាហរណ៍ ការចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល និងកិច្ចសន្ទនាផ្នែកនយោបាយជាមួយអាម៉េរិក អាចជួយកសាងសមត្ថភាពស្ថាប័នរបស់កម្ពុជា និងបង្កើនកិត្តិនាមជាប្រទេសដែលគោរពស្តង់ដារអន្តរជាតិ។
៣. ការគាំទ្រផ្នែកសន្តិសុខ
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដូចជាជម្លោះនៅសមុទ្រចិនខាងត្បូង កម្ពុជាត្រូវការដៃគូដែលអាចគាំទ្រផ្នែកសន្តិសុខ។ អាម៉េរិកបានបង្ហាញការប្តេជ្ញាចិត្តក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់តាមរយៈកិច្ចសហប្រតិបត្តិការយោធា និងកម្មវិធីជំនួយសន្តិសុខ។ ទំនាក់ទំនងល្អជាមួយអាម៉េរិកអាចជួយកម្ពុជាទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងការបណ្តុះបណ្តាលសម្រាប់កងកម្លាំងប្រដាប់អាវុធ ដែលជួយពង្រឹងសមត្ថភាពការពារជាតិ។ឧទាហរណ៍ កម្ពុជាធ្លាប់ចូលរួមក្នុងកម្មវិធីសហប្រតិបត្តិការយោធាជាមួយអាម៉េរិក ដូចជាការហ្វឹកហ្វឺនរួម និងជំនួយផ្នែកឧបករណ៍។ ទោះបីជាទំនាក់ទំនងនេះធ្លាប់ជួបបញ្ហាប្រឈមខ្លះក៏ដោយ ការស្តារនិងពង្រឹងកិច្ចសហប្រតិបត្តិការនេះអាចជួយកម្ពុជាក្នុងការទប់ទល់នឹងការគំរាមកំហែងថ្មីៗ ដូចជាឧក្រិដ្ឋកម្មឆ្លងដែន និងភេរវកម្ម។ លើសពីនេះ ការចូលរួមជាមួយអាម៉េរិកក្នុងកិច្ចការសន្តិសុខអន្តរជាតិ ដូចជាបេសកកម្មសន្តិភាពអង្គការសហប្រជាជាតិ បានជួយបង្កើនកិត្តិនាមរបស់កម្ពុជាជាប្រទេសដែលរួមចំណែកដល់សន្តិភាពសកល។
៤. ការចូលរួមផ្នែកវប្បធម៌ និងអប់រំ
ទំនាក់ទំនងល្អជាមួយអាម៉េរិកក៏នាំមកនូវអត្ថប្រយោជន៍ផ្នែកវប្បធម៌ និងអប់រំ។ កម្មវិធីផ្លាស់ប្តូរនិស្សិត និងអាហារូបករណ៍ដូចជា Fulbright បានផ្តល់ឱកាសឱ្យយុវជនកម្ពុជាទៅសិក្សានៅសហរដ្ឋអាម៉េរិក ដែលជួយបណ្តុះជំនាញ និងចំណេះដឹងថ្មីៗ។ ការផ្លាស់ប្តូរវប្បធម៌ទាំងនេះក៏ជួយលើកកម្ពស់ការយល់ដឹងទៅវិញទៅមក និងកាត់បន្ថយការយល់ច្រឡំរវាងប្រជាជននៃប្រទេសទាំងពីរ។ មជ្ឈមណ្ឌលវប្បធម៌អាម៉េរិកនៅភ្នំពេញ និងកម្មវិធីអប់រំភាសាអង់គ្លេស បានរួមចំណែកក្នុងការពង្រឹងសមត្ថភាពរបស់ប្រជាជនកម្ពុជា ដើម្បីចូលរួមក្នុងសេដ្ឋកិច្ចសកល។ ទំនាក់ទំនងដ៏រឹងមាំជាមួយអាម៉េរិកអាចពង្រីកកម្មវិធីទាំងនេះ ដែលជួយបណ្តុះទំនុកចិត្ត និងសមត្ថភាពរបស់យុវជនកម្ពុជាក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ។
បញ្ហាប្រឈមនិងការដោះស្រាយ
ទោះបីជាទំនាក់ទំនងជាមួយអាម៉េរិកផ្តល់អត្ថប្រយោជន៍ច្រើនក៏ដោយ ក៏វាមិនមែនគ្មានបញ្ហាប្រឈមនោះទេ។ ភាពខុសគ្នាខាងទស្សនៈនយោបាយ និងការរិះគន់ពីអាម៉េរិកទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស បានបង្កើតភាពតានតឹងម្តងម្កាលជាមួយនឹងប្រទេសកម្ពុជា។ ដើម្បីដោះស្រាយបញ្ហានេះ កម្ពុជាគួរតែបន្តកិច្ចសន្ទនាបើកចំហ និងស្ថាបនា ដើម្បីស្វែងរកចំណុចរួម និងកាត់បន្ថយការយល់ច្រឡំ។ ការបង្កើនការផ្លាស់ប្តូរវប្បធម៌ និងការអភិវឌ្ឍសមត្ថភាពផ្នែកការទូតរបស់កម្ពុជា ក៏ជាយុទ្ធសាស្ត្រដ៏សំខាន់ដើម្បីធ្វើឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំ។ លើសពីនេះ កម្ពុជាគួរប្រើប្រាស់ជំហរអព្យាក្រឹតរបស់ខ្លួនក្នុងការធ្វើតុល្យភាពទំនាក់ទំនងជាមួយបណ្តាប្រទេសទាំងអស់ ដើម្បីជៀសវាងការពឹងផ្អែកខ្លាំងលើមហាអំណាចណាមួយ។
សេចក្តីសន្និដ្ឋាន
ទំនាក់ទំនងល្អជាមួយសហរដ្ឋអាម៉េរិកគឺជាកត្តាដ៏សំខាន់សម្រាប់កម្ពុជា ទាំងក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការពង្រឹងជំហរនយោបាយ និងការធានាសន្តិសុខជាតិ។ តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ការទូត និងវប្បធម៌ កម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីភាពជាដៃគូជាមួយអាម៉េរិក ដើម្បីលើកកម្ពស់ជីវភាពប្រជាជន និងបង្កើនកិត្តិនាមរបស់ខ្លួននៅលើឆាកអន្តរជាតិ។ ទោះបីជាមានបញ្ហាប្រឈមខ្លះក៏ដោយ កិច្ចសន្ទនាស្ថាបនា និងការប្តេជ្ញាចិត្តរួមគ្នាអាចជួយកសាងទំនាក់ទំនងដ៏រឹងមាំ និងប្រកបដោយផលប្រយោជន៍ទៅវិញទៅមក។ ក្នុងន័យនេះ ការវិនិយោគលើទំនាក់ទំនងជាមួយអាម៉េរិកគឺជាជំហានឆ្ពោះទៅកាន់អនាគតដ៏រុងរឿង និងសុខសាន្តសម្រាប់កម្ពុជា។
បណ្ឌិត ស៊ឺន សំ គឺជាអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ។ រាល់មតិយោបល់ដែលមាននៅក្នុងអត្តបទគឺជាទស្សនៈផ្ទាល់របស់លោក ពុំឆ្លុះបញ្ចាំងពីទស្សនៈរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ។
លោកបណ្ឌិត យង់ ពៅ អនុប្រធានទីមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអណ្ដូងពោធិ៍ អញ្ជើញជាអធិបតីក្នុងវេទិការសាធារណៈ នៅឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃសុក្រ ៧ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ លោកបណ្ឌិត យង់ ពៅ អនុប្រធានទីមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអណ្ដូងពោធិ៍ បានអញ្ជើញជាអធិបតីក្នុងវេទិការសាធារណៈ ដើម្បីត្រួតពិនិត្យគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។
នៅក្នុងឱកាសអញ្ជើញជាអធិបតីនៃវេទិកាសាធារណៈនាព្រឹកនេះ ក្រៅពីចូលរួមស្ដាប់បញ្ហានិងកង្វល់ និងដោះស្រាយបញ្ហាពលរដ្ឋ លោកបណ្ឌិត យង់ ពៅ អនុប្រធានទីមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអណ្ដូងពោធិ៍ បានលើកឡើងនូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានប្រសិទ្ធភាព និងគ្រប់គ្រងសភាពការណ៍បានយ៉ាងល្អទៅលើជម្លោះព្រំដែនកម្ពុជា-ថៃ។
ជាមួយគ្នានេះ លោកបណ្ឌិតបានមានប្រសាសន៍លើកបង្ហាញអំពីសភាពការណ៍ជាក់ស្ដែងនៅចំពោះមុខ គុណតម្លៃនៃការរួបរួមនៃប្រជាជាតិប្រឈមទៅនឹងការឈ្លានពានរបស់ថៃ និងជំរុញប្រជាពលរដ្ឋឱ្យចូលរួមជាមួយនឹងរាជរដ្ឋាភិបាលនៅក្នុងស្មារតីឯកភាពជាតិជាធ្លុងមួយ ដើម្បីថែរក្សាសុខសន្តិភាព និងបន្តផ្ដល់ជំនឿជាក់ដែលជាកម្លាំងចិត្តដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ។
លោកបណ្ឌិតក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវបន្តការយកចិត្តទុកដាក់ពិនិត្យបញ្ហានិងការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង និងត្រូវដាក់ចេញនូវដំណោះស្រាយភ្លាមៗ និងមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ពិសេសត្រូវផ្ដោតការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត សម្រាប់ករណីជនភៀសសឹក និងគ្រួសារកងទ័ពដែលបានបូជាទាំងកម្លាំងកាយនិងចិត្ត និងអាយុជីវិត នៅក្នុងការការពារជាតិមាតុភូមិកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះដែរ លោកបណ្ឌិត យង់ ពៅ ក៏បានលើកឡើងនូវការថ្លែងអំណរគុណដល់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ដែលបានជួយជំរុញឱ្យមានបទឈប់បាញ់រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ និងការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិក ដែលបានឯកភាពកំណត់អត្រាពន្ធបដិការសម្រាប់ប្រទេសកម្ពុជា មកនៅត្រឹម ១៩% (ថយចុះ៣០%បើធៀបនឹងអត្រាពន្ធនាពេលដំបូង) និងបានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលមានចំណាត់ការរហ័ស ហ្មត់ចត់ និងទាន់ពេលវេលា ក្នុងនាមប្រធានអាស៊ានផ្លាស់វេននិងជាអ្នកសម្របសម្រួលជម្លោះកម្ពុជាថៃ ព្រមទាំងគូសបញ្ជាក់អំពីការចូលរួមរបស់ចិននៅក្នុងនាមជាសាក្សីនៃកិច្ចចរចាស្ដីពីបទឈប់បាញ់ កម្ពុជា-ថៃផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
បណ្ឌិត យង់ ពៅ៖ ទោះជាមានការចរចាដើម្បីឈានទៅដល់បទឈប់បាញ់ តែថៃនឹងប្រើលេសមួលបង្កាច់កម្ពុជាដើម្បីបន្តមហិច្ឆតាឈ្លានពានរបស់ខ្លួន
ជាដំណឹងល្អមួយ ដែលមេដឹកនាំពិភពលោកលូកដៃសម្រុះសម្រួលដើម្បីជំរុញឱ្យមានការចរចាឈានទៅសម្រេចបទឈប់បាញ់រវាង កម្ពុជានិងថៃ ក្រោយសង្គ្រាមព្រំដែនរវាងប្រទេសទាំងពីរបានបង្កការខូចខាត និងមានកងទ័ពនិងជនស៊ីវិលជាច្រើននាក់បានបាត់បង់ជីវិត។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ បានថ្លែងសាទរចំពោះការដែលប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានលើកឡើងនូវគំនិតផ្ដួចផ្ដើមជំរុញឱ្យមានកិច្ចសន្ទនាស្ដីពីបទឈប់បាញ់រវាងប្រទេសកម្ពុជានិងថៃ ដែលនឹងប្រព្រឹត្តឡើងនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលជាប្រធានផ្លាស់វេនអាស៊ាន។ កម្ពុជាតែងតែគោរពគោលការណ៍អន្តរជាតិ កិច្ចសន្ទនាពហុភាគីស្ដីពីការរក្សាសន្តិភាពនៅក្នុងតំបន់។
លោកបណ្ឌិត យង់ ពៅ បានបង្ហាញការយល់ឃើញថា នៅក្នុងជំនួបចរចាស្ដីពីបទឈប់បាញ់នៅទីក្រុងកូឡាឡាំពួនាថ្ងៃនេះ នាយករដ្ឋមន្ត្រីនឹងបង្ហាញជំហរទទួលបទឈប់បាញ់ជាទស្សនៈ ប៉ុន្តែទោះជាយ៉ាងណា សម្រាប់ការអនុវត្ត ថៃនឹងបន្តអនុវត្តបែបផ្សេង ខុសពីការចរចា ដូចជាទម្លាប់សព្វដងនៃមេដឹកនាំនិងប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។ លោកបណ្ឌិតបានគូសរំឭកអំពីប្រវត្តិនៃការគោរពច្បាប់អន្តរជាតិរបស់ថៃថា កន្លងមក ដោយមានការដាក់សម្ពាធពីមហាអំណាច មេដឹកនាំថៃបានបង្ខំចិត្តប្រកាសទទួលយកសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ឆ្នាំ១៩៦២ ប៉ុន្តែក្រោយមក មេដឹកនាំថៃ បានរំលោភបំពាននូវសេចក្ដីសម្រេចនេះ ដោយបានឈ្លានពានមកលើដែនអធិបតេយ្យភាពនៃប្រទេសកម្ពុជា ពិសេសនៅក្នុងតំបន់ប្រាសាទព្រះវិហារ។ បន្ថែមពីនេះ ដោយមានយន្តការទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-ថៃបានសម្រេចនូវអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ដើម្បីថែរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ព្រំដែននៃប្រទេសទាំងពី ប៉ុន្តែថៃបែរជាបានរំលោភលើកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខា និងបានចូលឈ្លានពានបង្កជម្លោះជាថ្មីម្ដងទៀតនៅក្នុងឆ្នាំ២០២៥នេះ។ បើតាមលោកបណ្ឌិត យង់ ពៅ ថៃតែងតែទទួលយកនូវលទ្ធផលនៃការចរចា ឬឯកភាពទៅលើកិច្ចព្រមព្រៀងទាំងឡាយជាមួយកម្ពុជា ប៉ុន្តែខ្លួនបែរជាអនុវត្តបំពានឬផ្ទុយទៅនឹងខ្លឹមសារទាំងនោះទៅវិញ។
នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួន មេដឹកនាំថៃពិតជាពិបាកនៅក្នុងការបដិសេធនូវការសម្របសម្រួល ព្រោះតែក្នុងពេលនេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ជាអ្នកចេញមុខដោយផ្ទាល់ ដូច្នេះដើម្បីរក្សាមុតមាត់នៅក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក មេដឹកនាំថៃត្រូវតែបង្ខំចិត្តទទួលយក ប៉ុន្តែប្រាកដណាស់ដែលថា ថៃនឹងមិនអនុវត្តនូវកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ជាមួយកម្ពុជា។ លោកបណ្ឌិត យង់ ពៅ បន្តថា នៅក្រោយពីបញ្ចប់ការចរចាដើម្បីឈានទៅរកបទឈប់បាញ់ជាមួយកម្ពុជា ទោះបីជាមានកិច្ចព្រមព្រៀងជាក់លាក់ក៏ដោយក្ដី ភាគីថៃនឹងរៀបចំសេនារីយ៉ូ ដើម្បីបន្តឈ្លានពានមកលើប្រទេសកម្ពុជាបន្តទៅទៀត ដោយថៃនឹងព្យាយាមចោទប្រកាន់និងលាបពណ៌កម្ពុជាថាជាអ្នករំលោភលើបទឈប់បាញ់ ឬប្រតិដ្ឋរឿងហេតុផ្សេងៗនៅក្នុងនយោបាយផ្ទៃក្នុងរបស់ខ្លួន ដែលខ្លួនមិនអាចអនុវត្តបទឈប់បាញ់នេះបាន។ ត្រង់ចំណុចនេះ កម្ពុជាក៏ត្រូវតែត្រៀមលក្ខណៈទុកជាមុន នៅចំពោះមុខភាពក្រឡិចក្រឡុចរបស់ភាគីថៃ ដែលចុះកិច្ចព្រមព្រៀងផ្សេងអនុវត្តផ្សេង។ ការត្រៀមលក្ខណៈនេះគឺធ្វើយ៉ាងណា កម្ពុជាត្រូវតែពង្រឹងជំហរនៅគ្រប់សមរភូមិទាំងអស់ រាប់ចាប់តាំងពីសមរភូមិយោធា សមរភូមិការទូត និងសមរភូមិយន្តការច្បាប់អន្តរជាតិ។
ដូចបានលើកឡើងខាងលើ បើទោះបីជាមានកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ក៏ដោយក្ដី ក៏ថៃនឹងនៅតែចិញ្ចឹមចិត្តដើម្បីវាយប្រហារលើប្រទេសកម្ពុជានៅក្នុងតំបន់សំខាន់ៗដូចជា តំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់មុំបី និងតំបន់ប្រាសាទព្រះវិហារជាដើម។ មិនតែប៉ុណ្ណោះ ស្ថានការណ៍នយោបាយនៅក្នុងប្រទេសថៃបច្ចុប្បន្ន ការដឹកនាំប្រទេសហាក់ដូចជាមានការបែងចែកគ្នាជាច្រើនក្រុម ពិសេសមិនមានការឯកភាពគ្នារវាងរដ្ឋាភិបាល យោធា និងរាជវាំងនោះទេ ហើយការណ៍នេះ រឹតតែធ្វើឱ្យស្ថានការណ៍ទំនាក់ទំនងនយោបាយរបស់កម្ពុជានិងថៃ ពិតជាបន្តឡើងកម្ដៅមិនអាចចៀសផុតបានឡើយ។ ជាការពិតណាស់ថា ទោះបីជារដ្ឋាភិបាលស៊ីវិល អាចនឹងឯកភាពទៅលើការចរចាស្ដីពីបទឈប់បាញ់ក៏ដោយក្ដី ក៏ក្រុមយោធាទំនងជានឹងមិនយល់ស្របតាមនោះឡើយ ហើយនឹងមានសេនារីយ៉ូដាក់បន្ទុកថា ក្រោយរដ្ឋាភិបាលថៃបានឯកភាពនិងវិលត្រឡប់មកជាមួយសេចក្ដីសម្រេចចិត្តអំពីបទឈប់បាញ់ក្ដី ក៏ក្រុមយោធាថៃដែលមិនទទួលស្គាល់ការចរចាដែលប៉ះពាល់ដល់មហិច្ឆតាឈ្លានពានរបស់យោធាថៃ ឬរបស់ប្រទេសថៃទាំងមូល នឹងបន្តសង្គ្រាមឈ្លានពានប្រឆាំងនឹងអធិបតេយ្យភាពរបស់កម្ពុជាដដែល។ នៅត្រង់ចំណុចនេះ បណ្ដាមហាអំណាច និងប្រទេសដទៃទៀតលើពិភពលោក ដែលមានផលប្រយោជន៍សេដ្ឋកិច្ច-ពាណិជ្ជកម្មជាមួយនឹងថៃ ក៏ពិបាកនឹងបង្ហាញជំហរប្រឆាំងនឹងការឈ្លានពាន ឬធ្វើអន្តរាគមន៍ណាមួយទៅលើថៃផងដែរ។ សេនារីយ៉ូនេះ ក៏រាជរដ្ឋាភិបាលកម្ពុជាបានយល់ និងដឹងច្បាស់អំពីស្ថានការណ៍នេះផងដែរ ហើយយើង ពិតជាអាចប៉ាន់ស្មានទុកជាមុនថា ថៃនឹងបន្តការវាយប្រហារមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដូច្នេះត្រូវតែត្រៀមខ្លួនឆ្លើយតបនិងទប់ទល់ឱ្យសមស្រប ស័ក្តិសម និងសមាមាត្រទៅលើភាគីថៃ នៅគ្រប់ទិដ្ឋភាពទាំងអស់។ ទោះជាយ៉ាងណា បច្ចុប្បន្ន កម្ពុជាពុំទាន់បានប្រើប្រាស់សំណាញ់មេឃ និងអាវុធធុនធ្ងន់ នៅឡើយទេ ប៉ុន្តែនៅក្នុងករណីដែលស្ថានការណ៍បង្ខំ រាជរដ្ឋាភិបាលកម្ពុជាត្រូវតែប្រើប្រាស់សមត្ថភាពការពារជាតិរបស់ខ្លួន ដើម្បីធានាការពារឱ្យខាងតែបាននូវដែនអធិបតេយ្យភាព និងបូរណភាពដែនដីខ្លួន ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយកម្ពុជាមិនអាចបណ្ដែតបណ្ដោយឱ្យមានការខូចខាតប្រាសាទដូនតា ការបាត់បង់អាយុជីវិតកងទ័ពនិងប្រជាជន និងបណ្ដាលឱ្យមានជនភៀសសឹកកម្ពុជារាប់ម៉ឺននាក់បន្ថែមទៅទៀតនោះឡើយ។ គួរបញ្ជាក់ផងដែរថា នៅក្នុងស្ថានការណ៍បច្ចុប្បន្ន ភាគីថៃមិនត្រឹមតែបានប្រើប្រាស់គ្រាប់បែកចង្កោមតែប៉ុណ្ណោះទេ តែកងទ័ពឈ្លានពានថៃ ថែមទាំងបានប្រើប្រាស់ផ្សែងពុលមកលើប្រទេសកម្ពុជាថែមទៅទៀត ដែលជាឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងមនុស្សជាតិ ដែលកម្ពុជាត្រូវតែចងក្រងភស្តុតាងដើម្បីកសាងសំណុំរឿងប្ដឹងថៃទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ព្រមទាំងចាត់វិធានការបន្ទាន់ដែលសមាមាត្រឆ្លើយតបទៅនឹងទង្វើដ៏គឃ្លើន និងអមនុស្សធម៌បំផុតនេះ។
លោកបណ្ឌិត យង់ ពៅ បានបន្ថែមទៀតថា ទាំងសហរដ្ឋអាម៉េរិក និងសាធារណរដ្ឋប្រជាមានិតចិន សុទ្ធតែបានបង្ហាញនូវចេតនានយោបាយចង់ឱ្យមានបទឈប់បាញ់ជាស្ថាពរ និងជំរុញឱ្យមានការចរចាស្វែងរកដំណោះស្រាយ ដើម្បីបញ្ឈប់អរិភាពនិងសង្គ្រាមដ៏ធ្ងន់ធ្ងររវាងប្រទេសជិតខាងទាំងពីរ កម្ពុជា-ថៃ។ សហរដ្ឋអាម៉េរិកបានព្រមានរួចមកហើយថា ខ្លួននឹងមិនចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសទាំងពីរឡើយ ប្រសិនបើកម្ពុជានិងថៃ នៅតែបន្តសង្គ្រាមព្រំដែនជាមួយគ្នា ខណៈសាធារណរដ្ឋប្រជាមានិតចិន បានសម្ដែងការព្រួយបារម្ភ និងជំរុញឱ្យភាគីទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធី។ ទោះជាយ៉ាងណា កម្ពុជាបានប្រកាសជំហររួចជាស្រេច ត្រៀមខ្លួនទទួលយកបទឈប់បាញ់ដែលមានលក្ខខណ្ឌសមស្រប តាមរយៈការអំពាវនាវរបស់សហរដ្ឋអាម៉េរិក។
ឆ្លៀតឱកាសនេះ លោកបណ្ឌិត យង់ ពៅ ក៏បានអំពាវនាវឱ្យសាធារណជនកម្ពុជា ស្វែងយល់អំពីជំហរនិងរបៀបធ្វើការរបស់មហាអំណាច ដោយចៀសវាងការបង្ហាញជំហរឈូឆរ អូសទាញឱ្យមហាអំណាចឱ្យពាក់ព័ន្ធឬចូលរួមនៅក្នុងទម្រង់ដូចនេះឬដូចនោះ។ លោកបណ្ឌិតបានបង្ហាញការព្រួយបារម្ភអំពីការចូលរួមរបស់មហាអំណាចតាមការអំពាវនាវឬញុះញង់ផ្សេងៗ ដែលអាចក្លាយទៅជាជម្លោះភូមិសាស្ត្រនយោបាយ ដូចដែលគេបានឃើញអំពីការប្រជែងរបស់មហាអំណាចនៅក្នុងតំបន់នានាលើពិភពលោក ដែលជាគ្រោះថ្នាក់ចំពោះប្រទេសសាមី៕
RAC Media | លឹម សុវណ្ណរិទ្ធ
វីដេអូ
ព័ត៌មានច្រើនទៀត
បទយកការណ៍ ស្តីពី «ការចោលសំរាម និងការកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងកិច្ចសម្ភាសន៍ ស្ដីពី៖ សារៈសំខាន់នៃការជ្រើសរើសមុខជំនាញសិក្សានៅឧត្តមសិក្សា និងក្រោយឧត្តមសិក្សា