ព័ត៌មាន

«មេរោគកូរ៉ូណាថ្មីនិងការឆ្លើយតបរបស់ពិភពលោក» ដោយលោក ធន ឆាយពិសិដ្ឋ នាយកដ្ឋាននយោបាយនិងសន្តិសុខអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

2020-02-12 05:08:32 ថ្ងៃពុធ, 12 កុម្ភៈ 2020 ម៉ោង 12:08 PM
អ្នកមើល 9979
post_detail

(រូបភាពកូរ៉ូណារីរុស ពី Scientist Magazine)

មេរោគកូរ៉ូណាថ្មីនេះ មានឈ្មោះជាផ្លូវការថា Covid-19 ជាមេរោគអម្បូរតែមួយជាមួយនឹងមេរោគសារ្ស៍ (SARS-CoV) កាលពី២០០២ និង មេរោគមឹរ្ស៍ (MERS-CoV) នៅឆ្នាំ២០១២។ មេរោគកូរ៉ូណាប្រភេទថ្មីនេះ គឺជាមេរោគផ្លូវដង្ហើម ដែលបានលេចរូបរាងដំបូងនៅទីក្រុងវូហាន ប្រទេសចិន ដោយបានរកឃើញក្រុមអ្នកឆ្លងមេរោគដំបូង គឺកម្មករនិងអតិថិជននៅផ្សារបោះដុំគ្រឿងសមុទ្រហួណាន។ ការរាតត្បាតលើកនេះ កើតឡើងយ៉ាងឆាប់រហ័ស មកទល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ មានចំនួនអ្នកឆ្លងមេរោគជាង៤ម៉ឺននាក់ និងអ្នកស្លាប់ជា១ពាន់នាក់ ហើយដែលបានរាលដាលដល់ទៅជិត៣០ប្រទេស រួមទាំងកម្ពុជាផងដែរ។

ការរាតត្បាតនៃមេរោគកូរ៉ូណាថ្មី មានផលប៉ះពាល់លើសេដ្ឋកិច្ចយ៉ាងធំធេងចំពោះបណ្ដាប្រទេសដែលមេរោគនេះបានចម្លងទៅដល់។ វាមិនត្រឹមតែបានបង្កផលវិបាកផ្នែកសុខភាពនិងសេដ្ឋកិច្ចនៅលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែមេរោគនេះក៏បានថែមទាំងជះឥទ្ធិពលអាក្រក់ក្នុងសង្គមផងដែរ។ ពេលនេះចិនហាក់ដូចជាឯកោ រហូតមកដល់ពេលនេះ មានប្រទេសមួយចំនួនធំបានចាត់វិធានការរៀងៗខ្លួនដើម្បីការពារពលរដ្ឋរបស់ខ្លួន ដូចជា មានការជម្លៀសប្រជាជនរបស់ខ្លួនចេញពីប្រទេសចិន និងមានការបិទជើងហោះហើរ ឬព្រំដែនជាមួយចិន រួមទាំងព្យួរការផ្តល់ទិដ្ឋាការឱ្យពលរដ្ឋចិន ជាដើម។

មេរោគកូរ៉ូណាថ្មីនេះ កំពុងមានសន្ទុះកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃទាំងនៅក្នុងប្រទេសចិន ក៏ដូចជានៅបណ្ដាប្រទេសមួយចំនួនលើសាកលលោក។ ចិនធ្លាប់បានហែលឆ្លងជំងឺសារ្ស៍លើកទី១ ក្នុងឆ្នាំ២០០២ម្ដងហើយ តែលើកនេះខុសពីជំងឺសារ្ស៍ រដ្ឋាភិបាលក្រុងប៉េកាំងបានបញ្ចេញប្រតិកម្មយ៉ាងលឿនដើម្បីប្រឆាំងនឹងមេរោគកូរ៉ូណាថ្មីនេះ។ ក្រោយពីរាលដាលយ៉ាងឆាប់រហ័ស អង្គការសុខភាពពិភពលោកក៏បានប្រកាសអាសន្នជាសាកលពីមេរោគផ្លូវដង្ហើមកូរ៉ូណានេះ ហើយថាវាអាចបង្កការប៉ះពាល់ដល់សុខភាពសាធារណៈកម្រិតពិភពលោក។

ភ្លាមៗក្រោយពីផ្ទុះការរាតត្បាតនៃមេរោគកូរ៉ូណា រដ្ឋាភិបាលចិនបានបញ្ជូនយន្តហោះពីរគ្រឿងទៅប្រទេសថៃនិងម៉ាឡេស៊ីដើម្បីដឹកពលរដ្ឋចិន ដែលមានផ្ទះសម្បែងនៅខេត្តហូប៉ីនិងក្នុងក្រុងវូហានឱ្យអាចត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ។ ខណៈនោះ ពលរដ្ឋបរទេសដែលជាប់គាំងនៅប្រទេសចិន ក៏ត្រូវរដ្ឋាភិបាលនៃប្រទេសនីមួយៗ បានចាត់វិធានការជម្លៀសចេញជាបន្តបន្ទាប់ និងចាត់វិធានការបង្ខាំងមនុស្សដែលជម្លៀសពីវូហានឬពីវេនហ៊្សូក្នុងរយៈពេល១៤ថ្ងៃ ដើម្បីតាមដានស្ថានភាពសុខភាព។

មកទល់ពេលនេះ ចិនបានសាងសង់រួចរាល់នូវមន្ទីរពេទ្យថ្មីមួយកន្លែង ដែលបានប្រើរយៈពេលតែ១០ថ្ងៃប៉ុណ្ណោះ ហើយកំពុងបន្តសាងសង់មន្ទីរពេទ្យមួយទៀត ដើម្បីទទួលព្យាបាលអ្នកផ្ទុកមេរោគកូរ៉ូណាថ្មីនេះ។ ទោះយ៉ាងណាក៏ដោយ ក៏យើងនៅតែសង្កេតឃើញពីកង្វះខាត និងការលំបាកនៅក្នុងចំណាត់ការរបស់រដ្ឋាភិបាលចិន ជាពិសេស ចិននៅខ្វះនិងមានតម្រូវការជាបន្ទាន់ គឺសម្ភារៈ បរិក្ខារពេទ្យ ម៉ាស់ សម្លៀកបំពាក់ និងវ៉ែនតា សម្រាប់ការពារការឆ្លងមេរោគ។ មានប្រទេសមួយចំនួន ដូចជា បារាំង អង់គ្លេស ជប៉ុន និងកូរ៉េខាងត្បូងបានបញ្ជូនសម្ភារៈពេទ្យឱ្យចិន តែនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។

ក្រៅពីប្រទេសចិន បណ្ដាប្រទេសនីមួយៗក៏បានធ្វើចំណាត់ការខ្លួនឯង ដើម្បីបញ្ជៀសការចម្លងមេរោគចូលស្រុកនិងជួយសង្រ្គោះពលរដ្ឋខ្លួនឯង។ វិធានការដែលគេប្រើដើម្បីបញ្ចៀសការឆ្លងរាលដាលមេរោគនេះ មានដូចជា ការបិទព្រំដែន ការបិទការចូលរបស់ពលរដ្ឋចិននិងជនបរទេសដែលបានស្នាក់នៅចិនក្នុងរយៈពេល២សប្តាហ៍ចុងក្រោយ ជាដើម។ អាមេរិកនិងជប៉ុន បានផ្តើមមុនគេក្នុងការដឹកជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីខេត្តហ៊ូប៉ីនិងវូហាន។ ក្រោយមក ប្រទេសផ្សេងៗទៀត ដូចជា អ៊ីតាលី អាល្លឺម៉ង់ កាដាណា និងបង់ក្លាដែស ជាដើម ក៏បានជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីតំបន់ដែលមានការរាលដាលជំងឺនេះដែរ។

ដោយឡែក ហុងកុង រុស្ស៊ី និងម៉ុងហ្គោលី បានបិទព្រំដែនជាមួយចិនតែម្ដង។ រុស្ស៊ី បានសម្រេចបិទព្រំដែនគោកជាប់ជាមួយចិន ចំនួនជាង ៤ពាន់គីឡូម៉ែត្រ។ ឯជប៉ុន បានហាមពលរដ្ឋរបស់ខ្លួន មិនឱ្យទៅប្រទេសចិន បើមិនចាំបាច់។ ចំណាត់ការនេះ គឺនាំមុខដោយអាមេរិក ដែលហាក់ដូចជាមានការហាមឃាត់ដាច់ខាតជាងគេ។ ឯអង់គ្លេស អេស្ប៉ាញ ឥណ្ឌា កូរ៉េខាងត្បូង ក៏បានដឹកពលរដ្ឋខ្លួនត្រឡប់ចូលប្រទេសវិញដែរ។

ចំពោះបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ សិង្ហបុរី បានប្រកាសសម្រេចបិទជើងហោះហើរទាំងអស់ដែលមានប្រភពមកពីចិន។ វៀតណាម បានប្រកាសផ្អាកការផ្តល់ទិដ្ឋាការទេសចរណ៍ដល់ជនជាតិចិន និងជនបរទេសណា ដែលបានស្នាក់នៅក្នុងប្រទេសចិនរយៈពេលពីរសប្តាហ៍ចុងក្រោយ។ ឯប្រទេសផ្សេងក៏បានជម្លៀសពលរដ្ឋរបស់ខ្លួនជាបណ្ដើរៗដែរ ក៏ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាបានប្រកាសពីជំហររបស់ខ្លួនថា កម្ពុជាគឺជាមិត្តដែកថែបរបស់ចិន ដោយកម្ពុជាមិនរត់ចោលចិនជាដាច់ខាត ហើយថែមទាំងបានប្រកាសមិនឱ្យនិស្សិតខ្មែរដែលកំពុងសិក្សានៅទីក្រុងវូហាន ប្រទេសចិន រត់ចោលប្រទេសចិននៅគ្រាអាសន្ននេះទៀតផង ហើយក៏គ្មានការបិទជើងយន្តហោះទៅមកប្រទេសចិនដែរ។

ដោយឡែកចំណាត់ការក្នុងការបង្កានិងទប់ស្កាត់នៅក្នុងស្រុកវិញ ក្រសួងសុខាភិបាលបញ្ជាក់ថា កម្ពុជាមានសមត្ថភាពឆ្លើយតបលើមេរោគកូរ៉ូណាមិនចាញ់ប្រទេសរីកចម្រើននោះទេ។ គិតរហូតមកដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងមេរោគកូរ៉ូណាដែលជាជនជាតិចិនតែម្នាក់ប៉ុណ្ណោះ ហើយក្រោមការថែទាំ និងព្យាបាលរបស់គ្រូពេទ្យកម្ពុជា ជិតពីរសប្ដាហ៍មក បុរសជនជាតិចិនរូបនេះ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីការធ្វើតេស្ដ លើកទី៣ ដោយលទ្ធផលបង្ហាញថា លោកមិនមានមេរោគកូរ៉ូណាថ្មី នៅក្នុងខ្លួនទៀតឡើយ ហើយរូបលោកនិងក្រុមគ្រូសារ រួមមានភរិយា កូនស្រី និងកូនប្រសារ បានចាកចេញពីប្រទេសកម្ពុជានៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

ទន្ទឹមនឹងនេះ មានបុរសទេសចរជនជាតិហូឡង់ម្នាក់អាយុ៧០ឆ្នាំ ដែលបានចូលមកខេត្តព្រះសីហនុតាមកប៉ាល់ Norwaygian Jade កាលពីរសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបានគេសង្ស័យថា មានជំងឺកូរ៉ូណា ប៉ុន្តែ លទ្ធផលនៃការវិភាគធ្វើតេស្តលើសំណាកវត្ថុនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញថា អវិជ្ជមានកូរ៉ូណាថ្មី (2019-NCov) នៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

ការរាតត្បាតនៃមេរោគកូរ៉ូណាថ្មី គឺជាក្ដីបារម្ភអំពីសន្តិសុខថ្មីមួយ វាបានក្លាយទៅជាការគំរាមកំហែងដ៏ធំលើស្ថិរភាពនិងវិបុលភាពរបស់បណ្ដាប្រទេសនៅលើពិភពលោក ជាពិសេស ចិន និងបណ្ដាប្រទេសដែលមានទំនាក់ទំនងពាណិជ្ជកម្មច្រើនជាមួយចិន។ ការរាតត្បាតនៃមេរោគកូរ៉ូណាថ្មី មិនមែនមានផលប៉ះពាល់តែលើប្រទេសណាមួយទេ ពោលគឺវាមានផលប៉ះពាល់ចំពោះសន្តិសុខរបស់មនុស្សជាតិទូទាំងពិភពលោក។ សន្តិសុខរបស់រដ្ឋមួយគឺអាស្រ័យលើសន្តិសុខរបស់ពលរដ្ឋម្នាក់ៗ បើពលរដ្ឋគ្មានសន្តិសុខ នោះរដ្ឋក៏គ្មានសន្តិសុខ រដ្ឋគ្មានសន្តិសុខ ពិភពលោកក៏គ្មានសន្តិសុខ។ ដូច្នេះ ការប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតថ្មីនេះ មិនមែនជាបញ្ហារបស់ចិនតែម្នាក់ឯងទេ វាគឺជាបញ្ហារបស់ពិភពលោកទាំងមូល ដែលត្រូវរួមដៃគ្នាប្រយុទ្ធឆាំងនឹងមេរោគដ៏កំណាចនេះ៕

រូបភាពពីហ្វេសប៊ុកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង

A photograph by the state-run newspaper China Daily showing an isolation ward in Wuhan on Thursday.​Credit...China Daily, via Reuters

អត្ថបទទាក់ទង

How does China Involve in Myanmar’s Affairs?

By Seun Sam After the coup d'état committed by Myanmar’s military on February 1, 2021, countries all over the world were paying close attention to the situation in that country. The reactions of the...

2021-04-30 10:44:07   ថ្ងៃសុក្រ, 30 មេសា 2021 ម៉ោង 05:44 PM
«កម្ពុជា រយៈពេល ២២ឆ្នាំក្នុងអាស៊ាន»

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៣៦ តាមរយៈប្រព័ន្ធវីដេអូ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០(អត្ថបទដ...

2021-04-30 09:59:56   ថ្ងៃសុក្រ, 30 មេសា 2021 ម៉ោង 04:59 PM
"Myanmar's political crisis should be viewed in an objective and impartial way"

2021-04-30 09:22:33   ថ្ងៃសុក្រ, 30 មេសា 2021 ម៉ោង 04:22 PM
«វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាគួរត្រូវបានសម្លឹងមើលដោយលក្ខណៈសត្យានុម័តនិងមិនលម្អៀង» ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងវិបត្តិនយោបាយដ៏ស្រួចស្រាវចាប់តាំងពីខែកុម្ភៈមក ដែលផ្តើមចេញពីការមិនសប្បាយចិត្តរបស់គណបក្សសហព័ន្ធសាមគ្គីភាពនិងការអភិវឌ្ឍដែលគាំទ្រដោយយោធាចំពោះលទ្ធផលនៃការបោះឆ្នោតកាលខែវិច្ឆិកា...

2021-04-30 09:10:30   ថ្ងៃសុក្រ, 30 មេសា 2021 ម៉ោង 04:10 PM
«ទិវាភាសាចិនអន្តរជាតិ» លើកទី១២ តាមប្រព័ន្ធអនឡាញ ដោយ៖ កញ្ញា វុធ សុភ័ក្រណា

នៅព្រឹកថ្ងៃអង្គារ ៩កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការភាសាបរទេសនៃក្រសួងអប់រំចិនបានប្រារព្ធ «ទិវាភាសាចិនអន...

2021-04-20 14:43:13   ថ្ងៃអង្គារ, 20 មេសា 2021 ម៉ោង 09:43 PM
ទំនាក់ទំនងកម្ពុជា-វៀតណាម៖ សមមិត្តរួមសមរភូមិនិងរបត់ថ្មី ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឍិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media /ចុះផ្សាយថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១

2021-04-19 05:39:38   ថ្ងៃចន្ទ, 19 មេសា 2021 ម៉ោង 12:39 PM

សេចក្តីប្រកាស