ព័ត៌មាន

«បញ្ញវន្តដែលមានសមត្ថភាពពិតប្រាកដគឺជាធនធានចម្បង ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ»

2020-01-20 14:49:21 ថ្ងៃចន្ទ, 20 មករា 2020 ម៉ោង 09:49 PM
អ្នកមើល 10694
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាដែលមានការផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុកពីរាជបណ្ឌិត្យសភាកម្ពុជា នៅវេលា ម៉ោង៦ល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ឲ្យតម្លៃខ្ពស់ទៅលើធនធានមនុស្សដែលមានគុណភាព ចំណេះជំនាញសមត្ថភាពពិតប្រាកដ គឺជាធនធានចម្បង ដើម្បីអភិវឌ្ឍជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ប្រៀបធៀបលើកឡើងអំពី ប្រព័ន្ធអប់រំ និងការប្រមូលផ្តុំប្រើប្រាស់ធនធានមនុស្សរបស់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន ក្នុងនោះ រួមមាន ប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម តៃវ៉ាន់ កូរ៉េខាងត្បូង និងប្រទេសជប៉ុន។ ដើម្បីទទួលបានធនធានមនុស្សប្រកបដោយគុណភាព ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាត្រូវតែពង្រឹងគុណភាពប្រព័ន្ធអប់រំចាប់ពីកម្រិតបឋមសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា ដោយត្រូវបណ្តុះបណ្តាលទាំងលើទ្រឹស្តី និងការអនុវត្តទ្រឹស្តីជាក់លាក់ ដើម្បីឲ្យពួកគេមានចំណេះជំនាញមូលដ្ឋានច្បាស់លាស់ពិតប្រាកដ និងគំនិតទូលំទូលាយ ក្នុងសម័យសកលភាវូបនីយកម្មបច្ចេកវិទ្យា ៤.0 នាពេលនេះ។

លើសពីនេះ ដើម្បីឲ្យធនធានមនុស្សមានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈថែមទៀត ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍បន្ថែមថា មាតាបិតា អាណាព្យាបាលរបស់សិស្សានុសិស្សផ្ទាល់ត្រូវតែមានភារកិច្ចចាំបាច់ក្នុងការអប់រំផ្តល់ភាពជាគម្រូល្អៗដល់កូនចៅរបស់ខ្លួនពួកគេផ្ទាល់ បន្ទាប់ពីការអប់រំរបស់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យនៅតាមគ្រឹះស្ថានសិក្សានានា និង គោលនយោបាយលើកកម្ពស់ប្រព័ន្ធអប់រំជាតិប្រកបដោយគុណភាពត្រឹមត្រូវច្បាស់លាស់។

«ធនធានមនុស្សមានគុណភាពនាំឲ្យជាតិមានការអភិវឌ្ឍរីកចម្រើនរឹងមាំ»។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងកិច្ចពិភាក្សាស្តីពី អ្វីជាធនធានចម្បងដើម្បីអភិវឌ្ឍជាតិ។

ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសលើកឡើងយ៉ាងច្បាស់លាស់ថា រាជបណ្ឌិត្យសភាកម្ពុជាស្វាគមន៍អ្នកវិទ្យាសាស្រ្តដែលមានសមត្ថភាពពីគ្រប់ទិសទីមកបង្ហាញចំណេះដឹង និងស្នាដៃ ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនប្រកដដោយនិរន្តរភាពដល់ខ្មែរជំនាន់ក្រោយ។

ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានប្រកាសដល់សាធារណជន និងបញ្ញវន្តដែលសមត្ថភាពមកពីគ្រប់ទិសទីដែលមានបំណងចង់បង្ហាញចំណេះដឹង និងស្នាដៃរបស់ខ្លួន សូមអញ្ជើញទាក់ទងមករាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យផ្ទាល់។ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍យ៉ាងមុតមាំថា រាជបណ្ឌិត្យសភាកម្ពុជាស្វាគមន៍បញ្ញវន្តដែលមានសមត្ថភាពគ្រប់កម្រិត ដើម្បីបង្ហាញចំណេះដឹង សមត្ថភាព និងស្នាដៃចូលរួមអភិវឌ្ឍសង្គមជាតិ។ ហើយតាមរយៈរាជបណ្ឌិត្យសភាកម្ពុជាដែលជាស្ថាប័នសិក្សាស្រាវជ្រាវជាន់ខ្ពស់ជាតិខ្មែរ ពួកគេនឹងទទួលបានកេរ្តិ៍ឈ្មោះការតែងតាំង និងការផ្តល់សញ្ញាបត្រ ស្របតាមចំណេះដឹង និងសមត្ថភាពរបស់ពួកគេយ៉ាងប្រាកដ៕

RAC Media


អត្ថបទទាក់ទង

«កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តពាក្យរបស់គណៈកម្មការព័ត៌មានវិទ្យា និងពិភាក្សា អនុម័តបច្ចេកសព្ទ បរិស្ថាននិងធនធានធម្មជាតិ...»

កាលពីរសៀលថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើក កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអ...

2020-01-23 05:21:31   ថ្ងៃព្រហស្បតិ៍, 23 មករា 2020 ម៉ោង 12:21 PM
«មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាត្រូវតែជាមន្ត្រីដែលមានសមត្ថភាពសកម្ម សីលធម៌ និងគោរពវិជ្ជាជីវៈពិតប្រាកដ ដើម្បីចូលរួមអភិវឌ្ឍជាតិ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាត្រូវតែជាមន្ត្រីដែលមានសមត្ថភាពសកម្ម សីលធម៌ និងគោរពវិជ្ជាជីវៈពិតប្រាកដ ដើម្បីចូលរួមអភិវឌ្ឍជាតិឱ្យកាន់តែចម្រើន។ នេះជាប្រសាសន៍ក្រើនរម្លឹកថ្នាក់ដឹកនាំវ...

2020-01-22 05:23:38   ថ្ងៃពុធ, 22 មករា 2020 ម៉ោង 12:23 PM
«កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា»

កាលពីព្រឹកថ្ងៃអង្គារ និងរសៀលថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារីបានបើកកិច្ចប្រជុំដើម្បីពិនិ...

2020-01-22 04:00:23   ថ្ងៃពុធ, 22 មករា 2020 ម៉ោង 11:00 AM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ត្រូវបានតែងតាំងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាជាថ្មី ឋានៈស្មើរដ្ឋមន្ត្រី»

(រាជធានីភ្នំពេញ)៖ ដោយបានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្...

2020-01-21 08:56:46   ថ្ងៃអង្គារ, 21 មករា 2020 ម៉ោង 03:56 PM
«អាហារូបករណ៍សិក្សាជាន់ខ្ពស់អន្តរជាតិ សម្រាប់ឆ្នាំ២០២០-២០២១ នៅសាធារណរដ្ឋកូរ៉េ»

2020-01-21 02:51:34   ថ្ងៃអង្គារ, 21 មករា 2020 ម៉ោង 09:51 AM
«បញ្ញវន្តដែលមានសមត្ថភាពពិតប្រាកដគឺជាធនធានចម្បង ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាដែលមានការផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុកពីរាជបណ្ឌិត្យសភាកម្ពុជា នៅវេលា ម៉ោង៦ល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ...

2020-01-20 14:49:21   ថ្ងៃចន្ទ, 20 មករា 2020 ម៉ោង 09:49 PM

សេចក្តីប្រកាស