Royal Academy of Cambodia
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងបទសម្ភាសន៍ដែលបានផ្សាយផ្ទាល់នៅលើទំព័រ Facebook ផ្លូវការរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ នៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នេះ។
បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានពង្រឹងជាបន្ត បន្ទាប់ ដោយក្នុងនោះ កន្លងមក រាល់និក្ខេបបទថ្នាក់បណ្ឌិតដែលត្រូវលើកយកមកការពារ ត្រូវតែមានមូលដ្ឋានការពារយ៉ាងរឹងមាំតាមបែបវិទ្យាសាស្ត្រ និងឆ្លងកាត់ការវាយតម្លៃជាច្រើនដំណាក់កាល ដោយរាប់បញ្ចូលទាំងការការពារសាកល្បងជាដើម ខណៈដែលដំណើរការនិងនីតិវិធីកន្លងមកត្រូវបានរឹតបន្តឹង និងធ្វើឡើងដោយសុក្រឹតភាព ដើម្បីធានាបាននូវនិក្ខេបបទថ្នាក់បណ្ឌិតដែលមានទម្ងន់បែបវិទ្យាសាស្ត្រ និងទទួលបាននូវធនធានបញ្ញវន្តជាបណ្ឌិតដែលមានសមត្ថភាពនិងលក្ខណៈសម្បត្តិពេញលេញ ក្នុងការតតាំងគ្រប់ជ្រុងទាំងអស់ជុំវិញប្រធានបទនិក្ខេបបទដែលខ្លួនបានជ្រើសរើសនិងសរសេរបញ្ចប់ថ្នាក់បណ្ឌិត។
លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានផ្ដល់នូវអនុសាសន៍បន្ថែមថា «និក្ខេបបទថ្នាក់បណ្ឌិតដែលមានទម្ងន់ គឺជានិក្ខេបបទដែលមានមូលដ្ឋានការពាររឹងមាំ ឆ្លុះបញ្ចាំងគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ ព្រមទាំងមានប្រភពឯកសារឱ្យបានទូលំទូលាយ»។
ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្ថែមថា ក្រោយឯកឧត្ដមបណ្ឌិតសភាចារ្យឡើងកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យបានដាក់កំហិតចំពោះការឧទ្ទេសនាមសមាជិកគណៈកម្មការការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជាថា «រាល់សមាជិកគណៈកម្មការការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិត មិនត្រូវបានអនុញ្ញាតចំពោះអ្នកទាំងឡាយណាដែលជាសាច់ញាតិ ឬបងប្អូននឹងគ្នានោះឡើយ គឺដើម្បីធានាឱ្យបាននូវសុក្រឹតភាពនៃដំណើរការការពារនិក្ខេបបទនេះ»។
សម្រាប់ការរៀបចំការការពារសាកល្បងនៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា បេក្ខជនត្រូវតែយកប្រធានបទនិក្ខេបបទរបស់ខ្លួនដាក់ចេញផ្សាយនៅតាមទស្សនាវដ្ដីនានា មុននឹងរៀបចំការការពារសាកល្បង ហើយក្រោយរយៈពេល ២ ខែ ប្រសិនបើមិនមាននរណាជំទាស់នឹងប្រធានបទនិក្ខេបបទដែលបានសរសេរនោះទេ រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំពិធីការពារសាកល្បងថ្នាក់បណ្ឌិតជូនបេក្ខជនបណ្ឌិតរូបនោះ។
ជាការក្រើនរំឭក ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានផ្ដល់ជាអនុសាសន៍ ដល់អ្នកដែលមានបំណងបន្តការសិក្សាក្រោយឧត្ដមសិក្សា ត្រូវពង្រឹងនូវចំណេះដឹងរបស់ខ្លួនឱ្យបានរឹងមាំ ពិសេសចំណេះដឹងពាក់ព័ន្ធនឹងជំនាញឯកទេសជាមូលដ្ឋានដែលខ្លួននឹងជ្រើសរើសបន្តការសិក្សា ចំណេះដឹងផ្នែកទស្សនវិជ្ជា និងចំណេះដឹងអំពីវិធីសាស្ត្រស្រាវជ្រាវ។
ជាមួយគ្នានេះផងដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានលើកឡើងនូវវឌ្ឍនភាពថ្មីមួយទៀត ក្នុងការបណ្ដុះបណ្ដាលថ្នាក់ក្រោយឧត្ដមសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈសមិទ្ធផលថ្មីរបស់ស្ថាប័នស្រាវជ្រាវនិងបណ្ដុះបណ្ដាលជាន់ខ្ពស់របស់ជាតិមួយនេះ នៅក្នុងវិស័យវិទ្យាសាស្ត្រពិត គឺមន្ទីរពិសោធន៍កម្រិតស្តង់ដារមួយ ដែលជាអំណោយដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នឹងត្រូវកសាងឡើងនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជានាពេលខាងមុខ ដើម្បីបម្រើឱ្យផលប្រយោជន៍នៃការស្រាវជ្រាវ ពិសោធន៍ និងការបណ្ដុះបណ្ដាលតាមបែបវិទ្យាសាស្ត្រ ។ បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់បន្ថែមថា «នៅក្នុងវិទ្យាសាស្ត្រពិត គេគួរតែបញ្ឈប់ហើយនូវការសរសេរនិក្ខេបបទដោយធ្វើការចម្លងស្នាដៃពីបរទេស ហើយយើងត្រូវចូលរួមទាំងអស់គ្នាដើម្បីកសាងធនធានមនុស្សប្រកបដោយគុណភាព ក្នុងគោលដៅអភិវឌ្ឍប្រទេសតាមរយៈចំណេះដឹងរបស់ពលរដ្ឋនៃប្រទេសជាតិមួយនេះ»៕
RAC Media | លឹម សុវណ្ណរិទ្ធ
ស្របគ្នានឹងបរិយាកាសនៃការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្លាំងក្នុងជីវភាពរស់នៅក្នុងសង្គម សេដ្ឋកិច្ច និងនយោ បាយនាពេលបច្ចុប្បន្នខួបទិវាអន្តរជាតិនារីលើកទី១១៣ នាឆ្នាំ២០២៤នេះ ប្រារព្ធ ធ្វើឡើងនៅព្រះរាជាណាចក្រកម...
១៥កើត ខែពិសាខ គឺជាថ្ងៃបុណ្យពិសាខបូជា ប្រចាំឆ្នាំដ៏សំខាន់បំផុតសម្រាប់ពុទ្ធសាសនិកនៅទូទាំងសកលលោក ដើម្បីរំលឹកដល់ថ្ងៃប្រសូត្រ ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វាននៃព្រះពុទ្ធសមណគោតម។ ព្រះអង្គជាបុគ្គលដែលមានគុណូប...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥ កើត ខែផល្គុន ឆ្នាំថោះ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យបណ្ឌិត ម៉ក់ សិទ្ធិរិទ្ធិ អ្នកស្រាវជ្រាវ និងជាប្រធានអង្គការវើលហ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥ កើត ខែផល្គុន ឆ្នាំថោះ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសាលា ស្ដីពី «បច្ចេកវិទ្យាសមស្រប និងនវានុវត្ត...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសន្ទរកថាបិទសិក្ខាសាលា ស្ដីពី «បច្ចេកវិទ្យាសមស្រប និងនវានុវត្តន៍» ក្រោមប្រធានបទ «អនាគតប្រកបដោយចីរភាព៖ ទឹក ជីវភាពរស់នៅ និងអាកាសធាតុ» នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសន្ទរកថាបិទសិក្ខាសាលា ស្ដីពី «បច្ចេកវិទ្យាសមស្រប និងនវានុវត្តន៍» ក្រោមប្រធានបទ «អនាគតប្រកបដោយចីរភាព៖ ទឹក ជីវភាពរស់នៅ និងអាកាសធាតុ» នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥...