Royal Academy of Cambodia
ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាជាតិ ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅនាថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក សេង សុវណ្ណដារ៉ា អ្នកសិក្សាស្រាវជ្រាវអក្សរសិល្ប៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើបទបង្ហាញនូវអត្ថបទស្រាវជ្រាវរបស់លោកអំពីស្ថានភាពនៃការសាងសង់សំណង់ស្ថាបត្យកម្មនានានៅក្នុងសម័យអាណាព្យាបាលបារាំងដល់សម័យសង្គមរាស្ត្រនិយម។
នៅក្នុងសម័យអាណានិគមបារាំង ប្លង់រាជធានីភ្នំពេញ និងប្លង់ទីក្រុងតាមខេត្តនានា មានរាងជាក្រឡាចត្រង្គ ហើយសំណង់ទាំងនោះច្រើនជាអគាររដ្ឋបាលនានា ឬជាលំនៅឋានរបស់មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជាជនជាតិបារាំងដែលមានធ្វើការនៅស្រុកខ្មែរ និងច្រើនមានទម្រង់ជាអគារ ឬសំណង់យកតាមលំនាំវប្បធម៌អឺរ៉ុបនៅសម័យក្លាស៊ីក ឬណេអូក្លាស៊ីក ដូចជានៅតាមតំបន់រដ្ឋបាលផ្សេងៗជាដើម។
បើតាមលោក សេង សុវណ្ណដារ៉ា សំណង់ដែលត្រូវបានកសាងថ្មីៗនៅក្នុងសម័យអាណាព្យាបាលបារាំង គឺមានទាំងសំណង់បែបទំនើប និងសំណង់ដែលមានតាមបែបប្រពៃណីខ្មែរ។ តួយ៉ាងដូចជាសំណង់នៅក្នុងព្រះបរមរាជវាំង គឺនៅតែរក្សាតាមបែបប្រពៃណី ដោយគ្រាន់តែក្រោយមកមានសំណង់មួយចំនួនដែលមានឥទ្ធិពលស្ថាបត្យកម្មប្រទេសលោកខាងលិច ពិសេសគឺសំណង់ប្រាសាទណាប៉ូឡេអុងជាដើម ដែលជាព្រះរាជអំណោយរបស់ព្រះចៅអធិរាជបារាំងថ្វាយសម្ដេចព្រះនរោត្ដមនៅក្នុងឆ្នាំ១៩៧៦។
សំណង់ដែលគួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺ សំណង់សារមន្ទីរជាតិ ដែលបានកសាងនៅឆ្នាំ១៩១៧ តាមរចនាបថខ្មែរ។ ក្រៅពីនោះមានសំណង់អគារមួយចំនួន ដែលបានសាងសង់ទៅតាមរចនាបថសិល្បៈទំនើប ដូចជា រាជាយស្ម័យយាន ផ្សារធំថ្មី និងព្រះវិហារ សាំង ចូសែហ្វ ជាដើម។ ទោះជាយ៉ាងណា លោក សេង សុវណ្ណដារ៉ា ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា សំណង់អគារតាមបែបបារាំង គឺជាសម្បត្តិបេតិកភណ្ឌជាតិសម័យទំនើបរបស់កម្ពុជា ដែលទាមទារឱ្យមានការថែរក្សានិងអភិរក្សឱ្យបានល្អប្រសើរ។
បើតាមការលើកឡើងរបស់លោក សេង សុវណ្ណដារ៉ា ដដែល ក្រោយសម័យអាណានិគមបារាំង លោក វណ្ណ មូលីវណ្ណ បានរួមចំណែកក្នុងុការធ្វើទំនើបកម្មរាជធានីភ្នំពេញក្នុងសម័យសង្គមរាស្ត្រនិយម ដែលចលនាស្ថាបត្យកម្មរបស់លោក ត្រូវបានគេទទួលស្គាល់ថាជា «ស្ថាបត្យកម្មខ្មែរសម័យទំនើប» ដែលក្នុងនោះរួមមានសំណង់ពហុកីឡដ្ឋានអូឡាំពិក មហោស្រពចតុមុខ វិមានរដ្ឋចំការមន និងវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាដើម។
គួរបញ្ជាក់ផងដែរថា លោក សេងសុវណ្ណដារ៉ា បានអញ្ជើញជាវាគ្មិនកិត្តិយសផ្ដល់បទបង្ហាញ ស្ដីពី «រចនាបថសំណង់ស្ថាបត្យកម្មខ្មែរ ពីសម័យអាណាព្យាបាលបារាំងដល់សម័យសង្គមរាស្ត្រនិយម» នៅក្នុងសិក្ខាសាលា ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅនៅសាលប្រជុំនៃអគារឥន្ទ្រទេវីនៃរាជបណ្ឌិត្យសភាកម្ពុជា៕
RAC Media
ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាជាតិ ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅនាថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹង...
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០នាទីព្រឹកនេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិក្ខាសាលាមួយស្ដីពី «ការវិវត្តនៃរចនាបថនិង...
កាលពីរសៀល ថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំអង្គប្រជុំរួម ដើម្បីពិនិត្យបច្ចេកសព្ទបរិស្ថាននិងធនធានធម្មជាតិ ស្នើដោយក្រសួង...
នៅពីក្រោយនៃកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំ អាស៊ាន និងកូរ៉េ ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសអាស៊ាន និងសាធារណរដ្ឋកូរ៉េ បានជួបជុំគ្នាដើម្បីស្វែងរកយុទ្ធសាស្ត្រនិងបានផ្លាស់ប្តូរទស្សនកិច្ចគ្នាជុំវិញការបង្កើនក...
ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមប្រជុំចង្អៀតរវាងអ្នកស្រាវជ្រាវ និងអ្នកយុទ្ធសាស្ត្ររបស់កូរ៉េ និងអាស៊ាន បានស្នើកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀប...
លោកបណ្ឌិត ផុន កសិកា ប្រធានស្តីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម ឯកឧត្តម លោក លោកស្រីបណ្ឌិតជា អនុប្រធានវិទ្យាស្ថាន ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា លេខាអចិន្ត្រៃយ៍ ប្រធាន អនុប្រធានផ្នែក មន...