ពាក់ព័ន្ធនឹងករណីដែលទាហានបានជាន់មីនជាថ្មីទៀត នៅតំបន់ប្រាសាទតាមាន់ធំ ត្រូវបានលោកបណ្ឌិត យង់ ពៅ គូសបញ្ជាក់ថា នេះគឺជាល្បិចដដែលរបស់ថៃដែលមានចេតនាទុច្ចរឹតចំពោះកម្ពុជា ព្រោះសូម្បីតែព័ត៌មានពីខាងភាគីថៃខ្លួនឯងក៏មានការផ្សាយខុសគ្នាផងដែររវាងយោធាភូមិភាគ២ថៃនិងអ្នកនាំពាក្យក្រសួងការពារជាតិ ដែលម្ខាងអះអាងថាមីនចាស់ និងម្ខាងទៀតអះអាងថាជាមីនថ្មីទៅវិញ។ នេះជាល្បែងនយោបាយរបស់ថៃ ដែលបន្តមហិច្ឆតាឈ្លានពានអធិបតេយ្យភាពកម្ពុជា ដោយប្រើប្រាស់ព័ត៌មានបំភ្លៃ ព័ត៌មានពង្វក់ក្នុងន័យញុះញង់សាធារណៈមតិជាតិនិងអន្តរជាតិ។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានថ្លែងកត់សម្គាល់ថា កម្ពុជាត្រូវតែស្វែងយល់ពីបញ្ហានេះ ដោយចៀសវាងកុំឱ្យធ្លាក់ចូលអន្ទាក់របស់ថៃ ដែលអាចឱ្យភាគីថៃសម្រេចតាមផែនការឈ្លានពានមកលើកម្ពុជាជាថ្មីម្ដងទៀត។

          លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកឡើងបន្ថែមទៀតថា ករណីទាហានថៃជាន់មីននៅតំបន់ព្រំដែននេះ ប្រសិនបើភាគីថៃចូលមកជាន់មីននៅក្នុងដែនអធិបតេយ្យភាពកម្ពុជា នោះគឺជាមីនដែលបន្សល់ពីសម័យសង្គ្រាមស៊ីវិលកម្ពុជាដែលពិភពលោកបានដឹងឭគ្រប់​ៗ​គ្នា ខណៈដែលមីននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ កម្ពុជាពុំទាន់មានលទ្ធ​ភាពដោះចេញនោះទេ ព្រោះអង្គភាពកម្ចាត់មីនកម្ពុជា ត្រូវផ្ដោតអាទិភាពទៅលើការរំដោះ​ដីចម្ការមីន ដែលចាំបាច់នៅតាមតំបន់នានា ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្លួនយកដីអាស្រ័យផលប្រើប្រាស់បម្រើវិស័យកសិកម្មជាមុនសិន។ សម្រាប់មីនដែលបន្សល់ពីសម័យសង្គ្រាមនៅតាមបណ្ដោយព្រំដែន គឺជាអទិភាពបន្តបន្ទាប់សម្រាប់កម្ពុជា ខណៈការចល័តកងទ័ពរំលោភចូលដែនអធិបតេយ្យភាពកម្ពុជា គឺជាសកម្មភាពគឃ្លើនរបស់ថៃចំពោះកិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិដែលខ្លួនមានកាតព្វកិច្ចត្រូវគោរពជាដាច់ខាតនោះ។ បន្ថែមពីនេះ កងទ័ពថៃដែលបន្តរាយបន្លាលួស និងធ្វើសកម្មភាពផ្សេងៗទៀតដូចជា ការបាញ់ជំពាម​កៅស៊ី គ្រាប់ឃ្លី និងឥរិយាបថឈ្លានពានដទៃទៀត បង្ហាញថាថៃបានបន្តការប្រមាថមកលើ​ដែនអធិបតេយ្យភាពរបស់កម្ពុជាម្ដងជាពីរដង ដោយមិនទទួលស្គាល់នូវច្បាប់អន្តរជាតិ មិនទទួលស្គាល់នូវដែនយុត្ថាធិការនៃអំណាចក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ រួមទាំងបទឈប់បាញ់ផ្ដួចផ្ដើមដោយសហរដ្ឋអាម៉េរិក និងដែលមេដឹកនាំថៃខ្លួនឯងបានចុះហត្ថលេខាយល់ព្រមនៅចំពោះមុខម៉ាឡេស៊ីជាប្រធានអាស៊ាន និងតំណាងរបស់សហរដ្ឋអាម៉េរិក និងតំណាងសាធារណរដ្ឋប្រជាមានិតចិនថែមទៅទៀត។

          លោកបណ្ឌិត យង់ ពៅ បានអំពាវនាវយ៉ាងទទូចដល់សហគមន៍អន្តរជាតិ និងបណ្ដាប្រទេសមហាអំណាច ឱ្យពិនិត្យមើលទៅលើឥរិយាបថរបស់ភាគីថៃ ដែលគេមិនគួរបណ្ដែតបណ្ដោយឱ្យប្រទេសនេះ បន្តបំពានលើច្បាប់អន្តរជាតិ បំពានលើធម្មនុញ្ញសហប្រជាជាតិ ក៏ដូចជាធម្មនុញ្ញអាស៊ានដោយគឃ្លើនដូចនេះទេ ព្រោះការណ៍នេះនឹងធ្វើឱ្យបាត់បង់នូវសណ្ដាប់ធ្នាប់តំបន់ និងពិភពលោក។ បន្ថែមពីនេះ សមាគមអាស៊ានក៏ត្រូវប្រឈមនឹងការអាម៉ាស់មុខនៅក្នុងឆាកអន្តរជាតិ និងជាមួយដៃគូផ្សេងៗទៀតផងដែរ ខណៈដែលប្រទេសថៃជាសមាជិកស្ថាបនិក បែរជាមានឥរិយាបថច្រឡោមខាមនឹងច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខារួចរាល់ដូចនេះ។

          ឆ្លើយតបទៅនឹងឥរិយាបថគឃ្លើនរបស់ថៃ រាជរដ្ឋាភិបាលកម្ពុជាគួរតែបកអាក្រាតនិងបង្ហាញទៅពិភពលោកឱ្យលឿនរហ័ស តាមរយៈសកម្មភាពការទូតកាន់តែសកម្ម និងការធ្វើរបាយការណ៍ដាក់ជូនអង្គការសហប្រជាជាតិ លេខាធិការដ្ឋានអាស៊ាន និងផ្ញើរបាយការណ៍ទៅកាន់ប្រទេសដែលពាក់ព័ន្ធផ្ទាល់ ដូចជាសហរដ្ឋអាម៉េរិកដែលជាអ្នកផ្ដួចផ្ដើមបទឈប់បាញ់ ម៉ាឡេស៊ីជាប្រធានអាស៊ាននិងជាអ្នកសម្របសម្រួល ក៏ដូចជាសាធាណរដ្ឋប្រជាមានិតចិនដែលជាសាក្សី។ ជាមួយគ្នានេះ កម្ពុជាក៏គួរតែផ្សព្វផ្សាយព័ត៌មានស្ដីអំពីស្ថានការណ៍​វិវត្តពិតប្រាកដនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ឱ្យបានកាន់តែទូលំទូលាយនិងលឿនរហ័ស ទៅកាន់សាធារណៈមតិអន្តរជាតិ តាមរយៈបណ្ដាសារព័ត៌មានផ្លូវការ និងសារព័ត៌​មានល្បីៗ និងឈានមុខជាច្រើនទៀត។

          បើតាមលោកបណ្ឌិត យង់ ពៅ កិច្ចការចាំបាច់មួយទៀតនោះគឺ កម្ពុជាត្រូវតែពង្រឹងសមត្ថភាពឆ្លើយតបបន្ទាន់មួយចំនួន ដែលរាប់ចាប់តាំងពីការត្រៀមខ្លួនឆ្លើយតបខាងយោធាឱ្យបានរួចជាស្រេចនៅត្រង់ទីតាំងប្រឈមខ្លាំង ពង្រឹងលក្ខណៈសម្បត្តិនៃទប់ទល់នឹង​ការឈ្លានពានគិតទុកជាមុនទាំងឡាយរបស់ភាគីថៃ ដែលមិនធ្លាប់បោះបង់ចោលមហិច្ឆតា​ឈ្លានពានមកលើកម្ពុជាម្ដងណាឡើយ។ លោកបណ្ឌិតបន្ថែមទៀតថា បទពិសោធសង្គ្រាម​ក្នុងរយៈពេល៥ថ្ងៃកន្លងទៅនេះ កម្ពុជាត្រូវតែឆ្លុះបញ្ចាំងពីភាពខ្លាំង និងភាពខ្សោយរបស់ខ្លួន រួចបំពេញចំណុចខ្វះខាត និងពង្រឹងបន្ថែមនូវចំណុចខ្លាំងដែលខ្លួនមាន។ កម្ពុជាមិនត្រូវ​មានទំនុកចិត្តថា ថៃនឹងគោរពច្បាប់អន្តរជាតិនិងសហគមន៍អន្តរជាតិនោះឡើយ ព្រោះកន្លង​ទៅ ថៃតែងតែនិងនៅតែបន្តប្រកាន់ឥរិយាបថអសីលធម៌ចំពោះច្បាប់អន្តរជាតិ និងទាត់ចោលនូវកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាជាបន្តបន្ទាប់រៀងមក។ ហេតុនេះហើយ កងកម្លាំងកម្ពុជាត្រូវតែកំណត់ជំហរចំពោះសេនារីយ៉ូដែលថា ភាគីថៃនឹងចាប់ផ្ដើមវាយប្រហារឈ្លានពានមកលើដែនអធិបតេយ្យភាពនិងទីតាំងឈរជើងរបស់កងកម្លាំងកម្ពុជា៕

RAC Media | លឹម សុវណ្ណរិទ្ធ