Royal Academy of Cambodia
មកដល់ថ្ងៃនេះ ស្ថានភាពវិវាទព្រំដែនកម្ពុជា-ថៃ កាន់តែមានភាពតានតឹងខ្លាំងឡើងៗ ពោលគឺ ភាគីថៃបានឈានដល់ការប្រកាសបិទព្រំដែនទាំងស្រុងជាមួយប្រទេសកម្ពុជា។ ភាពតានតឹងនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយវាយតម្លៃថា ពិតជាពិបាកនៅក្នុងការបន្ធូរបន្ថយស្ថានការណ៍ណាស់ ប្រសិនបើស្ថានភាពនយោបាយផ្ទៃក្នុងថៃនៅតែបន្តកើនកំដៅ។ លោកបណ្ឌិត បានគូសបញ្ជាក់ថា ស្ថានភាពតានតឹងនៅតាមបណ្ដោយព្រំដែន រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ កើតចេញពីការណ៍ដែលរដ្ឋាភិបាលថៃ មិនមែនជារដ្ឋាភិបាលឯកភាពជាធ្លុងមួយ ពិសេសភាពទន់ខ្សោយនៃក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលថៃ ពោលគឺស្ថានភាពនយោបាយផ្ទៃក្នុងរបស់ថៃ មានភាពច្របូកច្របល់ ដោយសារតែការប្រជែងអំណាចគ្នារវាងរដ្ឋាភិបាលស៊ីវិល យោធា និងក្រុមមានអំណាចផ្សេងទៀតដូចជាក្រុមរាជវាំងជាដើម។
លោកបណ្ឌិត យង់ ពៅ បានកត់សម្គាល់ទៀតថា ការមិនឯកភាពគ្នារវាងរដ្ឋាភិបាល អ្នកនយោបាយ និងក្រុមឧត្ដមសេនីយ៍យោធាថៃ បានស្ដែងឱ្យឃើញតាមរយៈការប្រកាសមិនស៊ីសង្វាក់គ្នារវាងរដ្ឋាភិបាលនិងក្រុមមេទ័ពថៃ ទៅលើការបិទនិងបើកច្រកព្រំដែនទ្វេភាគី ក៏ដូចជាការសម្រេចចិត្តនៅក្នុងទំនាក់ទំនងរវាងថៃនិងកម្ពុជាផងដែរ។ ភាពទន់ខ្សោយនៃអំណាចរបស់រដ្ឋាភិបាលថៃ នៅចំពោះមុខក្រុមយោធា មិនត្រឹមតែឆ្លុះបញ្ចាំងអំពីការបែកបាក់គ្នានៅក្នុងសង្គមថៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមូលហេតុដែលធ្វើឱ្យរដ្ឋាភិបាលថៃ ពិបាកនៅក្នុងការជជែកពិភាក្សា ចរចា និងមិនអាចសូម្បីតែអនុវត្តមុខងារទំនាក់ទំនងអន្តរជាតិរបស់ខ្លួនជាមួយនឹងប្រទេសជាដៃគូជាប្រក្រតីនោះទេ ដូចជាករណីទំនាក់ទំនងជាមួយប្រទេសកម្ពុជាជាដើម។ លោកបណ្ឌិតបានបន្ថែមទៀតថា ប្រទេសថៃដែលលង់ខ្លួននៅក្នុងវិបត្តិនយោបាយស្រាប់ (ដូចជាករណីក្ដីក្ដាំរបស់លោកថាក់ស៊ីន និងកូនស្រីជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន ការបែកបាក់នៅក្នុងរដ្ឋាភិបាលចម្រុះ) ក្រៅតែពីបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសថៃកំពុងជួបប្រទះនឹងវិបត្តិធ្ងន់ធ្ងរស្រាប់នោះ ថៃក៏ប្រឈមនឹងការដាក់បន្ទុកពីសំណាក់អង្គការសហប្រជាជាតិ ឱ្យថៃបំភ្លឺអំពីករណីដែលប្រទេសនេះបានក្លាយជាទីតាំងដ៏ធំនៃសកម្មភាពឧក្រិដ្ឋកម្ម ការជួញដូរគ្រឿងញៀននិងឆបោកឆ្លងដែននៅក្នុងតំបន់នោះផងដែរ។ បញ្ហាប្រឈមទាំងអស់នេះ សុទ្ធសឹងជាករណីដែលកំពុងរួមរឹតនិងដាក់សម្ពាធដល់រដ្ឋាភិបាលថៃ ដូច្នេះហើយ រដ្ឋាភិបាលថៃដ៏ទន់ខ្សោយនេះ ពិតជាមិនមានជម្រើសអ្វីក្រៅតែពីការបង្វែរបញ្ហាផ្ទៃក្នុងរបស់ខ្លួន មកកាន់តំបន់ព្រំដែនជាមួយប្រទេសជិតខាង ដើម្បីបិទបាំងភាពអាម៉ាសរបស់ខ្លួនឡើយ។ ការបង្វែរស្ថានការណ៍ផ្ទៃក្នុងនោះ បានក្លាយទៅជាមូលហេតុដែលអូសបន្លាយនូវវិបត្តិព្រំដែនកម្ពុជា-ថៃ ដែលប្រទេសកម្ពុជា មិនអាចទទួលយក ឬទ្រាំទ្រនឹងការប្រមាថមាក់ងាយពីសំណាក់ភាគីថៃ ដែលចង់បង្វែរវិបត្តិរបស់ខ្លួន ហើយដាក់បន្ទុកមកលើកម្ពុជាជាប្រទេសជិតខាងបានជាដាច់ខាត។ ត្រង់ចំណុចនេះ លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា ទំនាក់ទំនងកម្ពុជា-ថៃ នៅតែស្ថិតក្នុងភាពតានតឹងជាលំដាប់បន្តទៅទៀត ប្រសិនបើស្ថានការណ៍នយោបាយផ្ទៃក្នុងថៃ មិនទាន់បានធូរស្រាលនោះទេ។
បន្ថែមពីលើនេះ ភាពតានតឹងរវាងកម្ពុជានិងថៃ កើតឡើងដោយសារតែការបង្កហេតុពីភាគីមជ្ឈដ្ឋានអ្នកនយោបាយនិងយោធាថៃសុទ្ធសាធ ពោលគឺ ហេតុការណ៍ដែលកើតឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ ដែលទាហានឈ្លានពានរបស់ថៃ បានចូលមកបាញ់ប្រហារមកលើកងទ័ពកម្ពុជានៅក្នុងតំបន់មុំបី ដែលបណ្ដាលឱ្យយោធិនកម្ពុជាមួយរូបស្លាប់បាត់បង់ជីវិត។ លើសពីនេះ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ថៃបានបិទច្រកព្រំដែនជាមួយកម្ពុជា ដោយឯកតោភាគី លុះមកដល់ថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០២៥ ច្រកព្រំដែនទាំងអស់រវាងប្រទេសកម្ពុជានិងថៃ ត្រូវបានប្រកាសបិទទាំងស្រុងដោយក្រុមយោធាថៃ។ ស្ថានការណ៍នេះ បានបង្ខំឱ្យកម្ពុជាចាត់វិធានការឆ្លើយតបដូចគ្នាវិញ ព្រោះកម្ពុជាបន្តនៅស្ងៀម និងរក្សាភាពស្ងៀមស្ងាត់នៅចំពោះមុខទង្វើយ៉ាងគឃ្លើនរបស់ភាគីថៃបានឡើយ។ លោកបណ្ឌិត យង់ ពៅ បានអះអាងថា ចេតនារបស់ភាគីថៃនៅក្នុងពេលថ្មីៗកន្លងទៅនេះដូចជាការលើកឡើងអំពីការបិទព្រំដែន ការគម្រាមផ្ដាច់អគ្គិសនី អ៊ីនធឺណិត ការលើកឡើងពីលទ្ធភាពផ្ដាច់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងការបិទមិនឱ្យពលករនិងអាជីវករខ្មែរទៅធ្វើការនិងលក់ដូរនៅក្នុងប្រទេសថៃជាដើម សុទ្ធសឹងតែធ្វើឡើងក្នុងគោលបំណងធ្វើវិទ្ធង្សនាសេដ្ឋកិច្ចកម្ពុជា ឱ្យសេដ្ឋកិច្ចកម្ពុជារងផលប៉ះពាល់ ដើម្បីដាក់សម្ពាធឱ្យមេដឹកនាំកម្ពុជាបន្ទន់ឥរិយាបថជាមួយខ្លួននិងដើរតាមសេនារីយ៉ូរបស់ខ្លួន ពោលគឺមិនចង់ឱ្យកម្ពុជាលើកសំណុំរឿងព្រំដែនកម្ពុជា-ថៃ (ករណីតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី) ទៅកាន់តុលាការអន្តរជាតិដែលខ្លួនគ្មានសង្ឃឹមយកឈ្នះកម្ពុជានោះឡើយ។ ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា ចេតនារបស់ភាគីថៃនេះ ត្រូវបានថ្នាក់ដឹកនាំកម្ពុជាទាត់ចោល និងចាត់ទុកថាជារឿងមិនអាចទទួលយកបានឡើយ ព្រោះចាប់តាំងពីមានអនុស្សរណៈយោគយល់គ្នារវាងកម្ពុជានិងថៃ ឆ្នាំ២០០០មក ភាគីថៃតែងតែបានបំពានមកលើកិច្ចព្រមព្រៀងជាទ្វេភាគីនេះជាដរាបមក ព្រមទាំងបានបំពានលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ជាដើម ដែលជាលិខិតបទដ្ឋានគតិយុត្តិដែលបានកំណត់ព្រំដែនរវាងរដ្ឋទាំងពីរថែមទៀតផង។
លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមទៀតផងដែរថា ដើម្បីកាត់បន្ថយភាពតានតឹងនិងការប្រឈមរវាងប្រទេសទាំងពីរបាន រដ្ឋាភិបាលថៃគប្បីជាអ្នកចាប់ផ្ដើមរកច្រកចេញ ដូចដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា ថៃដែលជាអ្នកបិទព្រំដែនឯកតោភាគី ត្រូវតែជាអ្នកបើកព្រំដែនជាឯកតោភាគីមុន ដែលកម្ពុជានឹងធ្វើការសម្រេចចិត្តបើកនៅពេលក្រោយ។ ជាមួយគ្នានេះ លោកបណ្ឌិតបានកត់សម្គាល់ថា ថៃនៅមិនទាន់ឆ្លើយតបនឹងការតវ៉ាការទូតរប់សកម្ពុជា ទៅលើករណីដែលកងទ័ពឈ្លានពានរបស់ថៃ បានចូលបាញ់ប្រហារទាំងកម្រោលមកលើមូលដ្ឋានយោធាកម្ពុជា ដែលបណ្ដាលកងទ័ពកម្ពុជាម្នាក់បាត់បង់ជីវិតនៅឡើយទេ។ ត្រង់ចំណុចនេះ លោកបណ្ឌិត បានលើកឡើងថា ថៃនៅតែបង្ហាញឥរិយាបថគឃ្លើន និងមិនឆ្លើយតបនឹងការតវ៉ាការទូតរបស់កម្ពុជានោះឡើយ ហើយមិនតែប៉ុណ្ណោះ ថែមទាំងបានបង្កើនភានតឹងជាបន្តបន្ទាប់ឥតឈប់ឈរថែមទៀតផង ដែលផលប៉ះពាល់បណ្ដាលមកពីភាពតានតឹងនិងការប្រឈមតាមព្រំដែននេះ គឺភាគីថៃជាអ្នកខាតបង់ដ៏ច្រើនលើសលប់ បើធៀបនឹងផលប៉ះពាល់របស់កម្ពុជា។ លោកបណ្ឌិតបានសង្កត់ធ្ងន់ជាថ្មីទៀតថា ដើម្បីបន្ថូរបន្ថយភាពតានតឹងនិងការប្រឈម គឺមានតែថៃដែលជាភាគីបង្កទេ ជាអ្នកថយជំហរ និងបន្ទន់ឥរិយាបថរបស់ខ្លួនឡើងវិញ ព្រោះកម្ពុជាមិនអាចថមថយជំហរនោះទេ ដោយរាជរដ្ឋាភិបាលកម្ពុជាមានកាតព្វកិច្ចក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារកិត្តិយស សេចក្ដីថ្លៃថ្នូររបស់ខ្លួន ក្នុងនាមជារដ្ឋឯករាជ្យនិងអធិបតេយ្យភាពមួយ៕
RAC Media | លឹម សុវណ្ណរិទ្ធ
រូបថតបណ្ឌិត យង់ ពៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៨ នៅផ្សារជើងប្រាសាទព្រះវិហារ ដែលក្រោយមកត្រូវទាហាថៃបាញ់ដុតកម្ទេច ហេតុការណ៍ឈ្លានពាន និងបាញ់ប្រហារពីសំណាក់កងទ័ពថៃមកលើកងទ័ពកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្...
នៅព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពកម្ពុជា-ថៃ បានប៉ះទង្គិចអាវុធគ្នានៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកល...
ពាក់ព័ន្ធនឹងករណីចោរកម្មដែលមួយរយៈពេលចុងក្រោយនេះ ហាក់មានការកក្រើកខ្លាំង ដែលមហាជនបានដាក់ជាចម្ងល់ ក៏ដូចជាមានការចោទសួរពីសំណាក់អ្នកសារព័ត៌មាន លោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមនិងនយោបាយ បានគូសបញ្ជាក់ថា ចំពោះក...
In response to a journalist's question about Samdech BovorThibadei Prime Minister's announcement regarding the preservation of the Pochentong International Airport as state...
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីការប្រកាសរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីអំពីការរក្សាទុកអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ជាទ្រព្យសម្បត្តិរដ្ឋ និងជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ លោកបណ្ឌិង យង់ ពៅ...