ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ បញ្ហាវិវាទព្រំដែនកម្ពុជា-ថៃ កាន់តែឡើងក្ដៅ ក៏ព្រោះតែរដ្ឋាភិបាលថៃទន់ខ្សោយ ទើបត្រូវបង្វែរបញ្ហាមកកាន់ព្រំដែនជាមួយកម្ពុជា

2025-06-25 10:25:34 ថ្ងៃពុធ, 25 មិថុនា 2025 ម៉ោង 05:25 PM
អ្នកមើល 2162
post_detail1

មកដល់ថ្ងៃនេះ ស្ថានភាពវិវាទព្រំដែនកម្ពុជា-ថៃ កាន់តែមានភាពតានតឹងខ្លាំងឡើងៗ​ ពោលគឺ ភាគីថៃបានឈានដល់ការប្រកាសបិទព្រំដែនទាំងស្រុងជាមួយប្រទេសកម្ពុជា។ ភាព​តានតឹងនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយវាយ​តម្លៃថា ពិតជាពិបាកនៅក្នុងការបន្ធូរបន្ថយស្ថានការណ៍ណាស់ ប្រសិនបើស្ថានភាពនយោបាយផ្ទៃក្នុងថៃនៅតែបន្តកើនកំដៅ។ លោកបណ្ឌិត បានគូសបញ្ជាក់ថា ស្ថានភាពតានតឹងនៅតាមបណ្ដោយព្រំដែន រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ កើតចេញពីការណ៍ដែលរដ្ឋាភិបាលថៃ មិនមែនជារដ្ឋាភិបាលឯកភាពជាធ្លុងមួយ ពិសេសភាពទន់ខ្សោយនៃក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលថៃ ពោលគឺស្ថានភាពនយោបាយផ្ទៃក្នុងរបស់ថៃ មានភាពច្របូកច្របល់ ដោយសារតែការប្រជែងអំណាចគ្នារវាងរដ្ឋាភិបាលស៊ីវិល យោធា និងក្រុមមានអំណាចផ្សេងទៀតដូចជាក្រុមរាជវាំងជាដើម។

លោកបណ្ឌិត យង់ ពៅ បានកត់សម្គាល់ទៀតថា ការមិនឯកភាពគ្នារវាងរដ្ឋាភិបាល អ្នកនយោបាយ និងក្រុមឧត្ដមសេនីយ៍យោធាថៃ បានស្ដែងឱ្យឃើញតាមរយៈការប្រកាស​មិនស៊ីសង្វាក់គ្នារវាងរដ្ឋាភិបាលនិងក្រុមមេទ័ពថៃ ទៅលើការបិទនិងបើកច្រកព្រំដែនទ្វេភាគី ក៏ដូចជា​ការសម្រេចចិត្តនៅក្នុងទំនាក់ទំនងរវាងថៃនិងកម្ពុជាផងដែរ។ ភាពទន់ខ្សោយនៃអំណាចរបស់រដ្ឋាភិបាលថៃ នៅចំពោះមុខក្រុមយោធា មិនត្រឹមតែឆ្លុះបញ្ចាំងអំពីការបែកបាក់គ្នានៅក្នុងសង្គមថៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមូលហេតុដែលធ្វើឱ្យរដ្ឋាភិបាលថៃ ពិបាកនៅក្នុងការជជែកពិភាក្សា ចរចា និងមិនអាចសូម្បីតែអនុវត្តមុខងារទំនាក់ទំនងអន្តរជាតិរបស់ខ្លួនជាមួយនឹងប្រទេសជាដៃគូជាប្រក្រតីនោះទេ ដូចជាករណីទំនាក់ទំនងជាមួយប្រទេសកម្ពុជាជាដើម​។ លោកបណ្ឌិតបានបន្ថែមទៀតថា ប្រទេសថៃដែលលង់ខ្លួននៅក្នុងវិបត្តិនយោបាយស្រាប់ (ដូចជាករណីក្ដីក្ដាំរបស់លោកថាក់ស៊ីន និងកូនស្រីជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន ការបែកបាក់នៅក្នុងរដ្ឋាភិបាលចម្រុះ) ក្រៅតែពីបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសថៃកំពុងជួបប្រទះនឹងវិបត្តិធ្ងន់ធ្ងរស្រាប់នោះ ថៃក៏ប្រឈមនឹងការដាក់បន្ទុកពីសំណាក់អង្គការសហប្រជាជាតិ ឱ្យថៃបំភ្លឺអំពីករណីដែលប្រទេសនេះបានក្លាយជាទីតាំងដ៏ធំនៃសកម្មភាពឧក្រិដ្ឋកម្ម ការជួញដូរគ្រឿងញៀននិងឆបោកឆ្លងដែននៅក្នុងតំបន់នោះផងដែរ។ បញ្ហាប្រឈមទាំងអស់នេះ សុទ្ធសឹង​ជាករណីដែលកំពុងរួមរឹតនិងដាក់សម្ពាធដល់រដ្ឋាភិបាលថៃ ដូច្នេះហើយ រដ្ឋាភិបាលថៃដ៏ទន់ខ្សោយនេះ ពិតជាមិនមានជម្រើសអ្វីក្រៅតែពីការបង្វែរ​បញ្ហាផ្ទៃក្នុងរបស់ខ្លួន មកកាន់តំបន់ព្រំដែនជាមួយប្រទេសជិតខាង ដើម្បីបិទបាំងភាពអាម៉ាសរបស់ខ្លួនឡើយ។ ការបង្វែរស្ថានការណ៍ផ្ទៃក្នុងនោះ បានក្លាយទៅជាមូលហេតុដែលអូសបន្លាយនូវវិបត្តិព្រំដែនកម្ពុជា-ថៃ ដែលប្រទេសកម្ពុជា មិនអាចទទួលយក ឬទ្រាំទ្រនឹងការប្រមាថមាក់ងាយពីសំណាក់ភាគីថៃ ដែលចង់បង្វែរវិបត្តិរបស់ខ្លួន ហើយដាក់បន្ទុកមក​លើកម្ពុជាជាប្រទេសជិតខាងបានជាដាច់ខាត។ ត្រង់ចំណុចនេះ លោកបណ្ឌិត យង់ ពៅ បាន​ថ្លែងសង្កត់ធ្ងន់ថា ទំនាក់ទំនងកម្ពុជា-ថៃ នៅតែស្ថិតក្នុងភាពតានតឹងជាលំដាប់បន្តទៅទៀត ប្រសិនបើស្ថានការណ៍នយោបាយផ្ទៃក្នុងថៃ មិនទាន់បានធូរស្រាលនោះទេ។

បន្ថែមពីលើនេះ ភាពតានតឹងរវាងកម្ពុជានិងថៃ កើតឡើងដោយសារតែការបង្កហេតុពីភាគីមជ្ឈដ្ឋានអ្នកនយោបាយនិងយោធាថៃសុទ្ធសាធ ពោលគឺ ហេតុការណ៍ដែលកើតឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ ដែលទាហានឈ្លានពានរបស់ថៃ បានចូលមកបាញ់ប្រហារមកលើកងទ័ពកម្ពុជានៅក្នុងតំបន់មុំបី ដែលបណ្ដាលឱ្យយោធិនកម្ពុជា​មួយរូបស្លាប់បាត់បង់ជីវិត។ លើសពីនេះ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ថៃបានបិទច្រកព្រំដែនជាមួយកម្ពុជា ដោយឯកតោភាគី លុះមកដល់ថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០២៥ ច្រកព្រំដែនទាំងអស់រវាងប្រទេសកម្ពុជានិងថៃ ត្រូវបានប្រកាសបិទទាំងស្រុងដោយក្រុមយោធាថៃ។ ស្ថានការណ៍នេះ បានបង្ខំឱ្យកម្ពុជាចាត់វិធានការឆ្លើយតបដូចគ្នាវិញ ព្រោះកម្ពុជាបន្តនៅស្ងៀម និងរក្សាភាពស្ងៀមស្ងាត់នៅចំពោះមុខទង្វើយ៉ាងគឃ្លើនរបស់ភាគីថៃបានឡើយ។ លោកបណ្ឌិត យង់ ពៅ បានអះអាងថា ចេតនារបស់ភាគីថៃនៅក្នុងពេលថ្មីៗកន្លងទៅនេះដូចជាការលើកឡើងអំពីការបិទព្រំដែន ការគម្រាមផ្ដាច់អគ្គិសនី អ៊ីនធឺណិត ការលើកឡើងពីលទ្ធភាពផ្ដាច់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងការបិទមិនឱ្យពលករនិងអាជីវករខ្មែរទៅធ្វើការនិងលក់ដូរនៅក្នុងប្រទេសថៃជាដើម សុទ្ធសឹងតែធ្វើឡើងក្នុងគោលបំណងធ្វើវិទ្ធង្សនាសេដ្ឋកិច្ចកម្ពុជា ឱ្យសេដ្ឋកិច្ចកម្ពុជារងផលប៉ះពាល់ ដើម្បីដាក់សម្ពាធឱ្យមេដឹកនាំកម្ពុជាបន្ទន់ឥរិយាបថជាមួយខ្លួននិងដើរតាមសេនារីយ៉ូរបស់ខ្លួន ពោលគឺមិនចង់ឱ្យកម្ពុជាលើកសំណុំរឿងព្រំដែនកម្ពុជា-ថៃ (ករណីតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី) ទៅកាន់តុលាការអន្តរជាតិដែលខ្លួនគ្មានសង្ឃឹមយកឈ្នះកម្ពុជានោះឡើយ។ ទោះ​ជា​យ៉ាងណា លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា ចេតនារបស់ភាគីថៃនេះ ត្រូវបានថ្នាក់ដឹកនាំកម្ពុជាទាត់ចោល និងចាត់ទុកថាជារឿងមិនអាចទទួលយកបានឡើយ ព្រោះចាប់តាំងពីមានអនុស្សរណៈយោគយល់គ្នារវាងកម្ពុជានិងថៃ ឆ្នាំ២០០០មក ភាគីថៃតែងតែបានបំពានមកលើកិច្ចព្រមព្រៀងជាទ្វេភាគីនេះជាដរាបមក ព្រមទាំងបានបំពានលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ជាដើម ដែលជាលិខិតបទដ្ឋានគតិយុត្តិដែលបានកំណត់ព្រំដែនរវាងរដ្ឋទាំងពីរ​ថែមទៀតផង។

លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមទៀតផងដែរថា ដើម្បីកាត់បន្ថយភាពតានតឹងនិងការប្រឈមរវាងប្រទេសទាំងពីរបាន រដ្ឋាភិបាលថៃគប្បីជាអ្នកចាប់ផ្ដើមរកច្រកចេញ ដូច​ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា ថៃដែលជាអ្នកបិទព្រំដែនឯកតោភាគី ត្រូវតែជាអ្នកបើកព្រំដែនជាឯកតោភាគីមុន ដែលកម្ពុជានឹងធ្វើការសម្រេចចិត្តបើកនៅពេលក្រោយ។ ជាមួយគ្នានេះ លោកបណ្ឌិតបានកត់សម្គាល់ថា ថៃនៅមិនទាន់ឆ្លើយតបនឹងការតវ៉ាការទូតរប់សកម្ពុជា ទៅលើករណីដែលកងទ័ពឈ្លានពានរបស់ថៃ បានចូលបាញ់ប្រហារទាំងកម្រោលមកលើមូលដ្ឋានយោធាកម្ពុជា ដែលបណ្ដាលកងទ័ពកម្ពុជាម្នាក់បាត់បង់ជីវិតនៅឡើយទេ។ ត្រង់ចំណុច​នេះ លោកបណ្ឌិត បានលើកឡើងថា ថៃនៅតែបង្ហាញឥរិយាបថគឃ្លើន និងមិនឆ្លើយតបនឹងការតវ៉ាការទូតរបស់កម្ពុជានោះឡើយ ហើយមិនតែប៉ុណ្ណោះ ថែមទាំងបានបង្កើនភានតឹងជាបន្តបន្ទាប់ឥតឈប់ឈរថែមទៀតផង ដែលផលប៉ះពាល់​បណ្ដាលមកពីភាពតានតឹងនិងការប្រឈមតាមព្រំដែននេះ គឺភាគីថៃជាអ្នកខាតបង់ដ៏ច្រើនលើសលប់ បើធៀបនឹងផលប៉ះពាល់របស់កម្ពុជា។ លោកបណ្ឌិតបានសង្កត់ធ្ងន់ជាថ្មីទៀតថា ដើម្បីបន្ថូរបន្ថយភាពតានតឹងនិងការប្រឈម គឺមានតែថៃដែលជាភាគីបង្កទេ ជាអ្នកថយជំហរ និងបន្ទន់ឥរិយាបថរបស់ខ្លួនឡើងវិញ ព្រោះកម្ពុជាមិនអាចថមថយជំហរនោះទេ ដោយរាជរដ្ឋាភិបាលកម្ពុជាមានកាតព្វកិច្ចក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារកិត្តិយស សេចក្ដីថ្លៃថ្នូររបស់ខ្លួន ក្នុងនាមជារដ្ឋឯករាជ្យនិងអធិបតេយ្យភាពមួយ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 10:05 PM
ឆ្នាំ២០២២ ទំនងជាវិញ្ញាសាដ៏ស្មុគស្មាញសម្រាប់កម្ពុជា ដោយ៖ បណ្ឌិត ខែក វីរៈ

         ...

2021-05-13 08:04:38   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 03:04 PM
កម្ពុជានិងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២៖ ឱកាសនិងការត្រៀមលក្ខណៈ​ ក្នុងដំណើរការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន* ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

RAC Media 

2021-05-13 05:07:47   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 12:07 PM
សង្ខេបនយោបាយការបរទេសចិនជាមួយសិង្ហបុរី ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-12 04:29:10   ថ្ងៃពុធ, 12 ឧសភា 2021 ម៉ោង 11:29 AM
How does China Involve in Myanmar’s Affairs?

By Seun Sam After the coup d'état committed by Myanmar’s military on February 1, 2021, countries all over the world were paying close attention to the situation in that country. The reactions of the...

2021-04-30 10:44:07   ថ្ងៃសុក្រ, 30 មេសា 2021 ម៉ោង 05:44 PM
«កម្ពុជា រយៈពេល ២២ឆ្នាំក្នុងអាស៊ាន»

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៣៦ តាមរយៈប្រព័ន្ធវីដេអូ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០(អត្ថបទដ...

2021-04-30 09:59:56   ថ្ងៃសុក្រ, 30 មេសា 2021 ម៉ោង 04:59 PM

សេចក្តីប្រកាស