Royal Academy of Cambodia
ឆ្នាំ២០២៥ទោះបច្ចេកវិទ្យាទំនើបនិងមានភាពរីកចម្រើនខ្លាំងក៏ប៉ុន្តែស្ថានភាពនយោបាយអន្តរជាតិនិងភូមិសាស្ត្រនយោបាយវិញហាក់ដើរថយក្រោយវិលទៅរកកាលពីដើមសវត្សរ៍ទី២០ដែលកាលនោះពិភពលោកទាំងមូលបានស្គាល់នូវអ្វីដែលគេហៅថាសង្គ្រាមលោកលើកទី១ដែលបានកើតឡើងពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨[1]។ កាលនោះដើមឡើយជាជម្លោះតែរវាងពីរប្រទេសទេ គឺប្រទេសស៊ែប៊ីនិងប្រទេសអូទ្រីសហុងគ្រីតែវាក៏បានរីករាលដាលទៅជាសង្គ្រាមលោកក្រោយពេលបងធំនៅពីខាងក្រោយនិងសម្ព័ន្ធមិត្តនាំគ្នាលូកដៃចូលទៅក្នុងជម្លោះនោះ។
ការណ៍នេះ គឺហាក់មានភាពស្រដៀងគ្នាច្រើនលើទិដ្ឋភាពនៃវិបត្តសង្គ្រាមរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលដែលកំពុងតែបាញ់គ្នាយ៉ាងខ្លាំងក្នុងរយៈពេលជាង១សប្តាហ៍មកនេះ បើយើងគិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ គឺសង្គ្រាមបានអូសបន្លាយពេលជាង៨ថ្ងៃមកហើយ[2]។ បើទោះបីជាសង្គ្រាមត្រឹមតែ៨ថ្ងៃក៏ពិតមែន ប៉ុន្តែផលប៉ះពាល់វិញ គឺពិបាកប៉ានស្មាននិងពិបាកវាយតម្លៃខ្លាំងណាស់ ដ្បិតប្រទេសទាំងពីរនេះមានសមត្ថភាពយោធានិងយុទ្ធោបករណ៍ខ្លាំងដូចគ្នា ដូចជាប្រព័ន្ធកាពរដែនអាកាស, មីស៊ីលរយៈចម្ងាយឆ្ងាយនិងប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបនិងជឿនលឿន។
អ្វីដែលយើងមានការចាប់អារម្មណ៍ច្រើននោះ គឺថាបងធំៗក្នុងលោកនាឆ្នាំ២០២៥នេះ តួយ៉ាងមានដូចជា សហរដ្ឋអាម៉េរិក, រុស្ស៊ី, អាមល្លឺម៉ង់, ប៉ាគីស្ថាននិងបារាំង អង់គ្លេសជាដើមហាក់កំពុងប្រើសំនួនវោហារសាសន៍ដាក់គ្នាសម្បើមណាស់ទៅលើភាគីម្ខាងៗ។ ខ្លះគាំទ្រផ្នែកស្មារតី ខ្លះលើទិដ្ឋភាពការទូត ហើយមានប្រទេសខ្លះទៀតក៏ត្រៀមខ្លួនដើម្បីប្រើប្រាស់កំលាងយោធានិងបញ្ជូនសម្ភារៈសឹកទៅឱ្យភាគីម្ខាងៗថែមទៀតផង។ ដូចនេះ ដើម្បីមានមូលដ្ឋានក្នុងការវាយតម្លៃសភាពការណ៍នយោបាយអន្តរជាតិក្នុងឆ្នាំ២០២៥ ក៏ដូចជានៅមជ្ឈិមបូព៌ា យើងនឹងពិនិត្យមើលធាតុផ្សំនានាដែលជំរុញឱ្យកើតមានសង្គ្រាមលោកលើកទី១ដើម្បីយកមកធ្វើការប្រៀបធៀបជុំវិញព្រឹត្តិការណ៍ដែលកំពុងកើតមាននៅមជ្ឈិមបូព៌ាក្នុងពាក់កណ្តាលឆ្នាំ២០២៥នេះ មុននឹងទាញសេចក្តីសន្និដ្ឋានវាយតម្លៃពីសភាពការបច្ចុប្បន្នដែលមានជាអាទ៌ : មូលហេតុនៃសង្គ្រាមលោកលើកទី១, ទិដ្ឋភាពទូទៅនៃជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ឆ្នាំ២០២៥, រីឯទី៣ យើងនឹងទាញចេញសេចក្តីសន្និដ្ឋានថាតើយើងកំពុងឈានចូលដល់រយៈពេលគ្រោះថ្នាក់ស្រដៀងគ្នានឹងមាត់ជ្រោះនៃសង្គ្រាមលោកលើកទី៣ដែរឬមួយយ៉ាងណា?
បើទោះបីជាសង្គ្រាមលោកលើកទីផ្ទុះឡើងនៅឆ្នាំ១៩១៤ និងបិទបញ្ចប់នៅឆ្នាំ១៩១៨ក៏ពិតមែនប៉ុន្តែធាតុផ្សំនានានិងឫសគល់វាបានកើតឡើងតាំងពីចុងសតវត្សរ៍ទី១៩មកម៉្លេះ។ អំឡុងពេលនោះសណ្តាប់ធ្នាប់ពិភពលោកហាក់មានភាពរប៉ាក់រប៉ើកដែលពោរពេញដោយការប្រកួតរបស់ចក្រពត្តិ,ការបង្កើននិងទំនើបកម្មសព្វាវុធ, និងការបញ្ហាជាតិនិយមទាមទាឯករាជ្យ។ កាលនោះមហាអំណាចដែលមានភាពដើរលឿនជាងគេ គឺចក្រភពអង់គ្លេសនិងបារាំង ព្រោះប្រទេសទាំងពីរនេះបានដាក់អាណានិគមច្រើនកន្លែងទាំងនៅទ្វីបអាស៊ីនិងទ្វីបអាហ្វ្រិក[3]។ ក្រោយមក ក៏មានការរះឡើងនូវមហាអំណាចថ្មី មានចក្រភពអាល្លឺម៉ង់, អូទ្រីសហុងគ្រីនិងអ៊ីតាលីជាដើម។ យើងអាចនិយាយបានថា ក្រុមប្រទេសដែលជាបងធំពិភពសម័យនោះ មានមួយចំនួនដែលភាគច្រើនគឺនៅអឺរ៉ុប ដែលមានដូចជា ចក្រភពអង់គ្លេស,ប្រទេសបារាំង,ចក្រភពអូតូម៉ង់ (ប្រទេសតួគីបច្ចុប្បន្ន), ចក្រភពអូទ្រីស-ហុងគ្រី (កាលនោះអូទ្រីសហុងគ្រីគឺជាប្រទេសតែមួយទេ), និងចក្រភពរុស្ស៊ី។
បរិយាកាសនយោបាយអន្តរជាតិនៅតំបន់អឺរ៉ុបនាមុនឆ្នាំ១៩១៤ គឺមិនមានស្ថេរភាពប៉ុន្មានទេ ព្រោះថានាពេលនោះហាក់មានការវិវត្តន៍ថ្មីនិងមានភាពស្មុគ្រស្មាញច្រើន ជុំវិញតុល្យភាពអំណាច ដោយគេមើលឃើញថា តំបន់អឺរ៉ុបបានបែងចែកចេញជា២ប្លុកធំៗ២គឺ ប្លុកទី១ The Triple Entente ដែលមានចក្រភពអង់គ្លេស បារាំង និងរុស្ស៊ី ទល់នឹងប្លុកសម្ព័ន្ធភាពបី អាល្លឺម៉ង់ អូទ្រីស-ហុងគ្រី និងអ៊ីតាលី។ក្រោយមកក្នុងអំឡុងសង្រ្កាមចក្រភពអូតូម៉ង់បានចូលរួមជាមួយមហាអំណាចកណ្តាល រីឯអ៊ីតាលីនៅទីបំផុតបានប្តូរភាគីទៅចូលរួមជាមួយ Entente ក្នុងឆ្នាំ១៩១៥ [4]។ គួរកត់សម្គាល់ថា ចក្រភពរុស្ស៊ីមាននៅពេលនេះ(មិនមែនសហភាពសូវៀតដែលត្រូវបានបង្កើតឡើងបន្ទាប់ពីបដិវត្តន៍រុស្ស៊ីឆ្នាំ១៩១៧)។
ចំណុចសំខាន់មួយក្នុងចំណោមចំណុចសំខាន់ៗនៅក្នុងសង្គ្រាម គឺការប្រកួតប្រជែងលើអាណានិគមដែលជាដែនដីយុទ្ធសាស្ត្រនិងផ្លូវដឹកជញ្ជូនជាពិសេសនៅអាហ្វ្រិកខាងជើងនិងសមុទ្រក្រហម។ ជាក់ស្តែង ការប៉ុនប៉ងរបស់អាឡឺម៉ង់ដើម្បីប្រជែងនឹងការត្រួតត្រារបស់បារាំងនិងអង់គ្លេសក្នុងអំឡុងពេលវិបត្តិម៉ារ៉ុកដំបូង(១៩០៥-១៩០៦) និងវិបត្តិម៉ារ៉ុកទីពីរ(១៩១១) បានបង្កើនភាពតានតឹងខ្លាំងក្នុងរង្វង់ពួកមហាអំណាច និងជាសញ្ញាណនៃការប្រជែងនិងហាក់បានជះឥទ្វិពលពេញពិភពលោក។ ពិតណាស់ ម៉ារ៉ុកជាដែនដីយុទ្ធសាស្ត្រសំខាន់ណាស់ បើអ្នកណាកាន់កាប់ប្រទេសនេះបាន គឺអាចពិនិត្យរាល់ការចរាចរណ៍ទំនិញចេញចូលពីអាហ្វ្រិកនិងអាស៊ីចូលមកទឹកដីអឺរ៉ុប។
ទន្ទឹមនឹងនេះដែរតំបន់បាល់កង់ក៏មានបញ្ហាតានតឹងនិងស្ថានភាពក្តៅនិងអស្ថិរភាពផងដែរ។ បាល់កង់មានទីតាំងនៅភាគអាគ្នេយ៍នៃទ្វីបអឺរ៉ុប តំបន់នេះគឺជាចំណុចស្នូលនៃភាពតានតឹងដែលផ្តើមចេញពីទាមទារផ្តាច់ទឹកដី។ ម្យ៉ាងវិញទៀត ដោយសារការធ្លាក់ចុះនៃឥទ្ធិពលចក្រភពអូតូម៉ង់បានបន្សល់ទុកនូវភាពប្រភពបញ្ហាជាច្រើនដែលជំរុញឱ្យមានការប្រកួតប្រជែងច្រើនរវាងប្រទេសស៊ែប៊ី, អូទ្រីស-ហុងគ្រីនិងរដ្ឋបាល់កង់ផ្សេងទៀត។ សង្គ្រាមបាល់កង់ (១៩១២-១៩១៣) គឺជាប្រយុទ្ធដណ្តើមទឹកដីគ្នាដែលជាអតីតទឹកដីដែលនៅសេសសល់នៃចក្រភពអូតូម៉ង់។ មួយវិញទៀត កំដៅនៃតំបន់នេះ ហាក់មានការកើនឡើងបន្ថែមទៀត ព្រោះតែជាការភ័យខ្លាចរបស់ប្រទេសអូទ្រីស-ហុងគ្រីចំពោះការកើនឡើងនៃជាតិនិយមស្លាវី ជាពិសេសភាពច្របូកច្របល់របស់ស៊ែប៊ី បានក្លាយជាកត្តាលីករយ៉ាងសំខាន់នាំទៅដល់សង្គ្រាមលោកលើកទីមួយ។ នៅឆ្នាំ១៩១៤ ស្ថានការណ៍បានផ្ទុះឡើងនូវសង្គ្រាមលោកលើកទី១តែម្តង ព្រោះថាទ្វីបមួយដែលមានកំដៅច្រើនរឿងរួចស្រេចបាត់ទៅហើយ ដូចជាការមានកងទ័ពឈរជើងនិងសព្វាវុធចងដោយសម្ព័ន្ធភាពដ៏ស្រួចស្រាល និងការដណ្តើមឥទ្ធពលរបស់ចក្រភពត្តិជាដើម។ ម្យ៉ាងការធ្វើឃាត Archduke Franz Ferdinand នៅ Sarajevo ដែលជារាជទាយាទគ្រោងនឹងសោយរាជ្យនៅចក្រភពអូទ្រីស-ហុងគ្រី គឺវាគ្រាន់តែជាឈើគូសដែលធ្លាក់ចូលសាំងបង្កជាភ្លើងសង្គ្រាមប៉ុណ្ណោះ ដែលតាមពិតវាបានកើតមានឡើងជាច្រើនឆ្នាំរួចទៅហើយ។ ការធ្វើឃាតនោះ បានកើតជាសេរ៊ីនៃព្រឹត្តិការណ៍៖
- ព្រះអង្គម្ចាស់ Archduke Franz Ferdinand ត្រូវបានគេធ្វើឃាតដោយសារតែក្រុមអ្នកជាតិនិយមស៊ែប៊ីមួយក្រុមដែលមានទំនាក់ទំនងជាមួយ Black Hand ក្នុងគោលបំណងរំដោះបូស្នៀ និងហឺហ្សេហ្គោវីណាពីការគ្រប់គ្រងរបស់អូទ្រីស-ហុងគ្រី ហើយបង្រួបបង្រួមជាមួយស៊ែប៊ី។ ការធ្វើឃាតនេះមានបំណងដើម្បីបះបោរប្រឆាំងនឹងអូទ្រីស-ហុងគ្រី និងបង្កើតរដ្ឋបង្រួបបង្រួម Slavic ខាងត្បូង។
- ពេលនោះ អូទ្រីស-ហុងគ្រី ទុកពេល២៤ម៉ោងដើម្បីទាមទារឱ្យប្រទេសស៊ែប៊ី ត្រូវប្រគល់អ្នកសំលាប់ព្រះអង្គម្ចាស់ Archduke Franz Ferdinan បើមិនចឹងទេ អូទ្រីស-ហុងគ្រីនឹងវាយលើប្រទេសស៊ែប៊ី។ ពេលនោះប្រទេសស៊ែប៊ីមានចក្រភពរុស្ស៊ីជាខ្នងបង្អែក។ ដល់ពេលកំណត់ ស៊ែប៊ីមិនប្រគល់អ្នកបាញ់សម្លាប់រជ្ជទាយាទទេ ពេលនោះអូទ្រីស-ហុងគ្រីក៏បានប្រកាសសង្គ្រាមលើស៊ែប៊ី នាថ្ងៃទី២៨ ខែកក្កដា ១៩១៤[5]។
ជាការឆ្លើយតប រុស្ស៊ីប្រកាសវាយប្រហារលើអូទ្រីស-ហុងគ្រីជាការសងសឹង បន្ទាប់មកចក្រភពអាល្លឺម៉ង់ដែលជាសម្ព័ន្ធមិត្តអូទ្រីសហុង-គ្រីក៏បានប្រកាសសង្គ្រាមលើរុស្ស៊ី នាថ្ងៃទី១ ខែសីហា ១៩១៤ ហើយបារាំងប្រកាសគាំទ្ររុស្ស៊ី អាល្លឺម៉ង់ក៏បានប្រកាសសង្គ្រាមជាមួយបារាំងនៅថ្ងៃទី៣ សីហា ១៩១៤ បន្ទាប់មកចក្រភពអង់គ្លេសដែលជាសម្ព័ន្ធមិត្ត ក៏បានប្រកាសសង្គ្រាមលើអាល្លឺម៉ង់តបវិញនាថ្ងៃទី៤ ខែសីហា ១៩១៤ ពេលនោះហើយ សង្គ្រាមលោកលើកទី១ ក៏បានឆេះឡើងជាផ្លូវការ[6]។
ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេលអ៊ីស្រាអែលបានបាញ់មីស៊ីយៈចម្ងាយឆ្ងាយចូលទៅទឹកដីអ៊ីរ៉ងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ហើយជាការឆ្លើយតបមកវិញអ៊ីរ៉ង់បានបាញ់មីស៊ីលមកលើអ៊ីស្រាអែលអស់រយៈពេលជា១សប្តាហ៍មកហើយ[7]។ សង្គ្រាមរវាងប្រទេសទាំងពីរនេះ បានបណ្តាលឱ្យមានផលប៉ះពាល់និងខូចខាតយ៉ាងដំណំទាំងសងខាង ហើយមានសេចក្តីរាយការណ៍មកថា អ៊ីស្រាអែលបានសម្លាប់មេដឹកនាំសំខាន់ៗរបស់អ៊ីរ៉ង់និងអ្នកជំនាញខាងគ្រាប់បែកនុយក្លេអ៊ែរអ៊ឺរ៉ង់ជាច្រើនរូបថែមទៀត ហើយគោលដៅនៃការវាយប្រហារគឺស្ថានីយសាងសង់អាវុធនុយក្លេអែររបស់អ៊ីរ៉ង់។
កាលពីអត្ថបទកន្លងទៅដែលមានចំណងជើងថា «តើអ៊ីស្រាអែលដកពុកមាត់ឆ្មាឬពុកមាត់ខ្លា»ខ្ញុំបានលើកយកហេតុផល១៣ដែលជាមូលហេតុនៅពីខាងក្រោយខ្នងនៃការវាយប្រហារនេះ ។ តទៅនេះ ខ្ញុំសូមលើកយកចំណុចទាំងនោះមកបញ្ជាក់ឡើងវិញ។ អ៊ីស្រាអែលបាញ់មីស៊ីលមកលើទឹកដីអ៊ីរ៉ង់ជាយុទ្ធសាស្ត្រព្រួ្ញញមួយបាញ់បានសត្វ១៣ ក្នុងនោះ៖
1-សត្វទី១.ដើម្បីរារាំងអ៊ីរ៉ង់កុំឱ្យមានមត្ថភាពផលិតអាវុធនុយក្លេអ៊ែរបាន ដែលបង្កហានិភ័យទៅថ្ងៃក្រោយទាំងចំពោះអ៊ីស្រាអែល សម្ព័ន្ធមិត្តខ្លួនក៏ដូចជាតំបន់ទាំងមូល,
2-សត្វទី២.ជាយុទ្ធសាស្ត្រវាយ បកមុនសត្រូវដើម្បីកំណត់ប្រៀបឈ្នះទាំងលើសមរភូមិប្រយុទ្ធនិងការទូត,
3-សត្វទី៣.ផ្តល់ភាពកក់ក្តៅដល់សម្ព័ន្ធមិត្តរបស់ខ្លួនដែលបានប្រឆាំងនឹងសកម្មភាពអ៊ឺរ៉ង់ដូចជាអារ៉ាប៊ីសោអ៊ូឌីត,អេស៊ីបនិងអារ៉ាប់រួម,
4-សត្វទី៤.ទាញឱ្យសហរដ្ឋអាម៉េរិកបន្តដាក់សម្ពាធលើអ៊ឺរ៉ង់ដើម្បីការពារសម្ព័ន្ធមិត្តក្នុងតំបន់មជ្ឈិមបូព៌ា,
5-សត្វទី៥.រៀបចំសណ្តាប់ធ្នាប់ក្នុងតំបន់និងរារាំងសកម្មភាពរបស់ក្រុមឧទ្ទាមស្និទ្ធនឹងអ៊ីរ៉ង់កុំឱ្យពង្រីកការវាយប្រហារខ្លាំងពេក,
6-សត្វទី៦.យុទ្ធសាស្ត្របង្វែការចាប់អារម្មណ៍កុំឱ្យពិភពលោកផ្តោតលើបញ្ហាGazaនិងដាក់បន្ទុកមកលើខ្លួនខ្លាំងពេក,
7-សត្វទី៧.បង្វែពីវិបត្តផ្ទៃក្នុងខ្លួនឱ្យពលរដ្ឋខ្លួនងាកមកចាប់អារម្មណ៍ពីបញ្ហាជាតិនិយមជាជាងចុះផ្លូវតវ៉ា ក្នុងប្រទេសរបស់ខ្លួនខ្លាំងពេក,
8-សត្វទី៨.អ៊ីស្រាអែលបង្ហាញសាច់ដុំក្នុងនាមជាបងធំក្នុងតំបន់ដោយចង់ប្រាប់ក្នុងថាខ្លួនមានសមត្ថភាពខ្លាំងអាចវាយអ៊រ៉ីង់ដោយផ្ទាល់តែម្តងគឺមិនមែនត្រឹមកូនឧទ្ទាមដែលអ៊ីរ៉ង់ចិញ្ចឹមនោះឡើយ,
9-សត្វទី៩.ទាញចំណាប់អារម្មណ៍ពីបញ្ហាផ្ទៃក្នុងប្រទេសអាម៉េរិកលើទិដ្ឋភាពនេះដូចជាបង្វែរវិបត្តផ្ទៃក្នុងអាម៉េរិកមកផ្តោតលើបញ្ហាតំបន់ព្រោះអ៊ីស្រាអែលជាមិត្តដ៏សំខាន់ណាស់របស់អាម៉េរិកពិសេសក្នុងរដ្ឋបាលលោកដូណាលត្រាំនេះ,
10-សត្វទី១០.សង្កត់និងពង្រឹងឥទ្ធិពលខ្លួនក្នុងតំបន់បន្ថែមព្រោះបទពិសោធក្រោយដកទ័ពចេញពីអាហ្វកានីស្ថានមក គឺអាម៉េរិកនឹងមិនចូលលូកដៃដោយផ្ទាល់ទៀតឡើយគឺនឹងផ្តល់ការគាំទ្រដោយប្រយោល,
11-សត្វទី១១.ឱ្យពិភពលោកងាកចេញកុំផ្តោតលើរឿងពីករណីអ៊ុយក្រែននិងមានចេតនាជួយអាម៉េរិកឱ្យដើរឆ្ងាយពីវិបត្តិរុស្ស៊ីអ៊ុយក្រែន, ងាកចេញពីវិបត្តពន្ធគយរវាងអាម៉េរិកនិងពិភពលោកដើម។
12-ចំពោះសត្វទី១២ វិញអាចជាសេនារីយោរបស់អ៊ីស្រាអែលដើម្បីបញ្ឆេះកំហឹងឱ្យអ៊ីរ៉ង់ខឹង ដើម្បីរុញឱ្យអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ ហើយខ្លួនយកលេសនេះផលិតដែរ ក្រោមរូបភាពសម្រាប់ការពារខ្លួនទល់នឹងការវាយប្រហារពីអ៊ីរ៉ងក្នុងពេលអនាគត ព្រោះប្រទេសទាំងពីរនេះហាក់មានចរិតមិនសូវគោរពច្បាប់អន្តរជាតិដូចគ្នា។
13-កត្តាធំមួយទៀតដែលនៅពីខាងក្រោយនេះ ជាសេនារីយោរបស់អាម៉េរិក ព្រោះអាម៉េរិកហាក់ចង់បំបាក់ឥទ្ធិពលរុស្ស៊ីនៅតំបន់មជ្ឈឹមបូព៌ា ដ្បិតរុស្ស៊ីកំពុងតែមានប្រៀបលើសមរភូមិប្រយុទ្ធនៅអឺរ៉ុប ហើយបើបណ្តោយឱ្យរុស្ស៊ីពង្រឹងខ្លាំងរវាងសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ានេះ មួយទៀត វាហាក់បីដូចជាគ្រោះធំណាស់សម្រាប់អាម៉េរិក ក៏ដូចជាក្រុមអង្គការណាតូទាំងមូល។
ទោះបីជាយ៉ាងណាក៏ដោយ យុទ្ធសាស្ត្រនេះ ក៏មិនងាយស្រួលលេងពេកដែរ ថ្វីដ្បិតអ៊ីស្រាអែលមានប្រៀបច្រើននៅក្នុងសមរភូមិទាំងការទូត សម្ព័ន្ធមិត្តនិងយោទ្ធូបករណ៍យ៉ាងណាក្តីអាយុជីវិតជនស្លូតត្រង់និងពីទិដ្ឋភាពមនុស្សធម៌ជារឿងដែលនឹងជះឥទ្ធិពលអាក្រក់មកលើអ៊ីស្រាអែលវិញមិនខាន មិនត្រឹមប៉ុណ្ណោះ កំហឹងរបស់ពួកមូស្លីមលើពិភពលោកនឹងទៅជាយ៉ាងណាចំពោះអ៊ីស្រាអែលនិងពលរដ្ឋអ៊ីស្រាអែល?
៣.តើពិភពលោកវិលទៅស្ថានភាពនៃ សង្គ្រាមលោកលើកទី១ឬ?
ស្ថានការណ៍ដែលពិភពលោកហាក់ឈានទៅរកកាលៈទេសៈមួយដែលគួរឱ្យព្រួយបារម្ភបំផុតមួយនៃសង្រ្គាមបច្ចុប្បន្ន ដ្បិតទម្រង់នៃសម្ព័ន្ធភាពដ៏ស្មុគស្មាញដែលបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពដូចគ្នាអំពីបរិយាកាសនយោបាយអន្តរជាតិកាលពីមុនសង្គ្រាមលោកលើកទី១។ ជាការពិតណាស់ ទាំងអ៊ីស្រាអែលនិងអ៊ីរ៉ង់មិនមែនជាតួរអង្គតែ២ប្រទេសនោះទេ ព្រោះថាស្ថានការណ៍ពេលនេះ វាបានបង្ហាញឱ្យឃើញកាន់តែច្បាស់នៃចំណងសម្ព័ន្ធមិត្តទាំងក្នុងកម្រិតតំបន់ និងសកលនៃសម្ព័ន្ធមិត្ត រដ្ឋ និងមិនមែនរដ្ឋដូចគ្នា។
- មហាអំណាចលោកខាងលិចបែបប្រពៃណី : សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង។
- ដៃគូយុទ្ធសាស្ត្រមជ្ឈិមបូព៌ាមាន៖ អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម កាតា និងអេហ្ស៊ីប។
- មហាអំណាចសកលលោក៖ រុស្ស៊ី ចិន ប៉ាគីស្ថាន តួកគី និងកូរ៉េខាងជើង។
- សម្ព័ន្ធមិត្តរដ្ឋក្នុងតំបន់៖ ស៊ីរី អ៊ីរ៉ាក់ លីបង់ និងអាចជាហ្ស៊កដានី។
- តួអង្គមិនមែនរដ្ឋ៖ ហេសបូឡាហ៍ (លីបង់) ហាម៉ាស (ទឹកដីប៉ាឡេស្ទីន) និងក្រុមឧទ្ទាម Houthi (យេម៉ែន)។
សម្ព័ន្ធមិត្តយុទ្ធសាស្ត្រដែលហាក់មានភាពច្របូកច្របល់នេះបង្កើតឥទ្ធិពលដូមីណូដែលងាយនឹងបង្កជាភ្លើងសង្គ្រាមជាយថាហេតុ។ ប្រសិនបើអ៊ីរ៉ង់ស្ថិតក្រោមការវាយប្រហារ ហើយបណ្តាញសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួន ដូចជា ហេសបូឡានៅលីបង់ ឬក្រុមហ៊ូធីនៅយេម៉ែន អ៊ីស្រាអែលអាចត្រូវបានរងនូវការវាយប្រហារជាច្រើនទិសគឺវាដូចជាសង្គ្រាមលោកលើកទី១ដែរ។ ទន្ទឹមនឹងនេះ ករណីប្រសិនបើសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ដោយផ្ទាល់ នោះ ថាតើ រុស្ស៊ី និងចិនអាចនឹងឆ្លើយតបតាមលក្ខណៈការទូតឬយោធានៅចំពោះមុខស្ថានការណ៍តំបន់មជ្ឈិមបូព៌ា?
ការវិវត្តថ្មីនេះ ហាក់ស្រដៀងគ្នាទៅនឹងឆ្នាំ១៩១៤ នៅតំបន់អឺរ៉ុប ដែលជាប្លុកគូប្រជែងរវាងសម្ព័ន្ធភាពដែលមានភាពស្រួចស្រាលខ្លាំងនិងផ្កាភ្លើងសង្គ្រាមក្នុងតំបន់ និងបានជះឥទ្ធិពលដល់ពិភពលោកទាំងមូល។
ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ឆ្នាំ ២០២៥ ហាក់បានបង្ហាញឱ្យឃើញពីភាពមិនចុះសម្រុងគ្នាខ្លាំងដែលការណ៍នេះមានលំនាំដូចគ្នាទៅនឹងការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី១អញ្ចឹងដែរ។ ការកើនឡើងនៃការប្រកួតប្រជែងឥទ្ធិពលអំណាចក្នុងតំបន់ កត្តាសម្ព័ន្ធភាពដើម្បីទប់ឥទ្ធិពលគ្នាក្នុងសភាពមួយដ៏តានតឹង កត្តាការប្រណាំងអាវុធ និងការបែងចែកមនោគមវិជ្ជា ហាក់ បានកើតមានឡើងវិញនៅក្នុងពិភពលោកយើងនេះដោយភាពដ៏ស្មុគស្មាញ គ្រោះថ្នាក់ និងមិនអាចទាយទុកជាមុនបាន។
បើយើងប្រៀបធៀបទៅនឹងពេលអតីតកាលសង្គ្រាមថ្មីនេះ គឺមិនដូចសង្រ្គាមឆ្នាំ១៩១៤ ទេ ព្រោះសង្គ្រាមសព្វថ្ងៃនេះកំពុងឆាបឆេះនៅតំបន់២ឆ្ងាយពីគ្នា គឺនៅមជ្ឈិមបូព៌ានិងអឺរ៉ុបខាងកើតត្រូវបានបញ្ឆេះក្នុងពេលដំណាលគ្នានៅក្នុងជម្លោះ។ ម្យ៉ាងវិញទៀត ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់នៅខែមិថុនា ឆ្នាំ ២០២៥ អាចនឹងត្រូវបានគេមើលឃើញថា យុទ្ធសាស្ត្រចាស់ផងដែរគឺ «ប្រើសង្រ្គាមដើម្បីបញ្ចប់សង្រ្គាម» ដែលអាម៉េរិកធ្លាប់ប្រើ គឺទម្លាក់គ្រាប់បែកបរមាណូនៃសង្គ្រាមលោកលើកទីពីរនៅជប៉ុន។ ប៉ុន្តែលើកនេះហាក់មានភាពខុសគ្នានិងប្រថុយប្រថានច្រើនទង្វើនេះអាចនាំឱ្យមានតថភាពនានាដូចជា តម្លៃប្រេងអាចកើនឡើងព្រោះតំបន់មជ្ឈិមបូព៌ា ជាអាងស្តុកប្រេងពិភព, ទីតាំងយុទ្ធសាស្ត្រនៃដែនសមុទ្រ ដូចជាសមុទ្រក្រហមនិងឈូងសមុទ្រអូម៉ង់ អាចងាយរងការរំខានដោយក្រុមអ៊ីរ៉ង់ឬសម្ពន្ធ័មិត្ត ព្រោះវាជាលំហរផ្លូវដឹកជញ្ជូនទាំងទំនិញនិងប្រេងពីអាស៊ីទៅកាន់អឺរ៉ុប,អ៊ីរ៉ង់អាចដំណើរសង្គ្រាមខ្ចីដៃឬសង្គ្រាមការប្រូកស៊ីក្នុងតំបន់កាន់តែខ្លាំង,មហាអំណាចសំខាន់ៗក្នុងតំបន់អាចកើនឡើង។
នៅចំពោះមុខស្ថានភាពដ៏គ្រោះថ្នាក់បែបនេះ ប្រសិនបើមិនមានការសម្របសម្រួលដោយយន្តការច្បាស់លាស់ណាមួយទេនោះ ព្រឹត្តិការណ៍នេះអាចនាំទៅដល់អស្ថិរភាពពិភពលោក។ នាំឱ្យពិភពលោកបាត់បង់សណ្តាប់ធ្នាប់ ឈ្នាន់សង្គ្រាមនៅតំបន់នានា អាចនឹងកើតមានឡើងបន្តបន្ទាប់ដូចជា ជម្លោះចិន-តៃវ៉ាន់, កូរ៉េ, ឥណ្ឌា-ប៉ាគីស្ថាន និងជម្លោះអឺរ៉ុបអាចកើនឡើងខ្លាំង។ ដូច្នេះពិភពលោកត្រូវតែសិក្សាពីបញ្ហាប្រវត្តិសាស្ត្រពិសេសពីព្រឹត្តិការណ៍ឆ្នាំ១៩១៤ ដើម្បីការពារកុំឱ្យទ្វីបលោកនេះ ពើបប្រទះនឹងភ្លើងសង្គ្រាមលោកកើតឡើងជាថ្មីម្តងទៀត ប្រសិនបើសង្គ្រាមលោកកើតឡើងម្តងទៀតនោះនឹងនាំឱ្យមានគ្រោះថ្នាក់ធំដល់សាកលលោក ព្រោះជាយុគ្គសម័យអាវុធនុយក្លេអ៊ែរ។
1. Clark, Christopher. The Sleepwalkers: How Europe Went to War in 1914. New York: Harper, 2013.
2. Fromkin, David. Europe’s Last Summer: Who Started the Great War in 1914? New York: Image, 2005.
3. Stevenson, David. Cataclysm: The First World War as Political Tragedy. New York: Basic Books, 2004.
4. Keegan, John. The First World War. New York: Vintage, 1998.
5. Associated Press. “Israel Attacks Iran’s Nuclear and Missile Sites and Kills Top Military Officials.” AP News, June 13, 2025. https://apnews.com/article/iran-explosions-israel-tehran-00234a06e5128a8aceb406b140297299.
6. Reuters. “World Entering New Era as Nuclear Powers Build Up Arsenals, SIPRI Think Tank Says.” Reuters, June 15, 2025. https://www.reuters.com/business/aerospace-defense/world-entering-new-era-nuclear-powers-build-up-arsenals-sipri-think-tank-says-2025-06-15/.
7. Al Jazeera. “Iran Vows Retaliation After Israeli Strike Kills Nuclear Scientists.” Al Jazeera, June 15, 2025. https://www.aljazeera.com/news/2025/6/15/iran-vows-retaliation-after-israeli-strike-kills-nuclear-scientists. Accessed June 22, 2025.
8. Library of Congress. “Stars and Stripes: The American Soldiers' Newspaper of World War I, 1918 to 1919.” Library of Congress. https://www.loc.gov/collections/stars-and-stripes/articles-and-essays/a-world-at-war/timeline-1914-1921/#:~:text=July%2028%2C%201914,Serbia%2C%20beginning%20World%20War%20I. Accessed June 22, 2025.
9. Little, Becky. “How Imperialism Set the Stage for World War I.” History.com. https://www.history.com/articles/imperialism-causes-world-war-i. Accessed June 22, 2025.
10. National WWI Museum and Memorial. Italy Enters World War I. Theworldwar.org. https://www.theworldwar.org/learn/about-wwi/italy-enters-world-war-i#:~:text=On%20April%2026%2C%201915%2C%20Italy,at%20midnight%20on%20May%2023. Accessed June 22, 2025.
11. Imperial War Museums. “How the World Went to War in 1914.” IWM.org.uk. https://www.iwm.org.uk/history/how-the-world-went-to-war-in-1914#:~:text=On%2028%20June%201914%2C%20Archduke,the%20war%20on%204%20August. Accessed June 22, 2025.
នៅរសៀលថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំនូវកិច្ចពិភាក្សាតុមូលស្ដីពី «ស្ថានភាពបំណុលនៅកម្ពុជា» ដែលត្រូវបានធ្វើឡើងនៅ...
ជុំវិញការចោទជាសំណួរអំពីលទ្ធភាពនៃការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាម៉េរិកឡើងវិញដល់កម្ពុជាត្រូវបានអស់សុពលភាពជាច្រើនឆ្នាំមកហើយ នៅក្នុងអាណត្តិដឹកនាំជាថ្មីរបស់លោកដូណាល់ ត្រាំ ត្រូវបានលោកបណ...
នៅថ្ងៃអង្គារ ៣ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង ០៩:៣០ នាទីព្រឹក រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ «ពិធី សម្ពោធស្លាក វិទ្យាស្ថានម៉ក់ជឺនៃរាជបណ្ឌិត...
ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួន ស្ត្រី២នាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធយកលុយ ៣០០ ០០០ដុល្លារ ទៅឱ្យបុគ្គលឈ្មោះ មួង ឃីម និងបុគ្គលឈ្មោះ លី សាម៉េត ដើម្បីរត់ការឱ្យកូន...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ១៣ រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃពុធ ១២ រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវច្ឆិកា ឆ្នាំ២០២៤ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាភ្នំពេញលើកទី...