Royal Academy of Cambodia
នៅព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពកម្ពុជា-ថៃ បានប៉ះទង្គិចអាវុធគ្នានៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរណាស់មកហើយ បណ្តាលឱ្យកងទ័ពកម្ពុជាម្នាក់បាត់បង់ជីវិត។ ពាក់ព័ន្ធនឹងករណីនេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា ផ្អែកលើទិដ្ឋភាពប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិជាធរមាន នៅតំបន់មុំបី នៃព្រំដែនកម្ពុជា-ថៃ មិនមានតំបន់សនោះទេ ដោយសារសន្ធិសញ្ញាអន្តរជាតិ បារាំង-សៀម បានកំណត់យ៉ាងច្បាស់នូវព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសសៀម ដែលក្រោយមកបានប្ដូរឈ្មោះជាប្រទេសថៃ។ លោកបណ្ឌិត បានបន្ថែមទៀតថា តាមការបកស្រាយរបស់ឯកឧត្ដមរដ្ឋមន្ត្រី នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា ក៏បានបង្ហាញឱ្យឃើញច្បាស់ដែរថា តំបន់នេះគឺស្ថិតនៅក្នុងអធិបតេយ្យភាពនៃប្រទេសកម្ពុជា។
បើតាមលោកបណ្ឌិត យង់ ពៅ ព្រឹត្តិការណ៍ចូលមកបាញ់ប្រហារទាំងកម្រោលលើកងទ័ពកម្ពុជា ពីសំណាក់កងទ័ពថៃ កើតឡើងដោយសារតែអ្នកនយោបាយថៃ ដែលតែងតែរុញច្រានបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួន មកកាន់តំបន់ព្រំដែន ពិសេសព្រំដែនកម្ពុជា-ថៃ ដូចដែលថៃធ្លាប់បានបង្វែរព្រឹត្តិការណ៍នយោបាយនៅក្រុងបាងកក មកបង្កើតជាទំនាស់នៅតំបន់ប្រាសាទព្រះវិហាររបស់កម្ពុជា ដែលពេលនោះបានឈានដល់ការប៉ះទង្គិចគ្នាជាទ្រង់ទ្រាយធំ។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា គេមិនត្រូវហៅតំបន់ដែលកើតមានការប៉ះទង្គិចគ្នានេះ ជាតំបន់ត្រួតស៊ីគ្នានោះឡើយ ព្រោះវាជាចេតនាទុច្ចរឹតរបស់អ្នកនយោបាយថៃ ដែលគេរៀបចំឡើងដើម្បីឱ្យមានការភ័ន្តច្រឡំ ហើយបង្កើតនូវបញ្ហាស្មុគស្មាញបន្ថែមទៀតនៅក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ។
លោកបណ្ឌិត យង់ ពៅ បានអំពាវនាវឱ្យអ្នកនយោបាយថៃត្រូវដកថយខ្លួនពីបញ្ហានេះ ហើយទុកបញ្ហាបច្ចេកទេសព្រំដែនឱ្យមន្ត្រីជំនាញកិច្ចការព្រំដែននៃប្រទេសទាំងពីរធ្វើការងារជាមួយគ្នា។ លោកបណ្ឌិតបានបន្តថា គេមិនត្រូវយកបញ្ហានយោបាយផ្ទៃក្នុង មកបូកលូកឡំជាមួយនឹងបញ្ហាអធិបតេយ្យភាពរវាងប្រជាជាតិជិតខាង ដែលអាចនាំឱ្យកើតជាវិបត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ព្រោះកម្ពុជានិងថៃ ជាប្រទេសមានព្រំដែនជាប់គ្នា ដែលគេមិនអាចលើកព្រំដែនរដ្ឋទាំងពីរចេញពីគ្នាបានឡើយ។ លោកបណ្ឌិតបានបន្ថែមទៀតថា ការដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរ ត្រូវធ្វើឡើងដោយយកមូលដ្ឋានសន្ធិសញ្ញាបារាំង-សៀម ដែលមានតម្លៃជាច្បាប់អន្តរជាតិជាគោល ហើយបន្តជំរុញប្រសិទ្ធភាពនៃយន្តការគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរ ជាជាងការបង្កើតព្រឹត្តិការណ៍អរិភាពរវាងប្រទេសជិតខាង រុញស្មារតីជាតិនិយមលើបញ្ហាអធិបតេយ្យភាពព្រំដែន ដើម្បីកេងចំណេញស្ថានការណ៍នយោបាយក្នុងប្រទេសរបស់ខ្លួន។
ជាមួយគ្នានេះដែរ លោកបណ្ឌិត យង់ ពៅ បានស្នើសុំឱ្យប្រទេសទាំងពីរ គោរពនូវច្បាប់អន្តរជាតិ និងរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដើម្បីធានាបាននូវផលប្រយោជន៍ជាតិខ្លួនផង និងដើម្បីជំរុញទំនាក់ទំនងល្អរវាងប្រជាជាតិជាសមាជិកអាស៊ានទាំងពីរផងដែរ។ បើតាមលោកបណ្ឌិត ការសិក្សាស្វែងយល់ ទទួលស្គាល់ និងអនុវត្តតាមស្មារតីនៃសន្ធិសញ្ញាបារាំង-សៀម និងពិធីសារបោះបង្គោលព្រំដែនរវាងបារាំងនិងសៀម និងគោរពតាមផែនទីដែលបន្សល់ដោយអាណានិគមបារាំង គឺជាលទ្ធភាពតែមួយគត់ដើម្បីដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរ ព្រោះឯកសារគតិយុត្តិទាំងនេះ នៅតែមានតម្លៃផ្លូវច្បាប់ជាធរមានជាលក្ខណៈអន្តរជាតិ សម្រាប់ការអនុវត្តនិងដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ថៃ។ លោកបណ្ឌិតបានបង្ហាញជំនឿថា អ្នកបច្ចេកទេសកិច្ចការព្រំដែននៃប្រទេសទាំងពីរ សុទ្ធតែបានយល់ដឹង និងជ្រួតជ្រាបអំពីខ្លឹមសារនៃឯកសារគតិយុត្តិពាក់ព័ន្ធនឹងព្រំដែននៃប្រទេសទាំងពីរហើយ ប៉ុន្តែអ្នកនយោបាយថៃ ហាក់បានព្យាយាមលូកឡំរវាងបញ្ហាបច្ចេកទេសនិងនយោបាយ រហូតដល់ឈានមានការផ្ទុះអាវុធរវាងកងទ័ពនៃប្រទេសទាំងពីរ។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ករណីនេះ មិនគួរបណ្ដែតបណ្ដោយឱ្យមានការរីករាលដាល ទៅជាការប្រឈមទ្រង់ទ្រាយធំនៅតាមព្រំដែនឡើយ ព្រោះបច្ចុប្បន្ន ទាំងកម្ពុជានិងថៃ សុទ្ធសឹងតែកំពុងប្រឈមនឹងវិបត្តិសាកលដូចគ្នា ដូច្នេះប្រសិនបើ វិបត្តិព្រំដែនរវាងប្រទេសជិតខាងទាំងពីរផ្ទុះឡើង នឹងបណ្ដាលឱ្យមានផលប៉ះពាល់កាន់តែខ្លាំង ទាំងនៅក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គម។ ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជា ពិតជាមិនចង់ឱ្យមានបញ្ហាប្រឈមនៅតាមតំបន់ព្រំដែននោះទេ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាក៏មានកាតព្វកិច្ចនៅក្នុងការការពារព្រំដែន និងអធិបតេយ្យភាពជាតិខ្លួន មិនអាចបណ្ដែតបណ្ដោយឱ្យបរទេសបំពានលើប្រជាជាតិខ្លួនោះដែរ។
ជាអនុសាសន៍ លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា ភាគីកងទ័ពនៃប្រទេសទាំងពីរ ត្រូវតែរក្សាភាពអត់ធ្មត់ និងត្រូវរក្សាទំនាក់ទំនងឱ្យបានជាប់លាប់ និងមានកិច្ចពិភាក្សាគ្នាជាប្រចាំ ដើម្បីបញ្ចៀសលទ្ធភាពនៃការប្រឈមុខដាក់គ្នា ហើយគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរត្រូវតែបន្តជជែក និងដោះស្រាយបញ្ហាបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ប្រកបដោយស្មារតីទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការ។ បន្ថែមពីលើនេះ អ្នកនយោបាយនៃប្រទេសទាំងពីរ ត្រូវតែស្វែងរកការជជែកពិភាក្សាដើម្បីដាក់ចេញនូវដំណោះស្រាយបន្ទាន់ និងសមស្រប ព្រមទាំងរក្សាស្ថានភាពដើម (Status Quo) នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។ លោកបណ្ឌិត បានថ្លែងសង្កត់ធ្ងន់ថា «កម្ពុជាត្រូវការសន្តិភាព និងមានភាពចាំបាច់ការពារឱ្យខាងតែបានអធិបតេយ្យភាពដែនដី»៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ បន្ទាប់ពីថ្លែងសុន្ទរកថាបើកវេទិកាវិទ្យាសាស្ត្រស្តីពីការបង្កើតសហគមន៍ជោគវាសនារួមគ្នា កម្ពុជា-ចិន ក្នុងក្របខណ្ឌ ខ្សែក្រវាត់មួយផ្លូវមួយ និងអបអរខួប១០ឆ្នាំនៃការបង្កើតវិទ្យាស្ថានខុងជ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្...
(រាជធានីភ្នំពេញ)៖ អ្នកស្រាវជ្រាវផ្នែកវប្បធម៌បានលើកយកប្រធានស្តីពី កិច្ចការអភិរក្សសំណង់បេតិកភណ្ឌព្រះពុទ្ធសាសនានៅកម្ពុជា ដើម្បីជជែកពិភាក្សានៅក្នុងសន្និសីទអន្តរជាតិលើកទី១៥ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ...
ភ្នំពេញ៖ នៅក្នុងសន្និសីទអន្តរជាតិរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ ក្នុងយុគសម័យបច្ចេកវិទ្យា» នាព្រឹកថ្ងៃទីនៅព្រឹកថ្ងៃព្...
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ឯក ប៊ុនថា អគ្គនាយករង នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ថ្លែងដូច្នេះ នៅក្នុងបទបង្ហាញរបស់ឯកឧត្ដម ស្ដីពី «កម្មសិទ្ធិបញ្ញា ការសម្ដែងតាមជនបទ សិល្បៈ និងបុណ្យប្រពៃណី» នៅក្នុងសន្និសីទអន្ត...