Royal Academy of Cambodia
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានភាពសង្គម បានអំពាវនាវឱ្យសាធារណជន និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីកាត់បន្ថយបញ្ហាកើនឡើងកម្ដៅផែនដី ខណៈដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជា កំពុងប្រឈមនឹងបញ្ហាប្រែប្រួលអាកាសធាតុយ៉ាងខ្លាំង ពិសេសការកើនឡើងនូវកម្ដៅផែនដី ដោយសារមូលហេតុផ្សេងៗដូចជា ការបាត់បង់គម្របព្រៃឈើនៅតាមប្រទេសនិងតំបន់នានា និងការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់ជាដើម។ លោកបណ្ឌិត បានគូសបញ្ជាក់ថា គេត្រូវតែបង្កើនទំហំព្រៃឈើ និងការដាំដុះដើមឈើនៅតាមទីកន្លែងនានាឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ដើម្បីរក្សាសីតុណ្ហភាពនៅតាមទីតាំងទាំងឡាយ ពិសេសនៅតាមទីសាធារណៈ កាត់បន្ថយឧស្ម័នកាបូនិចនៅក្នុងបរិយាកាស និងជួយបង្កើនការផលិតអុកសែនពីធម្មជាតិ តាមរយៈដើមឈើដែលត្រូវបានដាំទាំងនោះ។ សម្រាប់លោកបណ្ឌិត កិច្ចការងារនេះ ទាមទារឱ្យមានការចូលរួមឱ្យបានច្រើនតាមដែលអាចធ្វើបាន ទាំងប្រជាពលរដ្ឋ រដ្ឋាភិបាល និងក្រសួងស្ថាប័នរដ្ឋនិងឯកជនទាំងអស់ ពិសេសនៅតាមក្រសួងស្ថាប័នរដ្ឋ គួរតែចាប់ផ្ដើមដាំដើមឈើជាប្រភេទឈើធំៗ ដើម្បីផ្ដល់ម្លប់ឱ្យបានកាន់តែច្រើនបន្ថែមទៀត។
លោកបណ្ឌិតបានកត់សម្គាល់ថា នៅតាមក្រសួងស្ថាប័នសាធារណៈមួយចំនួន គេសង្កេតឃើញថា ទីធ្លាមានការរៀបចំចាក់បេតុងនិងរៀបការ៉ូឡាជាដើម ស្ទើតែគ្រប់ក្រសួងស្ថាប័នទាំងអស់ ដែលនេះក៏ជាចំណែកនៃការបង្កើនកម្ដៅនៅតាមទីតាំងស្ថាប័នរដ្ឋ និងទីកន្លែងសាធារណៈ ដែលនៅពេលខ្លះ ក្ដៅសឹងតែមិនអាចធ្វើដំណើរបានផងដែរ។ លោកបណ្ឌិត យង់ ពៅ បានបន្ថែមទៀតថា ផ្លូវនៅទីប្រជុំជន ទាំងនៅក្នុងរាជធានីភ្នំពេញនិងតាមខេត្តនានាក្ដី គួរតែមានការដាំដើមឈើជាប្រភេទធំៗជាច្រើន សម្រាប់សាធារណជន និងអ្នកដំណើរអាចឆ្លងកាត់ ឈប់សម្រាក ឬធ្វើដំណើរជាមួយនឹងសីតុណ្ហភាពត្រជាក់សមល្មមផងដែរ ព្រោះបើតាមបទពិសោធន៍ដែលលោកបណ្ឌិត ធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសរីកចម្រើនមួយចំនួន ក៏ដូចជាប្រទេសក្នុងតំបន់ មានការដាំដើមឈើធំៗដែលផ្ដល់ជាម្លប់សម្រាប់ការធ្វើដំណើរ ឈប់សម្រាក ឬឆ្លងកាត់ផងដែរ។ នេះគឺជាការផ្ដល់ភាពសុខដុមនីយកម្មនៅក្នុងការធ្វើដំណើរតាមដងផ្លូវមួយសម្រាប់សាធារណជន ក៏ដូចជាភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសដែរ។
លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្តថា គេមិនគួរព្រួយបារម្ភចំពោះការថែទាំដើមឈើ អនាម័យ និងសោភ័ណភាពនៅតាមទីតាំងដែលដាំដើមឈើ ដែលតម្រូវឱ្យមានការអ្នកបោសសម្អាតនោះទេ ព្រោះការដាំដើមឈើធំៗនៅតាមផ្លូវឬទីតាំងសាធារណៈនានា គឺជាការផ្ដល់ផាសុកភាពទៅដល់ប្រជាពលរដ្ឋទូទៅ និងក៏ជាការលើកសម្រស់រាជធានីខេត្ត និងទីប្រជុំជននានាផងដែរ។ ជាមួយគ្នានេះ លោកបណ្ឌិតយល់ឃើញថា សាលារាជធានី-ខេត្ត ឬក្រសួងមន្ទីរដែលពាក់ព័ន្ធ គួរតែកំណត់នូវលក្ខខណ្ឌសម្រាប់បុរី ឬសំណង់អគារនានា ដើម្បីទទួលអាជ្ញាបណ្ណអនុញ្ញាតឱ្យសាងសង់ ត្រូវតែមានការរៀបចំប្លង់ដាំដើមឈើធំៗក្នុងកម្រិតណាមួយ ដើម្បីរួមចំណែកនៅក្នុងការកាត់បន្ថយកម្ដៅ ក៏ដូចជាបង្កើនសោភ័ណទីក្រុង ឬទីប្រជុំជនជាដើម។ លោកបណ្ឌិត បានលើកឡើងបន្ថែមថា រដ្ឋអំណាចត្រូវតែដាក់កំហិតឱ្យមានការចូលរួមតាមលទ្ធភាពជាក់ស្ដែង នៅក្នុងការកែប្រែបញ្ហាកើនឡើងកម្ដៅផែនដី តាមរយៈវិធានការគាំទ្រ និងលក្ខខណ្ឌកំណត់ផ្សេងៗ ដើម្បីឈានទៅកែសម្រួលបរិយាកាសផែនដី។ ប្រសិនបើគេមិនគិតគូរអំពីបញ្ហានេះទេ នោះពិភពលោកនឹងកាន់តែកើនឡើងកម្ដៅបន្ថែមទៀត ហើយគេក៏មិនអាចអង្គុយធ្វើការនៅក្នុងម៉ាស៊ីនត្រជាក់ ឬនៅក្នុងម្លប់រហូតនោះទេ។ ត្រង់ចំណុចនេះ លោកបណ្ឌិត ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋទូទៅ ចូលរួមជាមួយនឹងរាជរដ្ឋាភិបាលផងដែរ ដើម្បីសម្រេចបាននូវគោលដៅទីសាធារណៈប្រកបដោយផាសុកភាពសម្រាប់មនុស្សទាំងអស់គ្នា។
ទោះជាយ៉ាងណា លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា កិច្ចការងារនេះ ក្រសួងស្ថាប័នសាធារណៈត្រូវតែចាប់ផ្ដើមធ្វើជាគម្រូ ដើម្បីទាក់ទាញ និងជំរុញការចូលរួមពីសំណាក់មហាជន ព្រមទាំងត្រូវកំណត់ច្បាប់បញ្ញត្តិឱ្យបានជាក់លាក់ និងច្បាស់លាស់ ដើម្បីឈានទៅសម្រេចគោលដៅនេះក្នុងពេលខាងមុខ ពោលគឺត្រូវសម្រេចឱ្យបាននូវបរិស្ថានល្អប្រសើរ និងទីសាធារណៈប្រកបដោយផាសុកភាពសម្រាប់មនុស្សទាំងអស់គ្នា។
RAC Media | លឹម សុវណ្ណរិទ្ធ
នយោបាយសេដ្ឋកិច្ច គឺសំដៅដល់ការគ្រប់គ្រង និងត្រួតពិនិត្យរបស់រដ្ឋាភិបាលទៅលើប្រព័ន្ធសេដ្ឋកិច្ច ដោយសិក្សាពីការកំណត់លើអត្រាពន្ធ ការកំណត់ច្បាប់ថវិកាជាតិ ការគ្រប់គ្រងរូបិយវត្ថុ ការត្រួតពិនិត្យអត្រាការប្រាក់ ន...
ការអប់រំ ចាប់បដិសន្ធិតាំងពីកូនៗនៅក្នុងផ្ទៃម្ដាយដោយម្ដាយឪពុកតែងនិទានរឿងអានអក្សរនេះនោះដែលបង្កប់នូវន័យល្អៗពោរពេញដោយខ្លឹមសារអប់រំដល់កូនៗរបស់ខ្លួន។ ម្ដាយនិងកូនមានសមានចិត្តឆ្លងគ្នា ពីព្រោះម្ដាយជាអ្នកពរពោះ។...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងចំណាប់អារម្មណ៍បិទកម្មវិធីបទបង្ហាញស្ដីពី «សមិទ្ធផលការងារ៥ឆ្នាំ (២០១៨-២០២២) របស់វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា» នាព្រឹកថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នា...
នៅព្រឹកថ្ងៃអង្គារ ៥រោច ខែមិគសិរ ឆ្នាំខាល ចាត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបពិភាក្សាជាមួលោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអ...
នៅឆ្នាំ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជូនបេក្ខជន និងបេក្ខនារី ចំនួន៣រូប ក្នុងចំណោមបេក្ខជន បេក្ខនារីជាច្រើនដែល បានឆ្លងកាត់ការប្រឡងនិងសម្ភាសន៍ ទៅសិក្សាបន្តនៅវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) ដែលជាដៃគូ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំកា...