ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ កម្ពុជាត្រូវត្រៀមខ្លួនពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងមហាអំណាចទាំងអស់ ជាជាងរំពឹងតែទៅលើប្រព័ន្ធអនុគ្រោះពន្ធតែមួយមុខ

2024-12-04 05:55:48 ថ្ងៃពុធ, 04 ធ្នូ 2024 ម៉ោង 12:55 PM
អ្នកមើល 9677
post_detail1

ជុំវិញការចោទជាសំណួរអំពីលទ្ធភាពនៃការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាម៉េរិកឡើងវិញដល់កម្ពុជាត្រូវបានអស់សុពលភាពជាច្រើនឆ្នាំមកហើយ នៅក្នុងអាណត្តិដឹកនាំជាថ្មីរបស់លោកដូណាល់ ត្រាំ ត្រូវបានលោកបណ្ឌិត យង់ ពៅ ថ្លែងអះអាងថា ថ្វីដ្បិតតែប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាម៉េរិកនេះ ពិតជាមានគុណតម្លៃសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា ជាពិសេសវិស័យឧស្សាហកម្មដែលនាំចេញទៅសហរដ្ឋអាម៉េរិកពិតមែនក៏ដោយ ប៉ុន្តែកន្លងទៅនេះ ការនាំចេញផលិតផលទៅសហរដ្ឋអាម៉េរិកបានស្ថិតនៅក្នុងទំហំពាណិជ្ជកម្មធំគួរកត់សម្គាល់ផងដែរ។

លោកបណ្ឌិត បានគូសបញ្ជាក់ថា បើទោះបីជានៅក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) អាចនឹងអនុម័តឬមិនអនុម័តផ្ដល់ដល់កម្ពុជាជាថ្មីក៏ដោយក្ដី ក៏រាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាម៉េរិក គួរតែរក្សាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការផ្សេងទៀត ព្រមទាំងសេនារីយ៉ូ ដែលកំពុងមានស្រាប់ដូចបច្ចុប្បន្ននេះឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីរក្សាឱ្យជញ្ជីងពាណិជ្ជកម្ម កម្ពុជា-សហរដ្ឋអាម៉េរិក បន្តស្ថានភាពល្អប្រសើរឡើងថែមទៀត ដែលនេះគឺជាប្រភពនៃកំណើនសេដ្ឋកិច្ចកម្ពុជា បន្តការរីកចម្រើន និងមានស្ថិរភាពដដែល។

កម្ពុជា-សហរដ្ឋអាម៉េរិកគួរតែពង្រឹងនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ក្នុងស្ថានភាពបច្ចុប្បន្ន និងស្វះស្វែងរកការជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ កាន់តែប្រសើរឡើងថែមទៀត ដើម្បីជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរ នៅក្នុងរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ។ បើតាមលោកបណ្ឌិត ប្រទេសទាំងពីរ គួរតែពង្រឹងទំនាក់ទំនងល្អដែលមានស្រាប់ ជាជាងគិតគូរទៅលើរឿងដែលកន្លងហួសទៅហើយ ខណៈដែលជញ្ជីងពាណិជ្ជកម្មកម្ពុជា-សហរដ្ឋអាម៉េរិក នៅបន្តមានកំណើននិងស្ថិតក្នុងស្ថានភាពល្អប្រសើរ។

លោកបណ្ឌិត យង់ ពៅ បន្តថា ការរំពឹងទៅលើប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) គឺគ្រាន់តែជាចំណុចមួយនៃទំនាក់ទំនងប៉ុណ្ណោះ ប៉ុន្តែការពង្រឹងកិច្ចសហប្រតិបត្តិការដែលកំពុងរឹងមាំ និងរីកចម្រើនស្រាប់រវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ទើបជាអ្វីដែលគេត្រូវយកចិត្តទុកដាក់ពង្រឹងបន្ថែម ជាពិសេសកម្ពុជាត្រូវតែរៀបចំខ្លួនបន្ថែមទៀត ដើម្បីធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់បណ្ដាមហាអំណាចទាំងអស់ ពុំមែនតែជាមួយសហរដ្ឋអាម៉េរិកនោះទេ។ លោកបណ្ឌិតបានបន្ថែមថា ទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងមហាអំណាចនីមួយៗ សុទ្ធសឹងតែបានបំពេញឱ្យគ្នាទៅវិញទៅមក តួយ៉ាងដូចជា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អជាមួយចិន បាននាំមកនូវការវិនិយោគជាច្រើន ខណៈដែលសហរដ្ឋអាម៉េរិកគឺជាប្រភពនៃទីផ្សារនាំចេញរបស់កម្ពុជា ដែលនេះឧទាហរណ៍ងាយយល់មួយ នៃទំនាក់ទំនងរវាងកម្ពុជានិងមហាអំណាច ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមកធៀបនឹងទំនាក់តំនងជាមួយមហាអំណាចផ្សេងទៀត។

ជារួម កម្ពុជាត្រូវត្រៀមខ្លួនពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងមហាអំណាចទាំងអស់ ព្រមៗគ្នា ទើបអាចជំរុញឱ្យសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជាមានស្ថិរភាព និងបន្តមានការអភិវឌ្ឍ​និងរីកចម្រើនជាលំដាប់នៅក្រោមម្លប់សន្តិភាព៕

RAC Media

អត្ថបទទាក់ទង

កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា

នៅព្រឹកនិងរសៀលថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្ស...

2020-08-05 09:33:35   ថ្ងៃពុធ, 05 សីហា 2020 ម៉ោង 04:33 PM
សេចក្តីអញ្ជើញចូលរួមដេញថ្លៃផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់ឆមាសទី២ ឆ្នាំ២០២០

រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាស...

2020-08-05 03:39:19   ថ្ងៃពុធ, 05 សីហា 2020 ម៉ោង 10:39 AM
«ជំនួបជាមួយគោរមវន្តកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ទទួលការអនុញ្ញាតចូលជួបសំណេះសំណាល និងធ្វើបទសម្ភាសដោយផ្ទាល់់ជាមួយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱ...

2020-08-03 15:38:00   ថ្ងៃចន្ទ, 03 សីហា 2020 ម៉ោង 10:38 PM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច៖ សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជាគ្រប់រូបៗសុទ្ធតែជាបញ្ញាជនឆ្នើមរបស់ជាតិ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ លេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចប្រជុ...

2020-07-31 05:57:28   ថ្ងៃសុក្រ, 31 កក្កដា 2020 ម៉ោង 12:57 PM
រាជរដ្ឋាភិបាលអនុញ្ញាតឱ្យមន្ត្រីថ្មី ១៧នាក់នៃរាបណ្ឌិត្យសភាកម្ពុជាអនុវត្តកម្មសិក្សា

រាជរដ្ឋាភិបាលតាមរយ:ទីស្តីការគណៈរដ្ឋមន្ត្រីបានអនុញ្ញាតមន្ត្រីថ្មីទាំង ១៧ នាក់នៃរាជបណ្ឌិត្យសភាកម្ពុជាដែល​បានប្រឡងជាប់ជាស្ថាពរចូល​បម្រើការងារនៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុង​ក្របខណ្ឌ​ទីស្ដីការ​គណៈរដ្ឋមន្ត្រ...

2020-07-30 06:14:46   ថ្ងៃព្រហស្បតិ៍, 30 កក្កដា 2020 ម៉ោង 01:14 PM
កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការកសិកម្ម

កាលពីរសៀលថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និ...

2020-07-30 05:03:38   ថ្ងៃព្រហស្បតិ៍, 30 កក្កដា 2020 ម៉ោង 12:03 PM

សេចក្តីប្រកាស