ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ វិទ្យាសាស្ត្រនយោបាយ គឺជាវិទ្យាសាស្ត្រដឹកនាំមនុស្ស

2024-11-11 10:29:47 ថ្ងៃចន្ទ, 11 វិច្ឆិកា 2024 ម៉ោង 05:29 PM
អ្នកមើល 13056
post_detail1

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «វិទ្យាសាស្ត្រនយោបាយ គឺជាវិទ្យាសាស្ត្រដឹកនាំមនុស្ស ព្រោះគ្រប់ការសម្រេចចិត្តទាំងអស់សុទ្ធសឹងតែពាក់ព័ន្ធនឹងនយោបាយ ហើយគ្មានវិទ្យាសាស្ត្រណាមួយដែលគេចផុតពីនយោបាយនោះទេ» នេះជាការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ ឆ្លើយតបទៅនឹងសំណួរដែលលើកឡើងដោយអ្នកចូលរួម ក្នុងឱកាសលោកបណ្ឌិត ចូលរួមនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា»។

លោកបណ្ឌិត យង់ ពៅ បានថ្លែងគូសបញ្ជាក់អំពីទ្រឹស្ដី ដែលលើកឡើងដោយអ្នកប្រាជ្ញ អារីស្តូត ដែលលើកឡើងថា «វិទ្យាសាស្ត្រនយោបាយ គឺជាមុខវិជ្ជាចម្បងនៃមុខវិជ្ជាវិទ្យាសាស្ត្រ (Political Science is the master of science)» ដែលមានន័យថា មុខជំនាញវិទ្យាសាស្ត្រនយោបាយ គឺជាមុខជំនាញសម្រាប់ធ្វើសេចក្ដីសម្រេចចិត្តតាមរយៈការទទួលបានព័ត៌មានពីគ្រប់ជ្រុងជ្រោយ ដែលអ្នកសិក្សាជំនាញវិទ្យាសាស្ត្រនយោបាយ មានសិក្សាមុខជំនាញផ្សេងៗជាច្រើន ជាហេតុនាំឱ្យអ្នកសម្រេចចិត្តដែលមានមូលដ្ឋានវិទ្យាសាស្ត្រនយោបាយ អាចធ្វើសេចក្ដីសម្រេចបានគ្រប់ជ្រុងជ្រោយ និងត្រូវស្ថានការណ៍។ លោកបណ្ឌិតអះអាងថា ទ្រឹស្ដីដែលលើកឡើងដោយអារីស្តូតនេះ មានរយៈពេលជាង២ពាន់ឆ្នាំមកហើយ ហើយនៅតែមានភាពត្រឹមត្រូវ ព្រោះការសម្រេចចិត្តធំៗលើវិស័យ និងជំនាញផ្សេងៗ សុទ្ធសឹងជាការសម្រេចចិត្តបែបនយោបាយ។

ជាការពិតណាស់ មនុស្សម្នាក់សុទ្ធសឹងតែមានការគិតខុសៗគ្នា មានសម្បជញ្ញៈផ្សេងៗគ្នា។ ហេតុនេះហើយ ដើម្បីដឹកនាំមនុស្សបាន គេត្រូវមានមូលដ្ឋានពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យការសម្រេចចិត្តអាចធ្វើឡើងប្រកបដោយភាពបត់បែន មានការថ្លឹងថ្លែងពិចារណាបានហ្មត់ចត់។ កន្លងមក មានការលើកឡើងថា "នយោបាយគឺជានយោបោក" ត្រូវបានលោកបណ្ឌិត យង់ ពៅ ពន្យល់ថា ការមិនបានដឹងអំពីអ្វីដែលជាវិទ្យាសាស្ត្រនយោបាយ ទើបមហាជនមួយចំនួន ត្រូវបានគេបោកប្រាស់ ជាហេតុនាំឱ្យមាននិន្នាការយល់ឃើញមួយជ្រុងអំពីនយោបាយថា គឺជាការបោកប្រាស់សុទ្ធសឹង ប៉ុន្តែនិយមន័យពិតប្រាកដនៃពាក្យវិទ្យាសាស្ត្រនយោបាយ គឺជាការសិក្សាអំពីដំណើរការនៃការកៀងគរការគាំទ្រ ដើម្បីឈានទៅដល់អំណាចសម្រេចចិត្តនៅក្នុងការគ្រប់គ្រងរដ្ឋឬបុរីមួយ។

បន្ថែមពីលើនេះ លោកបណ្ឌិត យង់ ពៅ បានអះអាងថា ពលរដ្ឋនិងយុវជន ពុំគួរព្រួយបារម្ភ ឬភ័យខ្លាចនឹងការសិក្សារៀនសូត្រអំពីវិទ្យាសាស្ត្រនយោបាយនោះទេ ព្រោះការសិក្សារៀនសូត្រអំពីវិទ្យាសាស្ត្រនយោបាយបានកាន់តែទូលំទូលាយ គឺជាការចូលរួមចំណែកជំរុញដំណើរការនយោបាយនៅកម្ពុជាកាន់តែប្រសើរឡើងបន្ថែមទៀត។ លោកបណ្ឌិត បានមានប្រសាសន៍ចាត់ទុកថា «នយោបាយគឺជាឆ្នាំងបាយ» ព្រោះនៅក្នុងជីវិតប្រចាំថ្ងៃជាក់ស្ដែង គ្មានវិស័យណាមួយ ឬដំណើរការផ្នែកណាមួយនៃសង្គមដែលពុំជាប់ពាក់ព័ន្ធនឹងនយោបាយនោះឡើយ។ លោកបណ្ឌិតបន្តថា ការសិក្សាវិទ្យាសាស្ត្រនយោបាយ គឺជាការសិក្សាដែលផ្ដោតទៅលើរបៀបរបបនៃការដឹកនាំ និងគ្រប់គ្រងរដ្ឋ ដែលអ្នកសិក្សាអាចស្វែងយល់អំពីទ្រឹស្ដីនៃការគ្រប់គ្រងរដ្ឋ ការស្វែងយល់អំពីស្ថានភាពទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ក៏ដូចជាតួអង្គមិនមែនរដ្ឋ ព្រមទាំងទទួលបាននូវពុទ្ធិផ្សេងៗទៀត ពាក់ព័ន្ធទៅប្រវត្តិសាស្ត្រ សេដ្ឋកិច្ច សង្គមវិជ្ជា ទស្សនវិជ្ជា និងវិទ្យាសាស្ត្រសង្គមដទៃទៀតដែលទាក់ទងទៅនឹងដំណើរអភិវឌ្ឍប្រទេសជាតិ។

ជាចុងក្រោយ លោកបណ្ឌិតក៏បានជំរុញលើកទឹកចិត្តឱ្យយុវជនដែលមានបំណងបន្តការសិក្សានៅថ្នាក់ឧត្ដមសិក្សា ត្រូវព្យាយាមស្វែងយល់អំពីទេពកោសល្យនិងឧបនិស្ស័យដែលខ្លួនមាន ព្រមទាំងដាក់គោលដៅ និងផែនទីគំនិតរបស់ខ្លួនឆ្ពោះទៅសម្រេចចិត្តគោលដៅជីវិត និងការប្រកបមុខរបរឬអាជីពការងារផ្សេងៗ ដើម្បីសម្រេចបាននូវភាពជោគជ័យនិងអត្ថន័យនៃជីវិត។

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

បទវិភាគ៖ ភាពយន្តចិនពីរគឺ Lost in the Stars (ចិន៖ 消失的她) និង No More Bets (ចិន៖ 孤注一掷 ) កំពុងធ្វើឱ្យភ្ញៀវទេសចរជនជាតិចិនព្រួយបារម្ភពីសុវត្ថិភាពក្នុងតំបន់អាស៊ីអាគ្នេយ៍

រៀបរៀងដោយ៖ លោក ប៉ាង រតនា , បណ្ឌិត សុង ស៊ីណា, លោក ទេព វន្ថា និង បណ្ឌិត ជិន សុជាតិ, នៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា។​ក្នុងពេលថ្មីៗនេះ អ្នកទស្សនាខ្សែភាពយន្តចិនចំនួនពីររឿងគឺ Lost in the Star...

2023-10-02 08:18:24   ថ្ងៃចន្ទ, 02 តុលា 2023 ម៉ោង 03:18 PM
ធម្មចរិយានៃស្នាដៃគតិលោក ដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី- ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និង យេនឌ័រ នៃ​វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

ឧកញ៉ាសុត្តន្តប្រីជាឥន្ទ បានរៀបរៀងស្នាដៃមួយដ៏ល្បីល្បាញ មានឈ្មោះថា «គតិលោក»។ ស្នាដៃនេះជាឃ្លាំងផ្ទុកចំណេះដឹងយ៉ាងទូលំទូលាយសម្រាប់អ្នកសិក្សាគ្រប់ស្រទាប់វណ្ណៈដែលអាចបណ្តុះការយល់ដឹងរបស់គេឱ្យកាន់តែស៊ីជម្រៅនិងក...

2023-10-02 02:07:59   ថ្ងៃចន្ទ, 02 តុលា 2023 ម៉ោង 09:07 AM
ភ្នំបូរី និងទំនាក់ទំនងជាមួយអង្គរបូរី, Phnom Borei and Its Relationship with Angkor Borei ដោយ៖ ឯកឧត្តមបណ្ឌិត ផុន កសិកា- ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា

អង្គរបូរី គឺជាទីតាំងនៃទីក្រុងមានកំពែងធំ ដែលជារាជធានីសម័យហ្វូណន (សតវត្សទី១ ដល់ទី៦ តាមរយៈបរិច្ឆេទវិទ្យុសកម្មធ្យូង C14 ជាទីកន្លែងមនុស្សរស់ច្រើនសតវត្សរ៍ និងនិងជាទីបញ្ចុះសពរហូតដល់ចុងសហស្សវត្សរ៍ទី១ មុន...

2023-10-02 01:52:50   ថ្ងៃចន្ទ, 02 តុលា 2023 ម៉ោង 08:52 AM
ទស្សនវិទូក្រិកបុរាណសម័យ (សូក្រាត ប្លាតុង អារីស្តូត) ដោយ៖ បណ្ឌិត ហែម ឡាច- នាយកដ្ឋាននីតិសាស្ត្រ នៃវិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា

កំណើតប្រហែល៦០០ឆ្នាំមុនគ្រិស្តសករាជ។ ទស្សនវិជ្ជាចាប់កំណើតតាំងពីពេលដែលមនុស្សចេះត្រិះរិះពិចារណារកហេតុផលចំពោះអ្វីៗដែលនៅក្នុងខ្លួនមនុស្សនិងចេះត្រិះរិះពិចារណាលើវត្ថុនិងបាតុភូតនៅក្នុងពិភពលោកនេះ។ គេបានដឹងថា ប...

2023-09-30 05:58:50   ថ្ងៃសៅរ៍, 30 កញ្ញា 2023 ម៉ោង 12:58 PM
ឯកឧត្ដមបណ្ឌិត យង់ ពៅ ទទួលជួបពិភាក្សាការងារជាមួយអនុប្រធានកយការ (KOICA) ប្រចាំប្រទេសកម្ពុជា

នៅរសៀលថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបសំណេះសំណាល ជាមួយលោក យ៉ុងវ៉ា ស៊ិន...

2023-09-26 10:11:40   ថ្ងៃអង្គារ, 26 កញ្ញា 2023 ម៉ោង 05:11 PM
ឯកឧត្ដមបណ្ឌិត ហ៊ាន សុខុម៖ ពលរដ្ឋអាចទាញយកកម្មវិធីប្រើប្រាស់ «វចនានុក្រមខ្មែរ» ឆ្នាំ២០២២ ជាទម្រង់ឌីជីថល

យោងតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានគណៈកម្មាធិការរៀបចំវចនានុក្រមខ្មែរ នៅក្នុងពិធីប្រកាសឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ»ឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី២៥...

2023-09-25 10:08:03   ថ្ងៃចន្ទ, 25 កញ្ញា 2023 ម៉ោង 05:08 PM

សេចក្តីប្រកាស