ព័ត៌មាន

បាតុភាពកើតមានក្នុងពន្ធនាគារ ម១ បង្ហាញពីភាពអនាធិបតេយ្យនៅពន្ធនាគារ ប៉ះពាល់មុខមាត់រាជរដ្ឋាភិបាល និងប្រទេសជាតិ ដែលត្រូវពង្រឹងការអនុវត្តវិន័យនិងធានាឱ្យបានការគ្រប់គ្រងតឹងរ៉ឹងបំផុត

2024-10-18 02:59:13 ថ្ងៃសុក្រ, 18 តុលា 2024 ម៉ោង 09:59 AM
អ្នកមើល 12757
post_detail1

ដោយ៖ បណ្ឌិត យង់ ពៅ

ក្រោយការបែកធ្លាយវីដេអូរាំសប្បាយរបស់អ្នកជាប់ឃុំឃាំងនៅពន្ធនាគារ ម១ ប្រតិកម្មជាបន្តបន្ទាប់ត្រូវបានលើកឡើង ហើយបានក្លាយទៅជាប្រធានបទដ៏ក្ដៅមួយពេញបណ្ដាញសង្គមនាពេលថ្មីៗនេះ។ ប្រការនេះបានបង្ហាញថា ពន្ធនាគារនោះ ហាក់ដូចជាបាត់បង់សណ្តាប់ធ្នាប់ក្នុងការគ្រប់គ្រង ហើយទំនងជាវីដេអូនេះគឺជារឿងដែលកើតមានឡើងពិតប្រាកដមែន ទើបមានការកែសម្រួលភារកិច្ចប្រធានពន្ធនាគារនេះ។

បាតុភាពអវិជ្ជមាននេះ បានបង្ហាញពីភាពអនាធិបតេយ្យនៃការគ្រប់គ្រងនៅពន្ធនាគារ ដោយជារឿងគួរឱ្យសោកស្ដាយបំផុតនៅពេលដែលជនជាប់ឃុំឃាង បែរជា មានសកម្មភាពភ្លើតភ្លើ រាំរែកកម្សាន្តសប្បាយ នៅក្នុងទីដែលត្រូវបានកំណត់ថាជាមណ្ឌលអនុវត្តច្បាប់អប់រំកែប្រែមនុស្សប្រព្រឹត្តខុសឱ្យមានភាពរៀងចាលនឹងទង្វើរបស់ខ្លួន ដែលទង្វើនោះវាប្រាសចាកទៅនឹងច្បាប់ជាធរមាន។ ការណ៍នេះពិតជាបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់មុខមាត់របស់រាជរដ្ឋាភិបាល និងបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់រូបភាពរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិ។

សកម្មភាពដែលហាក់ត្រូវបានប្រព្រឹត្តទៅដោយសេរី និងគ្មានការហាមឃាត់ការនាំចូលសម្ភារៈកម្សាន្តសប្បាយ ឬគ្មានការចាត់វិធានការទប់ស្កាត់ឱ្យបានគត់មត់នេះ បង្ហាញអំពីប្រសិទ្ធភាពនៃការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំពន្ធនាគារ ហើយនេះគឺជារូបភាពមិនគួរឱ្យកើតមានទាល់តែសោះ។ ទោះជាយ៉ាងណា វីដេអូនេះ បែរជាកើតមានឡើងហើយ ថែមទាំងត្រូវបានបែកធ្លាយចេញដល់បណ្ដាញសង្គម និងត្រូវបានចែកចាយយ៉ាងទូលំទូលាយ ដែលជាប្រការមួយបង្កជាការសង្ស័យអំពីស្ថានភាពនៃការគ្រប់គ្រង និងរស់នៅក្នុងពន្ធនាគារនានានៅក្នុងប្រទេសកម្ពុជា។

បញ្ហានេះទាមទារឱ្យមានការពង្រឹងវិន័យ និងការគ្រប់គ្រងគ្រប់ពន្ធនាគារទាំងអស់នៅកម្ពុជា ឱ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងចាត់វិធានការបន្ថែមឱ្យបានតឹងរ៉ឹងនិងមុតមាំបំផុត ដើម្បីបញ្ចៀសឱ្យបាននូវការបណ្ដែតបណ្ដោយឱ្យពន្ធនាគារ ដែលជាអប់រំកែប្រែចិត្តគំនិត អ្នកជាប់ឃុំឃាំង ដើម្បីឱ្យអ្នកធ្លាប់ប្រព្រឹត្តខុសនឹងច្បាប់ អាចក្លាយទៅបុគ្គលចុះសម្រុងទៅនឹងស្ថានភាព និងជីវភាពរស់នៅក្នុងសង្គម ព្រមទាំងមានស្មារតីគោរពកោតក្រែងច្បាប់ គោរពច្បាប់និងលិខិតបទដ្ឋាននានារបស់សង្គម។ ការអប់រំកែប្រែនៅក្នុងពន្ធនាគារនេះគឺដើម្បីឱ្យអ្នកជាប់ទោសរាងចាលនឹងទង្វើដែលខ្លួនប្រព្រឹត្ត ហើយក្រោយការអនុវត្តទោស ពួកនឹងមានស្មារតីភ្ញាក់រលឹក និងកសាងខ្លួនឡើងវិញ ដើម្បីឈានទៅក្លាយពលរដ្ឋល្អ ឬបុគ្គលដែលគោរពច្បាប់ និងជាការចូលរួមចំណែកពង្រឹងនិងកសាងសណ្ដាប់ធ្នាប់ និងស្ថិរភាពសង្គម។

ប្រសិនបើអ្នកគ្រប់គ្រងនៅក្នុងពន្ធនាគារ បើកដៃឱ្យអ្នកជាប់ឃុំឃាំងធ្វើទង្វើផ្សេងៗទៅតាមតែអំពើចិត្ត អាចកម្សាន្តរាំរែកដូចស្ថានភាពដែលខ្លួនរស់នៅខាងក្រៅពន្ធនាគារ សប្បាយរីករាយដូចនៅក្នុងក្លិប បារ ឬបៀហ្កាដិននោះ អ្នកគេអាចធានាបានថាអ្នកទាំងនោះនឹងទទួលបានការអនុវត្តទោស ដែលតុលាការបានកាត់សេចក្ដីយ៉ាងដូចម្ដេច? មិនត្រឹមតែប៉ុណ្ណោះ ពិរុទ្ធជនទាំងនោះ នឹងមិនរាងចាលចំពោះទង្វើខុសច្បាប់ដែលខ្លួនបានប្រព្រឹត្ត ឬនៅពេលដែលត្រូវបានអនុវត្តទោសក្នុងពន្ធនាគាររួចចេញមកខាងក្រៅពន្ធនាគារ មានសេរីភាពពេញទី ព្រមទាំងអាចឡើងចាងជាងមុន និងឈានទៅប្រព្រឹត្តបទល្មើសកាន់តែធ្ងន់ធ្ងរជាងមុនផងដែរ។

ចាប់ពីពេលនេះតទៅ ថ្នាក់ដឹកនាំគ្រប់លំដាប់គួរតែពង្រឹងវិន័យ និងពង្រឹងការគ្រប់គ្រងនៅតាមពន្ធនាគារឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ដើម្បីថែរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខសង្គម ព្រមទាំងស្ដារមុខមាត់របស់រាជរដ្ឋាភិបាល ក៏ដូចជារូបភាពជាវិជ្ជមានរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិឡើងវិញនៅក្នុងករណីនេះ។ ពន្ធនាគារទាំងអស់ត្រូវតែពង្រឹងការគ្រប់គ្រងច្បាស់លាស់ ប្រកបដោយសុចរិតភាព តម្លាភាព និងយុត្តិធម៌នៅក្នុងការគ្រប់គ្រង បញ្ចៀសឱ្យបាននូវការលេចឡើងនូវបាតុភាពអវិជ្ជមានខាងលើ ក៏ដូចជាបាតុភាពអវិជ្ជមានដទៃផ្សេងទៀត ដែលធ្លាប់មានពាក្យចចាមអារ៉ាមជាបន្តបន្ទាប់កន្លងមកនេះ។

គេត្រូវតែចងចាំថា ពន្ធនាគារ គឺជាកន្លែងដែលត្រូវអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងមុតមាំបំផុត ហើយប្រសិនបើទីកន្លែងដែលត្រូវអនុវត្តច្បាប់តឹងរ៉ឹងនិងមុតមាំបំផុតនោះ បែរជាក្លាយទៅជាទីកន្លែងអនាធិបតេយ្យទៅវិញ តើគេអាចរំពឹងថាប្រទេសជាតិនេះ អាចអនុវត្តច្បាប់បានពិតប្រាកដ? ប្រសិនបើពុំដូច្នោះទេ វាគួរជារឿងដ៏គួរឱ្យខ្មាស់អៀនមួយសម្រាប់ប្រទេសជាតិកម្ពុជា៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

សេដ្ឋកិច្ចវិទ្យានៃការបោះបង់ការសិក្សានៅមធ្យមសិក្សា ដោយ៖ បណ្ឌិត សូ សុធីរ នាយកដ្ឋានវិទ្យាសាស្ត្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

លោកសាស្ដ្រាចារ្យ សាមុយអែលសាន់ ជាសេដ្ឋវិទូអាម៉េរិក បានឱ្យនិយមន័យថា៖“សេដ្ឋកិច្ចវិទ្យា ជាការសិក្សា អំពីវិធីដែលមនុស្ស និងសង្គមជ្រើសរើស ដោយប្រើ ឬមិនប្រើលុយកាក់ដើម្បីប្រើប្រាស់​ធនធានផលិតផលកម្រ ទៅផលិតទំនិញផ្...

2023-10-16 00:39:44   ថ្ងៃចន្ទ, 16 តុលា 2023 ម៉ោង 07:39 AM
ផលវិបាកនៃក្មេងទំនើងចំពោះសង្គម (The Impact of Gangsters in Society) ដោយ៖ លោក ប៉ាន់ សំណាង វិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា

បច្ចុប្បន្ននេះ វិទ្យាសាស្ដ្របច្ចេកវិទ្យា មានការរីកចម្រើនយ៉ាងខ្លាំងនៅលើពិភពលោក។ប្រទេសទាំងអស់ មានវប្បធម៌ផ្សេងៗគ្នា តែហាក់ដូចជានៅជាមួយគ្នា ព្រោះតែបច្ចេកវិទ្យាទំនើបនេះឯង។ ដូច្នេះ ឥទ្ធិពលវប្បធម៌ មានចរន្តឆ្...

2023-10-16 00:24:23   ថ្ងៃចន្ទ, 16 តុលា 2023 ម៉ោង 07:24 AM
How the US-Cambodia Relationship Could Be Further Strengthened By: Dr. Seun Sam

Since Prime Minister Hun Manet was appointed as the country's new leader, US Ambassador to Cambodia Patrick Murphy has been actively holding meetings with important figures in Cambodia. He has also ha...

2023-10-04 08:18:07   ថ្ងៃពុធ, 04 តុលា 2023 ម៉ោង 03:18 PM
«ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ ស្រឡាញ់ ស្នេហាវប្បធម៌ជាតិ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាលើកតម្កើង រួមគ្នាគាំទ្រផង»

មួយរយៈនេះ ដោយសង្កេតឃើញសាធារណជន ជជែកគ្នាពីកូនក្រមុំ ខ្មែរពាក់ឈុតថៃក្នុងពិធីមង្គល ផ្អើលពេញបណ្តាញសង្គម ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ចោទជាសំណួរតើនោះមកពីមូលហេតុអ្...

2023-10-03 10:56:02   ថ្ងៃអង្គារ, 03 តុលា 2023 ម៉ោង 05:56 PM
ASEAN's Balancing Act between the US and China in the Indo-Pacific By: Dr. Seun Sam

The Indo-Pacific region has emerged as a crucial geopolitical theater, capturing the attention of major global powers such as the United States and China. This vast expanse, stretching from the Indian...

2023-10-03 09:38:33   ថ្ងៃអង្គារ, 03 តុលា 2023 ម៉ោង 04:38 PM
បទវិភាគ៖ ភាពយន្តចិនពីរគឺ Lost in the Stars (ចិន៖ 消失的她) និង No More Bets (ចិន៖ 孤注一掷 ) កំពុងធ្វើឱ្យភ្ញៀវទេសចរជនជាតិចិនព្រួយបារម្ភពីសុវត្ថិភាពក្នុងតំបន់អាស៊ីអាគ្នេយ៍

រៀបរៀងដោយ៖ លោក ប៉ាង រតនា , បណ្ឌិត សុង ស៊ីណា, លោក ទេព វន្ថា និង បណ្ឌិត ជិន សុជាតិ, នៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា។​ក្នុងពេលថ្មីៗនេះ អ្នកទស្សនាខ្សែភាពយន្តចិនចំនួនពីររឿងគឺ Lost in the Star...

2023-10-02 08:18:24   ថ្ងៃចន្ទ, 02 តុលា 2023 ម៉ោង 03:18 PM

សេចក្តីប្រកាស