ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ការកៀងគរបរទេសឱ្យចូលរួមក្នុងបាតុកម្មរបស់ខ្លួន បានបង្ហាញពីទង្វើទុច្ចរឹតរបស់ក្រុមជ្រុលនិយមចំពោះជាតិ និងជាការបំបែកបំបាក់ខ្មែរ ដើម្បីតែផលប្រយោជន៍សួនតួរបស់ខ្លួន

2024-10-17 07:43:22 ថ្ងៃព្រហស្បតិ៍, 17 តុលា 2024 ម៉ោង 02:43 PM
អ្នកមើល 10707
post_detail1

ជាថ្មីម្ដងហើយម្ដងទៀត ក្រុមប្រឆាំងនៅក្រៅប្រទេស បានព្យាយាមញុះញង់ឱ្យកើតមានបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល តាមរយៈលេស និងហេតុផលផ្សេងៗមិនចេះចប់ ដែលចុងក្រោយនេះ ទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសដកប្រទេសកម្ពុជា ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ក៏ដោយក្ដី ក៏ក្រុមនេះនៅតែបន្តលើកឡើងនូវបញ្ហាផ្សេងៗក្រោមរូបភាពបំភ្លៃផង និងបញ្ហាមិនពិតផ្សេងៗទៀត ដើម្បីដុតបញ្ឆេះកំហឹងពលរដ្ឋនៅក្រៅប្រទេស តាមរយៈការចោទប្រកាន់ដោយគ្មានមូលដ្ឋានផ្សេងៗមកលើរាជរដ្ឋាភិបាលកម្ពុជា។

ទោះជាយ៉ាងណាក៏ដោយ បាតុកម្មដែលត្រូវបានជំរុញនិងរៀបចំឡើងដោយក្រុមប្រឆាំងនៅឯក្រៅប្រទេស ពិសេសបាតុកម្មនៅសហរដ្ឋអាម៉េរិកនាពេលថ្មីៗកន្លងទៅនេះ បានឈានដល់បរិបទថ្មីមួយទៀត ដោយគេបានមើលឃើញថា នៅក្នុងបាតុកម្មដែលធ្វើឡើងដោយក្រុមជ្រុលនិយមសមរង្ស៊ី នៅសហរដ្ឋអាមេរិកថ្មីៗនេះ មានការចូលរួមពីក្រុមជនជាតិភាគតិចវៀតណាម ម៉ុងតាញ៉ាថែមទៀតផង។

ការចូលរួមរបស់ក្រុមជនជាតិភាគតិចវៀតណាម ម៉ុងតាញ៉ា នៅក្នុងបាតុកម្មដែលរៀបចំឡើងដោយលោក សម រង្សី នេះបានបង្ហាញឱ្យឃើញថា អ្នកនយោបាយជ្រុលនិយមនៅក្រៅស្រុក បានបន្តធ្វើនយោបាយប្រឆាំងទាំងងងឹតងងុល ដោយបានបំភ្លេចចោលបទពិសោធន៍ប្រវត្តិសាស្ត្រ ដែលខ្មែរត្រូវបានបាត់បង់ទឹកដីទៅប្រទេសជិតខាង ហើយក៏ជាការបង្ហាញឱ្យឃើញកាន់តែច្បាស់ថា នរណាជាអាយ៉ងបរទេស បម្រើឱ្យនយោបាយគ្រប់បរទេសដោយពុំរើសមុខ ពុំរើសជនជាតិ ឬជាតិសាសន៍នោះឡើយ។ គេគួរតែចាំថា កន្លងមក ជនបរទេស (វៀតណាម) មួយចំនួន តែងតែគាំទ្រខ្មែរឱ្យឈ្លោះគ្នា ហែកហួរបែកបាក់ជាតិ ដើម្បីឆ្លៀតកេងចំណេញប្រយោជន៍ពីខ្មែរនៅគ្រប់ទិដ្ឋភាពទាំងអស់ ទាំងសេដ្ឋកិច្ច នយោបាយ និងសង្គម។

ទង្វើនិងចេតនារបស់ក្រុមអ្នកនយោបាយប្រឆាំងទាំងនេះ គឺជារបៀបវារៈនយោបាយដែលជ្រុលនិយម ខ្វះមនសិកាស្នេហាជាតិ គ្មានទេឧត្ដមគតិចំពោះជាតិ ដោយពួកគេសម្លឹងមើលតែប្រយោជន៍នយោបាយសួនតួរបស់ខ្លួន ដោយមិនបានខ្វល់ខ្វាយពីសុខទុក្ខជាតិនោះឡើយ ហើយនរណាក៏ដោយឱ្យតែអាចជួយពួកគេសម្រេចនូវមហិច្ឆតានយោបាយ គឺពួកគេចាត់ទុកថាជាអ្នកស្នេហាជាតិខ្មែរ ដែលនេះបានបង្ហាញថា ពួកគេគឺពិតជាក្រុមនយោបាយប្រកបដោយគ្រោះថ្នាក់សម្រាប់ប្រជាជាតិទាំងមូល។

សកម្មភាពនយោបាយខាងលើរបស់ក្រុមអ្នកនយោបាយទាំងនេះ ក៏បានបង្ហាញផងដែរអំពីភាពទ័លច្រករបស់ក្រុមប្រឆាំង ដែលការគៀងគរមនុស្សពីគ្រប់មជ្ឍដ្ឋាន គ្រប់ជនជាតិ និងជាតិសាសន៍ ស្ដែងឱ្យឃើញពីភាពទន់ខ្សោយខាងយុទ្ធសាស្ត្រ និងកង្វះការគាំទ្រពីពលរដ្ឋខ្មែរពីបរទេស ពិសេសនៅសហរដ្ឋអាម៉េរិកផ្ទាល់។ ពោលគឺពួកគេព្យាយាមផ្ដោតតែលើការប្រមូលមនុស្សឱ្យចូលរួមទៅក្នុងបាតុកម្មរបស់ខ្លួន ដោយពុំគិតពិចារណាថា អ្នកនោះមកពីទីណាក៏ដោយ ជាជាតិសាសន៍អ្វីក៏ដោយ មានបំណងអ្វីក៏ដោយ ឱ្យតែយល់ព្រមចូលរួមក្នុងបាតុកម្មរបស់ខ្លួន គឺជាការប្រសើរហើយ។ ពួកគេធ្វើដូច្នេះគឺដើម្បីសាងរូបភាពឱ្យអ្នកខាងក្រៅយល់ឃើញថា បាតុកម្មរបស់ខ្លួនមានការចូលរួមច្រើន ប៉ុន្តែធាតុពិតជាក់ស្ដែងបាតុកម្មខាងលើនេះ នៅតែមិនអាចទាក់ទាញឱ្យមនុស្សចូលរួមបានច្រើនគ្រប់គ្រាន់នោះឡើយ។

ការមិនចូលរួមនៅក្នុងបាតុកម្មដែលរៀបចំដោយក្រុមប្រឆាំងជ្រុលនិយមនេះទៀតសោត ក៏បានបង្ហាញផងថា ពលរដ្ឋដើមកំណើតខ្មែរជាច្រើនពិតជាបានជ្រួតជ្រាប និងអាចយល់ដឹងច្បាស់ពីសភាពការណ៍និងការពិតជាក់ស្ដែងនៅក្នុងប្រទេស ក្រោយការបកស្រាយ និងការសម្រេចចិត្តជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា។ ការមិនចូលរួមពីសំណាក់ពលរដ្ឋខ្មែរជាច្រើននៅសហរដ្ឋអាម៉េរិកនេះទៀតសោត ក៏ព្រោះតែបងប្អូនពលរដ្ឋខ្មែរទាំងនោះ ពិតជាបានមើលឃើញ និងដឹងយ៉ាងច្បាស់អំពីកលល្បិច និងមហិច្ឆតាប្រកបដោយភាពគ្រោះថ្នាក់របស់ក្រុមជ្រុលនិយមទាំងនេះ៕

RAC Media

អត្ថបទទាក់ទង

«សមិទ្ធផលសំខាន់ៗដែលសម្រេចបាន នៅក្នុងឆ្នាំ២០១៨របស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ»

ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកបង្ហាញអំពីបច្ចុប្បន្នភាពរបស់វិទ្យាស្ថាន រចនាសម័ន្ធ ចក្ខុវិស័យ និងបេសកម្មរបស់វិទ្យាស្ថាន និងសមិទ្ធផលផ្សេ...

2018-11-26 15:50:44   ថ្ងៃចន្ទ, 26 វិច្ឆិកា 2018 ម៉ោង 10:50 PM
«ខួប១៩ ឆ្នាំ របស់រាជបណ្ឌិត្យសភាកម្ពុជា...»

រាជបណ្ឌិត្យសភាកម្ពុជា៖ អាចនិយាយបានថា វាមានរយៈពេលប្រហែល១៩ឆ្នាំហើយ ដោយគិតចាប់តាំងពី ឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ន សំណាង ធ្លាប់ជាអតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ន ស្របពេល រាជបណ្ឌិត្យសភា...

2018-11-26 14:50:02   ថ្ងៃចន្ទ, 26 វិច្ឆិកា 2018 ម៉ោង 09:50 PM
«សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩»

ជារៀងរាល់ឆ្នាំ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកម្មវិធីបូកសរុបការងារប្រចាំឆ្នាំ និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់។ នៅឆ្នាំនេះ ជាឆ្នាំដែលត្រូវការកែទម្រង់ការងារច្រើនរបស់ស្ថាប័នស្រាវជ្រាវជាតិនេះ ហើយក៏ជា...

2018-11-26 14:04:49   ថ្ងៃចន្ទ, 26 វិច្ឆិកា 2018 ម៉ោង 09:04 PM
សិក្ខាសាលាផ្សាព្វផ្សាយ ​ស្តី​ពី «ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥»

ថ្ងៃចន្ទ ១២កើតដល់១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ដល់២០ ខែវិច្ឆិកាឆ្នាំ២០១៨ លោកបណ្ឌិត កា ម៉ាធុល ប្រធានផ្នែកទំនាក់ទំនងការទូត និង លោក អ៊ុច លាង មន្ត្រីស្រាវជ្រាវ ទទួលបន្ទុកសិក្សា...

2018-11-19 12:45:40   ថ្ងៃចន្ទ, 19 វិច្ឆិកា 2018 ម៉ោង 07:45 PM
ទូកង«កម្ពោជិកបុត្តាខេមរាតរី»

ចុះផ្សាយថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង ១ និង ២០ នាទីរសៀលដោយ៖ បណ្ឌិត ជា វណ្ណី​

2018-11-18 06:23:55   ថ្ងៃអាទិត្យ, 18 វិច្ឆិកា 2018 ម៉ោង 01:23 PM
«តើគួរខ្លាចជនជាតិចិនដែរឬទេ?...»

ចុះថ្ងៃ សៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង ១ និង ០០នាទីរសៀលបទវិភាគផ្ទាល់ខ្លួន!RAC Media

2018-11-17 06:07:51   ថ្ងៃសៅរ៍, 17 វិច្ឆិកា 2018 ម៉ោង 01:07 PM

សេចក្តីប្រកាស